តាមការបញ្ជាក់ប្រាប់ពីមន្ដ្រីក្រសួងអប់រំយុវជននិងកីឡា ថា បេក្ខជនដែលបានចូលរួមប្រឡងបាក់ឌុប សម្រាប់ឆ្នាំនេះមានចំនួន ៨៨.៦៩៨នាក់ និងមានមណ្ឌលប្រឡង ១៥៥មណ្ឌល ហើយចែកចេញជាបន្ទប់ចំនួន ៣.៥៧៨បន្ទប់។
រីឯការរៀបចំកម្មវិធីប្រឡងទាំងនៅទីក្រុងភ្នំពេញ និងនៅតាមខេត្តផ្សេងៗ ដែលវិទ្យុអាស៊ីសេរី បានចុះយកព័ត៌មានផ្ទាល់ ហើយនិងតាមការឲ្យដឹងពីមន្រ្ដីក្រសួងអប់រំ ព្រមទាំងប្រជាពលរដ្ឋមាតាបិតា និងបេក្ខជនប្រឡងនោះ គឺថាមានភាពប្រហាក់ប្រហែលគ្នា ដោយគេបានដាក់ពង្រាយកម្លាំងនគរបាល និងកងរាជអាវុធហត្ថនៅខាងក្រៅរបង និងទ្វារចូលទៅកាន់មណ្ឌលប្រឡង ដើម្បីការពាររក្សាសន្ដិសុខដល់ដំណើរការប្រឡង ជាពិសេសគឺទប់ស្កាត់មិនឲ្យមានការលបយកចូលនូវឯកសារ ឬមេរៀន និងការជួយបោះមេរៀនពីសំណាក់អ្នកដែលទៅឈរមើលពីខាងក្រៅមណ្ឌលជាដើម។
តួយ៉ាងដូចជានៅមណ្ឌលប្រឡងបាក់ឌុបមួយ ឈ្មោះវិទ្យាល័យទេពប្រណម្យ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល នៅទីនោះមានការយាមកាមរបស់ក្រុមមានសមត្ថកិច្ចទាំងខាងមុខនិងខាងក្រោយមណ្ឌលប្រឡង ដោយមានទាំងចងខ្សែព័ទ្ធជុំវិញបរិវេណមណ្ឌលមិនឲ្យមានការដើរឆ្លងកាត់ទៅក្បែរមណ្ឌលនោះទេ។
ដោយមានការហាមប្រាមបែបនេះ មនុស្សម្នាដែលទៅឈរមើលការប្រឡងពីខាងក្រៅមណ្ឌល ក្នុងនោះភាគច្រើនជាមាតាបិតាសិស្ស បាននិយាយថា ការចាត់ចែងកម្មវិធីប្រឡងបាក់ឌុប ក្នុងឆ្នាំនេះ គេមើលទៅតឹងតែងខ្លាំងណាស់ ប៉ុន្តែទោះជាយ៉ាងនេះក្តី ពួកគាត់ជាឪពុកម្តាយសិស្សហាក់មានការពេញចិត្តច្រើនចំពោះភាពតឹងរ៉ឹងនោះ។

ស្រ្ដីមួយរូប ឈ្មោះ នឹម សុភាព ដែលកំពុងឈរចាំទទួលកូនរបស់គាត់នៅក្រៅមណ្ឌលប្រឡងទេពប្រណម្យ បានបញ្ជាក់ថា បើអ្នកចាត់ចែងកម្មវិធីប្រឡងនៅទីនេះបានធ្វើការយាមកាមតឹងតែងដូច្នោះ គឺគាត់គិតថាល្អ ពីព្រោះថាបើគេមិនធ្វើការតឹងរ៉ឺង ហើយបែរជាឲ្យកូនគាត់ទិញវិញ្ញាសា ឬសូកប៉ាន់លុយកាក់ជាដើមសម្រាប់ឲ្យបានប្រឡងជាប់នោះ គឺគាត់ជាឪពុកម្ដាយដែលមានស្ថានភាពក្រីក្រមិនមានលទ្ធភាពទិញបានទេ។
អ្នកស្រី នឹម សុភាព បានបា្រប់ដូច្នេះ ៖ «ប្រដៅកូនថាឲ្យខំរៀន ព្រោះអីរៀន ១២ឆ្នាំ ប្រឡងមួយថ្ងៃយកវិញ្ញាសាទៅក៏មិនដឹងមើលត្រង់ណាដែរ អ៊ីចឹងមានតែទុកក្នុងខួរក្បាលទើបយើងបានល្អ។ ហើយប្រទេសជាតិយើងចង់បានអ្នកចេះពិតប្រាកដ មិនចង់បានអ្នកអត់ចេះទេ»។
ចំណែកឯបេក្ខជនដែលចូលរួមប្រឡងនៅទីនោះ ភាគច្រើនក៏បាននិយាយប្រាប់ដូចគ្នានេះដែរថា គេមានការពិបាកមិនអាចលួចចម្លងគ្នាបានទេ បើទោះបីជាគេបានយកចូលឯកសារខ្លះក៏គ្រូអនុរក្សចាប់យកអស់ដែរ។
បេក្ខជនមួយរូបឈ្មោះ សុខ ខេម ក្នុងចំណោមបេក្ខជនជាច្រើននាក់ដែលកំពុងតែដើរចេញពីមណ្ឌលប្រឡងទេពប្រណម្យ បន្ទាប់ពីគេបានធ្វើការប្រឡងរួចនៅថ្ងៃទីមួយនោះ បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះ ៖ «ប្រឡងតឹងតែងដែរ គ្រូអត់ឲ្យយកព្រីយ៉ុងចូលក្នុងថ្នាក់រៀន។ ចាប់តែទាំងអស់»។
ចំណែកការប្រឡងបាក់ឌុបនៅឯខេត្តព្រះសីហនុ វិញ បើតាមការឲ្យដឹងពីគ្រូបង្រៀននៅទីនោះថា គឺមានការតឹងរ៉ឹងច្រើនជាងការប្រឡងបាក់ឌុប កាលពីឆ្នាំទៅ។
គ្រូបង្រៀនមួយរូបឈ្មោះ លី ឌី នៅខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ពីបញ្ហានេះថា ៖ «គេធ្វើតឹង អ៊ីចឹងសិស្សអត់បានសរសេរអីទាំងអស់ ភាគច្រើនអត់សូវចេះ។ គ្រូទី១២ គេអត់ឲ្យចូល អ៊ីចឹងភាគច្រើនគឺអត់អាចធ្វើអីកើត»។
រីឯចំពោះការប្រឡងនៅភ្នំពេញ វិញ បើតាមការបញ្ជាក់បា្រប់ពីបេក្ខជនមួយចំនួននៅតាមមណ្ឌលប្រឡងផ្សេងៗ ដូចជានៅវិទ្យាល័យចតុមុខ ព្រះស៊ីសុវត្តិជាដើម ថា មានការយាមកាមតឹងតែងដែរ ដោយមិនអនុញ្ញាតឲ្យយកឯកសារចូលទៅក្នុងមណ្ឌលប្រឡងទាំងនោះទេ។
បើទោះបីជាមានការយាមកាមដ៏តឹងរ៉ឹង ហើយនិងមានការអះអាងបែបនេះក៏ដោយ ប៉ុន្តែបើតាមការបញ្ជាក់ប្រាប់ពីប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ លោក រ៉ុង ឈុន បានឲ្យដឹងថា នៅតាមមណ្ឌលប្រឡងទាំងក្រុងភ្នំពេញ និងខេត្តនានា គឺមានភាពមិនប្រក្រតីច្រើន ដូចជាការផ្ដល់សារដំណឹងតាមទូរស័ព្ទដៃជាដើម។
លោក រ៉ុង ឈុន បានឲ្យដឹងដូច្នេះ ៖ «មណ្ឌលបាក់ទូក ឃើញដោយផ្ទាល់ភ្នែក ដោយអ្នកហៅចម្លើយដល់អ្នកខាងក្នុង។ នៅមណ្ឌលផ្សេងៗប្រហាក់ប្រហែលគ្នា ដូចនៅខេត្តកំពត ក៏មានការហៅឆ្លើយឆ្លងដូចគ្នា»។
ឆ្លើយតបនឹងការលើកឡើងនេះ ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅនៃក្រសួងអប់រំយុវជននិងកីឡា លោក ច្រឹង លឹមស្រ៊ី បានមានប្រសាសន៍ថា ចំពោះការប្រឡងមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗដែរ គឺក្រសួងអប់រំបានចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ដោយមានការសហការជាមួយក្រសួងមហាផ្ទៃ ក្នុងការដាក់កម្លាំងមានសមត្ថកិច្ចនៅជុំវិញបរិវេណមណ្ឌលប្រឡងនានា ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីណាមួយកើតឡើង។
លោកបានបន្ដថា រហូតមកដល់ថ្ងៃប្រឡងទី២ នេះ គឺមិនឃើញមានភាពមិនប្រក្រតីណាមួយដែលគួរឲ្យកត់សម្គាល់កើតឡើងនោះទេ ប៉ុន្តែលោកបានទទួលស្គាល់ថា មានអ្នកផ្ដល់សារតាមទូរស័ព្ទដៃទៅឲ្យបេក្ខជនក្នុងមណ្ឌលប្រឡង តែបញ្ហានេះមានតិចតួចទេ ហើយមន្ដ្រីរបស់ក្រសួងអប់រំយុវជននិងកីឡា ក៏បានទប់ស្កាត់ទាន់ពេលវេលាដែរ។
លោក ច្រឹង លឹមស្រ៊ី មានប្រសាសន៍ដូច្នេះ ៖ «ឆ្នាំនេះយើងហៅប្រធានមណ្ឌលសំណេរទាំង ១៥៥មណ្ឌល មកប្រជុំពីថ្ងៃ ២៣ ខែកក្កដា ជាមួយមេប្រយោគទូទាំងប្រទេស ហើយក្នុងនោះសង្កត់ធ្ងន់រឿងប្រមូលយកទូរស័ព្ទហ្នឹងឯង។ ក្នុងនោះយើងបានបញ្ជាក់ថា មណ្ឌលនីមួយៗ មិនទទួលខុសត្រូវក្នុងការបាត់បង់ទូរស័ព្ទហ្នឹងទេ បើបេក្ខជនណាយកមក ដូច្នេះយើងមានវិធានការទប់ស្កាត់ក្នុងការរាំងខ្ទប់ ព្រោះយើងដឹងថាវាជាបញ្ហាមួយដែលបច្ចេកវិទ្យាវារីកចម្រើន ដែលយើងអាចដឹងថាធ្វើអីមិនកើត អាចធ្វើតាមហ្នឹង យើងមានវិធានការមុនហើយ»។
លោកបានឲ្យដឹងទៀតដែរថា ប្រសិនបើគេចាប់បានចំពោះបេក្ខជនណាមួយប្រព្រឹត្តខុសនឹងបទបញ្ជា និងកម្រិតវិន័យក្នុងពេលប្រឡងនោះ គឺក្រសួងនឹងដកហូតមិនឲ្យបេក្ខជននោះធ្វើការប្រឡងទៀតទេ ហើយចំពោះអនុរក្ស ឬអ្នកឃ្លាំមើលការប្រឡងនៅតាមមណ្ឌលនីមួយៗវិញ បើគេស្រាវជ្រាវឃើញមានការប្រព្រឹត្តខុស ស៊ីសំណូកសូកប៉ាន់ ឬរៃអង្គាសប្រាក់ពីបេក្ខជន នោះក៏នឹងត្រូវទទួលពិន័យរបស់ក្រសួងដែលបានកំណត់រួចហើយដែរ។
មន្ដ្រីដដែលបានឲ្យដឹងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នេះ នឹងបញ្ចប់នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៩ ហើយការប្រកាសលទ្ធផលសម្រាប់មណ្ឌលប្រឡងទាំងអស់នៅទីក្រុងភ្នំពេញ គឺនឹងចេញនៅវេលារសៀលថ្ងៃទី២១ ខែសីហា ហើយសម្រាប់ខេត្តនានា គឺនឹងប្រកាសឲ្យដឹងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៩៕
