លោក សម រង្ស៊ី ប្រធានបក្សប្រឆាំងនោះបានបញ្ជាក់ថា ថ្ងៃទី១ ខែឧសភា ឆ្នាំនេះ គឺជាខួបលើកទី១២៣ នៃព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបានកើតឡើងនៅសហរដ្ឋអាមេរិកកាលពីជាង១២០ឆ្នាំនោះ ហើយដែលជាកិច្ចចាប់ផ្តើមជាប្រវត្តិសាស្រ្តសម្រាប់ចលនាកម្មករនៅទូទាំងសកលលោក។
លោក សម រង្ស៊ី បញ្ជាក់ថា នៅប្រទេសកម្ពុជាក៏ដូច្នោះដែរ ថ្វីត្បិតតែចលនាកម្មករមានប្រវត្តិត្រឹមតែ១២ ១៣ឆ្នាំក្តី ក៏ប៉ុន្តែកម្លាំងកម្មករបានផុលផុសយ៉ាងខ្លាំង ហើយបានជំរុញឲ្យថៅកែរោងចក្រនិងរដ្ឋអំណាចចេះគោរពសិទ្ធិរបស់កម្មករបានជាបណ្តើរៗ។ ប៉ុន្តែថា ការតស៊ូរបស់កម្មករត្រូវតែបន្តទៀតពីព្រោះច្បាប់ការងារនិងទម្លាប់ការងារនៅមានចន្លោះប្រហោងច្រើននៅកម្ពុជា។
គណបក្សសមរង្ស៊ីបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការសមស្របមួយចំនួនតាមក្បួនវិទ្យាសាស្រ្តសេដ្ឋកិច្ចដើម្បីទប់ទល់នឹងផលវិបាកសេដ្ឋកិច្ចពិភពលោកធ្វើឲ្យកម្មកររាប់ម៉ឺននាក់បាត់បង់ការងារ។
ក្នុងចំណោមវិធានការទាំងនោះ លោក សម រង្ស៊ី ស្នើឲ្យមានរៀបចំចេញជាកញ្ចប់ថវិកាពិសេសយ៉ាងច្បាស់លាស់ចំនួន៥០០លានដុល្លារបន្ថែមលើអ្វីដែលរដ្ឋាភិបាលបានគ្រោងទុកពីមុនមកដើម្បីទ្រទ្រង់សេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងគោលបំណងការពារការងារប្រាក់ចំណូលនិងជីវភាពរស់នៅរបស់កម្មករនិងពលរដ្ឋជាទូទៅ៕
