ខ្យល់ព្យុះ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​៦​នាក់​រង​របួស​នៅ​សៀមរាប

ខ្យល់ព្យុះ​បាន​បោកបក់​ទៅ​លើ​តំបន់​ខ្លះ​នៃ​ស្រុក​២ ចម្ងាយ​ប្រមាណ​ជាង ៤៥​គីឡូ​ម៉ែត្រ នៅ​ភាគ​ខាងលិច ពី​ទី​រួម​ខេត្ត​សៀមរាប កាល​ពី​រសៀល​ថ្ងៃសៅរ៍ ទី១៧ ខែ​មិនា កន្លងទៅ។
ដោយ ហង្ស សាវយុត
2012.03.19
ហេងប៉យ៣០៥ ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​គោកពោធិ៍ ឃុំ​ក្ដីរុន ស្រុក​ពួក នាំ​គ្នា​ធ្វើ​បុណ្យ​សព​ស្ត្រី​ឈ្មោះ ហេង ប៉យ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១២
RFA/Hang Savyouth

ប្រភព​ពី​អាជ្ញាធរ​បាន​ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់ ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​បាន​ស្លាប់ និង​មនុស្ស ៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស ដោយសារ​តែ​ផ្ទះ​រលំ​សង្កត់​ក្នុង​ពេល​ដែល​ព្យុះ​បោក​បក់​ខ្លាំង នៅ​ឃុំ​ក្ដីរុន របស់​ខេត្ត​សៀមរាប។

លោក ពេជ្រ សុខា​ល័យ ជា​អភិបាល​ស្រុក​ពួក។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​មិនា​ថា ខ្យល់ព្យុះ​បាន​បោក​បក់​ទៅ​លើ​ឃុំ​ចំនួន​ពីរ បណ្ដាល​ឱ្យ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​ចំនួន ៦​ខ្នង បាន​ខូច​ខាត មនុស្ស​ម្នាក់​ស្លាប់ និង​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស ៖ "ដែល​យើង​ប៉ះ​ឃុំ​ត្រី​ញ័រ ហើយ​និង​ឃុំ​ក្ដីរុន។ ព្យុះ​ហើយ​ភ្លៀង​តែ​ម្ដង។ ក្នុង​ឆ្នាំ​នេះ​ទើប​តែ​ជា​លើក​ដំបូង​ទេ ប៉ុន្តែ​កាល​ពី​ឆ្នាំ​មុន​ៗ យើង​មាន​ច្រើន​លើក"

លោក ប៊ុន កន អាយុ​៣៩​ឆ្នាំ ជា​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​គោកពោធិ៍ ឃុំ​ក្ដីរុន ស្រុក​ពួក។ គាត់​បាន​មាន​ប្រសាសន៍​ថា ប្រពន្ធ​របស់​គាត់​ឈ្មោះ ហេង ប៉យ អាយុ​៣៥​ឆ្នាំ ដែល​កំពុង​មាន​ផ្ទៃពោះ​ចំនួន ៧​ខែ​ផង ត្រូវ​ផ្ទះ​រលំ​សង្កត់​ស្លាប់​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ដោយ​សារ​តែ​ប្រពន្ធ​របស់​លោក​ព្យាយាម​ចូល​ទៅ​សង្គ្រោះ​កូន​ម្នាក់​ទៀត ដែល​នៅ​ក្រោម​ផ្ទះ នៅ​ពេល​ដែល​ព្យុះ​កំពុង​បោក​បក់​ខ្លាំង ៖ "ពី​មុនដំបូង​ប្រពន្ធ​ខ្ញុំ​អូស​សំរាម យក​ទៅ​ដាក់​ដុត​ឯ​ស្រែ។ កូន​មក​លេង​ក្រោម​ផ្ទះ ដល់​ពេល​ខ្យល់​ខ្លាំង​ក៏​ដើរ​មក​ឆក់​ចាប់​កូន វិល​មក​អត់​ទាន់​ព្យុះ​ខ្លាំង​ពី​ជើង​ទៅ​ត្បូង។ រលំ​វិល​ពេញ​ធឹង ដល់​ពេល​ព្យុះ​ភ្លៀង​បណ្ដោយ ក៏​ផ្ទះ​រលំ​សង្កត់​ចម្រុះ​លិច​ទៅ​ដី មាន​អី​ដក​ដង្ហើម​បាន​ស្លាប់​ភ្លាម"

ចំណែក​លោក រ័ត្ន ជុំ ជា​អភិបាល​ស្រុក​អង្គរ​ជុំ។ លោក​បាន​មាន​ប្រសាសន៍​ថា ខ្យល់ព្យុះ​បាន​បោក​បក់​ទៅ​លើ​តំបន់​មួយ​ចំនួន​នៃ​ស្រុក​របស់​លោក ដែល​នៅ​ជាប់​គ្នា​និង​ឃុំ ដែល​ទទួលរង​ខ្យល់​ព្យុះ​របស់​ស្រុក​ពួក​នោះ​ដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា ផ្ទះ​ចំនួន ៩​ខ្នង របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ស្រុក​របស់​លោក បាន​ខូច​ខាត​ដោយសារ​ខ្យល់​ព្យុះ កាល​ពី​វេលា​ម៉ោង​ប្រមាណ ៣​រសៀល ថ្ងៃ​សៅរ៍ ទី​១៧ ខែ​មិនា។

ខ្យល់​ព្យុះ​តែង​បោក​បក់​ជា​ញឹក​ញាប់​ទៅ​លើ​បណ្ដា​ស្រុក​មួយ​ចំនួន​របស់​ខេត្ត​សៀមរាប ក្នុង​រយៈ​ពេល ៣-៤ឆ្នាំ​ជាប់ៗ គ្នា​កន្លង​ទៅ​នេះ ដោយ​បំផ្លាញ​លំនៅឋាន​ប្រជា​ពលរដ្ឋ​ជាច្រើន​ខ្នង​និង​បង្ក​ឱ្យ​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ថ្នាក់​ផង។

កាល​ពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១០ កន្លង​ទៅ ខ្យល់​ព្យុះ​បាន​បោក​បក់​នៅ​ក្នុង​ក្រុង​សៀមរាប ព្រម​ទាំង​មាន​រន្ទះ​បាញ់​ផង បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​សន្លប់ ផ្ទះ​១​ខ្នង​បាន​ឆេះ និង​ផ្ទះ​ជាង ៤០​ខ្នង​ផ្សេង​ទៀត​ទទួល​រង​ការ​ខូច​ខាត។

អ្នក​ជំនាញ​ខាង​បរិស្ថាន​បាន​ពន្យល់​ថា នេះ​គឺ​ជា​សញ្ញា​ប្រកាស​អាសន្ន​មួយ នៅ​ស្រប​ពេល​ដែល​មាន​ការ​ប្រែប្រួល​អាកាសធាតុ​គួរ​ឱ្យ​ព្រួយ​បារម្ភ ដោយ​សារ​តែ​មនុស្ស​បាន​នាំ​គ្នា​បំផ្លាញ​បរិស្ថាន និង​ព្រៃ​ឈើ​ធំ​ធេង​ទៅៗ។ ដើម្បី​ឱ្យ​ធម្មជាតិ​ជួយ​ការពារ​ជីវិត​រស់​នៅ​របស់​មនុស្ស​ឱ្យ​បាន​សុខសាន្ត គឺ​មនុស្ស​ត្រូវ​នាំ​គ្នា​ការ​ពារ​បរិស្ថាន​ជុំ​វិញ​កន្លែង​រស់​នៅ និង​ការ​ពារ​ព្រៃ​ឈើ​ឱ្យ​មាន​ភាព​សុខសាន្ត​ដល់​ផែន​ដី និង​ធម្មជាតិ​វិញ​ដែរ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Mar 19, 2012 08:20 AM

ខ្ញុំបាទសូមចូលរួមទុក្ខសោកជាមួយគ្រួសារទាំងអស់ដែល
បានទទួលរងគ្រោះដោយខ្យល់ព្យុះដ៌កំណាចនេះ។នៅមានសំនួរមួយទៀតចំពោះកាកបាទក្រហមខ្ញែរ;តើបាត់មុខទៅណាហើយមិនឃើញចេញមកជួយសង្រោះជនរងគ្រោះ?
ឬមួយត្រូវខ្យល់ព្យុះគួចយកទៅបាត់ហើយ?