ការសម្រេចខាងលើនេះបានធ្វើទ្បើងក្នុងសវនាការរយៈពេលជាង៥ម៉ោង សម្រេចដោយក្រុមប្រឹក្សាចៅក្រមជំនុំជម្រះក្តីចំនួន៥រូប បើទោះបីជាមានលិខិតពីលោក កែវ ពុទ្ធរស្មី ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចបានស្នើសុំទៅតុលាការកំពូលឲ្យលើកលែងការចោទប្រកាន់មកលើសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏ដោយ ប៉ុន្តែតុលាការកំពូលបានច្រានចោលការសើ្នសុំនោះដោយសំអាងថាគឺជាការស្នើសុំក្នុងនាមជាបុគ្គល ។
លោក មុត ចន្ថា មន្រ្តីអ្នកនាំពាក្យរបស់គណបក្ស នរោត្តម រណឫទ្ធិ ដែលបានតាមដានសវនាការជាច្រើនម៉ោងនៅថៃ្ងពុធនេះ បានមានប្រសាសន៍ប្រតិកម្មចំពោះការសម្រេចខាងលើនេះថា ៖ «វាអយុត្តិធម៌ណាស់ចំពោះរឿងក្ដីនេះ ពីព្រោះវាជារឿងនយោបាយសុទ្ធសាធ ។ ចៅក្រមទាំងអស់នេះគឺចៅក្រមលក់មនសិការ តុលាការគឺតុលាការអាយ៉ង តុលាការរបស់ ហ៊ុន សែន» ។
លោក ស៊ុន អារុណ មេធាវីការពារក្តីឲ្យលោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិចដែលជាដើមបណ្ដឹងនោះ បានមានប្រសាសន៍ថាការសម្រេចរបស់តុលាការកំពូលនៅថ្ងៃពុធនេះគឺជាការត្រឹមត្រូវ ៖ «ខ្ញុំនៅក្នុងតុលាការ... ខ្ញុំថាខ្ញុំសុំតម្កល់សាលដីកាតុលាការសាលាឧទ្ធរណ៍» ។
រីឯលោក សុខ សំអឿន មេធាវីការពារក្ដីឲ្យសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមានប្រសាសន៍ថាគ្មានជម្រើសណាក្រៅពីសុំឲ្យព្រះមហាក្សត្រប្រទានការលើកលែងទោសឲ្យសម្ដេចក្រុមព្រះនោះទេ ទើបព្រះអង្គអាចយាងចូលមកកម្ពុជាបាន ។
លោក សុខ សំអឿន បានមានប្រសាសន៍ថា ៖ «ផ្លូវមួយមានតែសុំព្រះករុណាឲ្យលើកលែងទោស មានតែវិធីហ្នឹងទេ ក្រៅពីហ្នឹងអត់អាចចុះមកបានទេ ឬក៏ចាំផុត៥ឆ្នាំអីទៀត» ។
ចំណែកឯលោក យូ ហុកគ្រី អគ្គលេខាធិការរបស់គណបក្ស នរោត្តម រណឫទ្ធិ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា លោកត្រូវបានតែងតាំងឲ្យធ្វើតំណាងរាស្រ្តជំនួសសម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ នៅពេលដែលព្រះអង្គមិនអាចយាងចូលកម្ពុជាបានសម្រាប់ក្លាយជាតំណាងរាស្រ្តនៅមណ្ឌលខេត្តកំពង់ចាមនោះ ។
លោក យូ ហុកគ្រី បានឲ្យដឹងថា ៖ «ចូលមកវិញមានតែជាប់គុក ដើម្បីប្រយោជន៍អី ពីព្រោះព្រះអង្គក៏លោកអត់ចង់បានតំណែងសមាជិកសភា លោកបានប្រគល់ឲ្យខ្ញុំរួចហើយ» ។
សូមរំឭកថាតុលាការសាលាដំបូងក្រុងភ្នំពេញបានកាត់ទោសសមេ្តចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីថៃ្ងទី១៣ ខែមីនា ឆ្នាំ២០០៧កន្លងទៅ ឲ្យជាប់ទោសរយៈពេល១៨ខែនឹងបានផាកពិន័យជាប្រាក់ចំនួន ១៥ម៉ឺនដុល្លារអាមេរិក ក្រោមបទចោទថាព្រះអង្គបានរំលោភលើសេចក្តីទុកចិត្តក្នុងការលក់ទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច តម្លៃ៣លាន៦សែនដុល្លារអាមេរិក កាលពីឆ្នាំ២០០៥ ដែលមានលោក ញឹក ប៊ុនឆៃ ជាដើមបណ្ដឹង ។
ក្រោយមកតុលាការសាលាឧទ្ធរណ៍បានបើកសវនាការកាលពីខែតុលា ឆ្នាំ២០០៧កន្លងទៅ បានសម្រេចតម្កល់សាលក្រមរបស់តុលាការក្រុងភ្នំពេញនោះចាត់ទុកថាជាបានការ ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានប្រកាសជារឿយៗកន្លងមកថា លោកនឹងមិនស្នើទៅព្រះមហាក្សត្រដើម្បីប្រទានការលើកលែងទោសដល់សមេ្តចក្រុមព្រះនោះទេ ដរាបណាព្រះអង្គមិនបានជាប់ទោសចំនួន២ភាគ៣នៃចំនួនទោស១៨ខែនោះ ៕
