ការធ្វើសច្ចាប្រណិធានរបស់សហព្រះរាជអាជ្ញាអន្តរជាតិថ្មី គឺលោក អេនឌ្រូ ខេលៃ (Andrew Cayley) និងសហព្រះរាជអាជ្ញាបម្រុង លោក នីកូឡាស គុំជាន (Nicholas Koumjian) បានធ្វើឡើងភ្លាមៗបន្ទាប់ពីប្រធានកិច្ចប្រជុំពេញអង្គ គឺលោក គង់ ស្រ៊ីម និងអនុប្រធានកិច្ចប្រជុំ លោកស្រី ស៊ិលវៀ ខាតរ៉ាយ (Silvia Cartwright) បញ្ចប់ការថ្លែងបើកកិច្ចប្រជុំពេញអង្គលើកទី៧ នៅម៉ោង៩កន្លះព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១០នេះ។
នៅក្នុងសេចក្តីសច្ចាប្រណិធាន លោក អេនឌ្រូ ខេលៃ សហព្រះរាជអាជ្ញាអន្តរជាតិ បានប្រកាសតាមរយៈអ្នកបកប្រែរបស់សាលាក្តីខ្មែរក្រហមថា ៖ "ខ្ញុំឈ្មោះ អេនឌ្រូ ខេលៃ សូមប្រកាសជាឱឡារិកថា ខ្ញុំនឹងបំពេញតួនាទីរបស់ខ្ញុំ និងប្រើអំណាចជាសហព្រះរាជអាជ្ញានៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យដោយថ្លៃថ្នូរ ស្មោះត្រង់ មិនលម្អៀង និងដោយមានសតិសម្បជញ្ញៈ ហើយខ្ញុំមិនស្វែងរក ឬទទួលយកការបង្គាប់បញ្ជានៅក្នុងការអនុវត្តតួនាទីទាំងនោះ ឬការប្រើប្រាស់អំណាចទាំងនោះពីរដ្ឋាភិបាល ឬពីប្រភពណាមួយទៀតឡើយ"។
លោក នីកូឡាស គុំជាន សហព្រះរាជអាជ្ញាបម្រុងថ្មី ក៏បានប្រកាសពាក្យសច្ចាប្រណិធានបន្ទរដូចគ្នានឹងលោក អេនឌ្រូ ខេលៃ ដែរ។
លោក អេនឌ្រូ ខេលី មកពីចក្រភពអង់គ្លេស ត្រូវបានជ្រើសតាំងជាសហព្រះរាជអាជ្ញាជំនួសលោក រ៉ូប៊ែរ ប៉ឺទី (Robert Petit) អតីតសហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហម ដែលបានលាលែងពីតំណែងជាសហព្រះរាជអាជ្ញាអន្តរជាតិ កាលពីចុងឆ្នាំ២០០៩ បន្ទាប់ពីលោកផ្តួចផ្តើមឲ្យមានការស៊ើបសួរជនជាប់ពាក់ព័ន្ធក្នុងរឿងក្តីខ្មែរក្រហម ៦នាក់បន្ថែមទៀត។
លោក នីកូឡាស គុំជាន មកពីសហរដ្ឋអាមេរិកត្រូវបានជ្រើសតាំងជាសហព្រះរាជអាជ្ញាអន្តរជាតិបម្រុង។ ទាំងលោក អេនឌ្រូ ខេលៃ និងលោក នីកូឡាស គុំជាន ត្រូវបានទទួលស្វាគមន៍ដោយប្រធានកិច្ចប្រជុំពេញអង្គលើកទី៧ ៖ «លោក អេនឌ្រូ ខេលៃ និងសហព្រះរាជអាជ្ញាបម្រុង លោក នីកូឡាស គុំជាន លោកទាំងពីរសុទ្ធតែមានប្រវត្តិល្បីក្នុងការបម្រើការនៅតុលាការដែលមានលក្ខណៈអន្តរជាតិជាច្រើន។ តាងនាមឲ្យ អ.វ.ត.ក.ទាំងមូល ខ្ញុំសូមសម្តែងការស្វាគមន៍ដ៏កក់ក្តៅ»។
កិច្ចប្រជុំពេញអង្គលើកទី៧ នឹងពិភាក្សាជាសំខាន់លើការកែប្រែវិធានផ្ទៃក្នុងមួយចំនួនទាក់ទិននឹងការចូលរួមរបស់ដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿងលេខ០០២។
លោកស្រី ស៊ិលវៀ ខាតរ៉ាយ ថ្លែងអំពីការចូលរួមរបស់ដើមបណ្តឹងរដ្ឋប្បវេណីតាមរយៈអ្នកបកប្រែដូច្នេះ៖ «អ.វ.ត.ក. ពិចារណាថា ការចូលរួមរបស់ជនរងគ្រោះនៅក្នុងសវនាការមានសារសំខាន់បំផុត។ ដូចដែលយើងបានដឹងហើយ ចំនួនជនរងគ្រោះចុងក្រោយនៅក្នុងសំណុំរឿង០០២ហ្នឹងមានរហូតដល់ ៤០០៤នាក់ ។ នេះបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា វាជាចំនួនមួយដ៏ច្រើន ដែលអង្គជំនុំជម្រះសាលាដំបូងនឹងត្រូវចាត់ចែងឲ្យពួកគាត់ចូលរួម»។
កិច្ចប្រជុំពេញអង្គលើកទី៧ ដែលចាប់ផ្តើមពីថ្ងៃទី២ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១០៕
