គ្រូបង្រៀននៅសាលាបឋមសិក្សាខ្នងក្រពើក្នុងឃុំទ្រមូង ស្រុកមេមត់ ខេត្តកំពង់ចាម បានឲ្យដឹងថា ក្រុមគ្រូបង្រៀននៅចម្ការកៅស៊ូមេមត់ត្រូវបានផ្លាស់ប្ដូរពីក្របខ័ណ្ឌក្រុមហ៊ុនចម្ការកៅស៊ូមេមត់ចូលក្របខ័ណ្ឌរបស់រដ្ឋវិញ នៅខែវិច្ឆិកា ឆ្នាំ២០០៨ តែក្រុមហ៊ុនចម្ការកៅស៊ូមេមត់នៅមិនព្រមបើកប្រាក់ខែឲ្យពួកគាត់សម្រាប់រយៈពេលពីរខែនោះឡើយ គឺខែកញ្ញានិងខែតុលា។
គ្រូបង្រៀនដដែលបានមានប្រសាសន៍ថា ៖ «សាលាហ្នឹងបើនិយាយទៅសាលារបស់ក្រុមហ៊ុនចម្ការកៅស៊ូ ប៉ុន្តែឥឡូវគេផ្ទេរចូលមកឲ្យរដ្ឋ ថ្ងៃ១ ខែ១១ ២០០៨។ ប៉ុន្តែប្រាក់បៀវត្សរ៍នៅខែ៩ ខែ១០ហ្នឹង គេអត់បើកឲ្យអ៊ីចេះ។ ក្រុមហ៊ុនគេមិននិយាយថាម៉េចផងហ្នឹង គេអត់ដែលបានមកជួបពួកខ្ញុំផងហ្នឹង និយាយថាគេមិនបើកឲ្យអ៊ីចេះតែម្ដង»។
នាយកសាលាមូលដ្ឋានមេមត់ លោក ម៉ី អេង បានឲ្យដឹងថា ក្រសួងបានទទួលស្គាល់ពួកគាត់ចាប់ត្រឹមពីខែវិច្ឆិកាប៉ុណ្ណោះ គឺនៅពេលដែលពួកគាត់បានផ្ទេរចូលក្របខ័ណ្ឌរដ្ឋរួចរាល់ ហើយថាក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះប្រាក់បៀវត្សរ៍សម្រាប់ខែកញ្ញានិងតុលា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីលោក នេត សោមរឹទ្ធ នៃក្រុមហ៊ុនចម្ការកៅស៊ូមេមត់ដែលទទួលបន្ទុកគ្រូបង្រៀនទាំងនោះបានឡើយដោយលោកបានបិទទូរស័ព្ទ។
គ្រូបង្រៀនទាំងអស់បានឲ្យដឹងថា ទឹកប្រាក់ដែលត្រូវបើកឲ្យលោកគ្រូអ្នកគ្រូទាំង១០៨នាក់សរុបប្រមាណជា៦៥លានរៀល ហើយថាពួកគាត់ធ្លាប់បានឡើងតវ៉ាដល់អាជ្ញាធរស្រុកនិងអាជ្ញាធរខេត្តផងដែរ តែនៅពុំទាន់មានដំណោះស្រាយណាមួយសម្រាប់ពួកគាត់នោះឡើយ។
គួរជម្រាបថា នៅក្នុងចម្ការកៅស៊ូមេមត់មានសាលារៀនចំនួន៥សាលា រួមមានមូលដ្ឋានព្រែកឆ្លូង មូលដ្ឋានសាឡង់ មូលដ្ឋានខ្នងក្រពើ មូលដ្ឋានកន្ត្រើយ និងមូលដ្ឋានមេមត់ ដែលមានគ្រូបង្រៀនចំនួន១០៨នាក់និងសិស្សានុសិស្សចំនួនជាង៤២០០នាក់៕
