មន្ត្រី​ខ្មែរ៖ ការ​លុប​ចោល​សេចក្តី​ប្រកាស​រួម​កម្ពុជា​ថៃ​មិនមាន​ផល​ប៉ះពាល់​អ្វី​ទេ

មន្រ្តី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង បាន​អះអាង​នៅ​ថ្ងៃ​ទី​៣១ ធ្នូ ថា ការ​លុប​ចោល​សេចក្តី​ប្រកាស​រួម​កម្ពុជា​ថៃ​របស់​តុលាការ​រដ្ឋបាល​ប្រទេស​ថៃ​មិន​មាន​ផល​ប៉ះពាល់​ដល់​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កន្លង​មក​នោះ​ឡើយ។

0:00 / 0:00

ការ​ប្រកាស​របស់​លោក កុយ គួង បាន​កើត​មាន​ក្រោយ​ពេល​តុលាការ​រដ្ឋបាល​របស់​ប្រទេស​ថៃ​បាន​ចេញ​សាលក្រម​បដិសេធ​សេចក្តី​ប្រកាស​រួម​កម្ពុជា​ថៃ​ទាក់ទង​ជាមួយ​ប្រាសាទ​ព្រះវិហារ​កាល​ពី​ថ្ងៃ​ទី​៣០ ធ្នូ​កន្លង​ទៅ​នេះ។

លោក កុយ គួង បាន​បញ្ជាក់​ថា ៖ «ការ​ដែល​តុលាការ​រដ្ឋបាល​កណ្ដាល​របស់​ក្រុង​បាងកក​នៅ​ថ្ងៃ​៣០ ប្រកាស​លុប​ចោល​សេចក្ដី​ថ្លែង​ការណ៍​កម្ពុជា​ថៃ​ក្នុង​រដ្ឋបាល សាម៉ាក់ ស៊ុនដារ៉ាវេត ហ្នឹង ពាក់ព័ន្ធ​នឹង​បញ្ហា​ដាក់​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក វា​ជា​រឿង​ផ្ទៃ​ក្នុង​របស់​ថៃ​វិញ​ហើយ មិន​មាន​ផល​ប៉ះពាល់​អីដល់​កម្ពុជា​ទេ ជា​ពិសេស​គឺ​ប្រាសាទ​ព្រះវិហារ​របស់​យើង​អត់​មាន​ផល​ប៉ះពាល់​អី​ទេ ព្រោះ​មិន​មាន​តម្លៃ​អី​ទេ ព្រោះ​សូម្បីតែ​មុន​ប៉ុន្មាន​ម៉ោង ប៉ុន្មាន​ថ្ងៃ​ដែល​ខាង​គណៈកម្មការ​អង្គការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ទីក្រុង​កេបិច​គេ​ដាក់​បញ្ចូល​ហ្នឹង គឺ​ពេល​ហ្នឹង​មាន​គំនាប​ពី​ខាង​ប្រឆាំង រដ្ឋាភិបាល​ថៃ​កាល​ហ្នឹង​បាន​ផ្ញើ​លិខិត​ដោយ​សុំ​ឲ្យ​ពន្យារ​ការ​ដាក់​បញ្ចូល គេ​ហៅ​ថា ព្យួរ​នៃ​សេចក្ដី​ថ្លែង​ការណ៍​រួម​ហ្នឹង ពេល​ហ្នឹង​គណៈកម្មការ​យូណេស្កូ​គេ​អត់​មាន​យក​ចិត្ត​ទុក​ដាក់​ទេ ព្រោះ​គេ​ថា គេ​បញ្ជូល​នេះ​មិន​មែន​ផ្អែក​ទៅ​លើ​សេចក្ដី​ថ្លែង​ការណ៍​ហ្នឹង​ឯ​ណា!»

សូម​រំឭក​ជូន​ថា កាល​ពី​ថ្ងៃ​ទី​១៧ មិថុនា ឆ្នាំ​២០០៨ លោក​រដ្ឋមន្រ្តី​ការ​បរទេស​ថៃ ណុបប៉ាដុន ប៉ាតាម៉ា ក្នុង​អាណត្តិ​លោក​នាយក​រដ្ឋមន្រ្តី សាម៉ាក់ ស៊ុនដារ៉ាវេត បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែង​ការណ៍​រួម​គាំទ្រ​ការ​ប្រកាស​ដាក់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

ការ​គាំទ្រ​របស់​រដ្ឋាភិបាល​លោក សាម៉ាក់ នេះ បាន​ធ្វើ​ឲ្យ​ក្រុម​អាវ​លឿង​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ហើយ​បាន​ចោទ​ថា ការ​គាំទ្រ​នេះ​មិន​ឆ្លង​ការ​អនុម័ត​របស់​សភា​ថៃ និង​បាន​ប្តឹង​ថា ប្រព្រឹត្ត​ផ្ទុយ​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​ថៃ។

លោក កុយ គួង អនុ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ហៅ​ការ​ចេញ​សាលក្រម​របស់​តុលាការ​រដ្ឋបាល​ថៃ​នោះ​ថា ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​ថៃ​តែ​ប៉ុណ្ណោះ។

មន្រ្តី​អង្គការ​យូណេស្កូ​នៅ​កម្ពុជា​មិន​អាច​ទាក់ទង​បាន​ដើម្បី​សុំ​ការ​អធិប្បាយ​ទាក់ទង​ជាមួយ​ការ​លុប​ចោល​ការ​គាំទ្រ​របស់​ប្រទេស​ថៃ​ក្នុង​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ជា​សម្បត្តិ​បេតិភណ្ឌ​ពិភពលោក​បាន​ទេ​នៅ​ថ្ងៃ​ទី​៣១ ធ្នូ ដំណាច់​ឆ្នាំ​២០០៩​នេះ។

ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ត្រូវ​បាន​ដាក់​ចូល​ជា​សម្បត្តិ​បេតិភណ្ឌ​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០០៨។ ក្រោយ​ការ​ប្រកាស​ជា​អន្តរជាតិ​ដាក់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ចូល​ជា​បេតិភណ្ឌ​ពិភពលោក ប្រទេស​ថៃ​បាន​បញ្ជូន​កងទ័ព​ចូល​មក​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ​ធ្វើ​ឲ្យ​មាន​ការ​ប្រឈម​មុខ​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ​រហូត​មក​ដល់​សព្វ​ថ្ងៃ៕