ទាហានថៃព្យាយាមចូលមកបណ្ដេញអ្នកភូមិខ្មែរនៅឧត្ដរមានជ័យ
2010.01.29
ក្រុមប្រជាពលរដ្ឋនិងទាហានខ្មែរដែលកំពុងរស់នៅនិងប្រចាំការនៅព្រំដែនខ្មែរលើខ្នងភ្នំដងរែកនៃភូមិជប់គគីរ បានអះអាងថា ទាហានឈុតខ្មៅថៃមួយក្រុមបានព្យាយាមចូលមកភូមិប្រជាពលរដ្ឋខ្មែរជាញឹកញាប់រយៈពេល ៤-៥ថ្ងៃមុននេះ ដោយបានប៉ុនប៉ងបណ្តេញប្រជាពលរដ្ឋខ្មែរនៅភូមិជប់គគីរខាងកើតឲ្យរុះរើផ្ទះប្រមាណជាង ១០ខ្នងចេញពីកន្លែងធ្លាប់រស់នៅយូរមកហើយ។
ប្រធានភូមិជប់គគីរខាងលិច លោក សយ ថ្លៃ បានមានប្រសាសន៍នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមករា ថា ចាប់តាំងពីថ្ងៃទី២២ រហូតមកដល់ថ្ងៃទី២៨ ខែមករា ទាហានឈុតខ្មៅថៃមួយក្រុមតែងតែចូលមកជិតភូមិខ្មែរ ដោយទាមទារឲ្យប្រជាពលរដ្ឋខ្មែររុះរើផ្ទះប្រមាណ ១៤ខ្នងចេញពីកន្លែងពួកគេធ្លាប់រស់នៅជាច្រើនឆ្នាំមកហើយ។
លោក សយ ថ្លៃ បានឲ្យដឹងថា ៖ «វាដេញឲ្យប្រជាជនជប់គគីរខាងកើតរើផ្ទះចេញ។ វាដេញចាប់ពីថ្ងៃ២២ រហូតដល់ថ្ងៃ២៨ ថ្ងៃនេះអត់ទាន់ឃើញមកទេ។ ម្សិលមិញក៏វាធ្វើអន្តរាគមន៍ដែរ។ ផ្ទះនៅក្នុងនោះវាចូល ១៤ខ្នងដែលត្រូវឲ្យរើចេញ វាថាដីរបស់វានោះ សៀមណា យើងអត់ទាន់បានរើទេណា!»។
ក្រុមអ្នកភូមិបានឲ្យដឹងថា កាលពីពេលថ្មីៗស្ត្រីចំណាស់ម្នាក់ដែលបានសង់ខ្ទមតូចមួយសម្រាប់រស់នៅត្រូវទាហានថៃបង្ខំឲ្យរុះរើចេញ ដោយគេលើកមូលហេតុថា ខ្ទមនោះបានសង់នៅលើតំបន់សរបស់ព្រំដែនខ្មែរ-ថៃ។
មេបញ្ជាការកងយោធពលខេមរភូមិន្ទដែលកំពុងរាយបណ្តាក់កម្លាំងប្រដាប់អាវុធការពារព្រំដែនខ្មែរនៅតំបន់នោះ បាននិយាយថា ទាហានថៃមួយក្រុមតែងព្យាយាមឲ្យប្រជាពលរដ្ឋខ្មែរនៅភូមិជប់គគីរខាងកើតរុះរើផ្ទះចេញ ដោយថៃអះអាងថាទីនោះជាទឹកដីរបស់គេ។
មេបញ្ជាការទាហានជាន់ទាបមួយរូបរបស់តំបន់ប្រតិបត្តិការសឹករងនៃខេត្តឧត្តរមានជ័យ ដែលកំពុងគ្រប់គ្រងទាហានខ្មែរនៅតំបន់ជប់គគីរ លោកអនុសេនីយ៍ត្រី ផាន់ វឿង បានមានប្រសាសន៍ថា បន្ទាប់ពីដេញឲ្យស្ត្រីចំណាស់ម្នាក់រុះរើខ្ទមចេញ ដែលថៃអះអាងថាជាតំបន់សរួចមក ទាហានថៃ បានព្យាយាមឲ្យរុះរើផ្ទះប្រមាណជាង ១០ខ្នងនៅភូមិជប់គគីរខាងកើតទៀត ដោយថៃអះអាងថា ទីនោះគឺជាទឹកដីថៃរហូតដល់ជើងភ្នំ។
ទាហានខ្មែរអះអាងថា កាលពីថ្ងៃព្រហស្បតិ៍ ទាហានថៃបានព្យាយាមចូលមកភូមិខ្មែរទៀត ប៉ុន្តែត្រូវទាហានខ្មែរបណ្តេញឲ្យថយទៅវិញ ៖ «មានយាយម្នាក់នោះគាត់អត់គ្រប់ទេណា គាត់លើកខ្ទមនៅគេហៅតំបន់ស ពួកអាទាហានឈុតខ្មៅនោះ វាមកដេញឲ្យយាយរើមួយផ្ទះនោះឯង។ ម្សិលមិញវាចូលមកវាថាលេងទេ ទាល់តែទាហានខ្ញុំសួរនាំលិចកើតក៏វាទៅវិញ។ បំណងវា វាថា ឲ្យរើខ្ទង់ ១០ផ្ទះអីចឹងហើយ ថារើទៅ ដីនេះដីវាទាំងអស់ទល់ជើងភ្នំនោះ។ យើងអត់ធ្វើតាមបញ្ជាវាទេ យើងនៅធម្មតា។ ដាក់កងទ័ពនៅតំបន់នោះចំនួន ១២ថ្ងៃរហូតថ្ងៃនេះ»។
អ្នកភូមិបានបង្ហាញកង្វល់ថា នៅភូមិជប់គគីរខាងលិចនិងខាងកើតមានប្រជាពលរដ្ឋខ្មែរមួយចំនួនបានចុះចោលផ្ទះជាបន្តបន្ទាប់ ដោយសារតែគ្មានមុខរបរនិងស្បៀងអាហារមិនគ្រប់គ្រាន់ដែលគេចង់ឲ្យរដ្ឋាភិបាលបង្កើតគោលនយោបាយបែងចែកដីធ្លីទៅឲ្យគ្រួសារទាហានដែលការពារព្រំដែនទីនោះ ដើម្បីកុំឲ្យមានការចាកចេញពីបន្ទាត់ព្រំដែននោះ៕