មូលនិធិនេះសម្រាប់ទ្រទ្រង់សកម្មភាពសុខាភិបាល ក្នុងការប្រយុទ្ធនឹងមេរោគគ្រុនចាញ់ នៅតាមតំបន់ព្រំដែន ក្នុងគម្រោងកាត់បន្ថយនូវអត្រាអ្នកឈឺ និងស្លាប់ដោយសារជំងឺនេះ ចាប់ពីឆ្នាំ២០១១ ទៅដល់ឆ្នាំ២០១៦។
មន្ត្រីសុខាភិបាលមកពីប្រទេសអនុតំបន់ទន្លេមេគង្គចំនួន៣ គឺកម្ពុជា ថៃ និងភូមា (មីយ៉ាន់ម៉ា) បានជួបប្រជុំគ្នារយៈពេល២ថ្ងៃ នៅឯខេត្តសៀមរាប ដើម្បីស្វែងរកវិធានការរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ នៅតាមតំបន់ព្រំដែន។
កិច្ចប្រជុំដែលធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែសីហា គឺឧបត្ថម្ភគម្រោងដោយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ សហរដ្ឋអាមេរិក (USAID)។
លោក ម៉ម ប៊ុនហេង ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា លោកបានថ្លែងក្នុងកិច្ចជួបប្រជុំជាមួយបណ្ដាប្រទេសអនុតំបន់ទន្លេមេគង្គថា ប្រទេសទាំងបី ដែលមានព្រំដែនជាប់គ្នា កំពុងបង្ហាញពីកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធសំខាន់ៗ ដើម្បីរួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនចាញ់។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា បានបញ្ជាក់ថា ជួសមុខឱ្យភាគីកម្ពុជា លោកមានការតាំងចិត្តខ្ពស់ ក្នុងការចូលរួមប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដោយពេញចិត្ត៖ «មន្ត្រីសុខាភិបាល និងដៃគូពាក់ព័ន្ធក្នុងប្រទេស នឹងរួមចំណែកជំរុញឱ្យកិច្ចសហប្រតិបត្តិការកម្មវិធីប្រយុទ្ធជំងឺគ្រុនចាញ់ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងមីយ៉ាន់ម៉ា ដំណើរការទៅដោយរលូន និងទទួលជោគជ័យ កាត់បន្ថយនូវអត្រាឈឺ និងអត្រាស្លាប់ដោយជំងឺគ្រុនចាញ់នៅតាមបណ្តោយព្រំដែន ពិសេសរួមគ្នាលុបបំបាត់ឱ្យបានភាពស៊ាំនឹងថ្នាំប្រឆាំងគ្រុនចាញ់ នៃមេរោគគ្រុនចាញ់ នាឆ្នាំ២០១៥»។
ប្រទេសថៃ ដែលជាប្រទេសមានព្រំដែនជាប់នឹងប្រទេសកម្ពុជា ក៏បានបង្ហាញការប្ដេជ្ញាចិត្តថា នឹងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា នៅតាមបណ្តោយព្រំដែនជាប់ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ផងដែរ។
លោកវេជ្ជបណ្ឌិត វិឆៃ សាទីម៉ៃ (Wichai Satimai) ជាប្រធានការិយាល័យការពារជំងឺឆ្លងរបស់ប្រទេសថៃ លោកបានមានប្រសាសន៍ថា ពេលបច្ចុប្បន្ននេះ ជំងឺគ្រុនចាញ់នៅក្នុងប្រទេសថៃ បានថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។ ក៏ប៉ុន្តែ ប្រទេសថៃ នៅតែមានកង្វល់ចំពោះជំងឺគ្រុនចាញ់ ដែលកើតមាននៅតាមតំបន់ជាប់ព្រំដែនកម្ពុជា និងមីយ៉ាន់ម៉ា នៅឡើយ។ បច្ចុប្បន្ន មន្ត្រីសុខាភិបាលថៃ មួយចំនួន កំពុងធ្វើសកម្មភាពប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅក្នុងខេត្តត្រាត ជាប់នឹងព្រំដែនខេត្តកោះកុង របស់កម្ពុជា និងខេត្តមួយចំនួនទៀត ដែលជាប់នឹងខេត្តប៉ៃលិន។
លោកវេជ្ជបណ្ឌិត វិឆៃ សាទីម៉ៃ៖ «ជាការពិត ស្ថានភាពរបស់ជំងឺគ្រុនចាញ់ គឺមានច្រើននៅតំបន់ព្រៃ ហើយតំបន់តាមព្រំដែនភាគច្រើន នៅមានព្រៃក្រាស់។ នេះជាមូលហេតុដែលធ្វើឱ្យជំងឺគ្រុនចាញ់នៅតែមាន។ មានប្រជាពលរដ្ឋមួយចំនួន បានឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយទៀត ហើយពួកគេត្រូវបានសត្វមូស ដែលមានមេរោគគ្រុនចាញ់ខាំ ដែលធ្វើឱ្យជំងឺគ្រុនចាញ់អាចចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតបានយ៉ាងងាយស្រួល។ ដោយសារតែវិបត្តិនេះ បានធ្វើឱ្យនៅតាមព្រំដែនថៃ-កម្ពុជា និងមីយ៉ាន់ម៉ា នៅតែមានបញ្ហានៃជំងឺគ្រុនចាញ់»។
មន្ត្រីក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា បានរំពឹងថា ការជួបប្រជុំនៃបណ្ដាប្រទេសអនុតំបន់ទន្លេមេគង្គ នឹងបានធ្វើសហការរួមគ្នា ព្រមទាំងផ្តល់ព័ត៌មានទៅវិញទៅមកអំពីជំងឺគ្រុនចាញ់។
លោក ច ម៉េងជួ ជាប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ នៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការជួបប្រជុំគ្នារវាងមន្ត្រីសុខាភិបាល នៃប្រទេសអនុតំបន់ទន្លេមេគង្គនេះ គឺមានសារសំខាន់យ៉ាងខ្លាំង ចំពោះវិធានការប្រឆាំងនឹងជំងឺគ្រុនចាញ់៖ «ឃើញថាអាជ្ញាធរសុខាភិបាលទាំងអស់គ្នា ជជែកគ្នាថា នៅពេលដែលខាងណេះទៅខាងណោះ ត្រូវធ្វើម៉េច ហើយខាងណោះមកខាងណេះ ថៃមកធ្វើការនៅស្រុកខ្មែរ ខ្មែរក៏ទៅខាងថៃ ហើយភូមាក៏ឆ្លងមកថៃ ថៃឆ្លងភូមា គឺថាយើងជូនព័ត៌មាននៅស្រុកខ្មែរហ្នឹង ទៅកន្លែងណាដែលគ្រុនចាញ់ ហើយបើគ្រុនចាញ់ បើគាត់មានការសង្ស័យ តើគាត់ត្រូវទៅសម្រាកនៅឯណា? សំខាន់ ដែលគន្លឹះ គឺថាឱ្យគាត់ដឹងថាកន្លែងហ្នឹងគ្រោះថ្នាក់»។
ប្រទេសកម្ពុជា បានចំណាយថវិកាជាតិ និងមូលនិធិសកលប្រមាណជាង២០លានដុល្លារ ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្នុង១ឆ្នាំៗ។
មន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១២ គឺស្ថានភាពជំងឺគ្រុនចាញ់បានថយចុះ មិនគួរឱ្យព្រួយបារម្ភទេ។ ក៏ប៉ុន្តែ អ្វីដែលនៅតែជាកង្វល់ គឺភាពស៊ាំនៃមេរោគជាមួយនឹងថ្នាំព្យាបាល ដែលមានការកើនឡើងនៅខេត្តប៉ៃលិន។
រយៈពេល៧ខែដើមឆ្នាំ២០១២ ចំនួនអ្នកជំងឺគ្រុនចាញ់ នៅក្នុងប្រទេសកម្ពុជា មានប្រមាណ៤ម៉ឺន២ពាន់នាក់។ ចំនួននេះ បានថយចុះប្រមាណ២៣% បើប្រៀបធៀបទៅនឹងរយៈពេល៧ខែ កាលពីដើមឆ្នាំ២០១១ ដោយមានអ្នកកើតជំងឺគ្រុនចាញ់ប្រមាណ៥ម៉ឺន៥ពាន់នាក់។
ចំណែកអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១២ មានចំនួន៣០នាក់។ ខេត្តដែលមានអ្នកស្លាប់ច្រើនជាងគេ គឺខេត្តកំពង់ចាម ចំនួន៧នាក់ និងខេត្តក្រចេះ ចំនួន៥នាក់។
ទោះយ៉ាងណា មន្ត្រីក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់រយៈពេល៧ខែដើមឆ្នាំ២០១២ គឺបានថយចុះ បើប្រៀបធៀបទៅនឹងរយៈពេល៧ខែ កាលពីដើមឆ្នាំ២០១១ ដែលមានអ្នកស្លាប់ចំនួន៣៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
