ទូច ស៊ុននិច មាន​សុខភាព​ប្រសើរ​ជាង​មុន

កញ្ញា ទូច ស៊ុននិច អតីត​អ្នក​ចម្រៀង​ខ្មែរ​វ័យ​ក្មេង​ដ៏​ល្បី​ឈ្មោះ ដែល​ទទួល​រង​គ្រោះ​ថ្នាក់​ពី​ការ​លួច​បាញ់​ដោយ​មនុស្ស​មិន​ស្គាល់​មុខ​កាល​ពី​ឆ្នាំ​២០០៣ នៅ​មិន​ទាន់​បាន​ដើរ​រួច​នៅ​ឡើយ។

កញ្ញា ទូច ស៊ុននិច ធ្លាក់​ខ្លួន​ពិការ​សម្រាន្ត​លើ​គ្រែ​ក្នុង​ផ្ទះ​របស់​នាង ក្នុង​ទីក្រុង Sacramento នៃ​រដ្ឋCalifornia សហ​រដ្ឋ​អាមេរិក មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា នាង​មិន​អាច​ដើរ​បាន​ទេ គ្រាន់​តែ​អាច​អង្គុយ​នៅ​លើ​រទេះ​ពិការ និង​សម្រាន្ត​លើ​គ្រែ​តែ​ប៉ុណ្ណោះ។ នាង​ថា នាង​សព្វ​ថ្ងៃ​កំពុង​រៀន​ភាសា​អង់គ្លេស​ពី​គ្រូ​អាមេរិកាំង​ពីរ​នាក់​មក​បង្រៀន​នៅ​ផ្ទះ ៖ "គេ​មក​បង្រៀន​ដល់​ផ្ទះ មាន​គ្រូ​ជន​ជាតិ​អាគាំង​ពីរ​នាក់ គាត់​មក​បង្រៀន មាន Peter Joe និង Peter Car"

ចំណែក​ឪពុក​នាង​បាន​ថ្លែង​ថា លោក​រស់​នៅ​សព្វ​ថ្ងៃ​ក្នុង​នាម​ជា​អ្នក​បម្រើ​ថែ​រក្សា​នាង​នៅ​ផ្ទះ ដើម្បី​ជួយ​ធ្វើ​ចលនា​ខ្លួន​ប្រាណ​ឲ្យ​មាន​សកម្មភាព ដូច​ជា​ជួយ​ក្នុង​ការ​ហាត់​ប្រាណ​ដើម្បី​ឲ្យ​ដំណើរ​ឈាម​រត់​ស្រូល ៖ "ហាត់​ប្រាណ គឺ​យើង​ទាំង​អស់​គ្នា​ដែល​ជា​ពុក​ប្អូន​ទាំង​អស់ នាំ​គ្នា​ជួយ​ធ្វើ​ចលនា​រាល់​ថ្ងៃ ហាត់​ប្រាណ​លើក​ដៃ​លើក​ជើង ច្របាច់​សាច់​ដុំ ដូច​ពេទ្យ​គេ​ប្រាប់​អ៊ីចឹង"

កញ្ញា ទូច ស៊ុននិច ក៏​បាន​បញ្ជាក់​ថា នាង​នៅ​តែ​មាន​អារម្មណ៍​នឹក​ទៅ​ដល់​ស្រុក​ខ្មែរ​ជា​និច្ច ទោះបី​ជា​នាង​ធ្លាក់​ខ្លួន​ពិការ​សម្រាន្ត​នៅ​លើ​គ្រែ​ក៏​ដោយ នាង​នៅ​តែ​មាន​មហិច្ឆតា​ចង់​ធ្វើ​ជា​អ្នក​ចម្រៀង និង​ជា​គ្រូ​បង្រៀន​នៅ​ស្រុក​ខ្មែរ ដែល​ជា​អាជីព​របស់​នាង​ពី​មុន​មក ដែល​ពេល​ខ្លះ​នាង​អផ្សុក​ក៏​ច្រៀង​លេង​ម្នាក់​ឯង​នៅ​លើ​គ្រែ​ដែរ ៖ "ព្រោះ​ស្រុក​ខ្មែរ​ជា​ទឹក​ដី​កំណើត​របស់​នាង​ខ្ញុំ នៅ​ទី​ណា​ក៏​ខ្ញុំ​នឹក​ដែរ។ វិជ្ជាជីវៈ​ដែល​ខ្ញុំ​មាន​ពី​មុន​មក ទី​១ គឺ​នាង​ខ្ញុំ​ពី​មុន​ជា​សាស្ត្រាចារ្យ ទី​២ គឺ​អាជីព​ជា​អ្នក​ចម្រៀង អាជីព​ទាំង​ពីរ​ហ្នឹង​គឺ​ស្ថិត​នៅ​ក្នុង​អារម្មណ៍​នាង​ខ្ញុំ​ជា​និច្ច ពេល​ខ្លះ​ច្រៀង​លេង​អ៊ីចឹង​ទៅ ពេល​ខ្លះ​បើ​នឹក​ឃើញ​ចង់​ច្រៀង​គឺ​ខ្ញុំ​ស្រែក​ច្រៀង​អ៊ីចឹង​ទៅ"

ការ​ធ្លាក់​ខ្លួន​ពិការ​របស់​កញ្ញា ទូច ស៊ុននិច បាន​បន្សល់​ទុក​នូវ​ការ​ចងចាំ និង​កំហឹង​ឈឺ​ចាប់​ចំពោះ​ឃាតក​មិន​ស្គាល់​មុខ​ ដែល​រូប​នាង និង​គ្រួសារ​នាង​ទន្ទឹង​រង់ចាំ​អាជ្ញាធរ​កម្ពុជា​វែក​មុខ​រក​ជន​សង្ស័យ ដើម្បី​ចាប់​ខ្លួន​យក​ទៅ​តុលាការ។ រហូត​មក​ទល់​នឹង​ពេល​នេះ មាន​រយៈ​ពេល​ជិត ៧​ឆ្នាំ​មក​ដែល​អាជ្ញាធរ​មិន​បាន​រក​ឃើញ និង​ចាប់​ខ្លួន​ជន​សង្ស័យ​នៅ​ឡើយ​ទេ។

ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​ចាប់​ខ្លួន​នេះ លោក ចាន់ សុវ៉េត អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា តុលាការ​កំពុង​តែ​ដំណើរការ​នៅ​ឡើយ ៖ "ករណី​នេះ​គេ​កំពុង​តែ​ដំណើរការ… បាន​ន័យ​ថា គេ​កំពុង​ធ្វើ​ការ​អង្កេត​បន្ត ហើយ​ករណី​រាប់​ឆ្នាំ​ដូច​កញ្ញា ទូច ស៊ុននិច ហ្នឹង​ហាក់​បី​ដូច​ជា​នៅ​ងងឹត​ឈឹង​មិន​ទាន់​មើល​ឃើញ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​តាម​រក​ជន​ដៃ​ដល់​ដែល​បាន​ប៉ុនប៉ង​ផ្ដាច់​អាយុ​ជីវិត​កញ្ញា
ទូច សូនិច ហ្នឹង​ទេ រហូត​ដល់​ថ្ងៃ​នេះ​មិន​ទាន់​មាន​ទេ"

ចំណែក​ឪពុក​នាង ទូច ស៊ុននិច ក៏​បាន​អះអាង​ដែរ​ថា កន្លង​មក លោក​ធ្លាប់​បាន​ឮ​ប្រពន្ធ​លោក ហេង ពៅ ប្រាប់​លោក​ថា ប្តី​របស់​គាត់​ដឹង​អ្នក​សម្លាប់ ទូច ស៊ុននិច ហើយ​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​នារី​វ័យ​ក្មេង​មួយ​ចំនួន​រង​ការ​បាញ់​ប្រហារ ឬ​ធ្វើ​ឃាត​ពី​គ្រួសារ​មន្ត្រី​ជាន់ខ្ពស់ ដោយ​ចោទ​ថា​បាន​លួច​ស្នេហា​ជា​មួយ​ប្ដី​គេ។

លោក​ក៏​បន្ថែម​ថា ៖ "ហើយ​សម្លាប់​នោះ​រឿង​ស្អី? អ៊ីចឹង​បាន​ថា ក្នុង​ពេល​នេះ​ខ្ញុំ​មាន​អារម្មណ៍​មួយ​ចង់​ជម្រាប​ដល់​បង​ប្អូន​ទាំង​អស់​កុំ​ឲ្យ​យល់​ច្រឡំ​ថា ទូច សូនិច យក​ប្ដី​គេ​ឲ្យ​សោះ អា​ហ្នឹង​មួយ គឺ​ថា ទូច សូនិច អត់​មាន​អត​ចរិត​របៀប​ទៅ​យក​ប្ដី​គេ ហើយ​ប្រពន្ធ​គេ​មក​សម្លាប់​ទេ មាន​តែ​គេ​យក​នាង​តែ​នាង​មិន​ព្រម មិន​លក់​កិត្តិយស​បាទ ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង នៅ​ស្រុក​ខ្មែរ​បើ​សិន​មាន​ស្រី​ម្នាក់​មាន​អ្នក​ធំ​ទៅ​យក អ្នក​ធំ​ហ្នឹង​យក​មិន​បាន អ្នក​ធំ​ហ្នឹង​ទៅ​សម្លាប់​នាង​ហ្នឹង តែ​បើ​អ្នក​ធំ​ហ្នឹង​យក​នាង​ហ្នឹង​បាន ប្រពន្ធ​អ្នក​ធំ​ហ្នឹង​ទៅ​សម្លាប់​នាង​ហ្នឹង​ទៀត នេះ​ជា​បញ្ហា។ តើ​សម្ដេច​តេជា លោក​ទ្រង់​ជ្រាប​ទេ​រឿង​ហ្នឹង? តើ​រដ្ឋាភិបាល​ខ្មែរ​លោក​ជ្រាប​ទេ? អ៊ីចឹង​នារី​ដែល​គេ​មាន​បំណង​ចង់​យក​នោះ មិន​យក​គេ ក៏​ងាប់ យក​គេ​ក៏​ងាប់ តើ​អយុត្តិធម៌​ទេ​រឿង​ហ្នឹង"

ទាក់​ទង​នឹង​ការ​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ និង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​នេះ លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​បន្ថែម​ថា​ប្រសិន​បើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មាន​ឆន្ទៈ​ចង់​រក​នោះ វា​មិន​ពិបាក​ទេ​បើ​ទោះបី​ជា​នៅ​កន្លែង​ណា​ក៏​រក​ឃើញ​ដែរ ៖ "យើង​ឃើញ​ថា ស្ថាប័ន​តុលាការ​ក៏​ដូច​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែរ ព្រោះ​ថា​អ្នក​ទាំង​អស់​គ្នា​ជា​អ្នក​មាន​សមត្ថកិច្ច​នោះ គឺ​មិន​បាន​បង្ហាញ​អំពី​សញ្ញាណ​ឲ្យ​បាន​ច្បាស់​លាស់​អំពី​សមត្ថភាព​របស់​ខ្លួន ដែល​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​រក​យុត្តិធម៌ គឺ​ពិបាក​រក​យុត្តិធម៌​ណាស់ ក្នុង​ស្រុក​ខ្មែរ​នោះ... ហើយ​ពាក់ព័ន្ធ​ជា​មួយ​កញ្ញា ទូច ស៊ុននិច នេះ យើង​គិត​ថា មិន​អាន​នឹង​រក​ឃើញ​ទេ បើ​សិន​ជា​អាជ្ញាធរ​មាន​សមត្ថកិច្ច​គាត់​មាន​ឆន្ទៈ​រក ដើម្បី​ឲ្យ​ឃាតក​នោះ​មក​កាត់​ទោស គឺ​ងាយ​ស្រួល​ទេ ទោះ​ដល់​ក្រហែង​ណា​ក៏​ចាប់​បាន​មក​វិញ​ដែរ។ ដូច​ជា​លោក ហេង ពៅ ជា​ដើម នៅ​ពេល​ដែល​គេ​ដឹង​ថា គាត់​បាន​ប្រព្រឹត្ត ហើយ​រាជ​រដ្ឋាភិបាល​តម្រូវ​ការ​ចាំបាច់​នោះ ធ្វើ​អី​ក៏​បាន​ដែរ អាច​ចាប់​នាំ​ខ្លួន​លោក ហេង ពៅ មក​ផ្ដន្ទា​ទោស​ចាំបាច់​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង"

កញ្ញា ទូច ស៊ុននិច ជា​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ បាន​លួច​បាញ់​កាល​ពី​ថ្ងៃ​ទី​២១ តុលា ឆ្នាំ​២០០៣ ខណៈ​ដែល​នាង​កំពុង​ដើរ​ចេញ​ពី​ហាង​ទំនិញ​មួយ​ជា​មួយ​ម្ដាយ​នាង​ត្រូវ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​សេចក្ដី​អត្ថាធិប្បាយ​ពី​មន្ត្រី​នគរបាល​ស៊ើប​អង្កេត​ក្រសួង​មហា​ផ្ទៃ​ ឆ្លើយ​តប​នឹង​ដំណើរ​ការ​ស៊ើប​អង្កេត​រក​មុខ​ជន​ដៃ​ដល់​មក​ទល់​នឹង​ថ្ងៃ​នេះ​យ៉ាង​ណា​នោះ​បាន​ទេ៕