ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស អ.ស.ប. តែង​តាំង​អ្នក​រាយការណ៍​ពិសេស​សម្រាប់​កម្ពុជា

ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប.) បាន​អនុម័ត​និង​តែងតាំង​អ្នក​រាយការណ៍​ពិសេស​សម្រាប់​ប្រទេស​កម្ពុជា​ដើម្បី​ជំនួស​តំណាង​ពិសេស​របស់​អគ្គលេខាធិការ អ.ស.ប. ទទួល​បន្ទុក​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​លោក យ៉ាស្ហ ហ្កាយ (Yash Ghai) ដែល​បាន​លា​លែង​ចេញ​ពី​តំណែង​កាល​ពី​ពេល​ថ្មីៗ​នេះ។

0:00 / 0:00

ផ្អែក​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ការអនុម័ត​និង​ការ​តែង​តាំង​នោះ បាន​ធ្វើ​ទ្បើង​កាល​ពី​ថៃ្ង​ទី​២៤ ខែ​កញ្ញា កន្លង​ទៅ​ថ្មីៗ​នេះ ដែល​មាន​តំណាង​ប្រទេស​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​នោះ ចំនួន​៤៨​រូប បាន​អនុម័ត​ដោយ​ឯកច្ឆន្ទ​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។

លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​មក​ថា អ្នក​រាយការណ៍​ពិសេស​នោះ មាន​តួនាទី​និង​សិទ្ធិ​អំណាច ទាប​ជាង​តំណាង​ពិសេស​របស់​អគ្គលេខាធិការ អ.ស.ប. ទទួល​បន្ទុក​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​ប្រទេស​កម្ពុជា​ធ្លាប់​មាន​កន្លង​មក។

លោកស្រី​បាន​សម្ដែង​ការសោក​ស្តាយ​ថា ៖ «ប្រហែល​ជា​លោក​មិន​សូវ​មាន​អំណាច​ប៉ុន្មាន ដើម្បី​ជួយ​ប្រទេស​កម្ពុជា​យើង ជួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទេ។ អ៊ីចឹង ខ្ញុំ​នៅ​មាន​ការ​ព្រួយ​បារម្ភ មាន​ការសោក​ស្ដាយៗ។ យើង​នឹង​ខំ​ជំរុញ​រដ្ឋាភិបាល​យើង ឲ្យ​លោក​មេត្តា​ធ្វើ​ម៉េច​យល់​ពី​បំណង​ល្អ​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ឲ្យ​រដ្ឋាភិបាល​យើង លោក​ធ្វើការ​ជាមួយ​អង្គការ​សហប្រជាជាតិ បើ​ធ្វើការ​ជាមួយ​ខ្ញុំ​ថា យើង​ចំណេញ​ជាង»

ផ្អែក​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា អ្នក​រាយការណ៍​ពិសេស​នោះ មាន​តួនាទី​ធ្វើ​របាយការណ៍​ស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា រាយការណ៍​ផ្ទាល់​ទៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់ អ.ស.ប. ហើយ​ការបន្ត​អាណត្តិ​របស់​ខ្លួន​ត្រូវ​បាន​តែងតាំង​ដោយ​ក្រុមប្រឹក្សា​នេះ គឺ​ខុស​ពី​តំណាង​ពិសេស​របស់​អគ្គលេខាធិការ អ.ស.ប. ដែល​មាន​តួនាទី​និង​សិទ្ធិ​អំណាច​ធ្វើ​របាយការណ៍​ដោយ​ផ្ទាល់​ជូន​អគ្គលេខាធិការ អ.ស.ប. ហើយ​អាណត្តិ​របស់​ខ្លួន​ត្រូវ​បាន​បន្ត​និង​តែងតាំង​ដោយ​អគ្គលេខាធិការ អ.ស.ប.។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​កាល​ពី​ថៃ្ង​ទី​១៧ ខែ​កញ្ញា កន្លង​ទៅ​នេះ​ថា ៖ «មនុស្ស​តែ​ម្នាក់​គត់​ដែល​ខ្ញុំ​មិន​ទទួល​ជួប គឺ យ៉ាស្ហ ហ្កាយ តែ​ម្ដង។ ឥឡូវ​គាត់​លា​ហើយ លទ្ធផល​ដឹង​ច្បាស់​ហើយ​ថា នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ធ្វើការ​ត​ទៅ​ទៀត ៥​ឆ្នាំ​ទៀត បើ​នៅ ៥​ឆ្នាំ​ទៀត មិន​ទទួល​ត​ទៅ​ទៀត ប៉ុន្តែ​អ្នក​មក​ថ្មី​ខ្ញុំ​ទទួល»

សូម​រំឭក​ថា លោក យ៉ាស្ហ ហ្កាយ តំណាង​ពិសេស​របស់​អគ្គលេខាធិការ អ.ស.ប. ទទួល​បន្ទុក​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ប្រកាស​លាលែង​ចេញ​ពី​តំណែង​កាល​ពី​ថៃ្ង​ទី​២៣ ខែ​កញ្ញា កន្លង​ទៅ​នេះ ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៩ របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស អ.ស.ប. ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។

ការលាលែង​ចេញ​ពី​តំណែង​នោះ បាន​ធ្វើ​ទ្បើង​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​មន្រ្តី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​របស់​លោក បាន​បដិសេធ​មិន​ព្រម​ជួប​ពិភាក្សា​ស្តីពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៧ កន្លង​ទៅ ជុំវិញ​របាយការណ៍​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ការរឹប​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ខែ្មរ​និង​អំពើ​ពុករលួយ​កើត​មាន​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា៕