បេសកជនពិសេសរបស់អង្គការយូណេស្កូ (UNESCO) លោក កូអ៊ីជីរ៉ូ ម៉ាត់ស៊ូ អ៊ូរ៉ា (Koichiro Matsuura) បានមកដល់ប្រទេសកម្ពុជាហើយ នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ដើម្បីបំពេញការងាររបស់ខ្លួនក្នុងរយៈពេលបីថ្ងៃ ដើម្បីស្វែងរកដំណោះស្រាយបន្ធូរបន្ថយស្ថានការណ៍ជម្លោះប្រដាប់អាវុធ រវាងកម្ពុជា និងថៃ និងលើកទឹកចិត្តឲ្យប្រទេសទាំង២ ឈប់បាញ់គ្នា និងធ្វើយ៉ាងណាការពារប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ដំណើរទស្សនកិច្ចរបស់លោក កូអ៊ីជីរ៉ូ ម៉ាត់ស៊ូអ៊ូរ៉ា មកប្រទេសកម្ពុជានេះ គឺបន្ទាប់ពីលោកបានបំពេញទស្សនកិច្ចនៅក្នុងប្រទេសថៃ។ ការមកដល់ប្រលានយន្តហោះអន្តរជាតិភ្នំពេញរបស់លោក ត្រូវបានទទួលស្វាគមន៍ដោយរដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ច័ន្ទ តានី, រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ជុច ភឿន និងជាប្រធានអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងមន្ត្រីតំណាងអង្គការយូណេស្កូជាតិប្រចាំនៅក្នុងប្រទេសកម្ពុជា។
បេសកជនពិសេសរបស់អង្គការយូណេស្កូ លោក កូអ៊ីជីរ៉ូ ម៉ាត់ស៊ូអ៊ូរ៉ា មិនបានផ្ដល់បទសម្ភាសជាផ្លូវការទេ ប៉ុន្តែមានប្រសាសន៍យ៉ាងខ្លីថា លោកមានផែនការទៅពិនិត្យប្រាសាទព្រះវិហារ នៅថ្ងៃក្រោយទៀត។
នៅពេលនោះដែរ មន្ត្រីអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៧ ខែកុម្ភៈ ថាដំណើរទស្សនកិច្ចនេះ មានសារសំខាន់ដើម្បីស្វែងរកការពិត ៖ "ដើម្បីធ្វើយ៉ាងដូចម្ដេច ដើម្បីឲ្យកិច្ចសហការក្នុងកិច្ចការពារប្រសាទព្រះវិហារឲ្យបានប្រសិទ្ធភាព ហ្នឹងជាការងារចម្បងរបស់លោក"។
រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ជុច ភឿន និងជាប្រធានអាជ្ញាធរជាតិព្រះវិហារ បានមានប្រសាសន៍ថា លោកមានភស្តុតាងជាច្រើន ដើម្បីដាក់ជូនលោក កូអ៊ីជីរ៉ូ ម៉ាត់ស៊ូអ៊ូរ៉ា ពិនិត្យនៅពេលនេះ ៖ "ការខូចខាតព្រះវិហារដំណំ ហើយខ្ញុំវាយតម្លៃថា ប្រមាណជាង ៧០%ទៅ៨០% មានការខូចខាត។ ថ្វីត្បិតតែប្រាង្គប្រាសាទហ្នឹងមិនឃើញបាក់មែន ប៉ុន្តែគ្រាប់កាំភ្លើងធំ ៤១៤គ្រាប់ ធ្លាក់ចំប្រាសាទហ្នឹង ធ្លាក់ចំប្រាសាទហ្នឹង កន្លែងខ្លះក៏ប្រេះស្រាំទៅ កន្លែងខ្លះអំបែងជះទៅលើជញ្ជាំងប្រាសាទហ្នឹង។ ហើយមានកន្លែងខ្លះ យើងមានការព្រួយបារម្ភ និងការប្រើគ្រាប់បែកចង្កោម"។
លោកបានបន្តថា ដំណើរទៅពិនិត្យការខូចខាតប្រាសាទព្រះវិហារដោយលោក កូអ៊ីជីរ៉ូ ម៉ាត់ស៊ូអ៊ូរ៉ា ត្រូវបានសម្រេចពន្យារពេល ២សប្ដាហ៍ទៀត ដោយសារតែរង់ចាំការមកដល់របស់ក្រុមអ្នកសង្កេតការណ៍បទឈប់បាញ់ មកពីប្រទេសឥណ្ឌូណេស៊ី តាមការសម្រេចរបស់អាស៊ាន កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅនេះ។
មន្ត្រីអ្នកនាំពាក្យរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានបញ្ជាក់ថា គម្រោងការចាត់ចែងនៅតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជា មិនមានការប្រែប្រួលទេ ដើម្បីដាក់ជូននៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅក្នុងប្រទេសបារ៉ែន (Bahrain) នៅខែមិថុនា ឆ្នាំ២០១១ នៅគ្រាដែលកម្ពុជាក្លាយជាអនុប្រធាននៃគណៈកម្មាធិការនេះ។
នៅក្នុងការបំពេញទស្សនកិច្ចនោះ លោក កូអ៊ីជីរ៉ូ ម៉ាត់ស៊ូអ៊ូរ៉ា មានគម្រោងជួបពិភាក្សាទល់មុខគ្នា ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណរដ្ឋមន្ត្រី លោក សុខ អាន និងជាប្រធាននៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៨ ខែកុម្ភៈ នៅឯទីស្ដីការគណៈរដ្ឋមន្ត្រី ពិភាក្សាអំពីបញ្ហាប្រសាទព្រះវិហារ និងជម្លោះព្រំដែនកម្ពុជា-ថៃ៕
