នៅក្នុងជំនួបរយៈពេលជិត ៣០នាទី រវាងលោក ខៀវ កាញារីទ្ធ និងឯកអគ្គរដ្ឋទូតថ្មី នៅឯក្រសួងព័ត៌មានកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ នេះ គឺដើម្បីសំដែងការគួរសមផង និងដើម្បីរឹតចំណងទាក់ទងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ឲ្យកាន់តែល្អថែមទៀតផង។ ទន្ទឹមនឹងនេះដែរ លោក វីល្លៀម ថត បានលើកឡើងនូវសំណួរមួយចំនួន ជាពិសេសគឺបញ្ហាការបិទមិនឲ្យចាក់ផ្សាយកម្មវិធីរបស់វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ចំនួន ២ថ្ងៃនោះ។
ទាក់ទងទៅនឹងសំណួរនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា គឺលោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក អាចផ្សាយតាមរលកធាតុអាកាស អេអឹម (AM) បានប៉ុន្តែបិទចំពោះការផ្សាយបន្តរបស់វិទ្យុ អេហ្វអឹម (FM) ក្នុងស្រុកប៉ុណ្ណោះ។
លោករដ្ឋមន្ត្រីបន្តថា ការបិទមិនឲ្យផ្សាយបន្តចំនួន ២ថ្ងៃនេះ គឺដើម្បីរក្សាឲ្យមានភាពស្ងប់ស្ងាត់ និងដើម្បីឲ្យប្រជាពលរដ្ឋលោកបានសម្រេចចិត្តជ្រើសរើសអ្នកដឹកនាំរបស់ខ្លួននៅថ្ងៃបោះឆ្នោត។
លោករដ្ឋមន្ត្រីបន្ថែមថា ក្នុង ៣៦៥ថ្ងៃ គឺលោកសុំតែចំនួន ២ថ្ងៃប៉ុណ្ណោះ ដើម្បីកុំឲ្យមានការចាក់ផ្សាយរបស់វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ក្រៅពីនោះវិទ្យុអន្តរជាតិទាំងពីរនេះ អាចចាក់ផ្សាយបន្តដូចដើមឡើងវិញបាន គឺបន្ទាប់ពីម៉ោង៥ នៃថ្ងៃចុងក្រោយនៃការបោះឆ្នោតនោះ។
តែយ៉ាងណាក៏ដោយ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នៅតែបន្តមានចម្ងល់ទៅលើបញ្ហានេះនៅឡើយ។ ក្នុងន័យនេះបញ្ជាក់ឲ្យឃើញថា សហរដ្ឋអាមេរិកមានការសោកស្ដាយ និងទទូចចង់ឲ្យវិទ្យុ២នេះ ដំណើរការផ្សាយបន្តតាមវិទ្យុក្នុងស្រុកឲ្យបានជាប្រចាំ និងកុំឲ្យមានការរអាក់រអួលដោយប្រការណាមួយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
