តំណាងអាជីវករដែលកំពុងឈរតវ៉ានៅផ្លូវចូលទៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣១ តុលា គឺអ្នកស្រី ឈួន បានអះអាងថា អាជ្ងាធរបានរុះរើតូបលក់ដូររបស់គាត់ចោលកាលពីម្សិលមិញ ដោយបង្ខំឲ្យពួកគាត់ទៅលក់នៅផ្សារបឹងត្របែកដែលត្រូវចំណាយលុយច្រើន តែពួកគាត់មិនអាចទទួលយកបាន ទើបមកធ្វើការតវ៉ាសុំឲ្យលោកនាយករដ្ឋមន្ត្រីជួយរកដំណោះស្រាយ។
អ្នកស្រី ឈួន បានឲ្យដឹងថា ៖ «ជួបសម្ដេចឲ្យគាត់ដោះស្រាយកន្លែងលក់ដូរបង។ បងទាមទារចង់បានលក់នៅកន្លែងបងចាស់វិញដែលជាចិញ្ចើមថ្នល់ដែលខ្ញុំធ្លាប់លក់ពីមុនមក»។
អាជីវករដែលកំពុងឈរតវ៉ាជាច្រើននាក់ផ្សេងទៀតបានអះអាងប្រហាក់ប្រហែលគ្នាថា ពួកគាត់លក់ដូរនៅលើចិញ្ចើមផ្លូវ៤៤០ និង ១៣៥ ជាង១០ឆ្នាំមកហើយ ទោះជាយ៉ាងណាពួកគាត់មិនព្រមចាកចេញពីទីនេះឡើយ ៖ «នាំគ្នានៅហ្នឹង តស៊ូនៅហ្នឹង។ គេរើអីវ៉ាន់ចោលអស់ហើយ គេប្រើកម្លាំងប៉ូលិស»។
ឆ្លើយតបនឹងការលើកឡើងរបស់អាជីវករខាងលើ ចៅសង្កាត់រងសង្កាត់ទួលទំពូង១ អ្នកស្រី មាស ដារ៉ា មានប្រសាសន៍ថា អាជីវករទាំងនោះមកតាំងលក់ដូរធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ ហើយអាជ្ញាធរក៏បានប្រកាសជាច្រើនដងរួចមកហើយគឺមិនឲ្យបន្តការលក់ដូរនៅតាមដងផ្លូវខាងលើនេះ ប៉ុន្តែពួកគាត់មិនស្តាប់។
អ្នកស្រី មាស ដារ៉ា បានបញ្ជាក់ថា ៖ «តាមពិតទៅការដែលគាត់ដាក់លក់ហ្នឹង យើងបានជូនដំណឹងច្រើនលើកច្រើនសាហើយ ហើយកន្លងមកហ្នឹងយើងបានសុំយោបល់ស្នើទៅសាលាក្រុងតាមរយៈសាលាខណ្ឌអីទៅ ហើយយើងបានរកទីតាំងសម្រាប់ជូនគាត់លក់ដូរហ្នឹងនៅផ្សារបឹងត្របែក ហើយជូនដំណឹងមិនមែនទើបតែជូនដំណឹងឥឡូវទេ ជូនដំណឹងតាំងពីយូរហើយ មិនបានឲ្យលក់នៅលើថ្នល់ទេ តាមពិតគាត់នាំគ្នាមកតាំងទីលក់អត់មានសណ្ដាប់ធ្នាប់»។
ពាក់ព័ន្ធនឹងការតវ៉ារបស់អាជីវករនៅមុខផ្ទះលោកនាយករដ្ឋមន្ត្រីបន្ទាប់ពីអាជីករមួយក្រុមបានចូលទៅជួបទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រីបានប្រាប់ថានឹងធ្វើការដោះស្រាយជូនពួកគាត់នៅថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយ។
នៅថ្ងៃសុក្រនេះដែរវិទ្យុអាស៊ីសេរីបានសុំការបំភ្លឺពីនាយរងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក លឹម លាងសែ ប៉ុន្តែលោកប្រាប់ថាកំពុងជាប់រវល់ប្រជុំ។
សូមជម្រាបថា អាជីវករដែលកំពុងតវ៉ានៅថ្ងៃសុក្រនេះបានអះអាងថា ពួកគាត់ប្រមាណ៥០០នាក់ដែលត្រូវអាជ្ញាធរបានរុះរើតូបកាលពីព្រលឹមស្រាងៗនៅថ្ងៃទី៣០ តុលា ហើយពួកគាត់ក៏នាំគ្នាតវ៉ានៅខណ្ឌចម្ការមន ដោយគ្មានដំណោះស្រាយក៏បន្តតវ៉ានៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែមិនមានអ្នកចេញមកជួបទើបបន្តតវ៉ានៅថ្ងៃសុក្រនេះទៀត។
អាជីវករនោះក៏អះអាងដែរថា ប្រសិនបើនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយមិនមានដំណោះស្រាយទេនោះ ពួកគាត់នឹងទៅរង់ចាំជួបលោកនាយករដ្ឋមន្ត្រីដោយផ្ទាល់៕
