អ្នកភូមិក្នុងហេតុការណ៍ និយាយថា កម្មករចំនួន៣ក្រុមអមដោយកងទាហាននិងប៉ូលិសប្រដាប់អាវុធកាលពីរសៀលថ្ងៃសៅរ៍ បានចាក់សាំងដុតកម្ទេចរោងប្រមូលផលចម្ការ ហើយគំរាមបណ្តេញអ្នកភូមិឲ្យចាកចេញពីចម្ការដែលកំពុងប្រមូលផលនៅឯចម្ការម៉ៃក្នុងឃុំប៉ាតាង ៖ «មានទាហាន ប៉ូលិស និងមេការហ្នឹង គេរើរុក ហើយគេប្រមូលដុតអស់ យកសាំងមកចាក់ដុតអស់ ខ្ញុំឃើញផ្ទាល់...»។
នៅថ្ងៃអាទិត្យ ទី៣០ វិច្ឆិកានេះ តាមការសង្កេតឃើញជាក់ស្តែង កងទាហានឯកសណ្ឋានចំនួន៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃបានដាក់របាំងខ្ទប់ផ្លូវមិនឲ្យអ្នកសារព័ត៌មាន ក្រុមសិទ្ធិមនុស្សនិងមន្ត្រីប៉ូលិសមូលដ្ឋានចូលទៅពិនិត្យមើលទីដែលអ្នកភូមិរាយការណ៍ថា មានការរំលោភនោះទេ។ ទាហានម្នាក់ដៃកាន់កាំភ្លើងនិយាយថា ជាបញ្ជារបស់ក្រុមហ៊ុន។
នាយរងប៉ូលិសប៉ុស្តិ៍ឃុំប៉ាតាង លោកកែវ វណ្ណា មានប្រសាសន៍ថា ៖ «ទៅព្រឹកមិញ សុំចូលគេមិនឲ្យផង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងតំណាងក្រុមហ៊ុនដើម្បីអធិប្បាយបញ្ហានេះបានទេ ពីព្រោះមិនអាចស្វែងរកអត្តសញ្ញាណនិងអាសយដ្ឋានទាក់ទងបាន។
យ៉ាងនេះក្តី មេបញ្ជាការយោធាខេត្តលោក ម៉ុង ថែន ទទួលស្គាល់ថា ក្រុមហ៊ុនបានស្នើសុំកម្លាំងទាហានលោកដាក់ប្រចាំការដ្ឋានដើម្បីការពារខ្លាចមានអំពើលួចប្លន់ ប៉ុន្តែមិនមានគោលការណ៍ឲ្យទាហានដាក់របាំងខ្ទប់ផ្លូវអ្វីនោះឡើយ។
ចំណែកអធិការប៉ូលិសស្រុកលំផាត់ លោក សូយ ថាវ បានបដិសេធថា ៖ «រឿងទាហានអី ខ្ញុំអត់ដឹងដែរ ដឹងជាដុតមិនដុតទេ អត់ដឹង ព្រោះខ្ញុំអត់បានចូលទៅ»។
មន្ត្រីស៊ើបអង្កេតសមាគម អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់ថា ក្រុមហ៊ុនមានចេតនាបិទបាំងការពិត។
លោកថា នេះគឺជាដំណាក់កាលប្រើប្រាស់កម្លាំងយោធារំលោភកាន់តែធ្ងន់ធ្ងរមកលើសិទ្ធិជនជាតិដើមដែលខិតខំការពារដីធ្លីសហគមន៍ព្រៃឈើស្របទៅតាមសេចក្តីអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល។
លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ដូច្នេះថា ៖ «ការបំបាក់ស្មារតីដោយចាប់ឃុំតំណាងសហគមន៍ រួចសកម្មជនអាដហុកដែលលោកខំការពារព្រៃឈើបានទៅហ្នឹង ប្រើប្រាស់កម្លាំងទ័ពដើម្បីការពារក្រុមហ៊ុនតទៅទៀត អ៊ីចឹងយើងឃើញថា រូបភាពអយុត្តិធម៌ណាស់»។
ក្រុមហ៊ុន ឌីអឹម ហ្គ្រូប ត្រូវអ្នកភូមិប្តឹងចោទប្រកាន់ថា បានប្រើប្រាស់មន្ត្រីក្នុងកងអង្គរក្សលោកនាយករដ្ឋមន្ត្រី រំលោភឈូសឆាយផលដំណាំដីចម្ការវិលជុំនិងព្រៃឈើប្រមាណ ២០០ហិកតារដើម្បីយកដីជាកម្មសិទ្ធិឯកជនតាំងពីឆ្នាំ២០០៥ ក៏ប៉ុន្តែពុំមានចំណាត់ការឡើយ ហើយកាលពីថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០០៨ តុលាការខេត្តបានកោះហៅតំណាងសហគមន៍ចំនួនពីរនាក់និងធ្វើការចាប់ខ្លួនពួកគេដោយចោទប្រកាន់ថាអ្នកភូមិបំផ្លាញដើមកៅស៊ូក្រុមហ៊ុន ក៏ប៉ុន្តែអ្នកភូមិប្រមាណជាង ៣០នាក់ បានបះបោរសម្រុកចូលរំដោះតំណាងម្នាក់បានវិញ ហើយហៅចំណាត់ការតុលាការថាអយុត្តិធម៌៕