ពលរដ្ឋ​ប្ដឹង​ស្នងការ​ប៉ូលិស​ខេត្ត​ព្រះវិហារ​ពី​បទ​ប្រើ​ហិង្សា

ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះវិហារ មួយ​រូប បាន​ប្ដឹង​លោក​ស្នងការ​ប៉ូលិស ខេត្ត​ព្រះវិហារ ទៅ​តុលាការ​ពី​បទ​ប្រើ​អំពើ​ហិង្សា វាយ​តប់​ទៅ​លើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត។ ពាក្យ​ប្ដឹង​នោះ​បាន​ទៅ​ដល់​តុលាការ នៅ​ថ្ងៃ​ទី​៣ ខែ​សីហា។

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ ហេង ឆេងហ៊ាង ភេទ​ស្ត្រី រស់​នៅ​ឃុំ​ទឹកក្រហម ស្រុក​ជាំខ្សាន្ត ខេត្ត​ព្រះវិហារ បាន​ប្ដឹង​លោក​ផ្កាយ​មួយ ស្នងការ​ប៉ូលិស​ខេត្ត​ព្រះវិហារ ឈ្មោះ ម៉ៅ ពៅ ទៅ​តុលាការ​ខេត្ត ដើម្បី​រក​យុត្តិធម៌ និង​ទារ​សំណង ដោយ​អ្នកស្រី​បាន​ចោទ​ថា លោក​ស្នងការ​ប៉ូលិស​បាន​ជេរ និង​វាយ​ទៅ​លើ​រូប​អ្នកស្រី។

ពាក្យ​ប្ដឹង​របស់​អ្នកស្រី ហេង ឆេងហ៊ាង បាន​រៀបរាប់​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា អ្នកស្រី​ត្រូវ​ប៉ូលិស​ចាប់​នៅ​ស្រុក​ឆែប ដោយសារ​ឡាន​អ្នកស្រី​ជួល​ដឹក​ឈើ​បាន​ក្រឡាប់​នៅ​ម្ដុំ​ស្ពានដែក ហើយ​ប៉ូលិស​បាន​បញ្ជូន​ខ្លួន​មក​កាន់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត ដើម្បី​ឃុំ​ខ្លួន។

អ្នកស្រី ហេង ឆេងហ៊ាង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ថា នៅ​ក្នុង​កន្លែង​ឃុំ​ខ្លួន​នោះ លោក​ស្នងការ ម៉ៅ ពៅ បាន​ជេរ និង​វាយ​អ្នកស្រី ដោយ​មិន​មាន​សាកសួរ​អ្វី​ឡើយ៖ «ខ្ញុំ​អត់​ដែល​ស្គាល់​ស្នងការ​ប៉ូលិស លោក ម៉ៅ ពៅ នោះ​ទេ។ តើ​បញ្ហា​ហេតុ​អី​ហៅ​ខ្ញុំ​មក​ដោះស្រាយ តែ​ពេល​យក​ខ្ញុំ​មក​អត់​មាន​សួរ​ចម្លើយ​ខ្ញុំ​សូម្បី​តែ​មួយ​ម៉ាត់​អត់​សោះ? គ្រាន់​តែ​យក​ខ្ញុំ​មក​ដល់​ស្នងការ គឺ​លោក ម៉ៅ ពៅ នោះ​តែម្ដង អ្នក​វាយ​ខ្ញុំ ហើយ​ខ្ញុំ​មិន​ដែល​ស្គាល់​គាត់​ទេ។ ប៉ុន្តែ​ដល់​វាយ​រួច​ហើយ គ្រួសារ​ខ្ញុំ​អ្នក​សួរ​ថា តើ​អ្នក​វាយ​នោះ​ឈ្មោះ​អី​គេ? កូន​ចៅ​គាត់​ឆ្លើយ​ថា ឈ្មោះ ពៅ ។ ទី​១ គាត់​យក​ទូរស័ព្ទ​ខ្ញុំ​វាយ​ក្បាល​ខ្ញុំ​មួយ​សា ផុត​ពី​នោះ​មក គាត់​យក​កាំភ្លើង​មក​វាយ​ខ្ញុំ ដោយ​ខ្ញុំ​មិន​បាន​ដឹង​ខ្លួន​សោះ មិន​បាន​ប្រុង​ប្រៀប​ខ្លួន​សោះ គឺ​គាត់​វាយ​ខ្ញុំ​សង្គ្រុប​យក វាយ​ហើយ​ជេរ​ខ្ញុំ​ទៀត»

លិខិត​ពាក្យ​ប្ដឹង​របស់​អ្នកស្រី ហេង ឆេងហ៊ាង បាន​សុំ​ឲ្យ​ចៅក្រម​តុលាការ​ផ្ដល់​យុត្តិធម៌​ដល់​អ្នកស្រី និង​ផ្ដន្ទាទោស​ជន​ប្រព្រឹត្ត​បទល្មើស​ទៅតាម​ច្បាប់។ ពាក្យ​ប្ដឹង​នោះ​ក៏​បាន​ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​ចំនួន ៣​ម៉ឺន​ដុល្លារ​អាមេរិក​ផង​ដែរ។

ទាក់ទង​ពាក្យ​ប្ដឹង​នេះ វិទ្យុ​អាស៊ី​សេរី បាន​ទូរស័ព្ទ​ទៅ​លោក ម៉ៅ ពៅ ស្នងការ​ប៉ូលិស​ខេត្ត​ព្រះវិហារ ដើម្បី​សុំ​ការ​បកស្រាយ​តប​ចំពោះ​ពាក្យ​ប្ដឹង​ចោទ​ប្រកាន់​ចំពោះ​រូប​លោក តែ​មិន​មាន​អ្នក​លើក​ទូរស័ព្ទ។

ចំពោះ​ពាក្យ​ប្ដឹង​ករណី​អ្នកមាន​អំណាច​វាយ​ទៅលើ​ប្រជាពលរដ្ឋ​នេះ លោក ឡោ ចាន់ អ្នក​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ឈ្មោះ​អាដហុក (Adhoc) នៅ​ខេត្ត​ព្រះវិហារ មាន​ប្រសាសន៍​ថា បើ​តុលាការ​រក​ទៅ​ឃើញ​ថា មាន​បទល្មើស​កើតឡើង​មែន​នោះ ជន​ប្រព្រឹត្ត​ត្រូវ​មាន​ទោស​តាម​ក្រមព្រហ្មទណ្ឌ​ជា​មិនខាន។

លោក ឡោ ចាន់៖ «នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ គឺ​គាត់​បាន​ប្ដឹង​ទៅ​លើ​លោក​ស្នងការ​ពាក់ព័ន្ធ​វាយ​នោះ គឺ​ការ​វាយ​របស់​លោក​ស្នងការ​អត់​មាន​មូលហេតុ អត់​មាន​ហេតុផល​ច្បាស់លាស់​ទេ។ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ធ្វើការ​នៅ​ក្នុង​សង្គម​ស៊ីវិល ខ្ញុំ​យល់​ថា លោក​ស្នងការ​មិន​គួរ​ណា​វាយ​ទៅ​លើ​ជន​រងគ្រោះ​បែប​ហ្នឹង​ទេ។ ទោះ​បី​ជា​ជន​រងគ្រោះ​គាត់​មាន​ការ​ខុស​អ្វី​ក៏ដោយ ក៏​យើង​គួរ​ណា​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ដែរ ហើយ​ទង្វើ​ការ​វាយ​របស់​លោក​ស្នងការ វា​ខុស​ទៅ​នឹង​ក្រមព្រហ្មទណ្ឌ មាត្រា ២១៧ ពាក់ព័ន្ធ​បទ​ហិង្សា​ដោយ​ចេតនា។ ម៉្យាង​វិញ​ទៀត ទោះ​បី​ជា​ជន​រង​គ្រោះ​គាត់​បាន​ប្រព្រឹត្ត​ដោយ​ពិត​មែន តែ​លោក​ស្នងការ​គួរ​ណា​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់»

តាម​ការ​រៀបរាប់​របស់​អ្នកស្រី ហេង ឆេងហ៊ាង បាន​ឲ្យ​ដឹង​ថា អ្នកស្រី​ត្រូវ​គេ​ឃុំខ្លួន​សរុប​ចំនួន ១៤​ថ្ងៃ​នៅ​កន្លែង​ខុសៗ​គ្នា។ អ្នកស្រី​ត្រូវ​អាជ្ញាធរ​ចោទ​ពី​បទ​ដឹកជញ្ជូន​ឈើ​ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត។ ចំពោះ​រឿង​លោក​ស្នងការ​ប៉ូលិស​ខេត្ត​ជេរ និង​វាយ​អ្នកស្រី​នោះ ក្រៅពី​ប្ដឹង​ទៅ​តុលាការ​ខេត្ត​ដើម្បី​រក​យុត្តិធម៌ អ្នកស្រី ហេង ឆេងហ៊ាង បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមាគម​អាដហុក ការពារ​សិទ្ធិ​មនុស្ស​ដើម្បី​ឲ្យ​ជួយ​អ្នកស្រី​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។