អ្នក​ភូមិ​៣៣​គ្រួសារ​នៅ​ស្រុក​ស្ទឹងត្រង់ ខែត្រ​កំពង់ចាម បារម្ភ​ពី​ការបាត់បង់​លំនៅ

ផែនការ​អភិវឌ្ឍន៍​របស់​អភិបាល​រង​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម លោក យី វណ្ណៈ ទៅ​លើ​ដី​រដ្ឋ​ប្រមាណ​ជា​១​ហិកតារ​ក្នុង​ឃុំ​ព្រែកកក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ចំនួន​៣៣​គ្រួសារ​កំពុង​រស់នៅ​លើ​ផ្ទៃ​ដី​នោះ​សម្ដែង​នូវ​ការព្រួយ​បារម្ភ​ដោយ​ខ្លាច​បាត់បង់​ទី​លំនៅ​របស់​ពួក​គេ។

0:00 / 0:00

ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៣០ ខែ​កញ្ញា​នេះ ថា លោក​អភិបាល​រង​ស្រុក​មិន​បាន​ប្រកាស​គម្រោង​អភិវឌ្ឍន៍​ច្បាស់លាស់​ទេ ប៉ុន្តែ​បាន​ចុះ​តាម​ផ្ទះ​នីមួយៗ​បញ្ចុះ​បញ្ចូល​ឲ្យ​ពួក​គេ​ផ្តិត​មេដៃ​តាម​ផែនការ​របស់​គាត់។

ប្រជាពលរដ្ឋ​ឈ្មោះ សំបូរ បាន​មាន​ប្រសាសន៍​ថា អភិបាល​រង លោក យី វណ្ណៈ បាន​ទៅ​ចុះ​ជួប​ជាមួយ​ពួក​គេ​និង​បាន​លើក​ហេតុផល​ថា គេ​ត្រូវ​ឈូស​ឆាយ​ដី​នោះ​ឲ្យ​ស្មើ​និង​ចែក​ដី​នោះ​ឲ្យ​ប្រជាពលរដ្ឋ​វិញ​ដែល​មាន​ទទឹង​៤​ម៉ែត្រ​និង​បណ្តោយ​៨​ម៉ែត្រ។ ទោះ​ជា​យ៉ាង​នេះ​ក្តី​លោក​នៅតែ​មាន​ការបារម្ភ​ខ្លាច​មិន​បាន​ដូច​សន្យា។

លោក សំបូរ បាន​ឲ្យ​ដឹង​ថា ៖ «បើសិន​ជា​គេ​ឲ្យ​បង្កាន់​ដៃ​យើង ស៊ីញ៉េ​ពី​មេ​ភូមិ មេ​ឃុំ ហើយ​និង​អភិបាល​ស្រុក​ហ្នឹង ស៊ីញ៉េ​មក បាន​ខ្ញុំ​ផ្ដិត​មេ​ដៃ​ឲ្យ»

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ សូធី បាន​មាន​ប្រសាសន៍​ថា លោក​អភិបាល​រង​ស្រុក​បាន​ទៅ​សន្យា​ជាមួយ​ពួក​គេ​ថា លោក​នឹង​រៀបចំ​ផ្ទះ​នៅ​ក្នុង​ភូមិ​បឹងដែង​ឲ្យ​មាន​សណ្តាប់ធ្នាប់​ឡើង​វិញ និង​ធានា​លើ​ថ្លៃ​រុះរើ​នៅ​ពេល​គេ​ឈូសឆាយ​ដី​នោះ។

លោក​បាន​បន្ថែម​ទៀត​ថា លោក​មាន​ការបារម្ភ​ព្រោះ​ប្រជាពលរដ្ឋ​ពួក​លោក​មិន​សូវ​យល់​ដឹង​ច្រើន លោក​ខ្លាច​តែ​មាន​បញ្ហា​នៅ​ថ្ងៃ​ក្រោយ​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​បាត់បង់​ទី​លំនៅ។

លោក សូធី បាន​មាន​ប្រសាសន៍​ថា ៖ «បើ​ចិត្ត​ខ្ញុំ​វិញ ខ្ញុំ​ថា​ប្រហែល​ជា​ចាញ់បោក​គេ ឬ​ក៏​យ៉ាង​ម៉េច​ខ្ញុំ​មិន​ដឹង​ផង ព្រោះ​អត់​មាន​ស៊ីញ៉េ​ពី​មេ​ភូមិ មេ​ឃុំ ចៅហ្វាយ​ស្រុក​ផង គេ​គ្រាន់តែ​យក​ហ្វូតូ​មក​ថា ដី​នេះ​ជា​ដី​របស់​យើង»

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា​កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ​ទាំង​នោះ​ធ្លាប់​បាន​ចោទ​ប្រកាន់​អភិបាល​រង​ស្រុក លោក យី វណ្ណៈ ថា ចង់​បណ្តេញ​ពួកគេ​ចេញ​ពី​ភូមិ​នោះ​ម្តង​រួច​មក​ហើយ។

អភិបាល​រង​ស្រុក លោក យី វណ្ណៈ មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី​ស្ដីអំពី​គម្រោង​អភិវឌ្ឍន៍​នោះ​ទេ ៖ «ខ្ញុំ​កំពុង​ធ្វើ ខ្ញុំ​អត់​ទាន់​ជម្រាប​ជូន​ទេ»

រីឯ​អាជ្ញាធរ​ឃុំ​ក៏​មិន​បាន​ដឹង​គម្រោង​អភិវឌ្ឍន៍​របស់​អភិបាល​រង​ស្រុក​នោះ​ដែរ។

មេ​ឃុំ​ព្រែកកក់ លោក អ៊ាត គឹមលាង បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​មិន​ទាន់​ដឹង​ទេ ហើយ​ក៏​មិនមែន​ប្រកាន់​ជាមួយ​ខាង​លើ​ដែរ អ៊ីចឹង​បាន​ថា វា​ទាក់ទិន​ទៅ​លើ​ឯកសារ​ពេក តែ​បើ​មិន​មាន​ឯកសារ​ទេ គ្រាន់តែ​ឮ​តាម​ភាសា​សម្ដី ហ្នឹង​មិន​ជា​ផ្លូវការ​ទេ»

លោក​បាន​បន្ត​ថា លោក​មាន​គម្រោង​អភិវឌ្ឍន៍​ធ្វើ​សួនច្បារ​នៅ​តាម​មាត់​ទន្លេ​ដែល​បាន​ដាក់​គម្រោង​ស្នើសុំ​ទៅ​រដ្ឋាភិបាល​តំាងពី​ឆ្នាំ​២០០២ ប៉ុន្តែ​មិន​ទាន់​ដឹង​លទ្ធផល​នៅ​ឡើយ​ទេ។

សូម​ជម្រាប​ថា ដី​ភូមិ​បឹងដែង​ជា​ដី​របស់​រដ្ឋ​ដែល​ជា​ទីតាំង​ផ្សារ​ចាស់​នៅ​ក្នុង​ឃុំ​ព្រែកកក់ ហើយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​រស់​នៅ​ទី​នោះ​តាំងពី​ឆ្នាំ​១៩៨២​មក ភាគ​ច្រើន​ជា​ទាហាន​រំសាយ៕