លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់មរតកនយោបាយកំសាកដល់ទាយាទស្នងតំណែងរបស់លោក ដែលចាំស៊ីកេរ្តិ៍ពីឪ គឺលោក ហ៊ុន ម៉ាណែត ជាបន្តបន្ទាប់។ ក្នុងនោះមានដូចជា ការរៀបចំមិនឱ្យមានគូប្រកួតប្រជែងណាមួយអាចតតាំងជាមួយលោក ហ៊ុន ម៉ាណែត បាន ទាំងការប្រកួតផ្ទៃក្នុងបក្ស និងនៅក្រៅបក្ស។ ក្រុមអ្នកវិភាគរិះគន់ថា ការត្រួសត្រាយផ្លូវនយោបាយរបស់លោក ហ៊ុន សែន ឱ្យកូនប្រុសរបស់លោកបែបនេះ មិនបានធ្វើឱ្យលោក ហ៊ុន ម៉ាណែត អាចជាក្លាយជាមេដឹកនាំរឹងមាំបានទេ ហើយលោក ហ៊ុន ម៉ាណែត អាចបរាជ័យនៅពេលគ្មានឪពុករបស់ខ្លួនចាំជួយនៅពីក្រោយ។ ការរៀបចំជើងព្រួលឱ្យកូនប្រុសរបស់លោកជ្រុលហួសហេតុ ដូចជាការរាំងខ្ទប់ទាំងបំពានច្បាប់ មិនឱ្យគណបក្សភ្លើងទៀនចូលប្រកួតការបោះឆ្នោតនាខែកក្កដាខាងមុខ គឺជាការជាន់ឈ្លីកិត្តិយសកូនប្រុសខ្លួនទៅវិញទេ ព្រោះពេលនេះលោក ហ៊ុន ម៉ាណេត ត្រូវគេរំពឹងថា នឹងឈ្នះឆ្នោតដោយមិនមានសេចក្តីថ្លៃថ្នូរ។
ថ្មីៗ នេះទៀតសោត លោក ហ៊ុន សែន ប្រកាសថា លោកនឹងនៅតែបន្តដឹកនាំនយោបាយនៅកម្ពុជាដដែល ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បើទោះបីជាលោកមិនធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសក៏ដោយ។ ការថ្លែងរបស់លោក ហ៊ុន សែន ដូច្នេះ បង្ហាញឱ្យឃើញថា លោក ហ៊ុន សែន អាចមិនទុកចិត្តសមត្ថភាពជាអ្នកដឹកនាំប្រទេសរបស់លោក ហ៊ុន ម៉ាណែត នៅក្រោយពេលលោកផ្ទេរអំណាចឱ្យហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។