លោក ហ៊ុន សែន កំពុង​«វេទនា»​ព្រោះ​ស្ថិតក្នុង​ស្ថានភាព​ជា​«អ្នកទោស​ពាក់កណ្តាល»?

ទន្ទឹម​នឹង​ការណ៍​ដែល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​អំណាច​ពេញដៃ ហើយ​អាច​ធ្វើអ្វីៗ​បាន​តាម​អំពើចិត្ត​ដោយ​សូម្បីតែ​មេបក្ស​ប្រឆាំង​ក៏លោក​ហ៊ាន​បញ្ជា​ឱ្យ​ចាប់ខ្លួន​ទាំងកណ្តាល​យប់ និង​«ឪស្តេច​ម៉ែស្តេច» ក៏លោក​មិនខ្លាច​ផងនោះ ថ្មីៗនេះ លោក​បែរ​ជា​ថ្លែង​ត្អូញត្អែរ​ថា លោក​ខ្លួនឯង​កំពុង​ស្ថិតក្នុង​ស្ថានភាព​ជា​«អ្នកទោស​ពាក់កណ្តាល»​ពុំ​មាន​សេរីភាព​នោះទេ។ លោក​ថ្លែង​ដូច្នេះ គឺដោយសារតែ​មាន​កម្លាំង​អង្គរក្ស​ជាច្រើន​ពាន់នាក់​ត្រូវបាន​ដាក់​ពង្រាយ​ចាំ​ការពារ​លោក​ពេល​លោក​ធ្វើដំណើរ​តាម​ទី​សាធារណៈ​ម្តងៗ ដែល​សូម្បីតែ​មានពេល​ខ្លះ​លោក​ចង់ចូល​គោរព​ចេតិយ​​ឪពុក​ម្តាយ​លោក ក៏​លោកមិនអាច​ធ្វើបាន​ដែរ។

មន្ត្រីបក្ស​ប្រឆាំង​ និង​អ្នកវិភាគ​បកស្រាយ​ថា នេះគឺជា​កម្មពៀរ​របស់​លោក ហ៊ុន សែន ព្រោះ​លោក​បាន​សាង​បាបកម្ម​ជាច្រើន​ក្នុង​ជីវភាព​នយោបាយ​របស់​លោក។ ពួកគេថា លោក ហ៊ុន សែន គ្មាន​ចេតនា​កាត់បន្ថយ​ក្រុមកង​អង្គរក្ស​របស់​លោក​នោះទេ ព្រោះ​គ្រួសារ​ត្រកូល​«ហ៊ុន»​កំពុង​ប្រឈម​នឹង​បញ្ហា​សុវត្ថិភាព​កាន់តែ​ខ្លាំង​ដោយសារ​ផែនការ​ផ្ទេរអំណាច​តពូជ​​ទៅឱ្យ​លោក ហ៊ុន ម៉ាណែត។ ទន្ទឹមនឹងនេះ ពួកគេ​ថា លោក ហ៊ុន សែន ក៏​ធ្លាប់​ធ្វើបាប​ប្រជាពលរដ្ឋ​ស្លូតត្រង់ និង​បញ្ជា​ឱ្យ​ចាប់​ក្រុមអ្នករិះគន់​ដាក់គុក ដូច្នេះ​ហើយ​លោក​កាន់តែ​ព្រួយបារម្ភ​ខ្លាច​មាន​ការវាយ​ប្រហារ​ពី​អ្នកខាងក្រៅ​ផង និង​ពី​កម្លាំង​យោធា​ផ្ទៃក្នុង​របស់​បក្ស​កាន់អំណាច​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។