បទវិភាគ៖ តើកត្តាអ្វីខ្លះដែលបក្សកាន់អំណាចក្លាយជាបក្សការពារក្រុមមូលធននិយមនិងគ្រប់គ្រងអំណាចដល់សព្វថ្ងៃ?
2019.02.21
ក្នុងរយៈពេល៤០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានប្រែក្លាយខ្លួន ពីគណបក្សវណ្ណៈកសិករអធន ទៅជាគណបក្សដែលមានសមាជិកជាន់ខ្ពស់និងបក្ខពួក សុទ្ធតែជាមហាសេដ្ឋី មេឈ្មួញដី ហើយកេងប្រវ័ញ្ចពីវណ្ណៈកសិករអធនទៅវិញ។
ក្រៅពីបានច្បាមអំណាច ទ្រព្យធន និងបក្ខពួកជាឧកញ៉ាជួញដូរធំៗនៅជុំវិញខ្លួន ដើម្បីទ្រទ្រង់ឱ្យដំណើរការទៅមុខនោះ គណបក្សនេះ បានត្រួតត្រាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សម្រាប់ការពារអំណាចទ្រព្យសម្បត្តិ និងក្រុមបក្ខពួកខ្លួននៅក្នុងការដឹកនាំប្រទេស។
រីឯពលរដ្ឋវិញ ស្ទើរពេញមួយនគរនៅតែងើបមិនផុតពីភាពក្រីក្រ គម្លាតវណ្ណៈកសិករ និងវណ្ណៈមូលធនកាន់តែខ្លាំង ហើយក្រុមមេដឹកនាំដែលធ្លាប់ជាវណ្ណៈអធនដែរនោះ បានក្លាយទៅជាវណ្ណៈមូលធនដ៏អស្ចារ្យ មានទ្រព្យសម្បត្តិហូរហៀរយ៉ាងសម្បើម។
តើគណបក្សនេះ មានយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីការពារអំណាចទ្រព្យសម្បត្តិរបស់ខ្លួន និងទ្រព្យសម្បត្តិរបស់ក្រុមឧកញ៉ាបក្ខពួកបានក្នុងរយៈពេល៤០ឆ្នាំមកនេះ?
មេប៉េអិមខេត្តរតនគិរី លោក គឹម រស្មី បាត់បង់តំណែងរបស់គាត់ភ្លាម បន្ទាប់ពីរូបភាពចែកលុយកូនៗទាំង៥របស់លោក ម្នាក់១០ម៉ឺនដុល្លារ ក្នុងពិធីខួបកំណើតមួយកាលពីដើមខែកុម្ភៈ ត្រូវបានសាធារណជនរិះគន់ព្រោងព្រាត។ កាលនៅមានអំណាច លោក គឹម រស្មី ធ្លាប់ត្រូវគេដឹងថា ជាជើងកាងឱ្យឈ្មួញកាប់ឈើ ដ៏ល្បីល្បាញម្នាក់នៅខេត្តនេះ។
តែគ្មាននរណាម្នាក់ ហ៊ានក្អកចំពោះសកម្មភាព លោកមេប៉េអិមម្នាក់នេះទេ ទោះជាលោកយកអំណាចរបស់ខ្លួនទៅកាងឈ្មួញទុច្ចរិតកាប់បំផ្លាញព្រៃឈើក៏ដោយ។ គ្មានអ្នកណាហ៊ាន ដ្បិតលោក គឹម រស្មី ជាសាច់របស់គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន។ ក៏ប៉ុន្តែ ប្រហែលដោយលោក គឹម រស្មី បង្ហាញទឹកលុយខុសទំនង និងត្រូវរងការរិះគន់ពេញប្រទេសហើយ ទើបលោក ហ៊ុន សែន ខ្លួនឯងចេញមុខមកកាត់ "សាច់" នោះចេញ "ប្រកបដោយការឈឺចាប់"។
តាមពិត "សាច់" គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ស្ទើរតែទាំងអស់សុទ្ធតែមានទ្រព្យសម្បត្តិហូរហៀរតាមវិធីស្រដៀងគ្នានេះ។ បើលោក ហ៊ុន សែន ចង់កាត់សាច់ទាំងនោះចេញមែន ទោះបិទភ្នែករាវកាត់ ក៏លោកកាត់មិនច្រឡំដែរ។
ការស៊ើបអង្កេតរបស់អង្គការឃ្លាំមើលពិភពលោក (Global Witness) បង្ហាញថា គ្រួសារត្រកូលហ៊ុន មានលុយសរុបទាំងអស់ប្រមាណពី៥០០លាន ទៅ១ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ម្នាក់ៗគ្រប់គ្រងក្រុមហ៊ុនធំៗ និងប្រកបរបររកស៊ីស្ទើរគ្រប់ប្រភេទ រាប់តាំងពីដណ្ដើមដីអ្នកស្រុករត់ពន្ធថ្នាំញៀន បើកបនល្បែងស៊ីសង និងជាម្ចាស់ក្រុមហ៊ុនស្ទើរគ្រប់មុខ ចំនួនជាងមួយរយក្រុមហ៊ុននៅប្រទេសកម្ពុជា ក្រុមហ៊ុននាំស្រូវអង្ករចេញ ក្រុមហ៊ុនអគ្គិសនី ទូរស័ព្ទ ប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនរុករករ៉ែ កាប់ឈើ បូមខ្សាច់ ជាដើម។
ក្រៅពីមានវិមានធំស្កឹមស្កៃនៅកម្ពុជា ក្រុមគ្រួសារត្រកូលហ៊ុននេះ ក៏ទិញអចលនទ្រព្យនិងជួញដូរនៅក្រៅប្រទេសថែមទៀត។ ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ក៏លាតត្រដាងទ្រព្យសម្បត្តិមហាសាល របស់គ្រួសារត្រកូលហ៊ុន និងមន្ត្រីរបបលោក ហ៊ុន សែន នៅប្រទេសអូស្ត្រាលី ដែលអាចមកពីការលាងលុយកខ្វក់ និងអំពើពុករលួយ។
ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ABC ផ្សាយថាកូនប្រសាលោក ហ៊ុន សែន គឺលោក ឌី វិជ្ជា ដែលជាអគ្គស្នងការរងនគរបាលជាតិ ដែលមានផ្ទះតម្លៃប្រហែល ១.៥ លានដុល្លារ ហើយក្រុមហ៊ុនរបស់លោក លក់ឃ្លាំងមួយមានតម្លៃជាង ៥លានដុល្លារ (៥.០៨លានដុល្លារ) កាលពីខែឧសភាឆ្នាំ២០១៨។
លោក ឌី វិជ្ជា ជាស្វាមី អ្នកស្រី ហ៊ុន ម៉ាណា ដែលកាន់កាប់ក្រុមហ៊ុនជាច្រើននៅប្រទេសកម្ពុជា។ រីឯ ក្មួយលោក ហ៊ុន សែន វិញ គឺលោក ហ៊ុន តូ ទិញផ្ទះតម្លៃជាង១លានដុល្លារ នៅអូស្ត្រាលី។ ជាមេដឹកនាំគណបក្សមួយ ដែលលោក ហ៊ុន សែន តែងអះអាងថា កើតចេញពីប្រជាជន ដើម្បីប្រជាជន ក្នុងខណៈដែលប្រជាជនជាងពាក់កណ្តាលនគរ រកអង្ករច្រកឆ្នាំមិនបាន លោក ហ៊ុន សែន ខ្លួនឯង មានភូមិគ្រឹះបីបួនកន្លែង នៅកណ្ដាលក្រុងភ្នំពេញផង នៅជាយក្រុងផង មានផ្ទះលំហែនៅមាត់សមុទ្រទៀត។ លោកចាប់ផ្ដើមធ្វើដំណើរទៅណាមកណា តាមយន្តហោះជួលពិសេសសម្រាប់ដឹកលោក ដែលចំណាយលុយជាតិម្តងៗ អស់ជាង២លានដុល្លារ។
ក្រៅពីកូនចៅសាច់សាលោហិតរបស់លោក ហ៊ុន សែន ដែលមានទ្រព្យសម្បត្តិមហាសាលនេះ មន្ត្រីរបស់លោកក៏មានទ្រព្យសម្បត្តិដ៏សន្ធឹកសន្ធាប់ដែរ។ ប្រធានអគ្គនាយកដ្ឋានពន្ធដារ គឺលោក គង់ វិបុល មានភាគហ៊ុន ក្នុងដីមួយកន្លែងកាលជាង ២១ លានដុល្លារ (២១.៤ លានដុល្លារ)។ លោក គង់ វិបុល មានទ្រព្យជាច្រើនកន្លែងទៀតនៅអូស្ត្រាលី រួមទាំងផ្ទះតម្លៃ៦សែនដុល្លារ។
អ្នកណាក៏ដោយឱ្យតែជាប់សាច់ជាមួយគណបក្សប្រជាជនកម្ពុជា ឬក៏ជាប់សាច់លោក ហ៊ុន សែន សុទ្ធតែត្រូវប៉ាន់ទាំងអស់។ សាច់ថ្លៃរបស់លោក ហ៊ុន សែន គឺសពលោក សុខ អាន ត្រូវបានគេដឹងថា មានទ្រព្យរាប់ពាន់លានដុល្លារ។ ពិធីមង្គលការកូនប្រុសម្នាក់របស់លោក សុខ អាន ជាមួយនឹងកូនថៅកែធនាគារមួយ កាលពីឆ្នាំ២០១៧ គឺជាឱកាសបង្ហាញលុយ និងអំណាចដ៏អស្ចារ្យមួយនៃសាច់ឈាមទាំងជិត ទាំងឆ្ងាយរបស់គណបក្សប្រជាជនកម្ពុជា។
តាំងពីជាងថតរូប រហូតដល់អ្នកភ្លេងលេងកំដរពិធី សុទ្ធតែត្រូវគេជួលមកពីបរទេស។ ធនធានក្នុងស្រុកសម្រាប់ការងារទាំងនេះមានគគោក ប៉ុន្តែបែបមិនស័ក្ដិសមនឹងឋានៈរបស់វណ្ណៈអភិជន នៃសាច់ឈាមរបស់គណបក្សប្រជាជនកម្ពុជាឡើយ។
ពិធីមង្គលការនេះ វាជាឱកាសមាស ឱកាសពេជ្រ សម្រាប់ភ្ញៀវមកចូលរួមទាំងឡាយ បង្អួតបង្ហាញគ្នាទៅវិញទៅមកនូវទ្រព្យសម្បត្តិមហាសាលរបស់ពួកគេ។ គឺសឹងតែមិនខុសគ្នាប៉ុន្មាន ពីអ្វីដែលអតីតមេប៉េអិម គឹម រស្មី បានធ្វើពិធីបង្ហាញទ្រព្យសម្បត្តិរបស់ខ្លួននោះឡើយ។ អ្វីដែលខុសនោះត្រង់ថា ពិធីកូន លោក សុខ អាន មិនសូវមានអ្នកហ៊ានរិះគន់ជាសាធារណៈ។
បន្ថែមពីលើនេះ ពិធីនេះមានការចូលរួមគាំទ្រ ពីលោក ហ៊ុន សែន និងភរិយាខ្លួនឯង និងកូនៗ ភាគច្រើនរបស់លោក រួមទាំងមេដឹកនាំគណបក្ស និងមន្ត្រីគ្រាក់ៗ ផ្ទាល់តែម្ដង។
គណបក្សប្រជាជនកម្ពុជា បម្រើឱ្យក្រុមអ្នកមានទ្រព្យធនកេងប្រវ័ញ្ចលើពលរដ្ឋក្រីក្រដល់តែខ្លួនឯងបានប្រែធាតុពីគណបក្សកម្មករកសិករក្រីក្រទៅជាគណបក្សនៃក្រុមអ្នកមានលុយវាល់លានអ៊ីចឹងទៅ គណបក្សនេះ ហាក់លែងឈរនៅខាងពលរដ្ឋក្រីក្រទូទៅ ហើយបែរទៅជាកាន់ជើងក្រុមអ្នកមានៗដូចគ្នាទៅវិញ។ នៅពេលដែលចាប់យកអ្នកមានជាមិត្ត អ្នកក្របានក្លាយជាសត្រូវនៃគណបក្សនេះដោយស្វ័យប្រវត្តិ។
ការយកកសិករធ្វើជាសត្រូវនៅត្រង់ថា ប្រជាកសិករស្ទើរតែនៅគ្រប់ខែត្រក្រុង នៅតាមតំបន់ខ្លះ ជាប់គុកច្រវ៉ាក់ដោយសារការតវ៉ា ការពារដីធ្លីរបស់ខ្លួន ដែលក្រុមអាជ្ញាធរដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបណ្ដេញចេញពីដីធ្លី ដើម្បីយកដីឱ្យក្រុមហ៊ុន ក្រោមស្លាកដីសម្បទានសេដ្ឋកិច្ច។
ពលរដ្ឋបាត់បង់ភាពជាម្ចាស់កម្មសិទ្ធិ ដីធ្លី ភូមិ កោះ ទន្លេ សមុទ្រ ធនធានរ៉ែ និងធនធានសង្គម។ ការអភិវឌ្ឍរបស់គណបក្សកាន់អំណាចនេះ ធ្វើឱ្យពលរដ្ឋទទួលបានផលប្រយោជន៍សង្គមមិនស្មើភាពគ្នាឡើយ គឺបុគ្គលមួយចំនួនតូច ដែលកាន់កាប់ក្រុមហ៊ុន រាប់ទាំងក្រុមហ៊ុនក្នុងស្រុក និងបរទេស បានកើបមរតកជាតិខ្មែរ និងបំផ្លាញធនធានសង្គមយ៉ាងគគ្រឹកគគ្រេង។
មានករណីជាច្រើន ដែលបង្ហាញថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានការពារក្រុមហ៊ុន មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ក្នុងនោះ មានក្រុមហ៊ុន ក្នុងស្រុក ក្រុមហ៊ុនរដ្ឋវៀតណាម និងក្រុមរដ្ឋចិន ដែលរំលោភលើដីពលរដ្ឋ ក្រោមរួបភាពអភិវឌ្ឍន៍ ឧទាហរណ៍នៅ បឹងកក់ បុរីកីឡា កោះរ៉ុង បូកគោ ព្រៃឡង់ និងទាញយកធនធានរ៉ែ ខ្សាច់ ព្រៃឈើជាដើម។
មិនបាច់មើលទៅឯណាឆ្ងាយទេ គឺករណីជម្លោះដីធ្លី នៅសហគមន៍បឹងកក់នៅទីក្រុងភ្នំពេញជិតច្រមុះមេដឹកនាំឯណេះវិញ ក្រុមអាជ្ញាធរការពារក្រុមហ៊ុនស៊ូកាគូ (Sukaku.) របស់លោក ឧកញ៉ា ឡៅ ម៉េងឃីន ចាប់ពលរដ្ឋជាច្រើននាក់ ដាក់ពន្ធនាគារ បូមដីខ្សាច់ពន្លិចលើផ្ទះពលរដ្ឋថែមទៀត។
គ្មានមេដឹកនាំណាចេញមុខដោះស្រាយ ហើយចាត់ទុកថាករណីនេះ ជារំលោភសិទ្ធិមនុស្សនិងច្បាប់ឡើយ។ ករណីនៅបុរីកីឡា ក្រុមហ៊ុន ផាន អ៊ីមិច (Phan Imex) របស់អ្នកស្រី ស៊ុយ ស៊ីផាន កងកម្លាំងប្រដាប់អាវុធជាច្រើននាក់ ការពារគ្រឿងចក្រ ឈូសកម្ទេចផ្ទះ និងបណ្ដេញពលរដ្ឋចេញពីលំនៅឋានទាំងកណ្ដាលថ្ងៃ និងបង្ខំឱ្យអ្នករងគ្រោះទាំងនេះទទួលយកសំណងមិនសមរម្យ។
ករណីជម្លោះដីធ្លីនៅខែត្រកោះកុង របស់ក្រុមហ៊ុនចម្ការអំពៅរបស់ឧកញ៉ា លី យ៉ុងផាត់ រំលោភយកដីប្រជាពលរដ្ឋ ធ្វើឱ្យពលរដ្ឋរងគ្រោះរ៉ាំរ៉ៃអស់រយៈពេលជាង ១០ឆ្នាំមកហើយ មិនទាន់មានដំណោះស្រាយសមរម្យនៅឡើយ។
ជម្លោះដីធ្លីទាំងនេះ បានបន្តកើតមានជាបន្តបន្ទាប់ ដែលក្រុមអាជ្ញាធរប្រដាប់អាវុធការពារឱ្យក្រុមហ៊ុនរបស់សេដ្ឋី ដូចជាករណីចុងក្រោយ ករណីបាញ់បង្ក្រាបពលរដ្ឋមានជម្លោះដីធ្លីជាមួយ ឧកញ៉ា គង់ ស៊ីវទ្រី នៅខែត្រព្រះសីហនុ និងជម្លោះដីធ្លីនៅស្រុកជាំក្សាន្ត ខែត្រព្រះវិហារជាមួយក្រុមហ៊ុនមេត្រីភាពរបស់ឧកញ៉ា អាន ម៉ារឌី សមត្ថកិច្ចចាប់ខ្លួនពលរដ្ឋជាង ១០នាក់ដាក់ពន្ធនាគារ។
នៅត្រង់ចំណុចនេះ លោក បណ្ឌិត កែម ឡី លើកឡើងថា ទីណាមានមហាសេដ្ឋីច្រើន ចេញពីជំនួញមិនស្អាតស្អំ ទីនោះពលរដ្ឋធ្លាក់ខ្លួនក្រីក្រ និងក្លាយជាទាសករច្រើន។
ក្រុមសមត្ថកិច្ចស៊ីប្រាក់ខែរដ្ឋនោះ មានតួនាទីការពារប្រជាពលរដ្ឋជាជនរងគ្រោះ ផ្ទុយទៅវិញកងកម្លាំងប្រដាប់អាវុធទាំងនោះ បានការពារក្រុមហ៊ុន និងក្រុមឧកញ៉ាទៅវិញ ជំរុញឱ្យពលរដ្ឋគ្មានជម្រើសអ្វីក្រៅពីដើរតវ៉ាតាមចិញ្ចើមផ្លូវ ពីមួយឆ្នាំទៅមួយឆ្នាំ។ ការចេញតវ៉ានេះ ពេលខ្លះរដ្ឋាភិបាលលោក ហ៊ុន សែន ចោទប្រកាន់ថា ជាក្រុមបដិវត្តន៍ពណ៌ និងទាញភ្ជាប់ទៅនឹងអ្នកនយោបាយបក្សប្រឆាំងក៏មាន។
ក្រៅពីក្រុមឧកញ៉ា ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចនោះ គឺនៅមានឧកញ៉ាជាច្រើនទៀត ដែលល្បីខាងបំផ្លាញធនធានជាតិ ព្រៃឈើ ដែលត្រូវបានការពារ ដោយរបបលោក ហ៊ុន ហ៊ុន សែន គឺ ឧកញ៉ា ទ្រី ភាព ឧកញ៉ា ស៊ឹង ប៊ុនណា ហៅខ្នា ជាមនុស្សជំនិតរបស់លោក ហ៊ុន ណេង អតីតអភិបាលខែត្រកំពង់ចាម ត្រូវជាបងប្រុសលោក ហ៊ុន សែន។
របាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ឱ្យដឹងថា គិតពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ជម្លោះដីធ្លីមានជិត៥០០ករណីនៅ ១៣ខែត្រក្រុង ធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋជាង៣ម៉ឺនគ្រួសារ។
ការបែងចែងវណ្ណៈ និងការពារក្រុមឈ្មួញ ក្រុមឧកញ៉ា ពីសំណាក់គណបក្សកាន់អំណាចនេះ ហាក់ផ្ទុយពីគោលនយោបាយរបស់ខ្លួន ដែលចែងពីការលើកស្ទួយជីវភាពប្រជាពលរដ្ឋ។ លើសពីនេះទៀត ក្រុមប្រជាពលរដ្ឋក៏រំពឹងថា មេដឹកនាំគណបក្សនេះ ជួយលើកស្ទួយជីវភាពកសិករ និងមានឱកាសរស់នៅជួបជុំក្រុមគ្រួសារ មានលុយកាក់ផ្គត់ផ្គង់កូនចៅឱ្យទៅរៀន។ មិនចាំបាច់ដល់ទៅ ស្រមៃបញ្ជូនឱ្យទៅរៀនឯបរទេសដូចកូនមន្ត្រីគ្រាក់ៗឡើយ។
អ្នកខ្លះទៀត ស្លាប់ទៅវិញទាំងមិនមានទីជម្រករស់នៅសមរម្យផងក៏មាន។ ពលរដ្ឋខ្លះ មិនប្រាថ្នាចង់រស់នៅក្នុងផ្ទះវីឡាស្កឹមស្កៃ មានរថយន្តទំនើបៗនោះទេ ពួកគាត់ចង់បានតែទីជម្រកសមល្មម អាចបិទបាំងកំដៅថ្ងៃ ខ្យល់អាកាសក៏មិនបានផង។ ខុសពីក្រុមមេដឹកនាំ បក្សកាន់អំណាច ដែលកើតចេញពីគ្រួសារកសិករដូចគ្នាដែរ តែរយៈពេល៤០ឆ្នាំមកនេះ គេមានអ្វីៗសព្វបែបយ៉ាង ទាំងលុយឡាន វីឡាស្កឹមស្កៃ មានអ្នកបម្រើហែហមឆ្វេងស្តាំ ដូចក្សត្រាក្សត្រិយ៍។
ការចាប់យកក្រុមឈ្មួញធំៗ និងឧកញ៉ាមកដាក់ក្បែរខ្លួន និងតែងតាំងតួនាទី ឱ្យនៅ ស្ថាប័នកំពូលរបស់ជាតិ៖ វប្បធម៌ឯងជួយអញ អញជួយឯង។ ក្រុមឧកញ៉ា និងឈ្មួញធំៗ ទោះបីជារកស៊ីស្របច្បាប់ ឬល្មើសច្បាប់ តែង តែនៅកៀកកើយលោក ហ៊ុន សែន។ ក្រុមឧកញ៉ាទាំងនេះ ទំនងជាប្រភពសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ទ្រទ្រង់គណបក្សប្រជាជនកម្ពុជា ពីព្រោះថា ក្រុមឧកញ៉ាមួយចំនួន ដែលគេមើលឃើញថា បានប្រកបរបរខុសច្បាប់ រត់ពន្ធគ្រឿងញៀន ជួញដូរឈើ ដ៏កក្រើក ល្បីរន្ទឺពាសពេញប្រទេស ក៏គ្មានស្ថាប័នអនុវត្តច្បាប់ណា ឬអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស៊ើបអង្កេតដែរ។ ជាក់ស្ដែងដូចជាឧកញ៉ា ទ្រី ភាព ល្បីខ្ទរខ្ទារអំពីការកាប់ឈើ ជួញដូរ ទៅប្រទេសវៀតណាម និងនាំចេញទៅប្រទេសដទៃទៀត ទោះបីជាមានរបាយការណ៍ពីស្ថាប័នជាតិ អន្តរជាតិរកឃើញពីភស្តុតាង ការកាប់ឈើ និងជួញដូរឈើនេះយ៉ាងណាក្ដី ក៏គ្មានទទូលទោសទណ្ឌអ្វីដែរ។
ឧកញ៉ា ម៉ុង ឫទ្ធី ដែលល្បីឈ្មោះ ខាងជួញដូរគ្រឿងញៀន នៅក្នុងទសវត្សឆ្នាំ១៩៩០ ក៏គ្មាន ការចាប់ដាក់ទោសអូសដំណើរអ្វីដែរ នៅទីបំផុត ឧកញ៉ាទាំងនេះ មានស្នាដៃធំធេង លើការរួមចំណែកក្នុងការអភិវឌ្ឍន៍ជាតិទៅវិញ ដោយមានការលើកតម្កើងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រុមឧកញ៉ាទាំងនេះ អាចប្រព្រឹត្តិបទល្មើស និងប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋស្លូតត្រង់ ដែលការពារទ្រព្យសម្បត្តិ ដីធ្លីផ្ទះសម្បែងរបស់ខ្លួននោះបានដោយគ្មានទោស គឺដោយសារពួកគេមានអាវក្រោះ ការពារខ្លួនយ៉ាងរឹងមាំ តាមរយៈវប្បធម៌អញជួយឯង ឯងជួយអញ។
ទី១ ពួកគេជាប្រភពធនធានថវិកាដ៏សំខាន់សម្រាប់ទ្រទ្រង់គណបក្សប្រជាជនកម្ពុជា និងរបបលោក ហ៊ុន សែន។ ជារឿយៗនៅពេលលោក ហ៊ុន សែន ទៅសម្ពោធអគាររដ្ឋផ្សេងៗ ឬសម្ពោធស្ពាន ថ្នល់ តែងតែឃើញលេចមុខឧកញ៉ាទាំងនោះនៅលើវេទិកា ហើយក្រុមឧកញ៉ាទាំងនេះ ក៏ជួយឧបត្ថម្ភថវិកាសម្រាប់សាងសង់អគារសាលារៀន ឬចំណាយលើថ្លៃផ្សេងៗទៀត ដូចជាការទ្រទ្រង់បក្សសម្រាប់ដំណើរការបោះឆ្នោតជាដើម។
ទី២ ក្រុមឧកញ៉ាទាំងនេះ បានផលមកវិញតាមរយៈការការពារដោយច្បាប់ និងការផ្ដល់តួនាទី នៅក្នុងស្ថាប័នកំពូលរបស់ជាតិ។ លោកឧកញ៉ា ម៉ុង ឫទ្ធី លោកឧកញ៉ា លី យ៉ុងផាត់ លោកឧកញ៉ា ទ្រី ភាព និងលោកឧកញ៉ា ឡៅ ម៉េងឃីន ជាដើម សុទ្ធមានតួនាទីជាសមាជិកព្រឹទ្ធិសភានៃគណបក្សប្រជាជនកម្ពុជា។ ពួកគេត្រូវបានអង្គការ សិទ្ធិមនុស្សអន្តរជាតិ Human Rights Watch និង អង្គការឃ្លាំមើលពិភពលោក (Global Witness) ដាក់បញ្ចូលទៅក្នុងបញ្ជីក្រុមមនុស្សចូលរួមបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រំលោភដីធ្លី បំផ្លាញធនធានធម្មជាតិ និងអំពើរត់ពន្ធគ្រឿងញៀន ហើយស្នើឱ្យប្រទេសលោកសេរី ដាក់ទណ្ឌកម្ម យ៉ាងណាក្ដី។
នៅមានឧកញ៉ាជាច្រើនទៀត ដែលគេមើលឃើញថា ជាប្រភពធនធានដ៏សំខាន់ សម្រាប់ទ្រទ្រង់គណបក្សប្រជាជនកម្ពុជាដែរ ដូចជា ឧកញ៉ា ពុង ខៀវសែ ដែលជាម្ចាស់ក្រុមហ៊ុន អូស៊ីអាយស៊ី OCIC វិនិយោគតំបន់កោះពេជ្រ និង ជ្រោយចង្វារ ដែលជិតស្និទជាមួយលោក ហ៊ុន សែន។ ក្រុមឧកញ៉ាទាំងនេះ គេមើលឃើញកាន់តែច្បាស់ថែមទៀតថា លោក ហ៊ុន សែន នៅពីក្រោយការជួញដូររបស់ពួកគេនោះគឺ តាមរយៈខ្សែអាត់សំឡេងលេចធ្លាយមួយ ដែលលោក ហ៊ុន សែន អះអាងថា មុខជំនួញជួញដូរលោក ឧកញ៉ា គិត ម៉េង បើមិនមានការជួយជ្រោមជ្រែង ពីលោកទេ គឺមិនអាចទៅរួចឡើយ៖ «ម៉េង (លោក គិត ម៉េង) សាកល្បងជាមួយខ្ញុំ ម៉េងក្លាយជាសត្រូវរបស់ខ្ញុំ។ ហើយតើមុខរបររបស់ម៉េង នឹងជួបប្រទះអ្វីខ្លះ នៅក្នុងស្ថានភាពដែលទទួលការគាំទ្រពីខ្ញុំផ្នែកមុខរបរ...អាហ្នឹងនិយាយឱ្យវាច្បាស់អំពីកន្លែងហ្នឹង។ បើ គិត ម៉េង បន្តទៅតាមសំណូមពររបស់លោក គិត ម៉េង នឹងខ្ញុំ ក្លាយជាសត្រូវ។ ហើយតើអ្វីវានឹងកើតចំពោះ គិត ម៉េង។ ចំពោះមុខរបររបស់គិត ម៉េង... លោកត្រូវដឹងហើយ ហ៊ុន សែន ជាអ្វី។ លោកត្រូវដឹង។ បើទោះគ្រាន់តែមេបក្សប្រឆាំង ក៏ហ៊ានដាក់ខ្នោះទាំងយប់ដែរ វារឿងអីដែលត្រូវពិបាក»។
ការព្រមានលោក គិត ម៉េង នេះ ក៏ជាសញ្ញាដាស់ដល់ឧកញ៉ាដទៃទៀតដែរ ថា ឧកញ៉ាទាំងនោះ មិនអាចងាកចេញពីលោក ហ៊ុន សែន បានឡើយ ព្រោះថា រាល់មុខរបរជួញដូររបស់ពួកគេ គឺស្ថិតនៅលើកណ្ដាប់ដៃរបស់លោក ហ៊ុន សែន និងក្រុមគ្រួសាររបស់លោក។
ការធ្វើដូច្នេះ ដោយហេតុថា គណបក្សប្រជាជនកម្ពុជា បានច្បាមយកក្រុមអ្នកមាន ទ្រព្យធនឱ្យមកនៅជុំវិញខ្លួននេះ ជាមធ្យោបាយដ៏សំខាន់ ដែលជាប្រភពធនធាន ក្នុងការជួយទ្រទ្រង់បក្សនេះ។ គណបក្សប្រជាជនកម្ពុជា ប្រើប្រាស់កងកម្លាំងរបស់ជាតិ ដើម្បីការពារអំណាច បក្ខពួក និងក្រុមឧកញ៉ា នរណាក៏ដឹងដែរថា លោក ហ៊ុន សែន បានច្បាមយកអំណាចទាំងអស់នៅក្នុងដៃ រាប់ទាំងមន្ត្រីរាជការស៊ីវិល ប៉ូលិសទាហាន និងកងអង្គរក្សផ្ទាល់ខ្លួន របស់លោកថែមទៀត។ មេទ័ពធំៗ បានប្រកាសការពារគណបក្សប្រជាជនកម្ពុជាឬការពាររដ្ឋាភិបាល។
មេដឹកនាំទាំងនេះ ថែមទាំងព្រមានពលរដ្ឋទៀតថា បើសិនជាក្រុមអ្នកណាហើយ ហ៊ានងើបតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនោះ គឺត្រូវត្រៀមក្ដាមមឈូសទុកឱ្យហើយ ជាដើម។ ក្រៅពីនេះទៀត នៅគ្រប់ករណីជម្លោះដីធ្លីទាំងអស់ ក្រុមឧកញ៉ា ដែលជាម្ចាស់ក្រុមហ៊ុន តែងតែប្រើប្រាស់កងកម្លាំងរបស់ជាតិ រួមទាំងស្ថាប័នតុលាការផង ដើម្បីការពារក្រុមហ៊ុន ឬទៅបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាន។
គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំក្រុមមនុស្សចេញពីត្រកូល កសិករ បែរជាមិនបានការពារកសិករក្រីក្រឡើយ។ គណបក្សនេះប្រើយុទ្ធសាស្ត្រនយោបាយ ជួយគ្នាទៅវិញមក ដើម្បីលាភសក្ការៈ និងបុណ្យស័ក្ដិ។
មន្ត្រីយោធា នគរបាលកំពូលៗ សុខចិត្តប្ដូរកេរ្តិ៍ឈ្មោះកិត្តិយស ដើម្បីការពាររបបលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានមកវិញនូវ បុណ្យស័ក្ដិ និងទ្រព្យធន ជាក់ស្ដែង របាយការណ៍អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានដាក់ឧត្ដមសេនីយ៍ ១២នាក់ ក្នុងបញ្ជីឈ្មោះអាក្រក់លើពិភពលោក ដោយសារតែសកម្មភាពរំលោភសិទ្ធិមនុស្ស ដើម្បីធ្វើជាជាខ្នងបង្អែកគណបក្សប្រជាជនកម្ពុជាដែលដឹកនាំប្រទេសបែបផ្ដាច់ការ។
ជាសរុបសេចក្ដីទៅ គណបក្សប្រជាជនកម្ពុជា ធ្វើនយោបាយ ដើម្បីការពារក្រុមឧកញ៉ាមានទ្រព្យធន និងអំណាចបក្ខពួក ក្រុមគ្រួសាររបស់ខ្លួន មិនបានការពារសន្តិសុខជូនពលរដ្ឋ បំភិតបំភ័យ និងឱ្យពលរដ្ឋរបស់ខ្លួនជាប់ពន្ធនាគារ និងស្លាប់ដោយគ្មានការទទួលខុសត្រូវនោះទេ។
បក្សនេះដឹកនាំកាន់តែយូរ ធ្វើឱ្យមានគម្លាតរវាងវណ្ណអធន និង វណ្ណៈមូលធនកាន់តែច្រើន ហើយប្រែក្លាយក្រុម និងបក្ខពួកខ្លួនកាន់តែមានទ្រព្យស្ដុកស្ដម្ភរស់នៅប្រៀបដូចក្នុងឋានសួគ៌លោកិយ មិនអាចអ្នកណាប្រដូចបាន ដែលជាគំរូរបស់មេដឹកនាំផ្ដាច់ការតែងតែយកអនុវត្តយុទ្ធសាស្ត្របែបនេះ នៅទន្ទឹមនឹង ប្រជាពលរដ្ឋមួយចំនួនស្ទើរតែរកអង្ករច្រកឆ្នាំងគ្មាននោះ៕