បទវិភាគ៖ ល្បិច​សាមកុក​របស់​លោក​ ហ៊ុន​ សែន​ បរាជ័យ

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ធ្លាប់​មាន​ប្រសាសន៍​ថា​ លោក​ប្រើ​លិ្បច​យុទ្ធសាស្រ្ត​ តាម​បែប​សាម​កុក​របស់​ចិន​ ក្នុង​ការ​បំបែកបំបាក់​គូ​ប្រកួត​។ លោក​អួតអាង​ថា​ ដោយ​ប្រើ​ល្បិច​ចិន​នេះ​ លោក​បាន​ទទួល​ជោគជ័យ​ ក្នុង​ការ​បំផ្លាញ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ (Funcinpec) អោយ​ខ្ទេចខ្ទី​។
ដោយ តាំង សារ៉ាដា
2013-07-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មុថិនា ឆ្នាំ​២០១៣។
(ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មុថិនា ឆ្នាំ​២០១៣។
RFA

ចំណែក​លោក​ សម រង្ស៊ី​ ដែល​ជា​មេ​បក្ស​ប្រឆាំង​ដ៏​ធំ​នា​ពេល​នេះ​វិញ​ ក៏​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ប្រកាស​ថា ​លោក​បាន​ខ្ចី​ដៃ​ប្រើ​​ដើម្បី​បន្ថយ​អំណាច​ត​ថ្លៃ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​ដើម្បី​ជួយ​លោក​ និង​គណបក្ស​លោក​ អោយ​អាច​ជិះ​សេះ​លែង​ដៃ​បាន​​ក្នុង​កិច្ច​ការ​សភា​ និង​កិច្ចការ​ដឹក​នាំ​រដ្ឋាភិបាល​ដែរ​។​

តើ​យុទ្ធសាស្ត្រ​សាមកុក​ចិន​នេះ​ អាច​ជួយ​អោយ​លោក​ ហ៊ុន​ សែន​ បំផ្លាញ​អ្នក​នយោបាយ​ខ្មែរ​បាន​ដោយ​ជោគជ័យ​ជានិច្ច​ ឬ​ក៏​តម្រិះ​នេះ​ អាច​ជិះ​ក​ឯង​វិញ​នៅ​ថ្ងៃ​ណា​មួយ​?​

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ មិន​គ្រាន់​តែ​ទទួល​រង​ឥទ្ធិពល​របស់​ចិន​នា​សម័យ​បច្ចុប្បន្ន​នេះ​ទេ​ លោក​សារភាព​ថា ​លោក​ក៏​បាន​ប្រើ​ល្បិច​យុទ្ធសាស្រ្ត​ពី​បុរុម​បុរាណ​របស់​ចិន​ ក្នុង​ការ​កំទេច​ក្រុម​អ្នក​នយោបាយ​ណា​ដែល​ប្រឆាំង​នឹង​លោក​ដែរ​។​ នោះ​គឺ​ល្បិច​ក្នុង​សង្គ្រាម​សាមកុក​ ដែល​ភាគ​ច្រើន​ជា​ល្បិច​បំបែកបំបាក់​ បំផ្លាញ​កំទេច​ និង​ទិញ​ទឹកចិត្ត​ ដើម្បី​គ្រប់គ្រង​ទៅ​លើ​ក្រុម​មន្រ្តី​បក្ស​ជំទាស់​។

យោង​តាម​ប្រវត្តិសាស្ត្រ​ប្រទេស​ចិន​ នៅ​អំឡុង​ឆ្នាំ​ ១៨៤​ ដល់​ ២៨០​ នៃ​រាជ្ជកាល​ស្តេច​ហាន​ ក្រុម​ស្តេច​ចិន​ និង​មេទ័ព​ចិន ​បាន​ប្រើ​ល្បិច​គ្រប់​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​ការ​ធ្វើ​ចុម្បាំង​ ដើម្បី​ដណ្តើម​ទឹកដី​គ្នា​ទៅ​វិញ​ទៅ​មក​។

លោក​ ហ៊ុន សែន​ ធ្លាប់​បាន​សារភាព​ថា​ លោក​ជា​អ្នក​បំផ្លាញ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​ធ្លាប់​ជា​បក្ស​កាន់​អំណាច​ឲ្យ​ទៅ​ជា​ចម្រៀកៗ​ នៅ​មុន​ការ​ធ្វើ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​មួយ​ កាល​ពី​ដើម​ខែ​កក្កដា​ ឆ្នាំ​ ១៩៩៧​។​ មិន​តែ​ប៉ុណ្ណោះ​លោក​ ហ៊ុន សែន​ ក៏​ធ្លាប់​គំរាម​ជា​សាធារណៈ​ដែរ​ថា​ ជន​ណា​ក៏​ដោយ​ បក្ស​ណា​ក៏​ដោយ​ ដែល​ហ៊ាន​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​នោះ​ នឹង​មាន​វាសនា​ដូច​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជា​មិន​ខាន​៖ «​ខ្ញុំ​និយាយ​អំពី​រឿង​ហ៊្វុនស៊ិនប៉ិច​ចុះ​ ហ៊្វុនស៊ិនប៉ិច​ខ្ញុំ​ទទួល​ស្គាល់​។​ មូលហេតុ​អី​ដែល​ខ្ញុំ​ធ្វើ​ ដោយសារ​ហ៊្វុនស៊ិនប៉ិច​ ពូកែ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​ច្រើន​ពេក​។​ អ៊ីចឹង​ ខែ​មេសា​ ឆ្នាំ​១៩៩៧​ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ហ៊្វុនស៊ិនប៉ិច​មួយ​ទៅ​ជា ​១១​ហ៊្វុនស៊ិនប៉ិច​ ហើយ​តាំង​ពី​ហ្នឹង​មក​ ហ៊្វុនស៊ិនប៉ិច​ បាន​ចុះ​ខ្សោយ​។​ បើ​សិន​ពេល​នោះ​ ហ៊្វុនស៊ិនប៉ិច​មិន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​ ខ្ញុំ​នឹង​មិន​ធ្វើ​ហ៊្វុនស៊ិនប៉ិច​ទេ​។​ ប៉ុន្តែ​ពេលនេះ​ ខ្ញុំ​បញ្ជាក់​ថា​ អ្នកណា​ក៏​ដោយ​ បក្សណា​ក៏​ដោយ​ បើ​ហ៊ាន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​ អ្នក​ឯង​នឹង​មិន​បាន​សុខ​ទេ​។​ ខ្ញុំ​នឹង​ចូល​ទៅ​ដល់​ជម្រក​ចុង​ក្រោយ​របស់​អ្នក​ឯង​តែ​ម្តង​»​។

កំទេច​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ អោយ​ហិនហោច​ប៉ុណ្ណឹង​ហើយ​ ក៏​លោក​ ហ៊ុន សែន​ នៅ​មិន​ទាន់​អស់​ចិត្ត​ទៀត​។​ លោក​ត្រូវ​បំផ្លាញ​មេ​គណបក្ស​នេះ​ទៀត​ គឺ​ព្រះអង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ​។​ នៅ​ឆ្នាំ​​២០០៧​ លោក​ ហ៊ុន សែន​ ត្រូវ​គេ​ឯង​ដឹង​ថា​ អាច​ជា​អ្នក​នៅ​ពី​ក្រោយ​ នៃ​ការ​បង្កើត​ច្បាប់​ឯកពន្ធភាព​ ដែល​គេ​ហៅ​ថា ​ច្បាប់​ដាក់​ទោស​អ្នក​មាន​ប្រពន្ធ​ពីរ​។​ ច្បាប់​នេះ​ទំនង​មាន​គោល​បំណង​តែ​មួយ​គត់​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ការ​ដាក់​ទោស​ព្រះអង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ​ ដោយសារ​មាន​មហេសី​ដល់​ទៅពីរ​។

នៅ​ពេល​នោះ​ អ្នក​ម្នាង​ ម៉ារី រណឫទ្ធិ​ បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ​ ពី​បទ​មាន​មហេសី​ពីរ​  ហើយ​លោក​ ហ៊ុន សែន​ អាច​ជា​អ្នក​បញ្ឆេះ​ឲ្យ​មន្រ្តី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ជាន់​ខ្ពស់​ផ្សេងៗ​ទៀត​ប្តឹង​ព្រះអង្គ​ពី​បទ​លួច​លក់​ទី​ស្នាក់ការ​គណបក្ស​ក្នុង​តំលៃ​ ​៣.៦​លាន​​ដុល្លារថែមទៀត​។​ ពេលនោះ​ តុលាការ​រាជធានី​ភ្នំពេញ​បាន​ កាត់ទោស​ព្រះអង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ​ អោយ​ជាប់​ពន្ធនាគារ​ចំនួន​ ១៨​ខែ​។​

ដើម្ប​គេច​ផុត​ពី​ការ​ជាប់​ពន្ធនាគារ​ ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ​ នៅ​គ្រា​នោះ​បាន​ភៀស​ព្រះកាយ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ រស់​នៅ​ជា​មួយ​ស្រី​ក្មេង​ថ្មី​របស់​ព្រះអង្គ​។​ ល្បិច​បុរាណ​ចិន​ ក្នុង​ការ​បំបែក​បំបាក់​ត្រង់​ចំណុច​នេះ​ លោក​ ហ៊ុន សែន​ ទំនង​ជា​លេង​បាន​យ៉ាង​ល្អ​។​ គោលបំណង​នៃ​ល្បិច​សាមកុក​ របស់​លោក​ ហ៊ុន សែន​ ដែល​លោក​បាន​រចនា​ក្បួន​ពេលនោះ​ គឺ​ដើម្បី​បំផ្លាញ​ និង​លុប​ឈ្មោះ​ព្រះអង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ​ ចេញ​ពី​បញ្ជី​នយោយបាយ​តែ​ម្តង​។​

នៅ​ឆ្នាំ​​២០០៨​ លោក​ ហ៊ុន សែន​ ទទួល​ជោគជ័យ​ធំ​ទៅ​តាម​បំណង​ប្រាថ្នា​របស់​លោក​មែន​ គឺ​ព្រះអង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ​ បាន​សម្រេច​ចិត្ត​ឈប់​ធ្វើ​នយោបាយ​ គឺ​លា​ចាក​ពី​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។​

ចំពោះ​ករណី​របស់​ប្រធាន​គណបក្ស​ជំទាស់​វិញ​ ក៏​ស្រដៀង​ករណី​របស់​សម្តេច​ក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ដែរ​។​ នៅ​ឆ្នាំ​​២០០៥​ លោក​ សម រង្ស៊ី​ បាន​និរទេស​ខ្លួន​ចេញ​ពី​កម្ពុជា​ ក្រោយ​ពី​រដ្ឋសភា​បាន​ដក​អភ័យឯកសិទ្ធ​តំណាងរាស្រ្ត​របស់​លោក​ ដោយសារ​លោក​បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ថា​មាន​អំពើ​ពុករលួយ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ ហើយ​បាន​ចោទ​លោក​ ហ៊ុន សែន​ ថា​ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ការ​សម្លាប់​លោក​ ជា​ វិជ្ជា​ ប្រធាន​សហជីព​សេរី​កម្មករ​។​ ពេលនោះ​ តុលាការ​កម្ពុជា​បាន​កាត់ទោស​ឲ្យ​លោក សម​ រង្ស៊ី​ ជាប់​គុក​ ១៨​ខែ​។​

នៅ​ដើម​ខែ​កុម្ភៈ​ ឆ្នាំ​២០០៦​ លោក​ សម រង្ស៊ី​ បាន​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ ដោយសារ​លោក​បាន​ដក​បណ្តឹង​ ឈប់​ប្តឹង​លោក​ ហ៊ុន​ សែន​ នៅ​តុលាការ​ក្រុង​ញូវ​យ៉ក​ សហរដ្ឋអាមេរិក​ ពី​បទ​គប់​គ្រាប់​បែក​មុខ​រដ្ឋសភា​ កាល​ពី​ឆ្នាំ​​១៩៩៧​ ហើយ​ពេលនោះ​ លោក​ សម រង្ស៊ី​ បាន​សរសេរ​លិខិត​មួយ​សុំទោស​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ថា​លោក​ខុស​ហើយ​ មិនសម​ធ្វើ​ដូច្នេះ​ទេ​។​ ក្រោយ​មក​បន្តិច​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ស្នើ​ឲ្យ​ព្រះ​មហាក្សត្រ​លើកលែង​ទោស​ឲ្យ​លោក​ សម​ រង្ស៊ី​ ចូល​ប្រទេស​កម្ពុជា​វិញ​។​

នៅ​ក្នុង​ខ្សែ​អាត់​សំឡេង​របស់​លោក​ ហ៊ុន សែន​ ដែល​បែកធ្លាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ (Facebook)​ កាល​ពី​ដើម​ខែ​កក្កដា​ ឆ្នាំ​ ២០១៣​ លោក​ ហ៊ុន សែន​ និយាយ​ក្តែងៗ​ថា​ ការ​អនុញ្ញាត​ឲ្យ​លោក​ សម​ រង្ស៊ី​ វិល​ចូល​ប្រទេស​កម្ពុជា​វិញ​កាល​ពី​ឆ្នាំ​​២០០៦​ នោះ​ គឺ​លោក​ជា​អ្នក​ធ្វើ​អន្តរាគមន៍​ ដោយសារ​ពេលនោះ​ លោក​ចង់​ខ្ចី​ដៃ​លោក​ សម រង្ស៊ី​ ដើម្បី​កែ​រដ្ឋ​ធម្មនុញ្ញ​ពី​រូបមន្ត​ពីរ​ភាគ​បី​ ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ មក​រូបមន្ត​ ៥០​ភាគរយ​បូក​មួយ​វិញ​ ដើម្បី​បន្ថយ​អំណាច​តថ្លៃ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​ស្ថិត​ក្នុង​រដ្ឋាភិបាល​ចម្រុះ​​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​៖ «លើក​មុន​តុលាការ​កាត់​ឲ្យ​ជាប់​គុក​ ខ្ញុំ​ជា​អ្នក​អន្តរាគមន៍​ឲ្យ​ចូល​មក​វិញ​ តែ​មិនមែន​អត់​ប្រយោជន៍​ទេ​ គឺ​មក​ដើម្បី​ប្រើ​ដៃ​សម រង្ស៊ី​ ជួយ​រំដោះ​ខ្លួន​ពី​ រណឫទ្ធិ​ បាន​សេចក្តី​ថា​ មក​ជួយ​កែ​រដ្ឋ​ធម្មនុញ្ញ​ បាន​ខ្ញុំ​ឲ្យ​មក​។​ និយាយ​ឲ្យ​ច្បាស់​ត្រង់ៗ​ជាមួយ​គ្នា​។​ អ្នក​ដែល​លើក​អំណាច​ថ្វាយ​​គណបក្ស​ប្រជាជន​ ចុងក្រោយ​បំផុត​ គឺ​ សម​ រង្ស៊ី​ នេះ​ឯង​ បើ ​សម រង្ស៊ី​ ទុក​ពីរ​ភាគ​បី​ រណឫទ្ធិ​ នៅ​តែ​សង្កត់​ក្បាល​យើង​ងាប់​។​ អ៊ីចឹង​តម្រូវ​ការ​ពេលនោះ​ យក​ សម​ រង្ស៊ី​ ចូល​ស្រុក​សុំ​ការ​លើកលែង​ទោស​ឲ្យ​ ដើម្បី​ជួយ​កែ​រដ្ឋ​ធម្មនុញ្ញ​ទេ​។​ ដំណាក់កាល​មួយ​ ប្រើ​ដៃ ​រណឫទ្ធិ​ កំចាត់​សម​ រង្ស៊ី​ សិន​ ពី​ព្រោះ ​ប៉ាប៉ា​ យើង​ស្នើ​រូបមន្ត​បី​ភាគី​ ឯ​គណបក្ស​យើង​តែ​ពីរ​ភាគី​។​ ថ្ងៃ​ទី​៥​ ខែ​វិច្ឆិកា​ ចេញ​អា​បី​ភាគី​ ហើយ​ថ្ងៃ​ទី​៦​ វិច្ឆិកា​ ចេញ​លទ្ធផល​ពិត​ និង​លទ្ធផល​មិនពិត​ វា​ទាត់​ប្រឡែង​ដូច​បាល់​អ៊ីចឹង​។​ ប៉ុន្តែ​ចុង​បញ្ចប់​ គេ​យក​ រណឫទ្ធិ​ បង្កើត​រដ្ឋាភិបាល​ទ្វេ​ភាគី​ ហើយ​ដាក់​ សម​ រង្ស៊ី​ ឲ្យ​នៅ​ក្រៅ​។​ រួច​ហើយ​ទាញ​យក​ដៃ​ សម​ រង្ស៊ី​ មក​កែ​រដ្ឋ​ធម្មនុញ្ញ​ ដើម្បី​បន្ថយ​អំណាច​តថ្លៃ​របស់​ហ៊្វុនស៊ិនប៉ិច​។​ អាហ្នឹង​និយាយ​ឲ្យ​ក្បួន​អស់​ខ្នាត ​តិច​ទៅ​ចុះ​។​ ប៉ុន្តែ​បើ​សិន​អ្នក​ឯង​អត់​ចេះ​លេង​ល្បែង​សាមកុក​ កុំ​ទាន់​អាល​លេង​ជាមួយ​ ហ៊ុន សែន​។​ ពេលខ្លះ​ ខុង ម៉ីង​ មិន​ទាន់​ធ្វើ​ ស៊ឺម៉ាអ៊ី​ មិន​ទាន់​ធ្វើ​ត្រូវ​ ហ៊ុន សែន​ ធ្វើ​នៅ​សតវត្ស​ទី ២១​ ឯណេះ​វិញ​ទេ​ ពីព្រោះ​កាល​នោះ​ ចាប់ផ្តើម​ឡើង​គេ​វ៉ៃ​គ្នា​ទេ​ ល្បិច​វ៉ៃ​​គ្នា​ទេ​។​ តែ​នេះ​ជា​ល្បិច​ក្នុង​ល្បិច​នៃ​ការ​យក​ប្រៀប​នៅ​ក្នុង​ល្បែង​ប្រជាធិបតេយ្យ​»​។

រូប​មន្ត​ពីរ​ភាគ​បី​ ជា​រូបមន្ត​ដែល​បង្កើត​រដ្ឋាភិបាល​ចម្រុះ​​ជាមួយ​គណបក្ស​ផ្សេង​ ដែល​មាន​អសនៈ​ក្នុង​រដ្ឋ​សភា​ ហើយ​រូបមន្ត ​៥០​ភាគរយ​បូក​មួយ​ ជា​រូបមន្ត​ ដែល​គណបក្ស​មាន​អសនៈ​ច្រើន​ជាង​គេ​ក្នុង​រដ្ឋសភា​អាច​បង្កើត​រដ្ឋាភិបាល​ខ្លួន​ឯង​បាន​ដោយមិន​ចាំបាច់​មាន​ការ​ចូលរួម​ពី​បក្ស​ផ្សេង​។​

ដូច្នេះ​ល្បែង​នយោបាយ​តាម​ក្បួន​សាមកុក​ ហាក់​ត្រូវ​បាន​លោក​ ហ៊ុន​ សែន​ យក​មក​លេង​យ៉ាង​មាន​ប្រសិទ្ធភាព​ជា​បន្តបន្ទាប់​ ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ប្រឆាំង​ចុះ​ទន់ខ្សោយ​។​ ក៏​ប៉ុន្តែ​ តើ​ក្បួន​សាមកុក​របស់​លោក​ ហ៊ុន​ សែន​ នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៣​ នេះ​ អាច​ធ្វើ​អោយ​លោក​មាន​ជ័យជំនះ​ទៀត​ ឬ​នេះ​ជា​ចំណេះ​ជិះ​ក​ឯង​ ដែល​នាំ​អោយ​លោក​ទទួល​បរាជ័យ​នៅ​ចុង​បញ្ចប់​ទៅ​វិញ​?

លោក​ ហ៊ុន​ សែន​ ធ្លាប់​ស្រែក​ប្រកាស​នៅ​ចំពោះ​មុខ​ក្រុម​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ គ្មាន​ផ្លូវ​ណា​ ដែល​បើក​ឲ្យ​មេ​បក្ស​ប្រឆាំង​ចូល​ប្រទេស​កម្ពុជា​វិញ​នោះ​ទេ​។​  ប៉ុន្តែ​ឥឡូវ​ លោក​ សម​ រង្ស៊ី​ កំពុង​មាន​វត្តមាន​នៅ​កម្ពុជា​ ទំនង​ជា​ដោយសារ​សម្ពាធ​របស់​ប្រទេស​មហា​អំណាច​ ហើយ​សម្ពាធ​នេះ​បាន​បង្ខំ​ឲ្យ​លោក​ ហ៊ុន​ សែន​ ត្រូវ​តែ​បើក​ផ្លូវ​ឲ្យ​លោក​ សម​ រង្ស៊ី​ ចូល​ស្រុក​វិញ​។​

ក្បួន​សាមកុក​របស់​លោក​ ហ៊ុន​ សែន​ ពេល​នេះ​ ប្រហែល​ជា​បែង​ខុស​ក្រឡា​បន្តិច​។​ ក្បួន​នេះ​អាច​លេង​ជោគជ័យ​ទៅ​បាន​ ប្រសិនបើ​ពិភពលោក​នេះ​ បិទជិត​ហើយ​គ្មាន​ការ​ឃ្លាំ​មើល​របស់​អន្តរជាតិ​។​ ប៉ុន្តែ​ក្នុង​សតវត្ស​ទី​២១​ ដូច្នេះ​អ្វីៗ​ កាន់​តែ​បើក​ចំហរ​ ដោយសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ ប្រព័ន្ធ​អ៊ីនធឺណែត​ សម្ពាធ​របស់​មហាជន​ និង​ស​ម្ពាធ​របស់​បណ្តា​ប្រទេស​មហា​អំណាច​ ដែល​សេដ្ឋកិច្ច​កម្ពុជា​ត្រូវការ​ពឹងពាក់​បណ្តា​ប្រទេស​ទាំងនោះ​ដែរ​។​

បរាជ័យ​ក្បាច់​សាមកុក​ គឺ​ជា​បរាជ័យ​ដ៏​ធំ​បំផុត​របស់​លោក​ ហ៊ុន​ សែន​ ដោយសារ​សម្ពាធ​របស់​មហា​អំណាច​អាមេរិក​ ដែល​នឹង​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រោយ​ការ​បោះឆ្នោត​ ប្រសិនបើ​គ្មាន​មេ​បក្ស​ប្រឆាំង​ចូលរួម​ការ​បោះឆ្នោត​។  ទីពីរ​ លោក​ ហ៊ុន​ សែន​ ទំនង​អាច​ខ្លាច​ប្រឡាក់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក​ ដែល​តំណាង​រាស្រ្ត​សហរដ្ឋអាមេរិក​ គំរាម​ដាក់​រូប​លោក​​ក្នុង​បញ្ជី​ឈ្មោះ​នៃ​ក្រុម​មេ​ដឹកនាំ​អាក្រក់​បំផុត​លើ​ពិភពលោក​។​

លោក​ ហ៊ុន​ សែន​ ក៏​ទំនង​ជា​ខ្លាច​សហរដ្ឋអាមេរិក ​ប្រមូល​កៀរគរ​ប្រទេស​ជា​មិត្ត​របស់​អាមេរិក​ទាំងអស់ ​អោយ​កាត់ផ្តាច់​ជំនួយ​សេដ្ឋកិច្ច​ និង​កាត់​បន្ថយ​ទំនាក់ទំនង​ជាមួយ​កម្ពុជា​។​ ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​មក​លើ​កម្ពុជា​ អាច​ជា​ការ​បញ្ឈប់​មិនអោយ​ប្រទេស​កម្ពុជា​ នាំ​ផលិតផល​សម្លៀកបំពាក់​កាត់ដេរ​ចូល​ក្នុង​ប្រទេស​របស់​ពួកគេ​។​ ពេលនោះ​ កម្មករ​ប្រមាណ ​៧០​ម៉ឺន​នាក់​នៅ​កម្ពុជា ​នឹង​អត់​ការងារ​ធ្វើ​។​ គួបផ្សំ​នឹង​យុវជន​កំពុង​អត់​ការងារ​ធ្វើ​ស្រាប់​រាប់ម៉ឺន​នាក់​ផង​នោះ​ កម្ពុជា​អាច​នឹង​កើត​មាន​ភាពចលាចល​សង្គម​។​ នោះ​ហើយ​ ទំនង​ជា​ក្តី​បារម្ភ​ធំ​មួយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​​ និង​ទីបី​ ការ​បង្រួបបង្រួម​នៃ​គណបក្ស​ប្រឆាំង​ទាំងពីរ​ អោយ​ទៅ​ជា​គណបក្ស​សង្គ្រោះជាតិ​នេះ​ បាន​ធ្វើ​អោយ​កំលាំង​ប្រឆាំង​កាន់​តែ​មាន​អនុភាព​ និង​មាន​សន្ទុះ​កាន់​តែ​ខ្លាំង​។​

ម៉្យាងទៀត​ លោក​ កឹម​ សុខា​ បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា​ មន្រ្តី​គណបក្ស​ប្រឆាំង​​ដែល​នៅ​សេសសល់​ពេល​នេះ​ សុទ្ធ​តែ​ជា​មន្រ្តី​ដែល​លែង​ចុះ​ញ៉ម​តាម​ការ​អូសទាញ​ តាម​ល្បិច​បុរាណ​ចិន​របស់​លោក​ ហ៊ុន​ សែន​ ទៀត​ហើយ​៖ «​យើង​ខ្ញុំ​ស៊ូ​ប៉ុណ្ណឹង​ហើយ​ រឿង​អី​ចុង​ក្រោយ​យើង​ខ្ញុំ​ទៅ​ធ្វើ​អំពើ​ថោកទាប​ ដូច​អ្នក​នយោបាយ​ខ្លះ​។​ យើងខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ​ យើង​ខ្ញុំ​បញ្ជាក់​ ហើយ​គឺ​ទិញ​មិន​លក់​ សម្លុត​មិន​ខ្លាច​ ពាក់ព័ន្ធ​នឹង​ថ្នាក់​មន្រ្តី​បន្ទាប់ៗ​។​ ខ្ញុំ​ឃើញ​ថា​អស់​លោក​ទាំង​ហ្នឹង​មាន​មេរៀន​ច្រើន​ហើយ​។​ អ្នក​ដែល​ទៅ​ហ្នឹង​ គេ​យក​ទៅ​ទុក​ឯណា​ គឺ​ទុក​នៅ​ធុង​សំរាម​។​ គេ​មិន​ដែល​ប្រើ​ឲ្យ​ធ្វើ​អី​ផង​ ហើយ​បើ​គេ​ប្រើ​ គឺ​ប្រើ​គ្រាន់​តែ​ឲ្យ​មក​ជេរ​ មក​បញ្ចោរ​ មក​បង្កាច់​ មក​បង្ខូច​អ្នក​ដែល​ដឹកនាំ​ពី​មុន​មក​តែ​ប៉ុណ្ណឹង​។​ ដូច្នេះ​ហើយ​ វា​អត់​មាន​តំលៃ​។​ គូ​ប្រកួត​របស់​យើង​ដែល​គេ​ដឹង​ខ្លួន​ គេ​ភ័យ​ខ្លួន​ថា​ ចាញ់​គេ​អត់​មាន​ធម៌​សូត្រ​ទៀត​ អ៊ីចឹង​ហើយ​គេ​ចេះ​តែ​ឆ្កឹះ​ឆ្កៀល​ គេ​ចេះ​តែ​បង្កើត​ពាក្យ​ចចាមអារ៉ាម​ ថា​យើង​អ៊ីចេះ​ យើង​អ៊ីចុះ​។​ ប៉ុន្តែ​មេរៀន​នេះ​ដដែល​ៗ​ទេ​ អត់​មក​បំបែក​ សម ​រង្ស៊ី​ កឹម​ សុខា​ បាន​ទេ​ ទិញ​មិន​លក់​ សម្លុត​មិន​ខ្លាច​ ដូច្នេះ​ហើយ​ឲ្យ​ច្បាស់​ត្រង់​ហ្នឹង​»។

ប្រសិន​បើ​ទ្រឹស្តី ​«​ទិញ​មិន​លក់​ សម្លុត​មិន​ខ្លាច​»​ ដែល​លោក​ កឹម​ សុខា​ អះអាង​នេះ​ ជា​អ្វី​ដែល​លោក​ និង​សមាជិក​គណបក្ស​របស់​លោក​ប្រកាន់​យក​ដោយ​ខ្ជាប់ខ្ជួន​នោះ​ ល្បិច​បុរាណ​ចិន​សាមកុក​របស់​លោក​ ហ៊ុន​ សែន​ នឹង​ទទួល​បរាជ័យ​ ហើយ​ចំណេះ​នេះ​នឹង​ជិះ​ក​ឯង​វិញ​ជា​មិន​ខាន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (58)
Share

កន លាងគីម

ពី បាត់ដំបង

នៅលើលោកនេះគ្មានល្បិចណាប្រសើរជាជាងការបង្រួបបង្រួមជាតិនោះទេ។ ទោះបីជានៅក្នុងរឿងភាគចិនសាមកុកក៏ដោយ នៅទីបំផុតគឺមានតែការបង្រួបបង្រួមជាតិតែប៉ុណ្ណោះដែលទទួលជោគជ័យលើគ្រប់សមរភូមិ ប្រជារាស្ត្ររស់នៅពោរពេញទៅដោយសេចក្ដីសុខ សន្តិភាព និងសុភមង្គល ប្រទេសជាតិមានការអភិវឌ្ឍជានិច្ចនិរន្តរ៍។ ទាំងនេះគឺជាអ្វីដែលប្រជារាស្ត្រស្លូតត្រង់ រួមទាំងខ្ញុំចង់បាន ៕

Feb 21, 2014 12:22 AM

អ្នក​អាន​អនាមិក

លោកហ៊ុន សែនប្រើល្បិចសាម កុកមកផ្តួលដៃគូរនយោបាយរបស់លោក ប៉ុន្តែលោកមិនដែលបានគិតទេឬអីថាល្បិចសាមកុកនេះជាល្បិចថោក? មនុស្សដែលងប់ងង់នឹងល្បិចថោកទាបនេះ ក៏ជាមនុស្សថោកដែរ!!!

Dec 17, 2013 05:05 AM

កុសល

ពី បាត់ដំបង

យកល្បិចតាមសាមកុកមកប្រើទីបំផុតគ្មានសល់អីទេ សូម្បីតែ កូនខ្លួនក៏គ្មានសល់ដែរ។ ហើយគាត់មិនគួយកគម្រូរតាមប្រ ទេសគុម្មុនីសដែរ៊

Dec 11, 2013 04:22 AM

Choeun

ពី Phnom Phenh

Three Kingdom strategy of PM Hun Sen lead Cambodian to no Justice and unstable situation in the country.

Aug 31, 2013 10:59 AM

ជា

ពី ភ្នំពេញ

ទោះបីជាពលរដ្ឋខ្មែរទាំងអស់មិនចូលចិត្ត ហ៊ុន សែន តែសំរាប់ខ្ញុំលោកគឺជាមនុស្សដែលពូកែហើយឆ្លាត ខ្ញុំនៅតែគាំទ្រលោកជានិច្ច។
(ក្បាលដែលពេញណែនដោយចំណេះដឹង មិនប្រពៃជាងក្បាល
ដែលស្គាល់កាពិសោធន៍សព្វគ្រប់ឡើយ)។

Aug 14, 2013 11:16 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល