បទ​វិភាគ៖ តើ​ប្រេង​សាំង​ធ្លាក់​ថ្លៃ​ដោយសារ​តែ​អ្នក​នយោបាយ​ឬ​យ៉ាង​ណា?

ដោយ អាន ស៊ីថាវ
2014-12-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
០៥-កក្កដា-២០១១៖ បុគ្គលិក​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​កន្លែង នា​រាជធានី​ភ្នំពេញ ចាក់​ប្រេង​ជូន​អតិថិជន។
០៥-កក្កដា-២០១១៖ បុគ្គលិក​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​កន្លែង នា​រាជធានី​ភ្នំពេញ ចាក់​ប្រេង​ជូន​អតិថិជន។
Photo: RFA

ប្រជាពលរដ្ឋ​នៅ​លើ​ពិភពលោក បាន​សាទរ​ចំពោះ​ការ​ធ្លាក់​ថ្លៃ​ប្រេង​សាំង​នា​ពេល​បច្ចុប្បន្ន។ ស្រប​ពេល​ជាមួយ​គ្នា​នេះ អ្នក​នយោបាយ​កម្ពុជា មួយ​ចំនួន បាន​ប្រកាស​យក​ផល​ចំណេញ​រៀងៗ​ខ្លួន​ថា ការ​ធ្លាក់​ថ្លៃ​នេះ​ដោយសារ​តែ​ការ​តវ៉ា​ទាមទារ​របស់​ខ្លួន ក្នុង​ការ​បញ្ចុះ​តម្លៃ​ប្រេង​សាំង។

តើ​ការ​ធ្លាក់​ថ្លៃ​នេះ ពិត​ជា​កើត​ឡើង​ដោយសារ​តែ​អ្នក​នយោបាយ ឬ​យ៉ាង​ណា?

ហេតុផល​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​ថ្លៃ​ប្រេង​សាំង​ចុះ​ថោក​នោះ គឺ​អាច​បណ្ដាល​មក​ពី​ដុល្លារ​ឡើង​ថ្លៃ មាន​ន័យ​ថា អតិថិជន​អាច​យក​ប្រាក់​ដុល្លារ​អាមេរិក​ចំនួន​ដដែល តែ​អាច​ទិញ​ប្រេង​សាំង​បាន​ច្រើន​ជាង​មុន ឬ​អាច​និយាយ​ផ្ទុយ​ពី​នេះ​ថា គឺ​យក​ប្រាក់​ដុល្លារ​តិច​ជាង​មុន អាច​ទិញ​ប្រេង​សាំង​បាន​បរិមាណ​ដដែល។

បច្ចុប្បន្ន បើ​គិត​តម្លៃ​លក់​ប្រេង​សាំង​ក្នុង​មួយ​បារ៉ែល សមាមាត្រ​នឹង ១៦០​លីត្រ មាន​តម្លៃ​ប្រមាណ ៧០​ដុល្លារ​អាមេរិក ប៉ុន្តែ​បើ​ធៀប​កាល​ពី​ឆ្នាំ​២០១៣ គឺ​អតិថិជន​ត្រូវ​យក​ប្រាក់​ដុល្លារ​អាមេរិក​យ៉ាង​ហោច​ណាស់ ១១០​ដុល្លារ​អាមេរិក ដើម្បី​ទិញ​សាំង​មួយ​បារ៉ែល។ និន្នាការ​នេះ គឺ​ជា​ទំនាក់ទំនង​នៃ​ការ​ឡើង​ថ្លៃ​ប្រាក់​ដុល្លារ​អាមេរិក និង​តម្លៃ​ប្រេង​សាំង​នៅ​លើ​ពិភពលោក។

ម្យ៉ាង​វិញ​ទៀត ក្រៅ​ពី​តម្លៃ​ប្រេង​សាំង ការ​ឡើង​ថ្លៃ​ប្រាក់​ដុល្លារ​អាមេរិក​នេះ ក៏​ធ្វើ​ឲ្យ​ថ្លៃ​ទំនិញ​នាំ​ចូល​មក​កម្ពុជា ចុះ​ថោក​ដែរ។ កត្តា​នេះ អតិថិជន ឬ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មាន​ប្រាក់​ចំណូល​ជា​ដុល្លារ​អាមេរិក អាច​ទិញ​ទំនិញ​បាន​ច្រើន​ជាង​មុន។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ បើ​គិត​រឿង​តម្លៃ​ប្រេង​សាំង​នោះ គឺ​មិន​មែន​ពាក់ព័ន្ធ​នឹង​រឿង​ឡើង​ថ្លៃ​ប្រាក់​ដុល្លារ​អាមេរិក​ទាំង​ស្រុង​ឡើយ។

កត្តា​លើក​ទឹក​ចិត្ត​ឲ្យ​ប្រទេស​អ្នក​ផលិត​ប្រេង ប្រឹង​ផលិត គឺ​ជា​រឿង​សំខាន់ ដែល​ជំរុញ​ការ​ផ្គត់ផ្គង់​សល់​ពី​តម្រូវ​ការ​នៅ​លើ​ទីផ្សារ​ពិភពលោក។ បញ្ហា​នេះ​មាន​ន័យ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៥ ក្រុម​អ្នក​ផលិត​ប្រេង​សាំង​នៅ​លើ​ពិភពលោក ជំរុញ​ការ​ផលិត​ដោយសារ​តែ​និន្នាការ​នៃ​តម្លៃ​ប្រេង​សាំង​បន្ត​ឡើង​ថ្លៃ​ជា​លំដាប់។ សហរដ្ឋ​អាមេរិក រុស្ស៊ី កាណាដា និង​ប្រទេស​ផលិត​ប្រេង​សំខាន់ៗ​នានា រួម​ទាំង​អង្គការ​ប្រទេស​ផលិត​ប្រេង​ដែល​ហៅ​កាត់​ថា អូប៉ិច (OPEC) ខំ​ប្រឹង​ផលិត​ប្រេង​លើស​ពី​តម្រូវ​ការ​ប្រចាំ​ថ្ងៃ ដើម្បី​ទទួល​ផល​ចំណេញ​ខ្ពស់​បំផុត។

សារព័ត៌មាន​អន្តរជាតិ ឈ្មោះ អេ.ភី (Associated Press) ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ថា តាម​ការ​ប៉ាន់ស្មាន​របស់​អូប៉ិច បាន​បង្ហាញ​ថា បរិមាណ​ផ្គត់ផ្គង់​សល់​ពី​តម្រូវ​ការ គឺ ៣០​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។ សមាជិក​របស់​អូប៉ិច កំពុង​ព្រួយ​បារម្ភ​ថា ប្រទេស​ខ្លួន​នឹង​បាត់​បង់​ចំណែក​ទីផ្សារ​ណា​មួយ ប្រសិន​បើ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ប្រេង​សាំង​នៅ​លើ​ទីផ្សារ​ពិភពលោក​នោះ។ និន្នាការ​នេះ ក៏​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកល និង​អាច​បង្ក​សង្គ្រាម​រវាង​អ្នក​ផលិត​ប្រេង​សាំង​នៅ​លើ​ពិភពលោក។

ស្រប​ពេល​ដែល​ប្រទេស​ជាច្រើន​ប្រឹង​ផលិត​ប្រេង​សាំង ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ទៅ​លើ​ប្រទេស​លីប៊ី (Libya) និង​ប្រទេស​អ៊ីរ៉ង់ (Iran) នៅ​ឆ្នាំ​២០០៨ បាន​ជំរុញ​ឲ្យ​ប្រទេស​ផលិត​ប្រេង​សាំង​សំខាន់​ទាំង​ពីរ​នេះ សល់​ពី​តម្រូវ​ការ​រាប់​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃៗ។ ប្រទេស​ដែល​ដាក់​ទណ្ឌកម្ម​រួម​មាន សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប មាន​ប្រេង​សាំង​បម្រុង​របស់​ខ្លួន ដើម្បី​ដំណើរ​សកម្មភាព​ផលិតកម្ម ដើម្បី​ធានា​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បាន​ដក​ការ​ដាក់​ទណ្ឌកម្ម​ទាំង​នោះ​ចេញ។ ដូច្នេះ ប្រទេស​លីប៊ី ប្រឹង​ផលិត​កាន់​តែ​ច្រើន​លើស​ពី​ការ​រំពឹង​ទុក។

ការ​ស្រាវជ្រាវ​អន្តរជាតិ​ឈ្មោះ ស៊ីធី ប៊ែង (Citibank) បាន​រាយការណ៍​ថា បច្ចុប្បន្ន​ការ​ផ្គត់ផ្គង់​ប្រេង​សាំង​សល់​ពី​តម្រូវ​ការ​មាន​ចំនួន ៧​សែន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។

ក្រៅ​ពី​កត្តា​ផ្គត់ផ្គង់​ប្រេង​ច្រើន​មហិមា​នេះ តម្រូវ​ការ​ប្រេង​សាំង​របស់​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ​ដែរ រួម​មាន​ប្រទេស​ចិន ជប៉ុន អាល្លឺម៉ង់ និង​នៅ​តំបន់​អាស៊ី។ ការ​ធ្លាក់​ថ្លៃ​ប្រេង​សាំង​នេះ ដោយសារ​តែ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​នោះ​ធ្លាក់​ចុះ និង​ប្រទេស​ទាំង​នោះ​កំពុង​ពង្រឹង​គោល​នយោបាយ​រូបិយវត្ថុ​របស់​ខ្លួន ដើម្បី​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច។

ស្ថានភាព​នៃ​ការ​ធ្លាក់​ថ្លៃ​នេះ ក្រុម​អ្នក​ផលិត​ប្រេង​សាំង​កំពុង​ចរចា និង​ពិភាក្សា​លើ​ការ​កាត់​បន្ថយ​បរិមាណ​ផ្គត់ផ្គង់ ប៉ុន្តែ​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​នេះ ហាក់​មាន​ការ​លំបាក​ដោយសារ​តែ​កត្តា​សំខាន់​ពីរ។ ទី​មួយ ក្រុម​អ្នក​ផលិត​ប្រេង​សាំង​ដែល​ហៅ​កាត់​ថា អូប៉ិច មិន​មាន​អំណាច​ក្នុង​ការ​កំណត់​បរិមាណ​តម្រូវ​ការ និង​ការ​ផ្គត់ផ្គង់​ប្រេង​សាំង​ពិភពលោក​បាន​ឡើយ ដោយសារ​ការ​ផលិត​របស់​ខ្លួន​តំណាង​ឲ្យ ៤០% ប៉ុណ្ណោះ​នៃ​ការ​ផ្គត់ផ្គង់​ប្រេង​សាំង​ពិភពលោក។ ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​អូប៉ិច កាត់​បន្ថយ​បរិមាណ​ផ្គត់ផ្គង់​ប្រេង​សាំង​ប្រាកដ​មែន ប្រទេស​ផលិត​ប្រេង​សាង​ធំ​ជាច្រើន ដូចជា សហរដ្ឋ​អាមេរិក កាណាដា និង​រុស្ស៊ី អាច​ទាញ​យក​ប្រយោជន៍​ដោយ​បង្កើន​ការ​ផ្គត់ផ្គង់​របស់​ខ្លួន​ទៅ​វិញ។

ជម្លោះ​នយោបាយ និង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ពី​សំណាក់​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក បាន​ជំរុញ​ឲ្យ​រចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ប្រេង​សាំង​ផ្លាស់ប្ដូរ​មក​តំបន់​អាស៊ី និង​ជំរុញ​ឲ្យ​ថ្លៃ​សាំង​ចុះ​នៅ​ពេល​ដែល​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​ធ្លាក់​ចុះ​នោះ។ ប៉ុន្តែ ប្រទេស​មហា​អំណាច​ដែល​មាន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​នោះ មិន​អាច​ប្រើ​គោល​នយោបាយ​រូបិយវត្ថុ​របស់​ខ្លួន ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​របស់​ខ្លួន​បាន​ឡើយ ព្រោះ​ការ​បញ្ចេញ​លុយ​ដើម្បី​បង្កើន​សកម្មភាព​សេដ្ឋកិច្ច ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ពិភពលោក​គ្មាន​វិបត្តិ នឹង​ធ្វើ​ឲ្យ​ប្រទេស​ខ្លួន​មាន​វិបត្តិ​អតិផរណា ឬ​ប៉ះពាល់​អស្ថិរភាព​សង្គម។

ដូច្នេះ ដើម្បី​ជៀសវាង​នូវ​វិបត្តិ​នៃ​ការ​ធ្លាក់​ថ្លៃ​ប្រេង​សាំង​នោះ គឺ​មាន​តែ​ប្រទេស​ផលិត​ប្រេង​សាំង​ទាំងអស់ ត្រូវ​ចរាចរ​ជាមួយ​ប្រទេស​ផលិត​ប្រេង​អូប៉ិច លើ​ការ​កែ​តម្រូវ​រចនាសម្ព័ន្ធ​ទីផ្សារ​ប្រេង​សាំង​ឡើង​វិញ។ ស្រប​ពេល​ដែល​ប្រទេស​ផលិត​ប្រេង​សាំង​កំពុង​រក​ដំណោះស្រាយ ប្រទេស​ដែល​មាន​តម្រូវ​ការ​ប្រេង​ជាច្រើន​នៅ​លើ​ពិភពលោក បាន​ទទួល​ផល​ចំណេញ។

ចំណែក​ប្រទេស​នៅ​តំបន់​អាស៊ី ដែល​ទទួល​ផល​ចំណេញ​ច្រើន​ជាង​គេ​ពី​ការ​ធ្លាក់​ថ្លៃ​ប្រេង​សាំង​នោះ គឺ​មាន​ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​ម៉ាឡេស៊ី ដែល​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​នេះ អាច​ចំណេញ​លុយ​ច្រើន​តាម​រយៈ​ការ​លុប​ចោល​នូវ​ការ​ឧបត្ថម្ភ​ធន ជាដើម។

បច្ចុប្បន្ន តម្លៃ​ប្រេង​សាំង​នៅ​ប្រទេស​វៀតណាម មាន​តម្លៃ​ក្នុង​មួយ​លីត្រ ១​ដុល្លារ ប្រទេស​ឡាវ ១,២៩​ដុល្លារ ថៃ ១,២៧​ដុល្លារ និង​ប្រទេស​កម្ពុជា មាន​តម្លៃ ១,២​ដុល្លារ​អាមេរិក។ ចំណែក​ប្រទេស​ជឿន​លឿន​ដូចជា​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប មាន​តម្លៃ​តិច​ជាង​មួយ​ដុល្លារ​អាមេរិក​ក្នុង​មួយ​លីត្រ។

ចំពោះ​ប្រទេស​កម្ពុជា វិញ ការ​ធ្លាក់​ចុះ​ថ្លៃ​តិចតួច​ដែល​ស្ថិត​នៅ​ចន្លោះ ៤.៥០០​រៀល ទៅ ៥​ពាន់​រៀល ស្រប​ពេល​ដែល​ទីផ្សារ​ប្រេង​សាំង​ពិភពលោក​ធ្លាក់​ថ្លៃ​ជិត​ពីរ​ដង។ បញ្ហា​នេះ មាន​ហេតុផល​សំខាន់​បី​ដែល​ថ្លៃ​ប្រេង​សាំង​នៅ​កម្ពុជា មិន​អាច​ចុះ​ថោក​បាន​ឡើយ។ ហេតុផល​ទី​មួយ គឺ​បណ្ដាល​មក​ពី​ក្រុមហ៊ុន​ប្រេង​សាំង​រួម​គ្នា​ផ្ដាច់​មុខ​លើ​ការ​កំណត់​ថ្លៃ។ ហេតុផល​ទី​ពីរ ប្រទេស​កម្ពុជា ខ្វះ​គោល​នយោបាយ​ការពារ​អ្នក​ប្រើប្រាស់ និង​ខ្វះ​ការ​ឧបត្ថម្ភ​ធន​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ហេតុផល​ទី​៣ ការ​កាត់​បន្ថយ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ប្រេងសាំង​នៅ​កម្ពុជា។ កត្តា​ទាំងអស់​នេះ ធ្វើ​ឲ្យ​ក្រុមហ៊ុន សហគ្រាស​ផលិតកម្ម​នានា​នៅ​កម្ពុជា ត្រូវ​តែ​កេង​ប្រយោជន៍​ពី​អតិថិជន​កាន់​តែ​ច្រើន តាម​ដែល​ពួក​គេ​អាច​ធ្វើ​ទៅ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល