បទ​វិភាគ៖ ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​មិន​ឲ្យ​ធ្វើ​បាតុកម្ម?

ដោយ ទីន ហ្សាការីយ៉ា
2014-05-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទីលាន​ប្រជាធិបតេយ្យ​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​លួសបន្លា ការពារ​កុំ​ឲ្យ​មាន​អ្នក​តវ៉ា​ចូល​ទៅ​ខាង​ក្នុង។ រូបថត​ថ្ងៃ​ទី​៣០ មេសា ឆ្នាំ​២០១៤
ទីលាន​ប្រជាធិបតេយ្យ​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​លួសបន្លា ការពារ​កុំ​ឲ្យ​មាន​អ្នក​តវ៉ា​ចូល​ទៅ​ខាង​ក្នុង។ រូបថត​ថ្ងៃ​ទី​៣០ មេសា ឆ្នាំ​២០១៤
Photo: RFA

ប្រទេស​កម្ពុជា បាន​ផ្លាស់ប្ដូរ​របប​គ្រប់គ្រង​ថ្មី​នៅ​ក្រោយ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅ​ថា របប​ខ្មែរ​ក្រហម​ដួល​រលំ ដែល​របប​នេះ​មនុស្ស​នៅ​ទូទាំង​សាកលលោក​បាន​ស្គាល់​ថា ជា​របប​ផ្ដាច់ការ កាប់​សម្លាប់ និង​រំលោភ​សិទ្ធិមនុស្ស។

​មិន​យូរ​ប៉ុន្មាន កម្ពុជា​បាន​ប្រែក្លាយ​មុខមាត់ ធ្វើ​ឲ្យ​អន្តរជាតិ​បាន​ស្គាល់​ជាថ្មី​ម្ដងទៀត ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​១៩៩១ ជា​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ហើយ​រៀបចំ​បោះឆ្នោត​ដោយ​សេរី​លើក​ដំបូង​របស់​ខ្លួន​នៅ​ឆ្នាំ​១៩៩៣ ដែល​រដ្ឋាភិបាល​បាន​បើក​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចេញ​មតិ និង​ធ្វើ​បាតុកម្ម​ជាដើម រហូត​បាន​សង់​ទីលាន​ប្រជាធិបតេយ្យ​សម្រាប់​ជា​កន្លែង​សម្ដែង​មតិ​របស់​សាធារណជន។

តើ​មូល​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​បិទ​ទីលាន​ប្រជាធិបតេយ្យ​មិន​ឲ្យ​ធ្វើ​បាតុកម្ម និង​សម្ដែង​មតិ​ទៅ​វិញ?

​ប្រទេស​កម្ពុជា បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ក្រោយ​ពី​ប្រទេស​នេះ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ទទួល​យក​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ ក្រោយ​ពី​កម្ពុជា បាន​ផ្លាស់ប្ដូរ​របប​គ្រប់គ្រង​រួច​មក បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា បាត់បង់​នូវ​ភាព​ភ័យ​ខ្លាច​បន្តិច​ម្ដងៗ និង​ហ៊ាន​បញ្ចេញ​មតិ​នៅ​ទី​សាធារណៈ ពី​រឿង​នយោបាយ បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​ការ​រំលោភ​បំពាន​ផ្សេងៗ​ទៀត។

នៅ​ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំ​កន្លង​មក​នេះ មាន​សកម្មជន​ការពារ​សិទ្ធិមនុស្ស តំណាង​សហជីព​កម្មករ និង​ឥស្សរជន​នយោបាយ​មួយ​ចំនួន បាន​ពលី​ជីវិត​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ឲ្យ​កម្ពុជា ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ ដោយ​ការដឹកនាំ​ធ្វើ​បាតុកម្ម និង​ការ​តស៊ូ​មតិ​ផ្សេងៗ​ទៅ​កាន់​រដ្ឋាភិបាល។

​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់​បាន​អំពី​ពី​ការ​បោះ​ឆ្នោត​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​នោះ គឺ​ចង់​បាន​ការ​រីក​ចម្រើន រួម​ទាំង​សេដ្ឋកិច្ច​គ្រួសារ សេដ្ឋកិច្ច​ជាតិ ការ​គោរព​សិទ្ធិ​មនុស្ស ដើម្បី​ឲ្យ​មាគ៌ា​កម្ពុជា ឆ្ពោះ​ទៅ​កាន់​នីតិរដ្ឋ​ពិតប្រាកដ។ ក៏ប៉ុន្តែ​តើ​នីតិរដ្ឋ​នៅ​កម្ពុជា ជា​នីតិរដ្ឋ​ក្លែងក្លាយ ឬ​ក៏​ជា​នីតិរដ្ឋ​ពិត​ប្រាកដ?

​នីតិរដ្ឋ​គឺ​សំដៅ​លើ​រដ្ឋ​ដែល​មាន​ច្បាប់​គ្រង​គ្រង​ល្អ ចេញ​ពី​គោលការណ៍​សកល​នៃ​ឧត្ដម​គតិ​យុត្តិធម៌ ពី​តម្លៃ​សកល​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ហើយ​ច្បាប់​ទាំង​នោះ​គេ​ត្រូវ​គោរព​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ប្រព័ន្ធ​មួយ​ដែល​មាន​ការ​ត្រួត​ពិនិត្យ និង​ការ​ទទួល​ខុស​ត្រូវ មាន​យុត្តិធម៌​យ៉ាង​ជាក់លាក់។

​សកម្មភាព​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តជាតិ​រិះគន់​ថា រដ្ឋាភិបាល​ឯកបក្ស​នីតិកាល​ទី​៥​នេះ បាន​ដើរ​ផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ ដើម្បី​ការពារ​អំណាច​របស់​ខ្លួន និង​បក្ស​ពួក​របស់​ខ្លួន រដ្ឋាភិបាល​ហាក់​ដូចជា​ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង ទោះ​បី​ជា​ទង្វើ​នោះ​មាន​ការ​ថ្កោលទោស​សហគមន៍​អន្តរជាតិ​ក៏ដោយ។

​ការ​ដែល​រដ្ឋាភិបាល​ព្រួយ​បារម្ភ និង​ឈាន​ទៅ​ដល់​ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ​នោះ តាម​មើល​គឺ​រដ្ឋាភិបាល​ភ័យ​ខ្លាច​ការ​ធ្វើ​បាតុកម្ម ទោះ​បី​ជា​ក្រុម​បាតុករ​ទាំង​អស់​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ក៏ដោយ ពីព្រោះ​ថា សន្ទុះ​ធ្វើ​បាតុកម្ម​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​២៨ កក្កដា ឆ្នាំ​២០១៣ បាន​ផុស​កក្រើក​ឡើង​នៅ​កម្ពុជា ពិសេស​នៅ​ទីក្រុង​ភ្នំពេញ។

​តើ​មូល​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ភ័យ​ខ្លាច​ចំពោះ​សកម្មភាព​បាតុកម្ម និង​ធ្វើការ​ទប់​ស្កាត់​នោះ?

ការ​បះបោរ​ធ្វើ​បាតុកម្ម​របស់​សហគមន៍​ក្រីក្រ កម្មករ​រោងចក្រ គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ​ចាក់​ចំ​បេះដូង​របស់​រដ្ឋាភិបាល ដែល​រដ្ឋាភិបាល​ត្រូវតែ​រក​វិធី​ទប់​ស្កាត់។ ទោះបីជា​ក្រុម​បាតុករ​ទាំង​នោះ​ទាមទារ​សិទ្ធិ​សេរីភាព ទាមទារ​ដំឡើង​ប្រាក់ខែ ឬ​ទាមទារ​រក​យុត្តិធម៌​សន្លឹកឆ្នោត​ក៏ដោយ ក៏ប៉ុន្តែ​រដ្ឋាភិបាល​មិន​បណ្ដោយ​ឲ្យ​ក្រុម​បាតុករ​ទាំង​នោះ​ធ្វើ​បាតុកម្ម​តាម​អំពើ​ចិត្ត​នោះ​ឡើយ ទោះបីជា​សិទ្ធិ​បញ្ចេញ​មតិ និង​បាតុកម្ម​បាន​ចែង​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី​ក្ដី។

​រដ្ឋាភិបាល​បង្ក្រាប និង​ទប់ស្កាត់​មិន​ឲ្យ​មាន​បាតុកម្ម​នោះ ហាក់​ដូចជា​រដ្ឋាភិបាល​មិន​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ផង និង​មិន​ទុកចិត្ត​លើ​ក្រុម​បាតុករ​ផង ដោយសារ​រដ្ឋាភិបាល​បាន​ឃើញ​បទពិសោធន៍​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈិម​បូព៌ា ដូចជា​នៅ​ប្រទេស​លីបី ជាដើម ដែល​ប្រជាពលរដ្ឋ​បាន​ធ្វើ​បដិវត្ត​ទម្លាក់​មេដឹកនាំ​តាមរយៈ​ការ​ធ្វើ​បាតុកម្ម​នេះ។

​លើស​ពី​នេះ​ទៀត នៅ​ក្នុង​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមាណ ៣០​ឆ្នាំ​កន្លង​មក​នេះ មាន​បញ្ហា​ច្រើន​កើត​មាន​នៅ​ក្នុង​សង្គម ដូចជា​ការ​បណ្ដោយ​ឲ្យ​មាន​ការ​រំលោភ​ដីធ្លី ភាព​អយុត្តិធម៌​ក្នុង​សង្គម អំពើ​ពុករលួយ តុលាការ​មិន​ឯករាជ្យ​ជាដើម។ ក្រៅ​ពី​នេះ​ទៀត រដ្ឋាភិបាល​ហាក់​អសមត្ថភាព​ក្នុង​ការ​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រី​រាជការ កម្មករ និង​ករណី​ផ្សេងៗ​ទៀត។

​បញ្ហា​នេះ​ចង់​មិន​ចង់​រដ្ឋាភិបាល​ត្រូវ​ដណ្ដើម​កាន់កាប់​ទីលាន​ប្រជាធិបតេយ្យ និង​ប្រែក្លាយ​ទីលាន​ប្រជាធិបតេយ្យ​ដែល​ធ្លាប់តែ​ជាទី​កន្លែង​សម្រាប់​ឲ្យ​មហាជន​បញ្ចេញ​មតិ​ធ្វើ​ការ​ទាមទារ​ផ្សេងៗ​នោះ បាន​ក្លាយ​ទៅ​ជា​ទីលាន​គ្មាន​ប្រជាធិបតេយ្យ ឬ​ទី​លែង​ប្រជាធិបតេយ្យ ឬ​ទីលាន​ប្រតាយប្រតប់​ធិបតេយ្យ ឬ​ជា​តំបន់​ហាមឃាត់ ដែល​ឡោមព័ទ្ធ​ដោយ​បន្លា​លួស និង​ការពារ​ដោយ​កង​កម្លាំង​ប្រដាប់អាវុធ​យ៉ាង​តឹងរ៉ឹង​ជា​ទីបំផុត សម្រាប់​តទល់​ជាមួយ​ក្រុម​បាតុករ ឬ​ក្រុម​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ខុស​ពី​ការ​ត្រៀម​ប្រយុទ្ធ​នៅ​ក្នុង​សមរភូមិ​នោះ​ឡើយ។

​លើស​ពី​នេះ​ទៀត ការ​បង្ក្រាប​ទៅលើ​ការ​ហែ​ក្បួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រុម​ធ្វើ​បាតុកម្ម​ផ្សេងៗ នៅ​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ក្រុង​ហាក់​ប្រើ​យុទ្ធសាស្ត្រ​បំបែក​ការ​ជួបជុំ ប្រើ​ធម៌​ក្ដៅ​ខុសប្លែក​ពី​លើក​មុនៗ ដោយ​មិន​បាច់​ប្រើ​ដៃ​កងកម្លាំង​នគរបាល ឬ​កងកម្លាំង​រាជ​អាវុធហត្ថ​នោះ​ទេ។ អាជ្ញាធរ​ក្រុង​បាន​បង្កើត​ក្រុម​មួយ​ទៀត​ដែល​ក្រុម​នេះ​កាន់​ដំបង​ឈើ​សម្រាប់​តទល់ ឬ​វាយ​បង្ក្រាប​ការ​ជួបជុំ។ ក្រុម​នេះ​បាន​វាយ​សំពង​ទៅ​លើ​ក្រុម​មហាជន​ធ្វើការ​ជួបជុំ​មិន​រើសមុខ​ឡើយ មិន​ថា​ប្រជាពលរដ្ឋ តំណាងរាស្ត្រ អ្នក​សារព័ត៌មាន​ជាតិ អ្នកសារព័ត៌មាន​ជា​ជនបរទេស​នោះ​ទេ។ លើស​ពី​នេះ​ទៀត សូម្បី​តែ​ព្រះសង្ឃ​ដែល​ពុទ្ធសាសនិក​គោរព និង​តំណាង​ឲ្យ​សាសនា​ព្រះពុទ្ធ​នោះ ក៏​ក្រុម​នេះ​ហ៊ាន​វាយ​សំពង​ដែរ។

​កាលពី​ថ្ងៃ​ទី​២ ឧសភា នៅ​ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុង ស្រុក ខណ្ឌ នោះ កងកម្លាំង​សន្តិសុខ​ក្រុង​ទាំង​នោះ​បាន​វាយ​សំពង​អ្នក​សារព័ត៌មាន​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ម្នាក់​របួសធ្ងន់  ព្រះតេជព្រះគុណ លួន សុវ៉ាត និង​អ្នក​យកព័ត៌មាន​ជា​ជន​បរទេស​មួយ​រូប​ទៀត។ ការ​ប្រើ​អំពើ​ហិង្សា​នេះ មិនមែន​ប្រើ​តិចតួច​ទេ ពួកគេ​កាន់​ដំបង​ជា​ច្រើន​នាក់​វាយ​សំពង​ទៅ​លើ​មនុស្ស​ម្នាក់​ស្ទើរ​ស្លាប់​ស្ទើរ​រស់ រហូត​ដល់​សន្លប់ ទើប​ក្រុម​សន្តិសុខ​នោះ​បញ្ឈប់​វាយ​សំពង។

​ការប្រើប្រាស់​អំពើ​ហិង្សា​បែប​នេះ មិន​មែន​ជា​លើក​ទី​១​ទេ តែ​រដ្ឋាភិបាល​វិញ ហាក់​បី​ដូចជា​ធ្វើ​មិន​ដឹង​មិន​លឺ ទោះបីជា​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ អន្តរជាតិ ពិសេស​តំណាង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការប្រើប្រាស់​អំពើ​ហិង្សា និង​ទាមទារ​ឲ្យ​បើក​ទី​លែង​ប្រជាធិបតេយ្យ ឲ្យ​ទៅ​ជា​ទីលាន​ប្រជាធិបតេយ្យ​ដូច​ដើម​វិញ​ក្ដី តែ​រដ្ឋាភិបាល​ហាក់​បី​ដូច​ជា​មិន​អើពើ​អំពី​ការ​ទទូច​សុំ​នេះ​នៅ​ឡើយ ទោះបីជា​រដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​លើ​សន្ធិសញ្ញា និង​កតិកា​សញ្ញា​នានា​របស់​អង្គការ​សហប្រជាជាតិ ដូចជា​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស កតិកា​សញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​ជាដើម។

​ការ​បណ្ដោយ​ឲ្យ​កម្លាំង​ប្រដាប់​អាវុធ ឬ​កងកម្លាំង​សន្តិសុខ​ដែល​បង្កើត​ថ្មី​របស់​សាលា​រាជធានី​ប្រើប្រាស់​អំពើ​ហិង្សា​នេះ អាច​ថា ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក៏​ថា​បាន ពីព្រោះ​ថា តាម​មើល​ទៅ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​នេះ ដើម្បី​កំញើញ​ឲ្យ​ប្រជាពលរដ្ឋ ឬ​អ្នកសារព័ត៌មាន​បាន​ឃើញ​និង​បាក់ស្បាត។ ពិសេស​ទៅទៀត នៅ​សម័យកាល​បច្ចេកវិទ្យា​ទំនើប​នេះ រដ្ឋាភិបាល​មិន​សប្បាយ​ចិត្ត​និង​ការ​ប្រើប្រាស់​ម៉ាស៊ីន​ថត​រូប​ភាព និង​សំឡេង​យក​មក​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ឬ​ផ្សព្វផ្សាយ​តាម​វិទ្យុ​ក្នុង​ស្រុក និង​វិទ្យុ​បរទេស​នោះ​ឡើយ ដោយហេតុ​ថា វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិនាម​រដ្ឋាភិបាល​តែ​ខ្លាំង​ថែម​ទៀត​នៅ​លើ​ឆាក​អន្តរជាតិ នៅ​ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​ឯក​បក្ស​ជា​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់​នោះ។

​ម្យ៉ាងវិញទៀត រដ្ឋាភិបាល​ប្រើ​វិធីសាស្ត្រ​សព្វ​បែប​យ៉ាង​ដើម្បី​ទប់ស្កាត់​ការ​ជួបជុំ​នេះ ទោះបីជា​ក្រុម​បាតុករ​កន្លង​មក​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​ក្ដី រដ្ឋាភិបាល​ត្រូវ​តែ​បង្ក្រាប ពីព្រោះ​ថា ការ​បង្ក្រាប​ពី​ចំនួន​តិច​នេះ​ងាយ​នឹង​ទប់ស្កាត់ គឺ​មិន​បណ្ដោយ​ឲ្យ​ធ្វើការ​ជួបជុំ​សម្ដែង​មតិ​ដោយ​សេរី​ហើយ​មាន​ចំនួន​ច្រើន​លើសលប់​ទាន់​នោះ​ទេ។  បើសិនជា​ទុក​ឲ្យ​ជួបជុំ​គ្នា​ច្រើន​នោះ រដ្ឋាភិបាល​ភ័យខ្លាច​ក្រុម​បាតុករ​ដាក់​សម្ពាធ​មក​លើ​ខ្លួន ដោយ​បិទ​ច្រក​ចេញ​ចូល​សំខាន់ៗ នៅ​ទីក្រុង​ភ្នំពេញ ហើយ​នៅ​ពេល​នោះ ក៏​ពិបាក​នឹង​បំបែក​ដែរ ដែល​ប្រទេស​មួយ​ចំនួន​បាន​ធ្វើជា​គំរូ​ស្រាប់ មិន​បាច់​ងាក​ទៅ​មជ្ឈិម​បូព៌ា​ទេ នៅ​ប្រទេស​ថៃ ក្រុម​បាតុករ​ក៏​ប្រើប្រាស់​វិធីសាស្ត្រ​បែបនេះ​ដែរ ដើម្បី​ជា​ការ​ត​ថ្លៃ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើង​វិញ និង​បញ្ហា​ផ្សេងៗ​ទៀត។

​បញ្ហា​ទាំង​នេះ រដ្ឋាភិបាល​ហាក់​បី​ដូច​ជា​លែង​ខ្វល់​អំពី​ការ​គោរព​សិទ្ធិមនុស្ស និង​ការ​គោរព​ច្បាប់។ សំខាន់​ឲ្យ​តែ​បង្ក្រាប​បាតុករ និង​កាន់កាប់​ទីលាន​ប្រជាធិបតេយ្យ​បាន​ជា​រឿង​ជោគជ័យ​របស់​រដ្ឋាភិបាល​ទៅ​ហើយ ក្រោម​រូបភាព​រក្សា​សុវត្ថិភាព និង​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម។ ក៏ប៉ុន្តែ​ប្រសិនបើ​រដ្ឋាភិបាល​ប្រើ​យុទ្ធសាស្ត្រ​បែបនេះ​មែន កេរ្តិ៍​ឈ្មោះ​របស់​រដ្ឋាភិបាល​ដែល​ខំ​កសាង និង​ដឹកនាំ​ប្រទេស​ប្រមាណ ៣០​ឆ្នាំ​​កន្លង​នេះ ត្រូវ​បាន​ញាំញី ខូច​កិត្តិនាម​នៅ​លើ​ឆាក​អន្តរជាតិ​នា​នីតិកាល​ទី​៥​នេះ នៅ​ខណៈ​ដែល​ស្ថានភាព​នយោបាយ​កំពុង​ជាប់​គាំង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

Kone Khmer

ពី USA

Why Mr Hun Sen Bans people on gathering in public park? First, It has major negative effect on him and his party (CPP). Mr Hun Sen does not see or hear what people asking for better. Mr Hun Sen see now is a lots better than Pol Pot time. Is it better? Yes. and Mr Hun Sen said now very good it is enough. But he forgot to compare about himself in Pol Pot and now. Is Mr Hun Sen better? super super yes, and is Mr Hun Sen enough? Mr Hun Sen says no. I want to stay until I'm 80 and give it to my son like North Korea. Don't tell me Mr Hun Sen concerns about public safety issue or public property damage. in 1997, Mr Hun Sen started a coup in the capital, any things damaged,any one got killed? kicked Ranarith and King out of the country, no kidding. Do you think Mr Hun Sen care about your property or your safety? second, Mr Hun Sen love his power and his related family. He do every thing to protect them. If it need to kill people to protect it he will no question ask. God bless victims.

May 08, 2014 02:31 AM

Peuv

Why demonstration and public gathering over 10 people are banned? Hun Sen fears his own people. Nothing is complicated!

May 06, 2014 12:18 PM

អ្នក​អាន​អនាមិក

HUN SEN GOVT IS VERY COWARD.IT TRIES TO PROTECT ITS POWER BY OPPRESSING OR SUBDUE PROTESTERS.
THIS IS GOOD FOR CNRP BECAUSE WHERE THERE IS INJUSTICE,THERE IS RECLAMATION.WHERE THERE IS OPPRESSION,THERE IS FIGHTING BACK.

May 06, 2014 09:20 AM

ភាពភ្នំពេញ

ពី Phnom Penh

ខ្ញុំមើលឃើញថា ពេលនេះកេរ្តិ៍ឈ្មោះហ៊ុនសែនកាន់តែ down ទាំងនៅលើឆាកអន្តរជាតិ និងនៅក្នុងចំណោមប្រជាជនខ្លួនឯង!!!

May 06, 2014 05:29 AM

គេហទំព័រ​ទាំងមូល