ការរំលោភកម្មសិទ្ធិបញ្ញា ត្រូវបានគេមើលឃើញថា ជាបញ្ហាធំមួយនៅក្នុងប្រទេសកម្ពុជា។ បញ្ហានេះត្រូវបានអ្នកជំនាញខាងកម្មសិទ្ធិបញ្ញា និងផលិតករឆ្លុះបញ្ចាំងថា បានធ្វើឲ្យប៉ះពាល់ដល់វិស័យច្រើននៅក្នុងសង្គមកម្ពុជា ទាំងវិស័យវប្បធម៌ និងសេដ្ឋកិច្ច។
ក្រុមអ្នកនិពន្ធ អ្នកផលិតភាពយន្ត ចម្រៀង បទភ្លេង គំនូរសិល្បៈ និងផលិតផលផ្សេងៗ នៅកម្ពុជា ថ្លែងក្នុងកិច្ចពិភាក្សាមួយ នៅថ្ងៃទី៣០ វិច្ឆិកា ថា ការមិនមានការការពារកម្មសិទ្ធិបញ្ញា ធ្វើឲ្យពួកគេបាក់ទឹកចិត្ត និងផលិតកម្មធ្លាក់ចុះ។
ផលិតករភាពយន្ត ចម្រៀង និងបទភ្លេងមួយរូប គឺលោក សុខ វិសាល ថ្លែងថា ការការពារកម្មសិទ្ធិបញ្ញា ពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បីលើកទឹកចិត្តដល់អ្នកផលិតឲ្យខិតខំស្រាវជ្រាវបង្កើតស្នាដៃថ្មីៗ ទៀត។ លោកបន្តថា ការមិនបានការពារកម្មសិទ្ធិបញ្ញានៅកម្ពុជា កាលពី ១០ឆ្នាំមុននេះ បានធ្វើឲ្យក្រុមផលិតភាពយន្តខ្មែរអស់ទឹកចិត្ត និងឈប់ផលិតកុន ព្រោះតែមានការលួចថតចម្លង។ រោងភាពយន្តជាច្រើនដូរទៅជាកន្លែងខារ៉ាអូខេ ឬម៉ាស្សា។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានរោងភាពយន្តមួយចំនួនបើកឡើងវិញ ដែលធ្វើឲ្យក្រុមផលិតភាពយន្តខ្មែរមានទឹកចិត្តផលិតកុនទៀត ហើយកុនខ្លះ ត្រូវបានគេយកទៅបញ្ចាំងនៅក្រៅប្រទេសផង។
លោកអំពាវនាវឲ្យពលរដ្ឋកម្ពុជា ចូលរួមការពារកម្មសិទ្ធិបញ្ញាទាំងអស់គ្នា៖ «ជាពិសេសឥឡូវយើងមានកុនមួយចំនួន ហើយអ្នកដឹកនាំមួយចំនួនចាប់ផ្ដើមល្បីនៅលើពិភពលោក។ នេះជារឿងមួយដែលយើងជាជនជាតិខ្មែរមានមោទនភាព ហើយសប្បាយចិត្តដែរ ដោយសាររាល់ថ្ងៃហ្នឹង យើងមានអ្នកដឹកនាំតំណាងប្រទេសយើង ដែលគាត់បញ្ចាំងកុនខ្មែរនៅប្រទេសគេ ធ្វើឲ្យគេស្គាល់ប្រទេសខ្មែរយើង។ អ៊ីចឹងខ្ញុំគិតថា រឿងកម្មសិទ្ធិបញ្ជានេះជារឿងសំខាន់មែនទែន ហើយអ្នកទាំងអស់គ្នាគួរចូលរួមការពារកម្មសិទ្ធិបញ្ញាហ្នឹង ដើម្បីជួយអ្នកសិល្បករ ផលិតករខាងបទចម្រៀងក៏ដោយ ខាងកុនក៏ដោយឲ្យនៅតែមានកម្លាំងចិត្តនៅបន្តផលិតទៀត»។
មន្ត្រីអនុព័ន្ធសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកកម្មសិទ្ធិបញ្ញាប្រចាំតំបន់អាស៊ីអាគ្នេយ៍លោក ភីតធើរ ហ្វូលើរ (Peter Fowler) មានប្រសាសន៍ថា ក្នុងនាមលោកជាអ្នកច្បាប់ម្នាក់ លោកតែងចាប់អារម្មណ៍ចំពោះបទពិសោធន៍របស់ផលិតករច្នៃប្រឌិត ដែលគេបានឆ្លងកាត់ ថាតើគេបង្កើតឡើងដោយរបៀបណា តើគេធ្វើជំនួញដូចម្ដេច តើគេបញ្ចូលច្បាប់កម្មសិទ្ធិបញ្ញាដូចម្ដេច៖ «ដោយសារតែក្របខ័ណ្ឌច្បាប់នោះហើយ ដែលការពារគំនិតច្នៃប្រឌិត ការបង្កើតថ្មី។ ដូច្នេះ វាមិនមែនតែជាបទពិសោធន៍របស់អ្នកច្នៃប្រឌិតជនជាតិអាមេរិក តែមួយនោះទេ ប៉ុន្តែវាជាបទពិសោធន៍អ្នកតែងនិពន្ធ អ្នកច្រៀង អ្នកសម្ដែង អ្នកផលិតកុនទូទាំងសកលលោក។ ជួនកាលយើងឆ្ងល់ថា ហេតុអីបានជាក្រុមផលិតកុន ហូលីវូដ បានជោគជ័យ? ហេតុអីបានជាតួអង្គសម្ដែងបានជោគជ័យ? នោះគឺយើងបានគិតដល់ការពិតថា នៅសហរដ្ឋអាមេរិក យើងការពារកម្មសិទ្ធិបញ្ញាខ្លាំងមែនទែន សម្រាប់ក្រុមហ៊ុន និងមនុស្សដែលមានគំនិតច្នៃប្រឌិត»។
លោកថា ដោយសារតែមានការលើកទឹកចិត្ត និងការការពារ ទើបធ្វើឲ្យមានផលិតផលជាច្រើននៅលើប្រព័ន្ធអ៊ីនធឺណិត និងឌីជីថល ដូចជាភាពយន្ត ទូរទស្សន៍ ចម្រៀង និងហ្គេម លើទូរស័ព្ទដៃជាដើម។ លោកថា ប្រទេសនីមួយៗ ត្រូវតែមានច្បាប់ដើម្បីការពារអ្វីដែលបានបង្កើតឡើងទាំងនោះ៖ «កាលណាប្រទេសណាមានច្បាប់ការពារកម្មសិទ្ធិបញ្ញាខ្សោយ វាមិនមែនធ្វើឲ្យគ្រោះថ្នាក់ដល់សេដ្ឋកិច្ចប្រទេសទេ គឺវាប៉ះពាល់សហគមន៍អ្នកច្នៃប្រឌិតនៃប្រទេសនោះ។ ដូច្នេះ អ្នកនិពន្ធ អ្នកសម្ដែង អ្នកថតកុន បាត់ឱកាស ព្រោះតែមានអ្នកលួចស្នាដៃរបស់គេ ហើយដាក់លក់ជាសាធារណៈ។ ការលួចស្នាដៃនេះ មិនប៉ះពាល់ម្ចាស់ស្នាដៃទេ តែប៉ះពាល់យើងទាំងអស់គ្នា គឺប៉ះពាល់វប្បធម៌ ប៉ះពាល់សង្គម ហើយវាធ្វើឲ្យទៅជាពិភពមួយដែលមិនសូវចង់រស់នៅ»។
លោកមានប្រសាសន៍ទៀតថា កម្ពុជាមានជម្រើសនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងការលូតលាស់នៅក្នុងទសវត្សបន្តបន្ទាប់។ កម្ពុជាក៏នឹងបន្តសមាហរណកម្មក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននោះ។ កម្ពុជានឹងអាចប្រឈមការប្រកួតប្រជែងខ្លាំងក្នុងការទាក់ទាញការវិនិយោគ ការបង្កើតការងារ។ ទោះជាយ៉ាងណាក៏ដោយ ពេលនោះហើយមិនថា តែកម្ពុជាទេ គឺប្រទេសអាស៊ានដែលត្រូវដើរតួនាទីធ្វើឲ្យសហគមន៍អ្នកច្នៃប្រឌិតទទួលបានជោគជ័យ។
អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រសួងពាណិជ្ជកម្ម លោក តូ រិទ្ធិ មានប្រសាសន៍ថា បង្កើតឲ្យមានប្រព័ន្ធកម្មសិទ្ធិបញ្ញា ពិតជាមានការចាំបាច់ ដែលអាចធានាឲ្យសិល្បករ និងភាគីពាក់ព័ន្ធដទៃទៀត ទទួលបាននូវការលើកទឹកចិត្តអំពីស្នាដៃរបស់ខ្លួន។ កម្ពុជាបានអនុម័តនូវច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលក្នុងឆ្នាំ ២០០៣ ដើម្បីផ្ដល់កិច្ចការពារសម្រាប់អ្នកនិពន្ធ អ្នកសម្ដែង ផលិតករ និងអង្គភាព គ្រប់គ្រងស្នាដៃរបស់ខ្លួន ពាក់ព័ន្ធនឹងមាតិកាឌីជីថល និងការប្រើប្រាស់ស្នាដៃទាំងនោះលើប្រព័ន្ធអ៊ីនធឺណិត។
លោក តូ រិទ្ធិ៖ «រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យកម្មសិទ្ធិបញ្ញាជាវិស័យចម្បង ក្នុងចំណោមវិស័យសំខាន់ៗ ដទៃទៀត ហើយកម្ពុជា កំពុងសិក្សាចូលជាសមាជិកនៃអនុសញ្ញាផ្សេងៗ ទៀតរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោកផងដែរ។ ពីភាពជោគជ័យផ្នែកកម្មសិទ្ធិបញ្ញារបស់កម្ពុជា នៅឆ្នាំ២០១៥ ដែលក្រសួងពាណិជ្ជកម្ម និងក្រសួងវប្បធម៌ បានសហការគ្នារៀបចំការប្រគំតន្ត្រីក្រោមចំណងជើងថា ពេលវេលាដែលត្រូវតបស្នង ជូនដល់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ក្នុងការស្វែងរកការឧបត្ថម្ភដល់ក្រុមគ្រួសាររបស់លោក និងអ្នកស្រី រស់ សេរីសុទ្ធា ក៏ដូចជាសិល្បករជំនាន់ដើម ដែលរស់រានមានជីវិតក្នុងជីវភាពលំបាក រួមទាំងឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យព្រះអង្គ ឌួង ហើយនិងលើកកម្ពុជា ការយល់ដឹងសាធារណៈអំពីសារប្រយោជន៍ និងការការពារកម្មសិទ្ធិបញ្ញានៅប្រទេសកម្ពុជា»។
លោកថា កម្មសិទ្ធិបញ្ញា ជាផ្នែកមានសារសំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍ។
លោក ភីតធើរ ហ្វូលើរ ថា កម្ពុជាគួរតែគិតគូរឲ្យបានខ្លាំងអំពីការការពារកម្មសិទ្ធិបញ្ញា ព្រោះប្រទេសនីមួយៗ ពឹងផ្អែកលើសេដ្ឋកិច្ច ហើយសេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកជាចម្បងលើការនាំចេញសំលៀកបំពាក់។ ឧស្សាហកម្មសំលៀកបំពាក់តែងតែរត់ទៅរកកន្លែងណា ដែលមានលក្ខខណ្ឌវិនិយោគអំណោយផល រួមទាំងតម្លៃពលកម្មថោក ដូចជានៅប្រទេសបង់ក្លាដេសជាដើម។ ដូច្នេះកម្ពុជាត្រូវតែមានច្បាប់ល្អ ហើយអនុវត្តបានត្រឹមត្រូវ ដើម្បីការពារកម្មសិទ្ធិបញ្ញា។ ការការពារកម្មសិទ្ធិបញ្ញា មិនត្រឹមតែនាំឲ្យមានគំនិតច្នៃប្រឌិត និងការបង្កើតថ្មីៗ ប៉ុណ្ណោះទេ គឺនាំឲ្យមានការបង្កើតការងារសម្រាប់ពលរដ្ឋដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
