"បុណ្យ​ចូលឆ្នាំ​តាម​វត្ត​មួយ​ចំនួន​ស្ងប់ស្ងាត់ ខណៈ​ពលរដ្ឋ​ជួបជុំ​ផឹក​គ្រឿង​ស្រវឹង​តាម​ផ្ទះ"

ដោយ ទីន ហ្សាការីយ៉ា
2018-04-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបភាព​ថ្នាក់​ដឹក​ខេត្ត​មន្ត្រីរាជការ និង​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម ប្រារព្ធ​ពិធី​រាប់បាត្រ​ព្រះសង្ឃ ១០០អង្គ នៅ​មុខ​សាលាខេត្ត នៅ​ព្រឹកថ្ងៃទី១៤ ខែ​មេសា ឆ្នាំ​២០១៧។
រូបភាព​ថ្នាក់​ដឹក​ខេត្ត​មន្ត្រីរាជការ និង​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម ប្រារព្ធ​ពិធី​រាប់បាត្រ​ព្រះសង្ឃ ១០០អង្គ នៅ​មុខ​សាលាខេត្ត នៅ​ព្រឹកថ្ងៃទី១៤ ខែ​មេសា ឆ្នាំ​២០១៧។
Photo: RFA

អ្នក​ជំនាញ​ពុទ្ធសាសនា សង្កេត​ឃើញ​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ គឺ​តាម​វត្ត​អារាម​មួយ​ចំនួន មាន​សភាព​ស្ងប់ស្ងាត់ ខណៈ​ដែល​ពលរដ្ឋ​ភាគច្រើន​ជ្រើសរើស​ការ​ជួបជុំ​ផឹក​គ្រឿង​ស្រវឹង​តាម​ផ្ទះ និង​កន្លែង​កម្សាន្ត​នានា។

ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​សម័យ​បច្ចុប្បន្ន​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ពុទ្ធសាសនា មើល​ឃើញ​ថា ហាក់​កំពុង​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​ក្នុង​ន័យ​ពិធីបុណ្យ​ប្រពៃណី​នេះ គ្រាន់តែ​ជា​ពិធី​កម្សាន្ត​សប្បាយ​ទៅតាម​ការ​នឹក​ឃើញ​រៀងៗ​ខ្លួន​ច្រើន ជាង​ការ​ប្រារព្ធ​ពិធី​ផ្សេងៗ តាម​ប្រពៃណី​ជាតិ។

ព្រះចៅ​អធិការ​វត្ត​ប្រាសាទ​ស្រះកណ្ដាល ហៅ​វត្ត​ខ្ចាស់ ខេត្ត​បន្ទាយមានជ័យ ព្រះតេជព្រះគុណ ចាន់ សុជន មាន​ថេរដីកា​ថា ពិធី​រាំរែក ឫ​ការ​ជួបជុំ​ក្នុង​ពេល​ចូលឆ្នាំ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ នេះ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​តែ​យក​គ្រឿង​ស្រវឹង​ជា​ត្រីមុខ។ ព្រះតេជព្រះគុណ​បន្ត​ថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន ពុំ​សូវ​ទៅ​ជួបជុំ​ធ្វើ​បុណ្យទាន និង​លេងល្បែង​ប្រជាប្រិយ រួម​ទាំង​រាំ​លែង​តាម​ចង្វាក់​ប្រពៃណី​ជាតិ នៅ​តាម​ទីវត្ត​អារាម​ណាស់ គឺ​ភាគច្រើន​ប្រជាពលរដ្ឋ តែងតែ​ជួបជុំ​ទទួលទាន​សាច់​ក្លែម និង​ផឹក​គ្រឿង​ស្រវឹង​តាម​ផ្ទះ​រៀងៗ​ខ្លួន ឬ​តាម​កន្លែង​កម្សាន្ត​នានា។

ចាន់ សុជន ៦២២
ព្រះតេជព្រះគុណ ចាន់ សុជន ព្រះចៅ​អធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្តាល ហៅ​វត្តខ្ចាស់ ខេត្ត​បន្ទាយមានជ័យ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៥។ Photo: RFA

ព្រះតេជព្រះគុណ លើកឡើង​ទៀត​ថា ប្រការ​នេះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អត្តសញ្ញាណ​សម្គាល់​បុណ្យចូលឆ្នាំ​ខ្មែរ និង​វប្បធម៌​ខ្មែរ ហើយ​នឹង​ធ្វើ​ឲ្យ​ពិធី​កម្សាន្ត​សប្បាយ​ច្រើនតែ​ក្លាយ​ជា​ជម្លោះ​កាប់​ចាក់​គ្នា និង​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ក្លាយទៅជា​ថ្ងៃ​កាន់ទុក្ខ នា​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​នេះ។ «»

នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា លោក មុំ គង់ មាន​ប្រសាសន៍ថា ក្នុង​ពិធីបុណ្យ ចូលឆ្នាំ គឺ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​កើន​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ។ លោក​សង្កេត​ឃើញ​ថា ទាំង​ប្រុស ទាំង​ស្រី សេព​គ្រឿង​ស្រវឹង​ស្មើ​ដៃ​គ្នា ដែល​បណ្ដាល​ឲ្យ​បញ្ហា​ជាច្រើន​ទាំង​ខ្លួនឯង គ្រួសារ និង​សង្គម ជាតិ។ «»

ទោះបីជា​គ្រឿង​ស្រឹង​ផ្ដល់​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ក្ដី ប៉ុន្តែ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ម្តងៗ គេ​សង្កេត​ឃើញ​ថា សកម្មភាព​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ជា​ពិសេស​តាម​ទូរទស្សន៍ បាន​បង្កើន​ការ​ផ្សាយ​ពាណិជ្ជកម្ម កាន់តែ​ខ្លាំង​ឡើង ដើម្បី​ទាក់ទាញ​អតិថិជន​ទាំង​ក្មេង​ទាំង​ចាស់ ដោយ​គ្មាន​ការទប់ស្កាត់​ពី​រដ្ឋាភិបាល​ឡើយ។ ការ​ផ្សព្វផ្សាយ​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​គ្រឿង​ស្រវឹង​កាន់​តែ​ច្រើន​នោះ គឺ​តាមរយៈ​ការ​អួត​ពី​គុណភាព និង​ផ្ដល់​រង្វាន់​ដល់​អ្នក​ផឹក​ជាដើម។

អ្នក​ជំនាញ​ខាង​ពុទ្ធសាសនា លើកឡើង​ថា ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង ហើយ​អោយ​ប្រជា​ពលរដ្ឋ​ងាក​មក​កម្សាន្ត​តាម​គន្លង​ប្រពៃណី​ជាតិ​វិញ​នោះ គឺ​មាន​យន្តការ​សំខាន់ៗ​មួយ​ចំនួន​ដូចជា អនុម័ត​ច្បាប់​ត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង​ឲ្យ​បាន​ឆាប់ ហើយ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង។ ទន្ទឹម​គ្នា​នេះ អាជ្ញាធរ ឬ​រដ្ឋាភិបាល ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នៅ​ល្បែង​ប្រជាប្រិយ របាំ​ផ្សេងៗ និង​អប់រំ​យុវជន​ឲ្យ​ចេះ​សាមគ្គី​គ្នា និង​នាំគ្នា​ធ្វើ​ពិធី​កតញ្ញូ​កតវេទី​ចំពោះ​អ្នកមានគុណ និង​ទៅ​វត្ត​ទៅ​វ៉ា​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល