អ្នកជំនាញពុទ្ធសាសនា សង្កេតឃើញថា ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំ គឺតាមវត្តអារាមមួយចំនួន មានសភាពស្ងប់ស្ងាត់ ខណៈដែលពលរដ្ឋភាគច្រើនជ្រើសរើសការជួបជុំផឹកគ្រឿងស្រវឹងតាមផ្ទះ និងកន្លែងកម្សាន្តនានា។
ពិធីបុណ្យចូលឆ្នាំថ្មីសម័យបច្ចុប្បន្ននេះ ត្រូវបានអ្នកជំនាញពុទ្ធសាសនា មើលឃើញថា ហាក់កំពុងត្រូវបានគេប្រារព្ធឡើងក្នុងន័យពិធីបុណ្យប្រពៃណីនេះ គ្រាន់តែជាពិធីកម្សាន្តសប្បាយទៅតាមការនឹកឃើញរៀងៗខ្លួនច្រើន ជាងការប្រារព្ធពិធីផ្សេងៗ តាមប្រពៃណីជាតិ។
ព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាល ហៅវត្តខ្ចាស់ ខេត្តបន្ទាយមានជ័យ ព្រះតេជព្រះគុណ ចាន់ សុជន មានថេរដីកាថា ពិធីរាំរែក ឫការជួបជុំក្នុងពេលចូលឆ្នាំ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះ គឺប្រជាពលរដ្ឋខ្មែរច្រើនតែយកគ្រឿងស្រវឹងជាត្រីមុខ។ ព្រះតេជព្រះគុណបន្តថា ពលរដ្ឋខ្មែរភាគច្រើន ពុំសូវទៅជួបជុំធ្វើបុណ្យទាន និងលេងល្បែងប្រជាប្រិយ រួមទាំងរាំលែងតាមចង្វាក់ប្រពៃណីជាតិ នៅតាមទីវត្តអារាមណាស់ គឺភាគច្រើនប្រជាពលរដ្ឋ តែងតែជួបជុំទទួលទានសាច់ក្លែម និងផឹកគ្រឿងស្រវឹងតាមផ្ទះរៀងៗខ្លួន ឬតាមកន្លែងកម្សាន្តនានា។

ព្រះតេជព្រះគុណ លើកឡើងទៀតថា ប្រការនេះ អាចធ្វើឲ្យប៉ះពាល់ដល់អត្តសញ្ញាណសម្គាល់បុណ្យចូលឆ្នាំខ្មែរ និងវប្បធម៌ខ្មែរ ហើយនឹងធ្វើឲ្យពិធីកម្សាន្តសប្បាយច្រើនតែក្លាយជាជម្លោះកាប់ចាក់គ្នា និងបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដែលក្លាយទៅជាថ្ងៃកាន់ទុក្ខ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។ «»
នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា លោក មុំ គង់ មានប្រសាសន៍ថា ក្នុងពិធីបុណ្យ ចូលឆ្នាំ គឺការទទួលទានគ្រឿងស្រវឹងកើនឡើងគួរឲ្យព្រួយបារម្ភ។ លោកសង្កេតឃើញថា ទាំងប្រុស ទាំងស្រី សេពគ្រឿងស្រវឹងស្មើដៃគ្នា ដែលបណ្ដាលឲ្យបញ្ហាជាច្រើនទាំងខ្លួនឯង គ្រួសារ និងសង្គម ជាតិ។ «»
ទោះបីជាគ្រឿងស្រឹងផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរក្ដី ប៉ុន្តែក្នុងឱកាសពិធីបុណ្យចូលឆ្នាំម្តងៗ គេសង្កេតឃើញថា សកម្មភាពផ្សព្វផ្សាយគ្រឿងស្រវឹង តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ជាពិសេសតាមទូរទស្សន៍ បានបង្កើនការផ្សាយពាណិជ្ជកម្ម កាន់តែខ្លាំងឡើង ដើម្បីទាក់ទាញអតិថិជនទាំងក្មេងទាំងចាស់ ដោយគ្មានការទប់ស្កាត់ពីរដ្ឋាភិបាលឡើយ។ ការផ្សព្វផ្សាយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើននោះ គឺតាមរយៈការអួតពីគុណភាព និងផ្ដល់រង្វាន់ដល់អ្នកផឹកជាដើម។
អ្នកជំនាញខាងពុទ្ធសាសនា លើកឡើងថា ដើម្បីទប់ស្កាត់ និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ហើយអោយប្រជាពលរដ្ឋងាកមកកម្សាន្តតាមគន្លងប្រពៃណីជាតិវិញនោះ គឺមានយន្តការសំខាន់ៗមួយចំនួនដូចជា អនុម័តច្បាប់ត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងឲ្យបានឆាប់ ហើយផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងស្រវឹង។ ទន្ទឹមគ្នានេះ អាជ្ញាធរ ឬរដ្ឋាភិបាល ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅល្បែងប្រជាប្រិយ របាំផ្សេងៗ និងអប់រំយុវជនឲ្យចេះសាមគ្គីគ្នា និងនាំគ្នាធ្វើពិធីកតញ្ញូកតវេទីចំពោះអ្នកមានគុណ និងទៅវត្តទៅវ៉ាជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
