អង្គការ យូណេស្កូ (UNESCO) ម្រេចទទួលស្គាល់ និងដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ នៅក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាល សម្រាប់ការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការ យូណេស្កូ កាលពីថ្ងៃពុធ ទី២៨ វិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុង ព័រល្វី (Portlouis) នៃសាធារណៈរដ្ឋម៉ូរីស (Maurice)។
សេចក្តីជូនដំណឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសជាផ្លូវការថា នេះជាមោទភាពមួយរបស់កម្ពុជា។
ក្រសួងនេះបញ្ជាក់ថា បេតិកភណ្ឌវប្បធម៌ ទាំងរូបី និងអរូបី របស់ជាតិ បានចូលរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា ល្បីរន្ទឺលើឆាកអន្តរជាតិ ព្រមទាំងជាតួរអង្គដ៏លេចធ្លោមួយលើវេទិកាបេតិកភណ្ឌពិភពលោកថែមទៀតផង។
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ភ្លាមៗ នោះ ក៏បានផ្ញើសារជូនជនរួមជាតិ អបអរសាទរល្ខោនខោល ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះដែរ។ លោកបានចាត់ទុកថា នេះជាសមិទ្ធផលដ៏វិសេសវិសាលមួយ និងជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។
ក្នុងសារលិខិតរបស់លោក ហ៊ុន សែន ដែលចេញផ្សាយកាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកានោះ លោកក៏បានអំពាវនាវឲ្យពលរដ្ឋកម្ពុជាគ្រប់រូប បន្តចូលរួមជួយលើតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ និងថែរក្សាការពារសម្បត្តិបេតិកភណ្ឌវប្បធម៌កម្ពុជាឲ្យបានគង់វង្ស។
ដើម្បីអបអរសមិទ្ធផលនេះ លោកក៏សូមឲ្យវាយគង ទូងស្គ គោះត្រដោក និងតាមគ្រប់មធ្យោបាយដែលមាន នៅម៉ោង ១០ យប់ថ្ងៃសុក្រ ទី៣០ វិឆ្ឆិកា នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ និងតាមទីវត្តអារាមជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
