អត្ថន័យ​ល្បែង​ទាញព្រ័ត្រ

ដោយ សុ ជីវី
2019-04-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​យុវជន​នាំ​គ្នា​​លេង​ល្បែង​ទាញ​ព្រ័ត្រ ដែល​ជា​ល្បែង​ប្រជាប្រិយ​ខ្មែរ​នៅ​ខាង​មុខ​អង្គរវត្ត ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ នៅ​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៤។
ក្រុម​យុវជន​នាំ​គ្នា​​លេង​ល្បែង​ទាញ​ព្រ័ត្រ ដែល​ជា​ល្បែង​ប្រជាប្រិយ​ខ្មែរ​នៅ​ខាង​មុខ​អង្គរវត្ត ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ នៅ​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៤។
RFA

ទាញព្រ័ត្រ​ជា​ល្បែង​ដែល​មាន​ប្រជាប្រិយ​មួយ ក្នុងចំណោម​ល្បែង​មួយ​ចំនួន​ទៀត​រួមមាន​បោះ​អង្គញ់ ចោល​ឈូង និង​លាក់កន្សែង​ជាដើម ដែល​ពលរដ្ឋ​ខ្មែរ​តែង​និយម​លេង​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី។ លើស​ពី​នេះ​ទាញព្រ័ត្រ​ក៏​ត្រូវ​បាន​អង្គការ​យូណេស្កូ (UNESCO) បញ្ចូល​ជា​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​របស់​មនុស្សជាតិ​កាលពី​ឆ្នាំ​២០១៥។

តើ​ល្បែង​ប្រជាប្រិយ​ទាញព្រ័ត្រ​នេះ​មាន​អត្ថន័យ​យ៉ាងណា?

នៅ​ក្នុង​សៀវភៅ​ល្បែង​ប្រជាប្រិយ​ខ្មែរ​នៃ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ បោះពុម្ពផ្សាយ​ដោយ​ពុទ្ធសាសនបណ្ឌិត្យ​ឱ្យ​ដឹងថា ល្បែង​ទាញព្រ័ត្រ​នេះ​មាន​លេង​នៅ​ទូទាំង​ប្រទេស ហើយ​គេ​លេង​តែ​ក្នុង​ពិធី​អបអរ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ គឺ​ក្នុង​ខែចេត្រ និង​ខែ​ពិសាខ។

ល្បែង​នេះ​ធ្វើ​ឱ្យ​មាន​ភាព​សប្បាយ​រីករាយ ដោយ​អ្នកលេង​ស្រែក​ហ៊ោ​កញ្ចៀវ​ព្រមៗ​គ្នា ទៅតាម​ការ​ប្រឹង​កម្លាំង​របស់​គេ​រៀងៗ​ខ្លួន ចំណែក​អ្នកទស្សនា​វិញ​ក៏​ខំប្រឹង​ស្រែក​ហ៊ោ​ជួយ​លើកទឹកចិត្ត ឬ​ជំរុញ​ដល់​អ្នកលេង​ឱ្យ​ប្រឹង​ទាញព្រ័ត្រ​យកឈ្នះ​ក្រុម​ម្ខាងៗ ដែល​គេ​គាំទ្រ។

ដោយសារតែ​ល្បែង​នេះ​នៅតែ​មានតម្លៃ​ក្នុង​សហគមន៍​ខ្មែរ​គ្រប់ទិសទី​នេះ ហើយ​ទើប​គណៈកម្មការ​អន្តររដ្ឋាភិបាល​នៃ​អង្គការ​យូណេស្កូ​បញ្ចូល​ល្បែង​នេះ​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបិយ​នៃ​មនុស្សជាតិ​ទៅតាម​សំណើ​រួមគ្នា​មួយ​នៃ​ប្រទេស​ចំនួន​៤ គឺ​កម្ពុជា ហ្វីលីពីន ប្រទេស​កូរ៉េ និង​វៀតណាម ដែល​ក្រុម​ប្រទេស​ទាំងនេះ​ដែល​មាន​ល្បែង​ប្រហាក់ប្រហែល​គ្នា។

នៅ​ក្នុង​សៀវភៅ​ល្បែង​ប្រជាប្រិយ​ខ្មែរ​បញ្ជាក់​ថា សមាសភាព​អ្នកលេង​ល្បែង​នេះ​គឺ​គេ​ត្រូវ​បែង​ចែក​ជា​២​ក្រុម ដោយ​ក្រុម​ម្ខាងៗ​មាន​អ្នកលេង​យ៉ាងតិច​៥​នាក់ ឬ​ចាប់ពី​១០​នាក់​ឡើង​ទៅ​។ តាម​ទម្លាប់​ជាក់ស្ដែង អ្នកស្រុក ដែល​និយម​ល្បែង​នេះ​ថា បើ​មាន​មនុស្ស​ស្រី​ចូល​លេង​ផង គេ​តែង​បែងចែក​ឱ្យ​ស្រីៗ​នៅ​ម្ខាង ប្រុសៗ​នៅ​ម្ខាង ហើយ​គេ​យល់ថា​ភេទ​ស្រី​តែង​មាន​កម្លាំង​ខ្សោយ​ជាង​បុរស គេ​តែង​ដាក់​ខាង​ស្រី​ឱ្យ​មាន​ចំនួន​ច្រើន​លើស​ចំនួន​ខាង​ប្រុស​យ៉ាងតិច​ត្រឹម​២​នាក់​ជានិច្ច។

ឈ្មោះថា​ល្បែង​ទាញព្រ័ត្រ​នេះ គឺ​សំដៅ​ទៅដល់​ខ្សែ​ដែក​គេ​យក​មក​ទាញ​សាក​កម្លាំង​ឱ្យ​ដឹង​ឈ្នះ​ចាញ់​នេះឯង។

នៅ​ក្នុង​សៀវភៅ​ល្បែង​ប្រជាប្រិយ​ខ្មែរ​បញ្ជាក់​ទៀត​ថា នៅ​ក្រោយ​ពេល​បង្កើត​បាន ២​ក្រុម​ដើម្បី​ទាញព្រ័ត្រ​ហើយ​នោះ គេ​ត្រៀម​ខ្សែ​ព្រ័ត្រ​ធ្វើ​ពី​ស្បែក​គោ ស្បែក​ក្របី​ធ្វើជា​ព្រ័ត្រ ឬ​គេ​យក​ពួរ​ធ្វើ​ពី​ជក់​ដូង​ជា​ព្រ័ត្រ​សម្រាប់​ទាញ និង​មាន​សម្ភោរ ឬ​គង ឬ​រគាំង​១​សម្រាប់​ទះ​ឬ​វាយ​នៅ​ពេល​ទាញ​ដំបូង។ព្រ័ត្រ​នេះ​មាន​ប្រវែង​យ៉ាង​ខ្លី​ចាប់ពី​២០​ហត្ថ ឬ​ពី​៨​ម៉ែត្រ​ឡើង​ទៅ ដោយមាន​ទំហំ​ប៉ុន​កដៃ​កូនក្មេង។

ប្រធាន​មជ្ឈមណ្ឌល​សិក្សា​អំពី​ខ្មែរ និង​ជា​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ លោក សំបូរ មាណ្ណារ៉ា មាន​ប្រសាសន៍​ថា បុព្វបុរស​ខ្មែរ​បាន​បង្កើត​ល្បែង​ប្រជាប្រិយ​នេះ​ឡើង​សម្រាប់​ជា​ការ​កម្សាន្ត​សប្បាយ​ផង និង​បង្កប់​អត្ថន័យ​អប់រំ ផ្សព្វផ្សាយ​ពី​អត្តសញ្ញាណ​ជាតិខ្មែរ​ផង៖ «គឺ​អប់រំ​ឱ្យ​ដឹង​ថា ប្រសិន​បើ​ជា​កម្លាំង​របស់​យើង​ទាប​ឆ្វេង​ទាប ខ្សោយ​ជាង​ខាងស្ដាំ​អ៊ីចឹង​គេ​យក​ហើយ។ អ៊ីចឹង​បង្ខំ​ឱ្យ​កូន​ខ្មែរ​ហ្នឹង​យល់​ដឹង​ថា យើង​ត្រូវ​ពង្រឹងកម្លាំង​យើង​ជានិច្ច មិនមែន​មានន័យថា ចាំ​ទាល់តែ​ដល់ពេល​មាន​សត្រូវ​ទើបបាន​យើង​ពង្រឹងកម្លាំង​សាមគ្គី​ទេ គឺ​យើង​ត្រូវ​មាន​សាមគ្គី​បែបនេះ ដើម្បី​តតាំង​នឹង​វិបត្តិ​ទាំងឡាយ»

តាម​អ្នកស្រាវជ្រាវ​ពី​សិល្បៈ​ទំនៀមទម្លាប់​ខ្មែរ ល្បែង​ទាញព្រ័ត្រ​អាច​ក្លាយ​ពី​រឿងរ៉ាវ​ក្នុង​ទេវកថា កូរ​សមុទ្រ​ទឹកដោះ ដែល​ជា​រឿង​ក្នុង​ព្រហ្មញ្ញសាសនា ដែល​ខ្មែរ​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា។

ក្នុង​ទេវកថា​នេះ​រៀបរាប់​ថា មាន​កាល​វេលា​មួយ​នោះ​មាន​ពួក​អសុរៈ ឬ​ក្រុម​យក្ស​បាន​ដើរ​រាតត្បាត និង​សាង​បាប​ទៅលើ​ពួក​ទេវៈ ឬ​ទេព្ដា។ សឹកសង្គ្រាម​បាន​កើត​ឡើង​នៅ​ពេល​ទេពតា​មួយ​ចំនួន​ចាប់ផ្ដើម​ប្រឆាំង​តប​នឹង​ពួក​យក្ស។ សឹកសង្គ្រាម​មិន​ចាញ់​មិន​ឈ្នះ​អូស​បន្លាយ​ជាច្រើន​ឆ្នាំ ចំណែក​ពល​ទេព្ដា​ក៏​ចុះ​ថមថយ​កម្លាំង​។ ក្រុម​នេះ​រិះរក​មធ្យោបាយ​ធ្វើ​យ៉ាងណា ដើម្បី​បាន​ជីវិត​អមតៈ គឺ​មិន​ស្លាប់ ទើប​ពួកគេ​អាច​យកជ័យ​ជម្នះ​លើ​ពួក​យក្ស​បាន។ ពួកគេ​រក​ឃើញ​ថា កូរ​សមុទ្រ​ទឹក​ដោះ​ដើម្បី​បាន​ទឹកអម្រឹត​ជា​មធ្យោបាយ​ល្អ​មួយ ប៉ុន្តែ​ចាំបាច់​ត្រូវ​កម្លាំង​ច្រើន គឺ​ត្រូវ​មាន​ការចូលរួម​ពី​ពួក​យក្ស។ ក្រោយ​ការ​សម្របសម្រួល​បញ្ចុះបញ្ចូល​ពី​ក្រុម​ទេព្តា ពួក​យក្ស​បាន​ព្រមព្រៀង​សហការ​គ្នា​កូរ​មហាសមុទ្រ​ទឹកដោះ ដើម្បី​បាន​ទឹកអម្រឹត​។ ពួកគេ​សម្រេច​យក​ភ្នំ​មន្ទីរ​ធ្វើជា​ស្នូល និង​យក​ពស់​ឈ្មោះ​ពាសុកី មក​ធ្វើជា​ខ្សែ​ព្រ័ត្រ​សម្រាប់​ទាញ​កូរ​ចុះ កូរ​ឡើង​។ ដំបូង​ឡើយ​ក្រុម​យក្ស​ចាប់​ទាញ​ខាង​កន្ទុយ​ពស់ ចំណែក​ក្រុម​ទេព​នៅ​ខាង​ក្បាល​ពស់។ ប៉ុន្តែ​កាល​ក្រោយមក​ក៏​ប្ដូរ​ឱ្យ​ពួក​យក្ស​នៅ​ទាញ​ខាង​ក្បាល​ពស់​វិញ​ម្ដង។

ទិដ្ឋភាព​នៃ​កូរ​សមុទ្រ​ទឹកដោះ​មាន​ក្នុង​ចម្លាក់​លើ​ថែវ​ខាងកើត​នៃ​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​នៃ​ព្រះបាទ​សូរ្យវរ្មន័​ទី​២។ លុះ​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ កូរ​សមុទ្រ​ទឹកដោះ​ត្រូវ​បុព្វបុរស​ខ្មែរ​ឆ្លាក់​ជា​រូបចម្លាក់​ទោល ជា​ជួរ នៅ​លើ​ផ្ទៃដី នៃ​ច្រក​ចូល​ប្រាសាទ​បា​យ័ន្ត ឬ​ប្រាសាទ​អង្គរធំ គឺ​រូបចម្លាក់​យក្ស និង​ទេពតា​នាំគ្នា​ទាញ​សត្វ​នាគ។ អ្នកស្រុក​ក្នុង​តំបន់​អង្គ​រតែង​ហៅ​ចម្លាក់​បែបនេះ​ថា យក្ស​ទាញព្រ័ត្រ។

ឈុត​ឆាក​ក្នុង​របាំ​កូរ​សមុទ្រ​ទឹកដោះ​ក៏​ត្រូវ​បាន​សិល្បករ​ចំលង និង​កែច្នៃ​ចេញពី​តឹកតាង​ប្រវត្តិសាស្ត្រ​នៃ​ចម្លាក់​តាម​ប្រាសាទ​បុរាណ​ទាំង​នេះឯង។

ក្នុង​ឈុត​ឆាក​កូរ​សមុទ្រ​ទឹកដោះ​បង្ហាញ​ទៀត​ថា នៅ​ពេល​ក្រុម​ទេព្ដា និង​ពួក​យក្ស​បាន​កូរ​ទាញព្រ័ត្រ​នោះ​អស់​ជាច្រើន​ឆ្នាំ​កន្លងទៅ​ធ្វើ​ឱ្យ​ភ្នំ​មន្ទរ​ផ្អៀង​ស្រុត​ចុះ​ក្រោម ពេលនោះ​ព្រះ​នារាយណ៍​ក៏បាន​បែងភាគ​ជា​សត្វ​អណ្ដើក ជួយ​ទល់​ទ្រ​ភ្នំ​មន្ទរ​ឱ្យ​ដំណើរការ​ស្វែងរក​ទឹកអម្រឹត​បន្ត​ទៅ​ទៀត​។ លុះ​កូរ​យូរ​ទៅៗ​ថូ​ទឹកអម្រឹត​ក៏​ផុស​ឡើង ហើយ​ព្រះ​នារាយណ៍​គឺជា​អ្នក​សម្របសម្រួល​បែងចែក​ទឹកអម្រឹត​ទៅដល់​គ្រប់​អ្នកចូលរួម​កូរ​សមុទ្រ​ទឹកដោះ។ ប៉ុន្តែ​ព្រះ​នារាយណ៍​បាន​បន្លំ​បែងភាគ​កាឡាខ្លួន​ធីតា​រូប​ស្អាត​ជា​ស្រី​របាំ​ទៅ​រាំ​បន្លំ​ភ្នែក​ពួក​យក្ស ដើម្បី​ឱ្យ​ពួក​យក្ស​ភ្លេចខ្លួន និង​បោះបង់​ថូ​ទឹកអម្រឹត។ ពួក​យក្ស​លង់​នឹង​ការ​បន្លំ​របស់​ព្រះ​នារាយណ៍​បាន​បរាជ័យ​គឺ​មិនបាន​ក្រេប​ទឹក​អម្រឹត​ឡើយ។

នេះ​ជា​រឿងរ៉ាវ​ក្នុង​ទេវ​កថា ដែល​អាច​ជាប់​ទាក់ទង​នឹង​ល្បែង​ទាញព្រ័ត្រ ដែល​ពលរដ្ឋ​ខ្មែរ​និយម​លេង​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ តាម​ទម្លាប់​តាំងពី​បុរាណ​រៀងមក បន្ត​រហូតមកដល់​សព្វ​ថ្ងៃនេះ​។​

យុវជន​ដែល​ចូលរួម​លេងល្បែង​ទាញព្រ័ត្រ​សម្ដែង​ការ​ពេញចិត្ត និង​ស្នើ​ឱ្យ​ពលរដ្ឋ​ខ្មែរ ពិសេស​យុវជន​ជំនាន់​ក្រោយ​ឱ្យ​នាំគ្នា​គាំទ្រ និង​លេងល្បែង​ប្រជាប្រិយ ដែល​ដូនតា​បាន​បន្សល់​ទុក​ឱ្យ៖ «យើង​គួរតែ​ថែរក្សា​ប្រពៃណី​ហ្នឹង​ការ​ទាញព្រ័ត្រ​ហ្នឹង ព្រោះ​អី​វា​មាន​អាយុកាល រយៈពេល​យូរហើយ។ យើង​លេងល្បែង​ដូចជា​យើង​រំលឹក​វប្បធម៌​របស់​យើង​។ យើង​ចាំ​កូន​ខ្មែរ​ត្រូវ​ដឹង​ពី​វប្បធម៌​យើង​ច្រើន​ទាក់ទង​ល្បែង​ប្រជាប្រិយ​មិន​ថា​តែ ល្បែង​ហ្នឹង​ទេ​គឺ​មាន​ច្រើន​ទៀត។ ល្បែង​ធ្វើ​ឱ្យ​យើង​ស្គាល់​គ្នា រវាង​ខ្មែរ​នឹង​ខ្មែរ។ ចូលរួម​គាំទ្រ​នូវ​ល្បែង​ទាញព្រ័ត្រ​របស់​ខ្មែរ​យើង ដើម្បី​ថែរក្សា​ឱ្យ​បាន​គង់វង្ស ព្រោះថា​វប្បធម៌​របស់​ជាតិ​កាលណា​យើង​លើកឡើង​ឱ្យ​ទូលំទូលាយ​ទៅ​ជាតិ​យើង​ក៏​រីកចម្រើន​តាម​ហ្នឹង​ទៅ ដើម្បី​បង្ហាញ​អន្តរជាតិ​ឱ្យ​គេ​ស្គាល់​ថា​ខ្មែរ​យើង​មាន​ល្បែង​ប្រជាប្រិយ​មួយទៀត​គឺ​ល្បែង​ទាញព្រ័ត្រ​នេះ»

ក្រៅ​តែ​ពី​ជា​ល្បែង​កម្សាន្ត​សប្បាយ និង​ជា​ការ​ហ្វឹកហាត់ ដើម្បី​ឱ្យ​រាងកាយ​ស្វាហាប់​ល្បែង​ទាញព្រ័ត្រ​ត្រូវ​អ្នក​សិក្សា​ពី​ប្រព័ន្ធ​ជំនឿ​ខ្មែរ​លើក​ឡើង​ថា ក៏​អាច​ជាប់​ទាក់ទង​នឹង​ជំនឿ​ខ្មែរ នៅ​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី ដែល​ទំនង​សំដៅ​ទៅដល់​ការ​បង្កើត​ឱ្យ​ថ្មី​ឡើងវិញ ឬ​ការ​ផ្ដាច់​ឆ្នាំ​ចាស់ ចាប់ផ្ដើម​ឆ្នាំ​ថ្មី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល