ពិធី​លៀង​អារក្ស​ឬ​ពិធី​លៀង​មេមត់​នា​ខេត្ត​សៀមរាប

0:00 / 0:00

អ្នក​សិក្សា​វប្បធម៌ និង​ប្រវត្តិសាស្ត្រ បាន​ឱ្យ​ដឹង​ថា ពិធី​លៀង​អារក្ស គឺ​ជា​ជំនឿ​របស់​អម្បូរ​មន-ខ្មែរ ដែល​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​បុរេ​ប្រវត្តិ រហូត​មក​ដល់​ប្រទេស​កម្ពុជា ក្នុង​សម័យ​វិទ្យាសាស្ត្រ​ទំនើប​នេះ។ ទាំង​អ្នក​ជំនាញ​ផ្នែក​វប្បធម៌ និង​អ្នក​វិទ្យាសាស្ត្រ​សង្គម បាន​ទទួល​ស្គាល់​ដូច​គ្នា​ថា ពិធី​លៀង​អារក្ស ថ្វីត្បិត​តែ​មិន​សូវ​ត្រឹមត្រូវ​តាម​សម័យ​ទំនើប ប៉ុន្តែ​គេ​មិន​ត្រូវ​មើល​ស្រាល​ទេ ពីព្រោះ​វា​ជា​ជំនួយ​ស្មារតី​តាម​បែប​ជំនឿ ឬ​ក៏​ជា​ទស្សនវិជ្ជា​របស់​ខ្មែរ​ដើម​យ៉ាង​សំខាន់។

តើ​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ណា​ខ្លះ ដែល​រក្សា​ទុក​ពិធី​នេះ​បាន​ខ្ជាប់ខ្ជួន?

ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​បាន​បំភ្លេច​ចោល ឬ​ក៏​មិន​ចេះ​ចាំ​ជំនឿ​អរូបិយ​របស់​ដូនតា​ខ្មែរ ដែល​បន្សល់​ទុក​ជា​យូរ​មក​ហើយ ដូច​ជា​ពិធី​សែន​អ្នក​តា និង​ពិធី​លៀង​អារក្ស ជាដើម​នោះ​ទេ។

ខេត្ត​សៀមរាប គឺ​ជា​ខេត្ត​មួយ​ដែល​ប្រជាពលរដ្ឋ​នៅ​តែ​មាន​ជំនឿ និង​ថែ​រក្សា​បាន​មត៌ក​វប្បធម៌​ដ៏​យូរ​លង់​ទាំង​នេះ។

ក្នុង​មួយ​ឆ្នាំៗ នៅ​តាម​បណ្ដា​ស្រុក​ជាច្រើន​របស់​ខេត្ត​សៀមរាប គេ​តែង​ឃើញ​មាន​ធ្វើ​ពិធី​ជញ្ជាត់​ព្រលឹង ដើម្បី​រំដោះ​គ្រោះថ្នាក់​ផ្សេងៗ ព្រម​ទាំង​ពិធី​លៀង​អារក្ស ដើម្បី​បួង​សួង​សុំ​ឱ្យ​ព្រលឹង​បុព្វបុរស និង​បារមី​វត្ថុ​សក្ដិសិទ្ធិ តាម​ជួយ​ថែ​រក្សា​ឱ្យ​មាន​សេចក្ដី​សុខ ព្រម​ទាំង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ឱ្យ​ចំរុង​ចម្រើន ជាដើម។

«សំឡេង»

កាល​ពី​ដើម​សប្ដាហ៍​នេះ នៅ​ក្នុង​ភូមិ​ខ្នា សង្កាត់​ជ្រាវ ក្រុង​សៀមរាប អ្នក​ភូមិ​មួយ​ចំនួន​បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​លៀង​អារក្ស និង​បញ្ជាន់​រូប ដែល​អ្នក​សៀមរាប ហៅ​ថា លៀង​មេមត់ ក្នុង​គោល​បំណង​សុំ​សេចក្តី​សុខ​សិរី​សួស្ដី​ដល់​លំនៅឋាន​ថ្មី និង​ឱ្យ​អ្នក​ភូមិ​ផង​ទាំងអស់ បាន​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រសើរ។

«សំឡេង»

អ្នក​មគ្គុទ្ទេសក៍​ទេសចរណ៍​ម្នាក់​ដែល​ជា​ម្ចាស់​ភូមិឋាន​ទើប​តែ​សាងសង់​រួច​ថ្មីៗ គឺ​លោក រ៉េត សាមុត។ លោក​បាន​មាន​ប្រសាសន៍​ថា តាម​លោក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ គឺ​ជនជាតិ​ខ្មែរ​កាល​ពី​សម័យ​បុព្វកាល មាន​ជំនឿ​គោរព​ទៅ​លើ​ព្រលឹង នៅ​មុន​ពេល​ដែល​ទទួល​យក​ឥទ្ធិពល​នៃ​ជំនឿ​សាសនា​ពី​ឥណ្ឌា។ ជំនឿ​លើ​ព្រលឹង​ទាំង​នោះ គឺ​ជនជាតិ​ខ្មែរ​សម័យ​ដើម តែង​ធ្វើ​ពិធី​សែន​ព្រេន ឬ​ក៏​លៀង​អារក្ស ជាដើម។

លោក រ៉េត សាមុត បាន​បញ្ជាក់​ថា បច្ចុប្បន្ន ពិធី​ទាំង​នេះ​កំពុង​បាត់​បង់​បន្តិច​ម្ដងៗ​ពី​សង្គម​ខ្មែរ ដូច្នេះ​លោក​ក៏​រំឭក​ឡើង​វិញ ដើម្បី​ជួយ​ពញ្ញាក់​ស្មារតី​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ ឱ្យ​ចាប់​អារម្មណ៍ និង​នាំ​គ្នា​ថែ​រក្សា៖ «គោល​បំណង​ចង់​ផ្សារភ្ជាប់​រវាង​ដូនតា​បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅ​ហើយ គឺ​មក​ភ្ជាប់​ជាមួយ​កូន​ចៅ​បច្ចុប្បន្ន​នេះ​ឱ្យ​នៅ​ជិត​គ្នា ហើយ​ដើម្បី​ឱ្យ​ថែ​រក្សា​ទៅ​អនាគត​កាល ឱ្យ​បាន​យូរ​អង្វែង​ផង ពីព្រោះ​ថា ជំនឿ​ដើម​របស់​ខ្មែរ​យើង បើ​សិន​ជា​យើង​មិន​បាន​អភិរក្ស​ថែ​រក្សា​ទេ គឺ​ធ្វើ​ឱ្យ​ឥទ្ធិពល​របស់​បរទេស​ដែល​កំពុង​តែ​ចូល​មក​ហ្នឹង គឺ​កំពុង​តែ​វាយ​លុក»

មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​រស់​នៅ​ខេត្ត​សៀមរាប នៅ​តែ​មាន​ជំនឿ​លើ​ពិធី​លៀង​អារក្ស​នោះ ដោយ​គេ​ជឿ​ថា ព្រលឹង​បុព្វបុរស និង​បារមី​វត្ថុ​សក្ដិសិទ្ធិ ដែល​មក​ចូល​សណ្ឋិត​ក្នុង​រូបកាយ​អ្នក​ស្នង តែង​ប្រាប់​ឱ្យ​ដឹង​អំពី​គ្រោះថ្នាក់​ទាំង​ឡាយ ដែល​អាច​នឹង​កើត​ឡើង ព្រម​ទាំង​ជួយ​បង្ហាញ​ផ្លូវ និង​ការពារ​ពួក​គេ​ឱ្យ​មាន​សេចក្តី​សុខ​ផង។

អ្នក​ស្នង​រូប​អារក្ស​ម្នាក់ គឺ​អ្នកស្រី ចូច យន់ អាយុ​ជាង ៥០​ឆ្នាំ បាន​មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​ស្នង​រូប​អារក្ស​បន្ត​ពី​ជីដូន តាំង​តែ​ពី​អ្នកស្រី​មាន​អាយុ​ជាង ១០​ឆ្នាំ​មក​ម្ល៉េះ។ អ្នកស្រី ចូច យន់ បាន​មាន​ប្រសាសន៍​ទៀត​ថា ធម្មតា​គាត់​មិន​មាន​ចំណេះ​ដឹង និង​សមត្ថភាព អាច​ព្យាបាល​ជំងឺ និង​ជួយ​រំដោះ​ទុក្ខ​អ្នក​ភូមិ​បាន​ទេ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ព្រលឹង​របស់​សម្ដេច​ព្រះ​គ្រូ ឬ​ក៏​បារមី​ចូល​សណ្ឋិត គឺ​គាត់​អាច​ចេះ​ព្យាបាល​ជំងឺ​ឱ្យ​អ្នក​ភូមិ​ជាដើម។ អ្នកស្រី​បាន​ឱ្យ​ដឹង​ទៀត​ថា ពេល​បច្ចុប្បន្ន អ្នកស្រី​រវល់​យ៉ាង​ខ្លាំង​ក្នុង​ការងារ​លៀង​អារក្ស ដោយសារ​តែ​អ្នក​ភូមិ​ជាច្រើន​បាន​ពឹងពាក់ ក៏ប៉ុន្តែ​ទោះ​យ៉ាង​ណា វា​មិន​មែន​ជា​មុខ​របរ​រក​កម្រៃ​ទេ៖ «១​ឆ្នាំៗ​រាប់​មិន​អស់ មិន​បាន​ទំនេរ​ច្រើន​ណាស់​ខ្ញុំ ធ្វើ​ពិធី​បួង​សួង​គុណ​គ្រូ​ក៏ដោយ បញ្ជាន់​អារក្ស ឬ​ក៏​គេ​ហៅ​ថា មេមត់​បុរាណ​យើង​នោះ។ បួង​សួង​លោក​តា​ម្ចាស់​ទឹក​ម្ចាស់​ដី នៅ​ក្នុង​នគរ​យើង ព្យាបាល​ជំងឺ​ឈឺ​ស្កាត់​អ្វី​ទៅ​ថា មាន​យ៉ាង​ម៉េចៗ? ពេល​ដែល​រូប​ចូល​សណ្ឋិត​បាន​ដឹង​មើល​បាន»

«សំឡេង»

ពិធី​លៀង​អារក្ស​ដែល​អ្នក​សៀមរាប ហៅ​ថា លៀង​មេមត់ នោះ គឺ​ម្ចាស់​ផ្ដើម​ពិធី​មាន​រៀប​ដង្វាយ​ជា​ផ្លែ​ឈើ​ជាច្រើន​មុខ មាន​ទាំង​មាន់​ស្ងោរ និង​ភេសជ្ជៈ​ផង។ នៅ​កន្លែង​ធ្វើ​ពិធី គឺ​មាន​បាយសី​ជាច្រើន​ជាន់ សម្រាប់​សក្ការបូជា។ បន្ទាប់​ពី​អ្នក​ភ្លេង​១​ក្រុម ព្រម​ទាំង​អ្នក​ស្នង​រូប​បាន​មក​ដល់ គឺ​គេ​បាន​ចាប់​ផ្ដើម​ប្រគំ​ភ្លេង ហើយ​អ្នក​ស្នង​រូប ចាប់​ផ្ដើម​បួង​សួង​ហៅ​ព្រលឹង​ឱ្យ​ចូល​មក​សណ្ឋិត។

បច្ចុប្បន្ន​នេះ ដោយសារ​តែ​វិទ្យាសាស្ត្រ​ជឿន​លឿន មាន​សម្ភារៈ​ទំនើប​ប្រើប្រាស់ និង​គ្រូពេទ្យ​មាន​សមត្ថភាព​ព្យាបាល​ជំងឺ​ពូកែៗ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​បាត់​បង់​ជំនឿ​ទៅ​លើ​ពិធី​លៀង​អារក្ស ឬ​ក៏​សែន​ព្រេន ដែល​ជា​ជំនឿ​អរូបិយ​បន្តិច​ម្ដងៗ។

តើ​ការ​គោរព និង​ជឿ​លើ​ព្រលឹង​អរូបិយ​ទាំង​នោះ វា​គ្មាន​ប្រយោជន៍ ឬ​ក៏​យ៉ាង​ណា?

ក្រុម​អ្នក​អភិរក្ស​វប្បធម៌ និង​វិទ្យាសាស្ត្រ​សង្គម បាន​ចាត់​ទុក​ថា ជំនឿ​លើ​ព្រលឹង​វិញ្ញាណ​ទាំង​នេះ វា​នៅ​តែ​មាន​សារសំខាន់​យ៉ាង​ខ្លាំង ដោយ​មិន​អាច​ខ្វះ​បាន​ទេ បើ​ទោះ​បី​ជា​សម័យ​នេះ វិទ្យាសាស្ត្រ​បាន​ជឿន​លឿន​អាច​ធ្វើ​អ្វី​បាន​តាម​ចិត្ត​ហើយ​ក៏ដោយ​ចុះ។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច បាន​ពន្យល់​ថា បើ​ទោះ​បី​ជា​ពេល​នេះ​ជា​យុគ​សម័យ​នៃ​វិទ្យាសាស្ត្រ​ជឿន​លឿន​ក៏ដោយ ក៏​ទ្រឹស្ដី​វិទ្យាសាស្ត្រ​មិន​បាន​បដិសេធ​ចោល​ជំនឿ​អរូបិយ​ស្ដីពី​ព្រលឹង​នៅ​លើ​លោក​នេះ​ទេ។

លោក​បណ្ឌិត សុខ ទូច បាន​បញ្ជាក់​ថា ក្នុង​ទ្រឹស្ដី​វិទ្យាសាស្ត្រ​បាន​ចែក​ចេញ​ជា​ពីរ គឺ​រូបធាតុ​និយម និង​សម្ភារៈ​និយម។ អ្នក​រូបធាតុ​និយម បាន​ដឹង​ច្បាស់​ថា នៅ​លើ​លោក​នេះ គឺ​ពិត​ជា​មាន​ព្រលឹង​វិញ្ញាណ។ ក៏ប៉ុន្តែ ចំពោះ​អ្នក​សម្ភារៈ​និយម​វិញ ដូច​ជា​អ្នក​ប្រាជ្ញ កាលម៉ាក អង់ហ្គែល និង ឡេនីន ជាដើម បាន​ចាត់​ទុក​ថា នៅ​លើ​លោក​នេះ​មាន​តែ​សម្ភារៈ​និយម​ទេ​ដែល​ធ្វើ​ឱ្យ​ពិភពលោក​ជឿន​លឿន​ទៅ​បាន។

ទោះ​យ៉ាង​ណា លោក​បណ្ឌិត សុខ ទូច បាន​បញ្ជាក់​ថា តាម​ការ​ពិត ពេល​បច្ចុប្បន្ន​នេះ​មិន​ថា​នៅ​ប្រទេស​កម្ពុជា ឬ​ក៏​ប្រទេស​លើ​ពិភពលោក​ទេ ទាំង​អ្នក​ដឹក​នាំ និង​ប្រជាពលរដ្ឋ គឺ​សុទ្ធ​តែ​នៅ​មាន​ជំនឿ​លើ​ព្រលឹង​អរូបិយ​ដដែល នៅ​ពេល​ណា​ដែល​គេ​មិន​មាន​ដំណោះស្រាយ​តាម​បែប​វិទ្យាសាស្ត្រ​និយម៖ «មនុស្ស​កាល​មិន​ទាន់​ជឿ​អត់​ជឿ​ទេ ដល់​ឈឺ​តែ​អស់​សង្ឃឹម​លើ​ពេទ្យ តើ​គាត់​សង្ឃឹម​អ្វី? គឺ​សង្ឃឹម​ទៅ​លើ​ការ​បែរបន់​នោះ​ឯង ហើយ​ដូច​គ្នា នៅ​ពេល​ដែល​គេ​ដឹក​នាំ​ប្រទេស​មួយ ហើយ​ប្រទេស​មាន​បញ្ហា គេ​នាំ​គ្នា​បាត់​បង់​ការ​ទុក​ចិត្ត​លើ​អ្នក​នយោបាយ គឺ​គេ​រត់​ទៅ​រក​ជំនឿ​ហ្នឹង។ អា​ហ្នឹង​វា​ត្រូវ​តែ​មាន​អ៊ីចឹង។ សូម្បី​តែ​ប្រទេស​រុស្ស៊ី ក៏ដោយ ប្រទេស​អាមេរិក ក៏ដោយ សុទ្ធ​តែ​មាន​ទាំងអស់»

ប្រធាន​មន្ទីរ​វប្បធម៌ ខេត្ត​សៀមរាប កញ្ញា ស៊ុន សុវណ្ណី បាន​ឱ្យ​ដឹង​ថា ខេត្ត​សៀមរាប បច្ចុប្បន្ន នៅ​មាន​វង់​ភ្លេង​មេមត់ ឬ​អារក្ស​តិចតួច​ណាស់​ប្រហែល​ជា ៣-៤​ក្រុម​ប៉ុណ្ណោះ។ មន្ត្រី​ដដែល​បញ្ជាក់​ថា ប្រពៃណី​លៀង​អារក្ស​ដែល​ប្រជាពលរដ្ឋ ខេត្ត​សៀមរាប នៅ​តែ​រក្សា​ទុក​បាន​នេះ គឺ​មាន​សារសំខាន់​ផ្នែក​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ផ្សារភ្ជាប់​ជំនឿ​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ផង។

«សំឡេង»

មន្ទីរ​វប្បធម៌ ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា ដើម្បី​ថែ​រក្សា​កេរដំណែល​នៃ​វប្បធម៌​មួយ​នេះ​ឱ្យ​បាន​យូរ​អង្វែង គឺ​គេ​កំពុង​ប្រឹងប្រែង​សិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិ​បទ​ភ្លេង ឧបករណ៍ ព្រម​ទាំង​របៀប​រៀប​ចំ​ពិធី។ ជាមួយ​គ្នា​នេះ គេ​ក៏​លើក​ទឹក​ចិត្ត​ដល់​អ្នក​ចេះ​ដឹង​រឿង​នោះ ឱ្យ​បន្ត​ថែ​រក្សា និង​ផ្ទេរ​ចំណេះ​តៗ​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត​សម្រាប់​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។