ក្រសួងធម្មការ និងសាសនា បានតម្រូវឲ្យមានការរៀបចំអាសនៈថ្វាយ ឬប្រគេនព្រះសង្ឃក្នុងពិធីសាសនា និងពិធីផ្លូវការនានារបស់រដ្ឋ ត្រូវតែខ្ពស់ជាងគ្រហស្ថ ជាដរាប ដើម្បីសេចក្ដីថ្លៃថ្នូរ និងកិត្យានុភាពព្រះពុទ្ធសាសនា ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងស្របតាមរដ្ឋធម្មនុញ្ញ ប្រទេសកម្ពុជា។
សារាចរណែនាំ ៥ចំណុច របស់ក្រសួងធម្មការ ចុះថ្ងៃទី១៤ កុម្ភៈ សរសេរថា ដើម្បីលើកតម្កើងការគោរពប្រតិបត្តិចំពោះព្រះសង្ឃក្នុងព្រះពុទ្ធសាសនា
ក្រសួងធម្មការ ណែនាំ ឧបាសក ឧបាសិកា ឬគ្រហស្ថ គប្បីរៀបចំអាសនៈព្រះសង្ឃឲ្យបានសមគួរ សូម្បីអាសនៈនោះក្រាលដោយកន្ទេល ភួយ ព្រំចៀម ក្រមា គឺត្រូវតែខ្ពស់ជាងគ្រហស្ថជាដរាប ក្នុងពិធីផ្លូវការរបស់រដ្ឋ ឬក្នុងពិធីសាសនា មានបុណ្យទានធំៗ អាសនៈគង់របស់ព្រះសង្ឃ ត្រូវរៀបចំឲ្យបានខ្ពស់យ៉ាងតិច ២តឹក ជាងកន្លែងអង្គុយរបស់គ្រហស្ថ និងភ្ញៀវទាំងអស់។
សារាចរដដែល បានណែនាំទៀតថា ក្នុងកម្មវិធីរាប់បាត្រ ឬពិធីប្រគេនទេយ្យទានផ្សេងៗចំពោះព្រះសង្ឃ ឧបាសក ឧបាសិកា ឬគ្រហស្ថ គប្បីដោះទ្រនាប់ជើងជាដរាប ដើម្បីសម្ដែងការគោរពចំពោះព្រះសង្ឃដែលជាឧត្ដមភេទ។
គ្រប់ពិធីទាំងអស់ដែលមានព្រះសង្ឃចូលរួម ពេលដែលគ្រហស្ថគោរពសំពះដល់ព្រះសង្ឃ ព្រះសង្ឃគ្រប់អង្គ មិនត្រូវលើកព្រះហស្តសំពះតបទៅគ្រហស្ថវិញទេ ដោយគ្រាន់តែសម្ដែងអការៈគោរពសង្រួមឥន្ទ្រីយ៍សំវរ បន្ទន់ព្រះកាយបន្តិច ជាការសមគួរ ដើម្បីឲ្យស្របទៅនឹងប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា និងព្រះវិន័យបញ្ញត្តិ ជាដើម។
ព្រះតេជព្រះគុណ បូ បេត គង់នៅវត្តមួយក្នុងទីក្រុងភ្នំពេញ មានសង្ឃដីកាថា ការចេញសារាចររបស់ក្រសួងធម្មការ គឺត្រឹមត្រូវតាមព្រះវិន័យក្នុងព្រះពុទ្ធសាសនា ដោយសារតែព្រះសង្ឃជាភេទបព្វជិតសាវករបស់ព្រះពុទ្ធមិនសមនឹងគង់លើអាសនៈទាបជាគ្រហស្ថ ឬសំពះដល់គ្រហស្ថឡើយ៖ «ការអង្គុយទាបជាង ឬខ្ពស់ជាង បើតាមសាសនាព្រះពុទ្ធមិនមានទោសដល់ព្រះសង្ឃនោះទេ ប៉ុន្តែវាអាចមានបាបខ្លះចំពោះគ្រហស្ថ ដោយសារព្រះសង្ឃអ្នកមានសីល ជាឧត្ដមភេទ ហើយគ្រហស្ថទោះមានសីល ការអង្គុយស្មើ ឬខ្ពស់ជាងព្រះសង្ឃ នោះជាសេចក្ដីប្រមាថចំពោះសង្ឃ»។
សម្ដេចសង្ឃរាជ ទេព វង្ស ធ្លាប់ត្រូវបានមហាជនរិះគន់នាពេលកន្លងមកដោយសារតែព្រះអង្គ បានលើកព្រះហស្តសំពះគ្រហស្ថ ជាពិសេសព្រះអង្គបានសំពះមន្ត្រីថ្នាក់ធំៗ ដែលគាល់ ឬថ្វាយបង្គំព្រះអង្គ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
