នៅក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរកាលពីជំនាន់មុនៗ ទាក់ទងទៅនឹងធម៌សាមគ្គី ឬការស្រឡាញ់រាប់អានគ្នាជាបងជាប្អូន ជាជាតិសាសន៍តែមួយនោះ គេឃើញមានគ្រឹះរឹងមាំ។ ប្រការនេះក៏ដោយសារតែមនុស្សក្នុងសម័យនោះគេបានប្រកាន់យក ឬគោរពសីលធម៌ចំពោះគ្នាទៅវិញទៅមក ហើយនិងចេះជឿបុណ្យជឿបាបជាដើម។
ចាស់ទុំខ្មែរមួយចំនួនដែលបានឆ្លងកាត់របបសង្គមជាតិជាច្រើនជំនាន់បានប្រាប់ឲ្យដឹងថា សង្គមខ្មែរពីដើមបានបង្កើតសីលធម៌រស់នៅទាក់ទងគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធបីដូចជាគ្រួសារតែមួយ។ ហេតុដូច្នោះហើយ នៅពេលដែលគេមានបញ្ហាអ្វីមួយកើតឡើងគេតែងតែជួយគ្នា ទាំងកម្លាំងកាយនិងកម្លាំងបញ្ញាស្មារតី។
ក្នុងចំណោមចាស់ទុំដែលបានបញ្ជាក់ពីបញ្ហានេះ លោកព្រឹទ្ធាចារ្យមួយរូប ឈ្មោះ មាស លី នៅខេត្តកំពង់ចាម បានមានប្រសាសន៍ថា វប្បធម៌ចែករំលែកសេចក្ដីសុខ គឺបានកើតតៗជំនាន់នៅក្នុងសង្គមខ្មែរ ដូចជាក្នុងជំនាន់ទសវត្សរ៍ទី៥០ ទៅ ៦០ ជាដើម ដែលពេលនោះមនុស្សមានសមានចិត្តរាប់អានគ្នាដោយស្មោះពិតប្រាកដ ដោយមិនសម្លឹងរំពៃកេងយកផលចំណេញពីគ្នាអ្វីនោះទេ។
លោក មាស លី៖ «ដូចជាខ្មែរយើងទៅនេសាទមានដាក់លប ដាក់ទ្រូអ៊ីចឹង ហើយអ្នកដែលនៅជុំវិញមិនបានទៅរកមិនបានអីហ្នឹង គឺអ្នកនេសាទហ្នឹងគាត់ចែកគ្រប់គ្នា មួយម្នាក់ ពីរម្នាក់អ៊ីចឹង នៅសល់ប៉ុន្មានបានគាត់ធ្វើជាផ្អក ជាប្រហុកដាក់ពាង ដាក់ក្រឡទៅ ហើយមួយទៀត បើមានភ្ញៀវឆ្ងាយមកលេងផ្ទះ គឺអ្នកនៅជុំវិញហ្នឹងដឹងតែមានភ្ញៀវទៅគាត់ដួសបាយមួយចាន សម្លមួយចានមកដល់ភ្ញៀវជុំផ្ទះហើយហូបទៅ ក៏រាប់អានគ្នាទៅ មានការជួយអង្ករ ជួយត្រី សាច់ ជួយមាន់ ជួយទា ជួយជាម្ហូបអាហារហៅថាការរាប់អាន ការរាក់ទាក់។ ជាប្រពៃណីមួយដែលខ្មែរមានសន្តានចិត្តរាប់គ្នាល្អណាស់មិនប្រកាន់ថាមាន ថាក្រអីទេ ពីបុរាណមក»។
វប្បធម៌ចែករំលែកសេចក្ដីសុខរបស់ប្រជាពលរដ្ឋខ្មែរកាលពីជំនាន់មុន គេបានចាត់ទុកថា ជាវិធីមួយសំខាន់ក្នុងការជួយបណ្ដុះគំនិតមនុស្សទាំងចាស់ទាំងក្មេងឲ្យចេះអត់ឱន និងមានធម៌អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក មិនបែកបាក់សាមគ្គីគ្នា ឬមិនប្រើអំពើហិង្សា ។ល។
ចាស់ព្រឹទ្ធាចារ្យមួយរូបទៀតនៅខេត្តព្រៃវែង ឈ្មោះ សែន សយ បានមានប្រសាសន៍ប្រាប់ដែរថា ប្រពៃណីវប្បធម៌ចែករំលែកសេចក្ដីសុខ ជួយគ្នាទៅវិញទៅមក បានធ្វើឲ្យសង្គមជាតិខ្មែរជំនាន់មុនរីកចម្រើន មិនសូវជួបប្រទះបញ្ហាអសន្តិសុខប៉ុន្មានទេ។
លោកបានបន្តថា ប៉ុន្តែសម្រាប់សង្គមជាតិខ្មែរសព្វថ្ងៃវិញ គាត់ឃើញប្រាសចាកគន្លងវប្បធម៌ចែករំលែកសេចក្ដីសុខឲ្យគ្នាឆ្ងាយណាស់។ បញ្ហានេះក៏ដោយសារតែខ្មែរមានការប្រកាន់ ពិសេសគឺប្រកាន់និន្នាការគណបក្សនយោបាយរបស់គេរៀងៗខ្លួនរហូតដល់អ្នកខ្លះដែលធ្លាប់ជាបងប្អូនក្នុងក្រុមគ្រួសារតែមួយក៏មើលមុខគ្នាមិនត្រង់ដែរសព្វថ្ងៃនេះ៖ «ឥឡូវគឺថាមនុស្សគិតតែផលប្រយោជន៍ខ្លួនឯងម្ដងយូរៗទៅធ្វើឲ្យសង្គមហ្នឹងវាទៅជាទំនើងអស់ទៅតែម្ដង។ ខ្ញុំអាណិតជាតិ ឃើញជាតិបាក់បែកអ៊ីចឹង»។
វប្បធម៌ចែករំលែកសេចក្ដីសុខក្នុងសង្គមខ្មែរសព្វថ្ងៃដែលគេថា កំពុងតែឈានទៅរកសេចក្ដីអាប់ឱននោះ មិនថាតែមនុស្សចាស់ទុំព្រួយបារម្ភទេ ក្នុងនោះមានមនុស្សជំនាន់ក្រោយក្នុងសម័យនេះក៏បានសំដែងការភ័យព្រួយពីបញ្ហានេះដែរ។
ក្នុងចំណោមមនុស្សជំនាន់ក្រោយដែលបានលើកឡើងពីបញ្ហានេះ ស្ត្រីមួយរូបឈ្មោះ ចាន់ នៅខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា ក្នុងភូមិស្រុករបស់គាត់កាលពីជំនាន់ចាស់ៗ ជាឪពុកម្ដាយគឺអ្នកស្រុកចេះរួបរួមសាមគ្គី ស្រឡាញ់រាប់អានគ្នា ហើយបើមានរបស់អ្វីក៏ចេះចែករំលែកឲ្យគ្នាដែរ។ ប៉ុន្តែសម្រាប់ឥឡូវនេះមិនមានវប្បធម៌នោះទៀតទេ គឺមានតែការបែងចែកពណ៌សម្បុរ ប្រកាន់បក្សពួកម្ខាងៗ ដែលសូម្បីតែធ្វើបុណ្យទានម្ដងក៏គេនាំគ្នាធ្វើដោយប្រកាន់ទៅតាមបក្សក្រុមរបស់គេដែរ៖ «បញ្ហាឥឡូវវាបែកបាក់សាមគ្គីគ្នាអស់ហើយ វាលែងរាប់រកគ្នាអស់ហើយ ដូចណាយៗរៀងខ្លួនហើយ ប្រកាន់បក្សរៀងៗខ្លួនអ៊ីចឹងទៅ»។
បញ្ហាប្រឈមមុខនឹងការបាត់បង់វប្បធម៌ចែករំលែកសេចក្ដីសុខឲ្យគ្នាបែកបាក់សាមគ្គីគ្នាដោយសារតែប្រកាន់និន្នាការនយោបាយគណបក្សនាពេលបច្ចុប្បន្ន គេឃើញប្រជាពលរដ្ឋស្ទើរតែគ្រប់ទីកន្លែងទាំងនៅទីក្រុង និងតាមខេត្តនានាបានលើកឡើងពីបញ្ហានេះ។
បុរសមួយរូប ឈ្មោះ ងន នៅខេត្តតាកែវ បានមានប្រសាសន៍ថា ឥទ្ធិពលប្រកាន់និន្នាការគណបក្សកំពុងគ្របដណ្ដប់មនុស្សក្នុងតំបន់នេះ ពិសេសគឺថ្នាក់ដឹកនាំមូលដ្ឋានដូចជា មេភូមិ មេឃុំ ។ល។ ដែលជាដើមចមនាំឲ្យមានវប្បធម៌ប្រកាន់បក្សពួក។
ប្រជាពលរដ្ឋរូបនោះបានបន្តថា ស្ថានភាពភាពប្រកាន់គ្នានេះកាន់តែមានល្បឿនទៅ ដូចជានៅក្រោយពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងអាណត្តិទី៥នេះជាដើម ដែលគាត់ឃើញគណបក្សធំៗពីរកំពុងប្រទាញប្រទង់គ្នាយកឈ្នះសន្លឹកឆ្នោតរៀងៗខ្លួន រហូតដល់មានគណបក្សម្ខាងធ្វើការចល័តកងទ័ពចុះឡើងដែលរឹងរឹតតែញ៉ាំងឲ្យសង្គមខ្មែរបាត់បង់វប្បធម៌ចែករំលែកសេចក្ដីសុខសន្តិភាពឲ្យគ្នា។
លោក ងន៖ «ដូចចែកទឹកដីគ្នាអ៊ីចឹង ដូចថា ធ្វើសង្គ្រាមជាមួយនឹងប្រទេសផ្សេងអ៊ីចឹង។ សព្វថ្ងៃនេះឃើញជាក់ស្ដែង ចែក ហើយដូចថា ចែកបក្សមួយទៅបក្សមួយប្រកាន់។ បើខ្មែរសម្លាប់ខ្មែរ សួរថាតើដីហ្នឹងទុកឲ្យនរណា? នរណាអ្នកនៅហ្នឹង? ខ្មែរស្លាប់អស់ទៅ បរទេសមកនៅទៅ ឱបក្ដាប់ប្រពៃណីខ្មែរឲ្យវាធ្វើអ្វីតាមតែអំពើចិត្តវាទៅ។ មិនគិតរួបរួមគ្នាខ្មែរដើម្បីខ្មែរដោះស្រាយដោយសន្តិវិធី ដើម្បីសង្គមជាតិយើងឲ្យប្រជាជនយើងបានសុខបានស្រួលសប្បាយ»។
ទាក់ទងនឹងបញ្ហានេះ អ្នកចាស់ទុំដែលបានឆ្លងកាត់របបច្រើនជំនាន់នោះ បានអំពាវនាវដល់ជនជាតិខ្មែរគ្រប់មជ្ឈដ្ឋានផងដែរ ពិសេសសំណូមពរដល់អ្នកដែលមានតួនាទីជាអ្នកដឹកនាំគ្រប់លំដាប់ថ្នាក់ សូមឲ្យរំពឹងគិតលើកជ្រោងវប្បធម៌នោះឡើងវិញ។ ចាស់ទុំដដែលបានបន្តថា វប្បធម៌ចែករំលែកសេចក្ដីសុខឲ្យគ្នានិងគ្នានេះ គឺជាគ្រឹះដ៏រឹងមាំសម្រាប់ទល់ទ្រសង្គមជាតិខ្មែរឲ្យទៅជាជាតិសាសន៍មួយ ឬជាប្រទេសមួយដែលមានសេចក្ដីសុខសន្តិភាព ហើយក៏នឹងបង្ហាញពីកិត្យានុភាពនៃធម៌សាមគ្គីនេះដល់អន្តរជាតិឲ្យគេគោរពកោតក្រែងដល់ជនជាតិខ្មែរផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
