ក្រុមយុវជននិយមសិល្បៈ ឈ្មោះក្រុមរីកសាយ និងអង្គការសិល្បៈខ្មែរអមតៈ រៀបចំការតាំងពិព័រណ៍សិល្បៈខ្មែរលើកទី៤ ជាច្រើនទម្រង់ ក្រោមប្រធានបទ "ស្នាដៃនិងអនាគត"។ ពិព័រណ៍នេះ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមីនា នាសាលសន្និសីទចតុមុខ ដោយពាំនាំស្នាដៃសិល្បៈបង្កើតថ្មីរបស់យុវជន និងមរកតសិល្បៈ ទាំងទម្រង់ប្រជាប្រិយ និងបុរាណ មកបង្ហាញជូនជាសាធារណៈ។
ពិព័រណ៍នេះ ចាប់បើកទ្វារពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។ ការតាំងពិព័រណ៍លើកទី៤ មានពិធីសំពះគ្រូទ្រង់ទ្រាយធំ ពិធីសូត្រមន្តរាប់បាត្រ ការសម្ដែងល្ខោនខោល ស្បែកធំ ល្ខោនយីកេ ការលេងភ្លេងពិណ ការតាំងស្នាដៃសិល្បៈគំនូរ សិប្បកម្មខ្សែដៃ ការលេងល្បែងចោលឈូង បោះអង្គញ់ ដណ្ដើមស្លឹកឈើ លាក់កន្សែង ច្រៀងរាំ ការសម្ដែងរបាំឆៃយ៉ាំ របាំត្រុដិ របាំសហសម័យ របាំឆ្មា ការបញ្ចាំងកុនខ្លី ការប្រកួតប្រជែងគូរគំនូរ ផាត់ពណ៌ និងសិក្ខាសាលា បង្ហាញពីគុណតម្លៃនៃសិល្បៈ។
ប្រធានក្រុមរីកសាយ និងជាប្រធានអ្នករៀបចំពិព័រណ៍ "ស្នាដៃ និងអនាគត" លោក ឡោ វុឌ្ឍី បញ្ជាក់ថា ការរៀបចំឆ្នាំនេះ មានភាពខុសប្លែកពីបណ្ដាឆ្នាំមុនៗ ពិសេសការសម្ដែងល្ខោនខោល៖ «គឺយើងបានលើកល្ខោនខោល លេងលាយជាមួយល្ខោនស្បែកធំ ដែលជាស្នាដៃបង្កើតថ្មី ហើយយើងក៏បានលើកល្ខោនយីកេផងដែរ ព្រោះជាទម្រង់ដែលស្ទើរតែនឹងបាត់បង់ហើយ»។
អ្នករៀបចំដែលសុទ្ធសឹងតែជាយុវជន យកស្បូវ រចនាតុបតែងច្រកទ្វារចូល។ មនុស្សដើរចុះឡើងដើម្បីទស្សនារោងពិព័រណ៍ជាប់មិនដាច់។ ចំណែកភ្លេងបុរាណសម័យ ប្រគំឡើងអឺងកង កំដរបរិយាកាសក្នុងទីធ្លាពិព័រណ៍។
លោក វុឌ្ឍី ឲ្យដឹងថា គោលបំណងនៃពិព័រណ៍នេះ គឺធ្វើឡើងជាពិសេសសម្រាប់យុវជន ដោយលោកសង្កេតឃើញថា ពេលបច្ចុប្បន្ន យុវជនមួយចំនួនមិនសូវស្គាល់ និងមិនទាន់យល់ច្បាស់ពីទម្រង់នៃសិល្បៈខ្មែរ៖ «យើងមើលទៅ យុវជនមិនសូវបានយល់ដឹងច្រើនពីសិល្បៈខ្មែរ គាត់ខ្វះខាតចំណេះដឹងផ្នែកហ្នឹង។ ដោយឡែក ពេលពួកខ្ញុំជ្រើសរើសអ្នកស្ម័គ្រចិត្ត ខ្ញុំបានសួរថា តើទម្រង់សិល្បៈខ្មែរមានប៉ុន្មានប្រភេទ? សឹងតែ ៥០ភាគរយ ឆ្លើយមិនចេញនឹងសំណួរហ្នឹង»។
លោក ឡោ វុឌ្ឍី បន្ថែមថា ការយល់ដឹងពីតម្លៃសិល្បៈខ្មែរ មានសារសំខាន់សម្រាប់យុវជន ដោយលោក វុឌ្ឍី គូសបញ្ជាក់ថា ការយល់ដឹងច្បាស់ពីវប្បធម៌សិល្បៈជាតិ នឹងជំរុញឲ្យយុវជនរួមគ្នាថែរក្សាមរកតវប្បធម៌បានគង់វង្ស៖ «គោលបំណងរបស់ខ្ញុំ ធ្វើម៉េចឲ្យយុវជនគាត់យល់ដឹងពីតម្លៃនៃសិល្បៈវប្បធម៌ យល់ដឹងពីទម្រង់សិល្បៈខ្មែរ ឲ្យគាត់ស្គាល់ពីទម្រង់ហ្នឹងកាន់តែច្បាស់»។
អ្នកដឹកនាំការតាំងពិព័រណ៍រូបនេះថ្លែងថា ការចូលរួមរបស់យុវជន ជាការលើកទឹកចិត្តដល់សិល្បករវ័យក្មេងឲ្យបង្កើតស្នាដៃថ្មីៗ បន្ថែមទៀត។
កាលពីលើកមុន មានមនុស្សប្រមាណជាង ៣ពាន់នាក់ បានចូលរួមការតាំងពិព័រណ៍សិល្បៈខ្មែរ "ស្នាដៃនិងអនាគត" ហើយលោក វុឌ្ឍី មានសុទិដ្ឋិនិយមថា ចំនួនមនុស្សនឹងកើនឡើងនៅឆ្នាំនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
