ថ្ងៃទី១៤ ធ្នូ ឆ្នាំនេះ គឺជាខួបទី ២៨ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO)។ រដ្ឋាភិបាល ប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីអភិរក្សតំបន់ប្រាសាទអង្គរ។ រីឯអ្នកឃ្លាំមើល ជំរុញរដ្ឋាភិបាលឱ្យលើកគម្រោងវិនិយោគខ្នាតធំរបស់ក្រុមហ៊ុន ណាហ្គា ឃ័រ (Naga Corp) លើផ្ទៃដីជិត ១០០ហិកតារ ចេញពីតំបន់កៀករមណីយដ្ឋានអង្គរ ដើម្បីកុំឲ្យប៉ះពាល់តំបន់ប្រវត្តិសាស្ត្រមួយនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសាររំឭកខួបទី ២៨ឆ្នាំនេះថា រដ្ឋាភិបាលបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអភិរក្សរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌដ៏អស្ចារ្យនេះ។ លោក បញ្ជាក់ថា សាររំឭកខួបនេះ ដើម្បីឲ្យពលរដ្ឋគ្រប់រូបស្រឡាញ់ និងចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌ។ ពិសេសនោះលោក ហ៊ុន សែន ក៏ចង់ឲ្យពលរដ្ឋសម្ដែងការដឹងគុណដល់បុព្វបុរសខ្មែរ ក្នុងការធ្វើពលិកម្ម និងជម្នះឧបសគ្គ ដើម្បីការពារសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោក មួយនេះ។ លោកនាយករដ្ឋមន្ត្រីលើកឡើងទៀតថា បច្ចុប្បន្នរមណីយដ្ឋានអង្គរ បានក្លាយជាគោលដៅទេសចរណ៍លេខ១ នៅលើពិភពលោក ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ មកទស្សនា និងស្គាល់ពីសម្បត្តិវប្បធម៌ប្រទេសកម្ពុជា។
ទោះបីជារដ្ឋាភិបាល ប្ដេជ្ញាចិត្តថែរក្សាអភិរក្សប្រាសាទតំបន់អង្គរបែបនេះក្តី ប៉ុន្តែថ្មីៗ នេះ រដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនចិន ឈ្មោះ ណាហ្គា ឃ័រ (Naga Corp) បើកគម្រោងវិនិយោគខ្នាតធំក្នុងទឹកដីក្បែរតំបន់អង្គរក្នុងខេត្តសៀមរាប ដើម្បីសាងសង់សណ្ឋាគារផ្កាយប្រាំ កន្លែងជិះក្ដារលើទឹក សួនទឹកខ្នាតធំ សួនផ្កាចម្រុះឧទ្យានវប្បធម៌បែបប្រវត្តិសាស្ត្រ និងទីក្រុងចិនក្នុងខេត្តសៀមរាប (Siem Reap China Town) ដែលក្រុមហ៊ុនដាក់ឈ្មោះជារួមជាភាសាអង់គ្លេសថា «Angkor Lake of Wonder»។
គម្រោងនេះ មានទឹកប្រាក់ជំហានដំបូង ៣៥០លានដុល្លារអាមេរិក។ គម្រោងវិនិយោគខ្នាតធំនេះ ក្រុមហ៊ុនបានជួលដីរដ្ឋាភិបាលទំហំ ៧៥ហិកតារ ចម្ងាយ ៥០០ម៉ែត្រ ពីឧទ្យានជាតិអង្គរ។ បច្ចុប្បន្នដីតំបន់នោះ គ្រប់គ្រងដោយអាជ្ញាធរអប្សរា។ រដ្ឋាភិបាលជួលឲ្យក្រុមហ៊ុនណាហ្គា ឃ័រ (Naga Corp) រយៈពេល ៥០ឆ្នាំ គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៧០ ក្នុងតម្លៃ ៤សែន ៥ម៉ឺន (៤៥០.០០០) ដុល្លារ ក្នុងមួយឆ្នាំ ហើយដំឡើងថ្លៃ ៥ភាគរយ នៅឆ្នាំបន្ទាប់។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី១៤ ធ្នូ។ ប៉ុន្តែលោកធ្លាប់ប្រាប់ថា ការបង្កើតកន្លែងកម្សាន្តបែបសិប្បនិម្មិតរបស់ក្រុមហ៊ុនចិននឹងផ្ដល់ការងារឱ្យពលរដ្ឋខ្មែរ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយនឹងជួយផ្ដល់ចំណូលដល់រដ្ឋាភិបាល។ លោកអះអាងថា គម្រោងនោះមិនមានកាស៊ីណូបនល្បែងស៊ីសងទេ ហើយប្រសិនបើគម្រោងនោះប៉ះពាល់ដល់វប្បធម៌កម្ពុជា រដ្ឋាភិបាលនឹងចាត់វិធានការភ្លាម។
អគ្គលេខាធិការសហព័ន្ធសហជីពវិស័យទេសចរណ៍ សេវាកម្មកម្ពុជាលោក ហ៊ាំង រ៉ុន ដែលមានមូលដ្ឋាននៅខេត្តសៀមរាបចូលរួមអបអរសាទរ ថ្ងៃខួប ២៨ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក។ លោកសង្កេតឃើញថា រដ្ឋាភិបាលបានគ្រប់គ្រងឧទ្យានជាតិអង្គរបានល្អ។
លោក ហ៊ាំង រ៉ុន ឲ្យដឹងថា ស្ថានភាពភ្ញៀវទេសចរណ៍ នៅតំបន់អង្គរឆ្នាំនេះ ធ្លាក់ចុះខ្លាំង មិនធ្លាប់មានព្រោះតែវិបត្តិជំងឺកូវីដ១៩ (Covid-19)។ លោកប្រាប់ថា រាល់ឆ្នាំ ទាំងភ្ញៀវជាតិ និងអន្តរជាតិ មកលេងតំបន់អង្គរមិនដែលដាច់ តែឆ្នាំនេះខ្សត់ភ្ញៀវអន្តរជាតិ និងមានភ្ញៀវជាតិ តិចតួចបានមកលេង។ សម្រាប់អ្នកឃ្លាំមើលសិទ្ធិការងារផ្នែកវិស័យទេសចរណ៍ និងសណ្ឋាគាររូបនេះ យល់ថា គម្រោងវិនិយោគខ្នាតធំ របស់ក្រុមហ៊ុនចិន ណាហ្គា ខប នៅពេលខាងមុខនឹងផ្ដល់ទាំងភាពវិជ្ជមាន និងភាពអវិជ្ជមាន សម្រាប់វិស័យទេសចរណ៍ និងប្រវត្តិសាស្ត្រ នៅខេត្តសៀមរាប៖ « ខ្ញុំគិតថា ដោយសារខាងរដ្ឋាភិបាល គាត់ព្យាយាមមិនឲ្យមានល្បែងស៊ីសងឬល្បែងអ្វីអ៊ីចឹង។ ខ្ញុំគិតថា បើសិនជាធ្វើឲ្យមានវាអាចមានផលប៉ះពាល់ខ្លះ ហើយក៏អាចមានផលល្អខ្លះដែរ។ វាមិនមែនថា ល្អទាំងអស់ ឬក៏អាក្រក់ទាំងអស់ដែរ។ វារបៀបថា មាន ហាសិប ហាសិប អ៊ីចឹងណា»។
អង្គការ យូណេស្កូ បានដាក់ប្រាសាទទាំងឡាយនៅក្នុងតំបន់អង្គរទាំងមូល ព្រមទាំងបរិវេណ និងព្រៃព្រឹក្សានៅតំបន់អង្គរទំហំ ៤០១គីឡូម៉ែត្រការ៉េ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ អាជ្ញាធរជាតិអប្សរាបង្ហាញថា តំបន់អង្គរចែកចេញជា ៣ គឺតំបន់កណ្ដាល (ផ្ទៃដី ៣៥.១០០ហិកតារ) មានប្រាសាទច្រើនជាងគេ ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទនាគព័ន្ធ ជាដើម។ ឯតំបន់ខាងជើង (ផ្ទៃដី ២.០០០ហិកតារ) មានប្រាសាទបន្ទាយស្រី និងតំបន់ខាងត្បូង ឬហៅថា តំបន់រលួស (ផ្ទៃដី ៣.០០០ហិកតារ) មានប្រាសាទបាគង ប្រាសាទព្រះគោ ប្រាសាទលលៃ ជាដើម។
ក្រោយការដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករួច តំបន់ឧទ្យានអង្គរ ឬរមណីយដ្ឋានអង្គរទាំងមូលបានក្លាយជាកន្លែងរកចំណូលឲ្យកម្ពុជារាប់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ តាមរយៈការលក់សំបុត្រឲ្យភ្ញៀវទេសចរអន្តរជាតិចូលទស្សនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
