ក្រុមគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយ.ស៊ី.ស៊ី-អង្គរ (ICC-Angkor) បានគាំទ្រចំពោះការចាប់ខ្លួនឧក្រិដ្ឋជនដែលបានបំផ្លាញវត្ថុបុរាណ ទីមប៊ូទូ (Timbuktu) នៅប្រទេសម៉ាលី ដែលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក បញ្ជូនទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅទីក្រុងឡាអេ នៃប្រទេសហុល្លង់។
ជាមួយគ្នានេះដែរ គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ កំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការអភិរក្ស និងថែរក្សាប្រាសាទបុរាណជាច្រើននៅក្នុងប្រទេសកម្ពុជា ដែរ។
ក្រុមអ្នកជំនាញនៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គររបស់អង្គការយូណេស្កូ (UNESCO) កំពុងជួបប្រជុំផ្នែកបច្ចេកទេសរយៈពេល ២ថ្ងៃនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៣ ខែធ្នូ។
កិច្ចប្រជុំដែលមានអ្នកជំនាញបារាំង និង ជប៉ុន ធ្វើជាសហប្រធាន បានជជែកអំពីការផ្ដល់អនុសាសន៍ និងបច្ចេកទេសនានា ពាក់ព័ន្ធទៅលើកិច្ចការពារ និងជួសជុលប្រាសាទបុរាណជាច្រើនក្នុងខេត្តសៀមរាប ព្រមទាំងការអភិវឌ្ឍនានា នៅក្នុងតំបន់ឧទ្យានអង្គរឱ្យមានចិរភាព។
ប្រធាននាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរា គឺលោក ឡុង កុសល។ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រៅកិច្ចប្រជុំកាលពីព្រឹកថ្ងៃពុធ ទី២ ខែធ្នូ ថា កិច្ចគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គររបស់អង្គការយូណេស្កូ នេះ គឺពិភាក្សាទៅលើការតាមដាននៃការផ្ដល់អនុសាសន៍នានា ដែលបានដាក់ចេញឱ្យយកទៅអនុវត្ត និងជួសជុលប្រាសាទបុរាណជាច្រើននៅក្នុងខេត្តសៀមរាប កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៥ កន្លងទៅ។
លោក ឡុង កុសល៖ «ក្នុងការតាមដានអនុសាសន៍ហ្នឹង គឺថា មាន ៥-៦ចំណុច ក្នុងនោះមាននិយាយអំពីគម្រោងនៃអភិរក្សទាំងឡាយដែលបានផ្ដល់ជូនជាអនុសាសន៍ ជាការណែនាំ ហើយជាបន្តបន្ទាប់ទៀត គឺគេនឹងពិភាក្សាអំពីការអភិរក្ស»។
ក្នុងកិច្ចប្រជុំ ICC-Angkor ដែលកំពុងប្រព្រឹត្តទៅនៅក្នុងខេត្តសៀមរាប នេះ ក្រុមអ្នកជំនាញរបស់គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គររបស់អង្គការយូណេស្កូ ក៏បានគាំទ្រឱ្យអ្នកជំនាញរបស់អាជ្ញាធរអប្សរាធ្វើការជួសជុលក្បាច់ចម្លាក់នៃពិតានខ្លះនៅលើរោងទោងរបស់ប្រាសាទអង្គរវត្ត ដែលបានខូចខាតទៅហើយ។
ប្រធាននាយកដ្ឋានអភិរក្សក្នុងតំបន់អង្គរ និងឧទ្យានបង្ការរបស់អាជ្ញាធរអប្សរា លោក លី វណ្ណា ថ្លែងថា អាជ្ញាធរអប្សរាបានប្រើជំនាញឆ្លាក់ក្បាច់អំពីឈើយកទៅជួសជុលពិតាននៃប្រាសាទអង្គរវត្តខ្លះនៅម្ដុំកូរសមុទ្រទឹកដោះឡើងវិញ ដោយសារតែពិតាននោះបានខូចខាត។
លោក លី វណ្ណា បញ្ជាក់ថា អាជ្ញាធរអប្សរាបានសិក្សារកស្លាកស្នាមចាស់ទីនោះជាច្រើនឆ្នាំ ទើបបានសម្រេចឆ្លាក់ផ្ទាំងចម្លាក់អំពីឈើទំហំប្រមាណពី ៥ ទៅ ៦ម៉ែត្រ ដើម្បីយកទៅជួសជុលសាកល្បង៖ «ក្បាច់សំខាន់ជាងគេគឺក្បាច់ត្របកឈូក ផ្កាឈូក ហើយអមទៅដោយក្បាច់ស្នែងផ្សេងៗទៀត។ ពីរបីឆ្នាំហើយ ទម្រាំតែយើងសិក្សាបាននូវក្បាច់ចម្លាក់ចុងក្រោយ»។
នៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គររបស់អង្គការយូណេស្កូ លើកទី២៥នេះ មានលក្ខណៈពិសេសជាងពេលណាទាំងអស់នោះ ដោយសារតែមានក្រុមយុវជនបេតិកភណ្ឌមកពីបណ្ដាប្រទេសអាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក បានប្រកាសគាំទ្រទៅលើកិច្ចការពារបេតិកភណ្ឌនៃតំបន់អង្គរ ព្រមទាំងកិច្ចការពារប្រាសាទបុរាណនៅកម្ពុជា ផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
