បើទោះបីមានការរឹតត្បិតសិទ្ធិសេរីភាពពីមេដឹកនាំវៀតណាមក្ដី ប្រជាពលរដ្ឋខ្មែរក្រោម ព្យាយាមប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល ៤ថ្ងៃយ៉ាងខ្ជាប់ខ្ជួន ដោយមានការតុបតែងលម្អវត្តអារាម មុខផ្ទះ និងការស្លៀកពាក់បែបប្រពៃណីបុរាណយ៉ាងប្រណិត ជាពិសេស នៅខេត្តព្រះត្រពាំង និងខេត្តឃ្លាំងជាដើម។
ពលរដ្ឋនៅកម្ពុជាក្រោម ក្នុងខេត្តព្រះត្រពាំង និងខេត្តឃ្លាំង ឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ពួកគាត់សប្បាយរីករាយ ព្រោះបានចួបជុំបងប្អូនជិតឆ្ងាយ ធ្វើបុណ្យដាក់បាត្រ ប្រគេនចង្ហាន់ព្រះសង្ឃ ហើយ បានលេងល្បែងប្រជាប្រិយ ដូចជា រាំកម្សាន្ត បោះអង្គញ់ ទាញព្រ័ត្រ វាយក្អម និងលេងល្បែងប្រជាប្រិយជាច្រើនទៀត ដែលជាប្រពៃណីរបស់ខ្មែរ។
ពលរដ្ឋរស់នៅ ខេត្តព្រះត្រពាំង លោក ថាច់ ថៃ ប្រាប់វិទ្យុអាស៊ីសេរីថា នៅថ្ងៃទី១៦ ខែមេសា ថា ពិធីបុណ្យចូលឆ្នាំខ្មែរអស់រយៈពេល ៤ថ្ងៃនេះ ឃើញមានប្រជាពលរដ្ឋ និងយុវជនរាប់រយនាក់ នាំគ្នាមកស្រង់ព្រះ និងដាក់បាត្រព្រះសង្ឃ លេងល្បែងប្រជាប្រិយ នៅវត្តសីលាទ្រ ហៅថ្មទល់។
Opens in new windowរីឯពិធីដង្ហែកបិលមហាព្រហ្ម អបអរសាទរ បុណ្យចូលឆ្នាំខ្មែរវិញ ឃើញមានព្រះសង្ឃ ពលរដ្ឋ និងយុវជនជាច្រើនដើរដង្ហែតាមផ្លូវ ដែលមានការតុបតែងឡាន រទេះ លម្អដោយផ្កា ដើម្បីបួងសួងសុំសេរីសួស្ដី។ ចំណែកយុវជន និងពលរដ្ឋ កាន់ទង់ជាតិសាសនាព្រះពុទ្ធ និងទង់ខ្មែរក្រោម។
ប្រជាពលរដ្ឋម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ និងសំឡេង ព្រោះបារម្ភសុវត្ថិភាព ឱ្យដឹងថា ការប្រឹងប្រែងរៀបចំ ពិធីបុណ្យចូលឆ្នាំខ្មែរ ជារៀងរាល់ឆ្នាំរបស់ពលរដ្ឋ និងព្រះសង្ឃនៅខ្មែរក្រោម ព្រោះចង់អភិរក្សប្រពៃណីជាតិ។ ដ្បិតថា ពិធីបុណ្យចូលឆ្នាំខ្មែរ មិនត្រូវបានលើកទឹកចិត្ត ឬអនុញ្ញាត ឈប់សម្រាកពីកន្លែងការងារ តាមច្បាប់ប្រទេសវៀតណាមក្ដី ប៉ុន្តែ ពលរដ្ឋគ្រប់រូបនៅតែប្ដេជ្ញាអភិរក្ស និងតស៊ូរៀបចំឡើងបានយ៉ាងរលូន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
