ស្ថានភាពពិធីបុណ្យចូលឆ្នាំខ្មែររបស់ជនជាតិដើមភាគតិចខេត្តភាគឦសាន
2024.04.15

ជនជាតិដើមភាគតិចរស់នៅខេត្តភាគឦសានមួយចំនួនបន្តផ្លាស់ប្ដូរប្រពៃណី និងវប្បធម៌ផ្សារភ្ជាប់ជាមួយពលរដ្ឋខ្មែរ។ ការទទួលយកវប្បធម៌ថ្មីរបស់ពួកគេ រួមមាន ការប្រើប្រាស់ភាសា សម្លៀកបំពាក់ និងប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរជាដើម។
តើក្រុមសហគមន៍ជនជាតិដើមភាគតិចទាំងនោះ មានទស្សនៈបែបណាជុំវិញការវិវឌ្ឍបែបនេះ?
កាលពីសម័យមុនឬមុនឆ្នាំ២០០០ នៅខេត្តមណ្ឌលគិរី ក្រចេះ ព្រះវិហារ ស្ទឹងត្រែង និងខេត្តរតនគិរី ជាតំបន់សំបូរជនជាតិដើមភាគតិចរស់នៅ ហើយភាគច្រើនពួកគាត់មិនបានប្រារព្ធ ប្រពៃណីចូលឆ្នាំខ្មែរនោះឡើយ។
ក្រុមសហគមន៍ជនជាតិដើមភាគតិចទាំងនោះប្រកាន់ជំនឿ សែនអារក្ស សែនផ្នូរ និងសែនព្រេនតាមភូមិ ដើម្បីសុំផលស្រូវ ក្នុងសហគមន៍របស់ពួកគាត់។
តំបន់ខ្លះពួកគេ រស់នៅបែបកុលសម្ព័ន្ធ ដោយមានមេកន្ទ្រាញជាដឹកនាំក្រុមក្នុងព្រៃភ្នំ ហើយអាស្រ័យផលព្រៃឈើ ជាកន្លែងរស់នៅ និងចិញ្ចឹមជីវិតតាំងពីបុរាណកាលមក។
ក៏ប៉ុន្តែនៅរយៈពេលជាង ២០ ឆ្នាំកន្លងទៅនេះ សហគមន៍ជនជាតិដើមភាគតិចរួមមានជនជាដើមកួយ ព្នង គ្រឹង ទំពូន ចារាយ ព្រៅ កាចក់ លន់ និងកាវេត ជាដើម ស្ទើរតែទាំងអស់បានកាន់យកពិធីបុណ្យចូលឆ្នាំ យកចង្ហាន់ទៅវត្តអារាម និងប្រជាជនខ្មែរទូទៅដែរ។
ការផ្សារភ្ជាប់ប្រពៃណីខ្មែរនេះ អាចជាប់ទាក់ទងនឹងវប្បធម៌ព្រមទាំងការប្រើប្រាស់ភាសាងាយស្រួលក្នុងការទាក់ទងគ្នា។ ជនជាតិដើមភាគតិចខ្លះ ដែលមានវ័យចំណាស់មិនចេះនិយាយភាសាខ្មែរនោះទេ ពួកគេកម្រនឹងធ្វើដំណើរ ឆ្ងាយពីភូមិកំណើត ដោយសម្ងំធ្វើកសិកម្ម និងអាស្រ័យផល ក្នុងព្រៃតែប៉ុណ្ណោះ។
ជនជាតិដើមភាគតិចព្នងរស់នៅខេត្តមណ្ឌលគិរី លោក គ្រើង តុលា ប្រាប់វិទ្យុអាស៊ីសេរីថា ហេតុផលដែលជនជាតិដើមភាគតិចមួយចំនួន កាន់យកប្រពៃណីដូចពលរដ្ឋខ្មែរ ដោយសារកូនចៅពួកគាត់យកប្រពន្ធ ជាជនជាតិខ្មែររស់នៅលាយឡំគ្នា ក៏ប៉ុន្តែពួកគាត់ក៏មិនបោះបង់ ជំនឿ និងវប្បធម៌របស់ជនជាតិដើមភាគតិចដែរ។
លោកយល់ថា នេះជារឿងល្អ ពីព្រោះវាធ្វើកាន់តែ ធ្វើឱ្យពលរដ្ឋខ្មែរ និងជនជាតិដើមកាន់តែយល់ច្បាស់ពីវប្បធម៌និងប្រពៃណីរបស់គ្នាទៅវិញទៅមក ដែលអាចនាំមកនូវការរស់នៅក្នុងសង្គមជាមួយគ្នាកាន់តែល្អប្រសើរ។
លោក គ្រើង តុលា៖ «បច្ចុប្បន្នជនជាតិដើមភាគតិចលាយខ្លះហើយ ជូនកាលប្រពន្ធគាត់ខ្មែរ និងប្តីគាត់ខ្មែរជាដើម។ ដោយសារកាត់តាមបង ជួនកាលកាត់តាមប្អូន ជូនកាលសែនដូចគ្នា»។
នៅខេត្តមណ្ឌលគិរី ភាគច្រើនជនជាតិដើមព្នង រដែរ រអ៊ូង។ រីឯខេត្តរតនគិរី ភាគច្រើនមានជនជាតិដើមគ្រឹង ទំពូន ចារាយ ព្រៅ កាចក់ លន់ និងកាវេត។ រីឯចំណែកនៅខេត្តក្រចេះ ព្រះវិហារ និងស្ទឹងត្រែង មានជនជាតិដើមភាគតិចកួយ និងស្ទៀងជាដើម។
ស្ទើរជារៀងរាល់ឆ្នាំ ជនជាតិដើមភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរី បានកំណត់ទីតាំងភ្នំដោះក្រមុំ ជាតំបន់ដែលពួកគាត់មកជួបជុំ រៀបចំពិធីសែនព្រេនលែងល្បែងកម្សាន្តបែបជនជាតិដើមភាគតិច។
ប្រធានបណ្ដាញសហគមន៍ជនជាតិដើមភាគតិចព្នង លោកស្រី ភ្លឹក ភីរុំ ឱ្យដឹងថា ជនជាតិដើមភាគតិចយ៉ាងហោច ៤០០នាក់ មកពីគ្រប់ស្រុកក្នុងខេត្តមណ្ឌលគិរី តែងតែមកជួបជុំគ្នា សែនអ្នកតាភ្នំ និងដើរដង្ហែក្បូន ទទួលទានអាហារសាមគ្គី លេងក្បែរកម្សាន្ត ជិះឈើ រាំ និងស្លៀកពាក់ជាតិដើមភាគតិច ដើម្បីចូលរួមកម្មវិធីរំលឹកវប្បធម៌ជនជាតិដើមភាគតិច។ លោកស្រីថា វិធីនេះមានការចូលរួមពីអាជ្ញាធរខេត្តមណ្ឌលគិរី បង្ហាញពីការសាមគ្គីភាព។
លោកស្រី ភ្លឹក ភីរុំ៖ «គាត់ធ្លាប់ធ្វើទាហាន និងចៅហ្វាយខេត្ត ពេលនេះជាឱកាស ដែលពួកគាត់ត្រូវចែករំលែកក្នុងមួយថ្ងៃហ្នឹង។ ច្រៀងចម្រៀងប្រពៃណីអត្ថបទរបស់គេ ការអប់រំរបស់យុវជន ការសាមគ្គីគ្នា គេមានចម្រៀងពិសេស ជូនកាលជនជាតិដើមភាគតិចជាយុវជនគាត់អស់សូវយល់ទេ។ លើកលែងតែជនជាតិដើមភាគតិចដូចពួកខ្ញុំ គេយល់»។
រីឯនៅខេត្តស្ទឹងត្រែងឯណោះវិញ អាជ្ញាធរខេត្តស្ទឹងត្រែង ប្រារព្ធពិធីបុណ្យប្រាសាទព្រះគោ ផ្សារភ្ជាប់សិល្បៈវាយខែលស្ទើរជារៀងរាល់ឆ្នាំ ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដែលប្រារព្ធឡើងនៅបរិវេណប្រាសាទព្រះគោ ក្នុងស្រុកថាឡាបរិវ៉ាត់។
ជនជាតិដើមភាគតិចកួយ ចាត់ទុកសិល្បៈវាយខែលថា ជាការរំឭកគុណបុព្វបុរសខ្មែរធ្វើសង្គ្រាម។
ជនជាតិដើមភាគតិចកួយ រស់នៅស្រុកថាឡាបរិវ៉ាត់ លោក ថាន់ វ៉ន មានជំនឿថា ការអភិរក្សវប្បធម៌ បន្សល់ពីដូនតាឱ្យគង់ គឺជាការរំលឹកដឹងគុណបុព្វបុរសខ្មែរដែរ។ លោកថា មុនចូលឆ្នាំជនជាតិដើមភាគតិចកួយ បានរៀបចំផ្ទះ និងតុបតែងភ្លើងព័ណ៌ត្រៀមទទួលទេព្តាឆ្នាំថ្មី។ រីឯកូនចៅរបស់ពួកគេ ក៏វិលត្រឡប់មកស្រុកកំណើតមុនថ្ងៃចូលឆ្នាំខ្មែរ ដើម្បីជួបជុំបងប្អូនសាច់ញាតិក្នុងពិធីចូលឆ្នាំនេះផងដែរ។
លោក ថាន់ វ៉ន៖ «រឿងវាលខែលជាវប្បធម៌ច្បាំងគ្នាយកទឹកដី ពីដើមអត់មានទេកាំភ្លើង មានតែវាយគ្នា ចាក់ជាំកាំបិត និងបាញ់ធ្នូ ឬការពារខ្លាចនរណា មកយកទឹកដីគេ»។
រីឯជនជាតិដើមភាគតិចកួយខេត្តព្រះវិហារ លោកស្រី ងួន ហៀង កត់សម្គាល់ថា ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ អ្នកភូមិភាគច្រើនខ្វះខាត ពុំសូវមានថវិកា ទិញសម្ភារៈ និងធ្វើពិធីសែនព្រេនធំដុំទេ។
លោកស្រីថា រៀងរាល់ឆ្នាំអ្នកភូមិ វេចនំអន្សម ផ្លែឈើ ទៀន ធូប និងសម្ភារៈផ្សេងៗ ថ្វាយទេវតាឆ្នាំថ្មី នៅតាមផ្ទះរៀងៗ ខ្លួន ក៏ប៉ុន្តែឆ្នាំនេះ ដោយសារជីវភាពខ្វះខាត ពួកគាត់មិនសូវមានអារម្មណ៍អបអរពិធីបុណ្យចូលឆ្នាំទេ ដោយសារជំពាក់បំណុលធនាគារ និងខ្លះទៀតធ្វើចំណាកស្រុក។
លោកស្រី ងួន ហៀង៖ «ខ្ញុំទៅវត្តសូត្រមន្តបង្សុកូលហើយនឹងទៅចង្ហាន់លោក ឃើញថា ឃើញចុះថយជាក់ស្តែង ឃើញជំពាក់ធនាគារ ពេលខ្លះអ្នកចំណាកស្រុក អត់ទាន់មានជុំវិញទេ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងវប្បធម៌ លោក ស៊ុំ ម៉ាប់ ដើម្បីសុំការអធិប្បាយ ជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី១០ មេសា។
ក្រៅពីការពិធីរៀបចំនំ ផ្លែឈើ និងសម្ភារៈធូបទៀនទទួលទេវតាថ្មីនៅតាមផ្ទះរៀងខ្លួន ជនជាតិដើមព្នងខ្លះ បានយកចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម ដូចពលរដ្ឋខ្មែរឡើយ។
ប្រធានបណ្ដាញសហគមន៍ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី លោកស្រី ភ្លឹក ភីរុំ បន្ថែមថា អត្តសញ្ញាណរបស់ជនជាតិដើមភាគតិច កំពុងប្រឈមការបាត់បង់ ហេតុនេះជនជាតិដើមភាគតិចបានរួបរួមគ្នា រៀបចំ កម្មវិធីបុណ្យរំលឹកវប្បធម៌ ជនជាតិដើមភាគតិចមុនពិធីបុណ្យចូលឆ្នាំខ្មែរ។
លោកស្រីបញ្ជាក់ថា ជនជាតិដើមភាគតិច ៦អម្បូរក្នុងខេត្តរតនគិរីបានរួមគ្នា ប្រារព្ធពិធីបុណ្យរំលឹកវប្បធម៌ជនជាតិដើមភាគតិចក្នុងសប្តាហ៍នេះ និងជនជាតិដើម ៤អម្បូរទៀត ប្រារព្ធក្នុងខេត្តមណ្ឌលគិរីនៅសប្តាហ៍ក្រោយ។
ប្រជាសហគមន៍បន្ថែមថា ជនជាតិដើមភាគតិចប្រមាណ ៩០ភាគរយបានទទួលយកពិធីបុណ្យចូលឆ្នាំខ្មែរសម្រាប់ប្រពៃណីថ្មីរបស់សហគមន៍។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមានរយៈពេលបីថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា។ អាជ្ញាធរខេត្តនីមួយៗ កំពុងរៀបចំពិធីបុណ្យចូលឆ្នាំថ្មី នៅទីតាំងសំខាន់ៗដោយបោសសម្អាតធ្វើអនាម័យ រៀបចំតាំងលំអតាមផ្លូវសាធារណៈ សួនច្បារដោតទង់ជាតិទង់សាសនា នៅតាមអគាររបស់រដ្ឋ និងតាមលំនៅឋានប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។