អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យដឹងថា ខាងក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះករណីបំផ្លិចបំផ្លាញព្រះវិហារបុរាណមួយ ស្ថិតនៅក្នុងវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ការលើកឡើងនេះ ក្រោយពេលព្រះវិហារចំណាស់ក្នុងវត្តមួយនេះត្រូវបានគេវាយកម្ទេចទាំងស្រុង កាលពីចុងខែសីហា កន្លងមក ហើយរងការរិះគន់ជាច្រើនពីមតិសាធារណៈ និងរដ្ឋមន្ត្រីមួយចំនួនទៀតផង។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សោកស្ដាយចំពោះការបំផ្លិចបំផ្លាញវិហារចំណាស់មួយស្ថិតនៅក្នុងវត្តកំពង់ធំ កាលពីពេលថ្មីៗនេះ។ ក្រៅពីការសោកស្ដាយ ក្រសួងនឹងចាត់វិធានការចំពោះករណីនេះទៅតាមផ្លូវច្បាប់ ដើម្បីជាសារមួយផ្ញើដល់បណ្ដាវត្តអារាមនានា ជៀសវាងធ្វើឱ្យមានករណីបែបនេះកើតឡើងបន្តទៀត។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា មានប្រសាសន៍នៅថ្ងៃទី២ ខែកញ្ញា ថាក្រសួងមិនជឿឡើយថាព្រះចៅអធិការវត្តកំពង់ធំ មិនដឹងថាព្រះវិហារចំណាស់ក្នុងវត្តមួយនេះជាសម្បត្តិបេតិកភណ្ឌរបស់ជាតិទេ។ លោកបន្តថា ព្រះអង្គមានការយល់ច្រឡំមួយដ៏ធំធេង ហើយសកម្មភាពបំផ្លាញព្រះវិហារនោះ ធ្វើឡើងនៅពេលយប់ថែមទៀតផង៖ «យើងនឹងពិភាក្សាជាមួយក្រុមប្រឹក្សាកិច្ចការងាររបស់យើងនៅក្រសួង អមដោយអ្នកច្បាប់ ឬមេធាវី ដើម្បីយើងអនុវត្តកិច្ចការងារនេះ»។
លោកបន្ថែមថា ចរន្តដែលចង់បំផ្លិចបំផ្លាញព្រះវិហារចំណាស់ គឺមិនមែនកើតឡើងតែនៅខេត្តកំពង់ធំ ប៉ុណ្ណោះទេ ប៉ុន្តែមាននៅតាមបណ្ដាខេត្តផ្សេងទៀត ដោយពួកគេអាចជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ណាមួយក្រោមហេតុផលថា វិហារទាំងនោះចាស់ទ្រុឌទ្រោម និងត្រូវកសាងថ្មីឡើងវិញ។ ជាក់ស្តែង ព្រះវិហារចំណាស់មួយនៅវត្តស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ ដែលមានអាយុកាលជាង ១០០ឆ្នាំ ក៏មានការប៉ុនប៉ងចង់កម្ទេចចោលដើម្បីធ្វើព្រះវិហារថ្មីដែរ ប៉ុន្តែក្រសួងបានអន្តរាគមន៍ទាន់ពេលវេលា ស្របតាមសំណូមពរចំណុះជើងវត្តមួយចំនួន និងព្រះចៅអធិការវត្តផង ដើម្បីអភិរក្ស និងជួសជុលព្រះវិហារចំណាស់ឡើងនោះ ព្រមទាំងបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌរបស់ជាតិទៀតផង។
ក្រោយពេលវិហារចំណាស់ក្នុងវត្តកំពង់ធំ ត្រូវបានគេកម្ទេចចោលទាំងស្រុងកាលពីថ្ងៃទី២៨ ខែសីហា មានប្រតិកម្មពីមហាជនជាច្រើន និងមានប្រតិកម្មពីរដ្ឋមន្ត្រីមួយចំនួនផង។
កាលពីថ្ងៃទី៣១ ខែសីហា បណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហោះរូបភាពព្រះវិហារ ដែលត្រូវបានគេកម្ទេចមួយចំនួន និងបានសរសេរបញ្ជាក់ថា វត្តឥន្ទ្រីយ៍សំវរៈ ត្រូវបានកសាងឡើងនៅឆ្នាំ១៦៣៣ ហើយព្រះវិហារនេះត្រូវបានកសាងឡើងនៅឆ្នាំ១៩៤៨ និងដាក់ជាសម្បត្តិបេតិកភណ្ឌជាតិនៅឆ្នាំ២០០៧។ ព្រះវិហារនេះ មានរូបគំនូរបុរាណជាច្រើន ប៉ុន្តែពេលនេះព្រះចៅអធិការវត្តសម្រេចឱ្យវាយចោលគ្មានស្ដាយស្រណោះ។ គំនូរនៅលើជញ្ជាំងក្រៅពីបង្ហាញពីសកម្មភាពរបស់ព្រះសម្មាសម្ពុទ្ធកាលទ្រង់នៅមានព្រះជន្ម គឺមានគំនូរមួយចំនួនបង្ហាញពីការជួបជុំថ្នាក់ដឹកនាំនៃបណ្ដាប្រទេសមួយចំនួនជាមួយអតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា បានចូលបញ្ចេញមតិចំពោះការបង្ហោះរូបភាព និងការបញ្ចេញយោបល់របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយបញ្ជាក់ថា មន្ត្រីជំនាញទៅហាមឃាត់ពេលល្ងាច ព្រះអង្គថា អាត្មាដឹងហើយ ស្អែកឡើងទៅដល់រាបដល់ដី គឺលោកប្រឹងវាយកម្ទេចចោលទាំងយប់តែម្ដង។ អ្នកស្រីហាក់ងឿងឆ្ងល់ថា អ្នកដែលគួរថែរក្សាបែរជាខំប្រឹងបំផ្លាញទៅវិញ។ លោកស្រី ថែមទាំងដាក់ជាសំណួរថា តើបានអ្វីចំណេញពីការបំផ្លាញបេតិកភណ្ឌជាតិមួយនេះ ក្រៅពីការឈឺចាប់សម្រាប់វប្បធម៌របស់ខ្លួន។
អាស៊ីសេរី មិនអាចទាក់ទងព្រះចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ និងជាព្រះមេគណខេត្តកំពង់ធំ ព្រះតេជព្រះគុណ សៀង សុខ បានទេ នៅថ្ងៃទី២ ខែកញ្ញា។
អភិបាលខេត្តកំពង់ធំ លោក សុខ លូ មានប្រសាសន៍ថា លោកទើបតែដឹងរឿងនេះ ក្រោយពេលហេតុការណ៍បានកើតឡើងរួចទៅហើយ ដោយព្រះចៅអធិការវត្តរុះរើព្រះវិហារ គឺមិនបានជូនដំណឹង ឬសុំការអនុញ្ញាតពីអាជ្ញាធរទេ។ លោកសោកស្ដាយចំពោះព្រះវិហារដែលបាត់បង់ ប៉ុន្តែអ្វីៗ វាហួសពេលទៅហើយ ម្យ៉ាងរឿងនេះកើតឡើងដោយការឆកល្វែង និងជាមេរៀនសម្រាប់កន្លែងដទៃទៀតផងដែរ៖ «ថ្មីៗនេះ យើងបានដឹងថា កន្លែងហ្នឹងបានចុះបញ្ជី ហើយខ្ញុំសួរទៅលោក លោកថា អត់ដឹងសោះ ហើយខេត្តក៏អត់បានដឹងទៀត ការចុះបញ្ជីអភិរក្សថែរក្សាហ្នឹង»។
ក្រមព្រហ្មទណ្ឌមាត្រា ៥១០ ចែងថា អំពើដែលធ្វើឡើងដោយចេតនា ក្នុងការបំផ្លាញបណ្ដាលឱ្យទ្រុឌទ្រោម និងខូចខាតដល់បូជនីយដ្ឋានបូជាចំពោះព្រះពុទ្ធសាសនា ឬបូជនីយវត្ថុក្នុងសាសនានេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ដល់ ១០លានរៀល។
មន្ត្រីសម្របសម្រួលស្ដីទីអង្គការលីកាដូ (LICADHO) ខេត្តកំពង់ធំ លោក ឈួម រុណ យល់ថា ព្រះវិហារនោះ ជាសម្បត្តិរបស់ដូនតា និងជាសម្បត្តិរបស់ខ្មែរជំនាន់ក្រោយ។ លោកថា ប្រសិនបើករណីនេះមិនបានសហការជាមួយស្ថាប័នជំនាញដើម្បីចុះទៅពិនិត្យ និងជួសជុលជាមុននោះទេ ហើយបែរសម្រេចបំផ្លាញព្រះវិហារដោយខ្លួនឯងគឺជារឿងខុសច្បាប់។ លោកគាំទ្រឱ្យមានការស៊ើបអង្កេតករណីនេះឱ្យបានច្បាស់លាស់ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
