ជនជាតិដើមភាគតិច ១០អម្បូរ នៅខេត្តចំនួន ៤រួមមានខេត្តមណ្ឌលគិរី ក្រចេះ រតនគិរី និងខេត្តស្ទឹងត្រែង ជាង ៤រយនាក់បានមូលមតិគ្នាប្រារព្ធពិធីរំឭកវប្បធម៌ជនជាតិដើមភាគតិចលើកទី២ នៅក្នុងមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចឋិតលើភ្នំដោះក្រមុំ។ សហគមន៍ជនជាតិដើមភាគតិចអះអាងថា ការប្រារព្ធទិវានេះក្នុងបំណងអភិរក្សវប្បធម៌ និងអត្តសញ្ញាណជនជាតិដើមភាគតិច រួមមាន ភាសា សំលៀកបំពាក់ និងទំនៀមទម្លាប់ប្រពៃណីដែលកំពុងថយចុះគួរឲ្យព្រួយបារម្ភ។
ជនជាតិដើមភាគតិចនៅខេត្តភាគឦសានជាង ៤រយនាក់បានសាមគ្គីគ្នាប្រារព្ធទិវាវប្បធម៌ជនជាតិដើមភាគតិចរយៈពេល ២ថ្ងៃ នៅមុនចូលឆ្នាំខ្មែរ ដើម្បីបង្ហាញពីការសាមគ្គីគ្នារកវិធីសាស្ត្រថែរក្សាភាសាជនជាតិដើម ដែលកំពុងថយចុះ។ ចាស់ទុំជនជាតិដើមភាគតិចព្នងកត់សម្គាល់ថា ប្រពៃណីវប្បធម៌ ភាសា និងអត្តសញ្ញាណរបស់ពួកគាត់បានថយចុះច្រើន ដោយសារបាត់បង់ព្រៃឈើ ជម្លោះដីធ្លី និងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចជាដើម។
ប្រធានបណ្ដាញសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី លោកស្រី ផ្លឹក ភីរម្យ ឲ្យដឹងនៅថ្ងៃទី១១ មេសាថា ពិធីបុណ្យនេះបានប្រមូលផ្ដុំជនជាតិដើមភាគតិចជាច្រើនអម្បូរ គ្រប់ទីកន្លែងនៅខេត្តភាគឦសាន ដើម្បីបង្កើនសាមគ្គីភាព និងភាពសប្បាយរីករាយ ក្នុងគោលដៅរួមមូលគំនិតគ្នាថែរក្សាមរតកវប្បធម៌ជនជាតិដើមភាគតិច ដែលបន្សល់ចុងក្រោយឲ្យគង់វង្សសម្រាប់កូនខ្មែរជំនាន់ក្រោយ។ លោកស្រីបារម្ភថា អត្តសញ្ញាណជនជាតិដើមភាគតិចបានបាត់បង់បន្តិចម្តងៗ ដោយសារថយចុះ ទំហំព្រៃអាស្រ័យផលបាត់បង់បន្លែផ្លែឈើព្រៃ និងទឹកអូរធម្មជាតិត្រូវបានគេលុបពីព្រោះតែការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ដែលជាហេតុធ្វើឲ្យប៉ះពាល់ជីវភាព និងប្រពៃណីរបស់ពួកគេ។ លោកស្រីបន្ថែមថា ការប្រារព្ធទិវានេះគឺការដាស់ស្មារតីឲ្យជនជាតិដើមភាគតិចរួមគ្នាថែរក្សាអត្តសញ្ញាណរួមមានភាសា អក្សរ ចម្រៀង និងភ្លេងជនជាតិដើមភាគតិចជាដើម៖ «ពួកគាត់មកពីគ្រប់ភូមិទាំងអស់។ អីចឹងគាត់ចាប់ផ្ដើមប្រកួតប្រជែងពីចម្រៀងរបស់ពួកគាត់។ ពួកគាត់ចាប់ផ្ដើមប្រកួតប្រជែងពីសំលៀកបំពាក់តាមភូមិមួយៗ សំលៀកបំពាក់អីខ្លះតើគាត់បានបោះចោលអ្វីខ្លះ ? គេចាប់ផ្ដើមនិយាយរឿងប្រវត្តិសាស្ត្រផ្សេងៗ នៅខេត្តមណ្ឌលគិរី មានចាស់ទុំ។ គាត់ចាប់ផ្ដើមប្រាប់ពីឈ្មោះនៅក្នុងខេត្តមណ្ឌលគិរី » ។
លោកស្រី ផ្លឹក ភីរម្យ បន្ថែមថា ដីធ្លីដែលជាជង្រុកព្រៃឈើ និងព្រៃអាស្រ័យផលរបស់ជនជាតិដើមភាគតិចប្រើប្រាស់ជាសមូហភាព បានបាត់បង់ជាបន្តបន្ទាប់ ហើយដីចម្ការវិលជុំ និងព្រៃគោរពបូជាក៏កាន់តែរួមរួចចង្អៀត សូម្បីតែទឹកបឹងធម្មជាតិមួយចំនួន ដែលពួកគេរកត្រីសាច់ក៏បាត់បង់ដែរដោយសារក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចាក់ដីលុប។ លោកស្រីថា សហគមន៍នឹងរកមធ្យោបាយគាំពារវប្បធម៌ជនជាតិដើមភាគតិចឲ្យគង់វង្ស តាមរយៈការសាមគ្គីគ្នាប្រារព្ធពិធីបុណ្យនេះជារៀងរាល់ឆ្នាំ នៅមុនចូលឆ្នាំខ្មែរ និងការជួបជុំគ្នាសម្ដែងមតិក្នុងពិធីបុណ្យទិវាសិទ្ធិជនជាតិដើមភាគតិចពិភពលោកជាដើម៖ «ដីធ្លីរបស់ពួកគាត់មួយចំនួនធំ ត្រូវបានបាត់បង់ ការជួបជុំរបស់ពួកគាត់ ក៏អត់បានជួបជុំគ្នាដែរ។ ពួកយើងចាប់ផ្ដើមបង្កើតការរំឭកវប្បធម៌ជនជាតិដើមភាគតិច ដើម្បីឲ្យពួកគាត់ចាប់ផ្ដើមចេះថែរក្សាអត្តសញ្ញាណរបស់ពួកគាត់។ ពួកគាត់ចាប់ផ្ដើមសាមគ្គី មុនគាត់មានចម្រៀងពិសេស គាត់មានកម្មវិធីពិសេស ប៉ុន្តែឥឡូវចាស់ៗ គាត់ស្លាប់ នៅសល់ម្នាក់ ឬពីរនាក់ ហើយគាត់ចង់ចែករំលែកហ្នឹងទៅដល់កូនចៅជំនាន់ក្រោយ » ។
ជនជាតិដើមភាគតិចរាប់រយនាក់បានដើរដង្ហែក្បូន នៅជើងភ្នំដោះក្រមុំ នៅថ្ងៃទី១១ មេសានេះ ដោយលើកស្លាកសញ្ញាសរសេរថា រំឭកវប្បធម៌ជនជាតិដើមភាគតិចខ្លះគោះគង ច្រៀងភាសាជនជាតិ និងតុបតែងខ្លួនប្រាណជាជនជាតិដើមភាគតិច។ អ្នកភូមិទទួលទានអាហាររួមគ្នា ជួលអកកាដង់រាំកម្សាន្តពេលរាត្រី និងសម្លាប់មាន់ទា ជ្រូកសែនព្រេន ក្នុងពិធីបុណ្យរយៈពេល ២ថ្ងៃជាប់គ្នា។
លេខាធិការគណៈកម្មការគ្រប់គ្រងភ្នំដោះក្រមុំលោក ក្រើង តុលា ឲ្យដឹងថា សហគមន៍ជនជាតិដើមភាគតិចសប្បាយរីករាយ នៅគ្រាដែលអាជ្ញាធរខេត្ត និងអាជ្ញាធរជាតិ បានប្ដេជ្ញាចិត្តនឹងដោះស្រាយជម្លោះដីធ្លីនៅតំបន់ភ្នំដោះក្រមុំឲ្យដាច់ស្រឡះ និងត្រៀមចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ លោកថា ពួកគេបានតាមដានយន្តការដោះស្រាយវិបត្តិដីធ្លីនេះ និងត្រៀមតវ៉ា ប្រសិនបើការដោះស្រាយមិនមានតម្លាភាព និងមិនស្របតាមការសំណូមពររបស់ជនជាតិដើមភាគតិច។ លោកថា តំបន់ភ្នំដោះក្រមុំជាទីតាំងស្នូល នៅខេត្តភាគឦសាន និងជាតំបន់គោរពបូជាជនជាតិដើមភាគតិចគ្រប់អម្បូរ ដែលពួកគេកំណត់ទីនេះជាកន្លែងធ្វើបុណ្យប្រពៃណីជារៀងរាល់ឆ្នាំ ដើម្បីរំឭកវប្បធម៌ប្រពៃណី និងអត្តសញ្ញាណ៖ «នីតិវិធីនៃការដោះស្រាយមុនបន្ទាន់ ដែលសម្ដេចមានប្រសាសន៍បញ្ជាមក គឺមិនទាន់ល្អ និយាយចំទៅ ៩០ភាគរយ។ ខ្ញុំគិតថា ៩៥ភាគរយចុះដែលមិនទាន់ល្អ ប៉ុន្តែបច្ចុប្បន្នចំណុចល្អគឺមាន ៥៥ភាគរយ មានភ្លើងខៀវតិចៗ អីចឹង » ។
ប្រធានមន្ទីរវប្បធម៌ខេត្តមណ្ឌលគិរី លោក ស៊ី ទូចមានប្រសាសន៍ថា មន្ទីរវប្បធម៌គាំទ្រពេញទំហឹង និងរីករាយនៅគ្រា ដែលសហគមន៍រួមគ្នាប្រារព្ធពិធីបុណ្យនេះ ដែលលោកចាត់ទុកថា ការអភិរក្សប្រពៃណីវប្បធម៌ជនជាតិដើមភាគតិចស្របតាមគោលនយោបាយរដ្ឋាភិបាល។ លោកចាត់ទុក ការប្រារព្ធទិវានេះ គឺផ្ដើមចេញពីបេះដួងសហគមន៍ជនជាតិដើមភាគតិចបង្ហាញពីការរួមគ្នាអភិរក្សវប្បធម៌ជនជាតិដើមបានល្អប្រសើរ។ ទន្ទឹមនឹងនេះ ក្រសួងវប្បធម៌កំពុងរៀបចំចុះបញ្ជីបេតិកភណ្ឌជាតិ និងប្រកាសពីសក្ដានុពល ដើម្បីឈានដល់ការចុះបញ្ជីបេតិកភណ្ឌពិភពលោក ប្រសិនបើស្ថាប័នពាក់ព័ន្ធដោះស្រាយវិបត្តិដីធ្លីនៅតំបន់នោះរួចរាល់ និងកំណត់ផ្ទៃដីជាក់លាក់៖ «កម្មវិធីនេះល្អ បើនិយាយទៅល្អ ដោយសារវាផ្ដើមចេញពីបេះដូងរបស់ពួកគាត់ ងាយស្រួលផែនការអភិរក្សរបស់ពួកយើងបានជោគជ័យ ការចូលរួមរបស់ពួកគាត់ផ្ដើម។ នៅខេត្តមណ្ឌលគិរី ទីតាំងភ្នំដោះក្រមុំ គឺជាទីតាំងប្រមូលផ្តុំ នៃការប្រតិបត្តិជំនឿសាសនា ដ៏ធំរបស់ជនជាតិដើមភាគតិច » ។
លោក ស៊ី ទូច បន្ថែមថា ស្ថាប័នពាក់ព័ន្ធបានកំណត់ផែនការមេក្នុងតំបន់មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច និងកសាងផ្ទះសំណាក់ គំរូទាំង ១០ ឬហៅថា ភូមិនិមិត្តជនជាតិដើមភាគតិច អមដោយសម្ភារៈប្រើប្រាស់សព្វបែបយ៉ាង តាំងបង្ហាញជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនា។ លោកថានៅមានផែនការយុទ្ធសាស្ត្រច្រើនទៀត បំណងលើកស្ទួយវប្បធម៌ជនជាតិដើមភាគតិចខណៈដែលទីតាំងភ្នំដោះក្រមុំជាបូជនីយដ្ឋានប្រមូលផ្ដុំក្នុងការគោរព ប្រតិបត្តិជំនឿសាសនានានា ហើយក៏ជាទីសក្ការ ដែលថ្នាក់ដឹកនាំកំពូលៗ រួមទាំងព្រះមហាក្សត្រគោរពបូជាដែរ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក អ៊ាង ម៉េងលី ដែលចុះឃ្លាំមើលការប្រារព្ធទិវានេះឲ្យដឹងថា សមត្ថកិច្ចខេត្តនេះបានចុះការពារសុវត្ថិភាពពលរដ្ឋ និងពុំបានរារាំងជនជាតិដើមភាគតិចហែក្បូននោះទេ។ លោកថា បច្ចុប្បន្នអាជ្ញាធរពាក់ព័ន្ធនៅមិនទាន់លើកកម្ពស់សិទ្ធិជនជាតិដើមភាគតិចបានគ្រប់ជ្រុងជ្រោយ និងទូលំទូលាយដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់អន្តរជាតិនៅឡើយទេ ពីព្រោះមានជនជាតិដើមភាគតិចជាច្រើនរងគ្រោះពីវិបត្តិដីធ្លី ការកាប់បំផ្លាញព្រៃឈើជាដើម ហើយអាជ្ញាធរពាក់ព័ន្ធហាក់មិនយកចិត្តទុកដាក់ដោះស្រាយឲ្យគ្រប់ជ្រុងជ្រោយនោះទេ៖ «សិទ្ធិជនជាតិដើមភាគតិច ជាពិសេស សិទ្ធិបងប្អូនដែរគាត់នាំគ្នាតវ៉ា ក៏ដូចជាស្វែងរកអាជ្ញាធរក្នុងការជួយអន្តរាគមន៍ដោះស្រាយ មិនទាន់បានអាជ្ញាធរអនុវត្តបានទូលំទូលាយនៅឡើយទេ » ។
ប្រធានមន្ទីរវប្បធម៌ខេត្តនេះបង្ហើបថា ក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធមានគម្រោងសាងសង់សារមន្ទីរសង្គមវិទ្យាភូមិវប្បធម៌ក្នុងទីតាំងមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ដើម្បីផ្សព្វផ្សាយលើកកម្ពស់អត្តសញ្ញាណជនជាតិដើមភាគតិច ក្នុងបំណងទាក់ទាញភ្ញៀវទេសចរផ្ដល់ប្រយោជន៍ដល់ពលរដ្ឋ និងជនជាតិដើមភាគតិចដែលរស់នៅខេត្តនេះ។ នៅខេត្តមណ្ឌលគិរីមានជនជាតិដើមភាគតិច ១០អម្បូរ ក្នុងនោះមានជនជាតិដើមភាគតិចព្នងប្រមាណ ៨០ភាគរយដែលកំពុងរស់នៅគ្រប់ស្រុកក្នុងមួយខេត្តនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
