អាកាសធាតុកើនកំដៅខ្លាំងអ្នកស្រុកអង្គរនាំគ្នាប្រារព្ធពិធីសុំទឹកភ្លៀងជាទំនៀមទម្លាប់កេរដូនតា
2024.05.04

អាកាសធាតុកើនកំដៅខ្លាំងនាំឱ្យកើតមានគ្រោះរាំងស្ងួតអូសបន្លាយពេល បណ្តាលឱ្យអ្នកស្រុកអង្គរមួយចំនួនភិតភ័យ បាននាំគ្នាប្រារព្ធពិធីបុណ្យសុំទឹកភ្លៀង រយៈពេលពីរថ្ងៃជាប់គ្នា ដើម្បីសុំទឹកភ្លៀងក្នុងតំបន់ឧទ្យានអង្គរខេត្តសៀមរាប។
អ្នកស្រុកអង្គរបានចាត់ទុកពិធីបុណ្យនេះជាប្រពៃណីទំនៀមទម្លាប់មរកតដូនតា ហើយពួកគាត់ជឿថា ក្រោយពីរៀបចំពិធីបុណ្យនេះរួច នឹងមានភ្លៀងធ្លាក់។
នេះជាភ្លេងរបាំត្រុដិនាងម៉េវ (ដង្ហែសត្វឆ្មារ) ដែលអ្នកស្រុកអង្គររាំដង្ហែនាងម៉េវ ក្នុងពិធីបុណ្យសុំទឹកភ្លៀងក្នុងបរិវេណប្រាសាទនាគព័ន្ធ។ ពិធីនេះអ្នកភូមិជឿថា ការដង្ហែសត្វឆ្មារតំណាងឱ្យ ស្តេចរាហ៊ូខ្ជាក់ទឹកភ្លៀង ស្រោចស្រពដំណាំភោគផលរបស់ពួកគាត់ ដែលកំពុងប្រឈមគ្រោះរាំងស្ងួត។
ពិធីបុណ្យនេះ ប្រារព្ធឡើងរយៈពេលពីរថ្ងៃ ចាប់ថ្ងៃទី២ ដល់ថ្ងៃទី៣ ខែឧសភា ដោយមានមនុស្សចូលរួមរាប់រយនាក់ ភាគច្រើនជាពលរដ្ឋរស់នៅតំបន់អង្គរ។
ពួកគាត់សាមគ្គីគ្នារៀបចំពិធីបុណ្យសុំទឹកភ្លៀង ដោយរៃអង្គាសប្រាក់គ្នា កំណត់ថ្ងៃបុណ្យអមដោយកិច្ចរបស់ព្រហ្មសាសនា រៀបចំគ្រឿងសក្ការបូជា ក្រុងពាលី សែនអារក្ស និងកិច្ចរបស់ព្រះពុទ្ធសាសនាដោយប្រគេនចង្ហាន់ព្រះសង្ឃ និងសូត្រមន្តជាដើម។
បន្ថែមពីនេះទៀត នៅពេលរសៀលថ្ងៃបន្ទាប់ ពួកគាត់បានប្រារព្ធពិធីសែនព្រេនជាន់អារក្ស រាំដង្ហែជុំវិញប្រាសាទនាគព័ន្ធ ស្រោចទឹកតាមជញ្ជាំងប្រាសាទដែលមានរូបចម្លាក់រាហ៊ូ និង ពិធីដង្ហែសត្វឆ្មារ ឬហៅថា នាងម៉េវ។
ចាស់ព្រឹទ្ធាចារ្យចូលពិធីបុណ្យរស់នៅស្រុកអង្គរធំ លោក ណាប់ ឡាញ់ វ័យ ៧០ ឆ្នាំ មានប្រសាសន៍ថា ពិធីបុណ្យនេះមិនអាចប្រារព្ធឡើងជារៀងរាល់ឆ្នាំបានទេ លុះត្រាតែឆ្នាំណាមួយមិនសូវមានភ្លៀង ជួបគ្រោះរាំងស្ងួត ទើបអ្នកស្រុកមូលមតិគ្នារៀបចំឡើង។
លោកថា បុណ្យសុំទឹកភ្លៀងមានសារៈសំខាន់ណាស់ បន្សល់ពីដូនតា ប្រៀបដូចជាប្រាសាទនាគព័ន្ធមានព្រលឹងរស់នៅដោយសារតែវប្បធម៌របស់មនុស្សរស់បង្កើតព្រឹត្តិការណ៍ត្រឹមត្រូវតាមក្បូនខ្នាត និងទំនៀមទម្លាប់ដូនតា។
លោក ណាប់ ឡាញ់៖ «បទពិសោធន៍ធ្វើទៅបានផលដែរ រួចមួយថ្ងៃពីរ ក៏ភ្លៀងទៅ លេងភ្លេងនាងម៉េវ ហើយគេសែងឆ្មារផង»។
អ្នកស្រុកអង្គរបានកំណត់យកទីតាំងបរិវេណប្រាសាទនាគព័ន្ធប្រារព្ធពិធីបុណ្យសុំទឹកភ្លៀងឆ្នាំនេះ ដោយគេជឿថា រូបចំណាក់រាហ៊ូនៅផ្នែកខាងកើតនៃប្រាសាទនាគព័ន្ធជាចំណុចសំខាន់ដែលពួកគាត់ធ្វើពិធីសែនព្រេន ស្រោចទឹក និង ជាន់អារក្ស។ ប្រាសាទនេះ ឋិតនៅទិសខាងជើង ពីទីរួមខេត្តសៀមរាប មានចម្ងាយជាង ១០ គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត ដោយមានបារាយព័ទ្ធជុំវិញ។
សិល្បករភ្លេងបុរាណ លោក ចៅ ភេត្រា ប្រាប់វិទ្យុអាស៊ីសេរីថា បច្ចុប្បន្នខេត្តសៀមរាបកំពុងជួបគ្រោះរាំងស្ងួតអាកាសធាតុកើនកំដៅខ្លាំង ធ្វើឱ្យអ្នកស្រុកខ្លះភិតភ័យ ខ្លាចក្រែងមុខរបរធ្វើស្រែចម្ការមិនសូវបានផលដោយសារខ្វះទឹកភ្លៀង។
លោកថា អ្នកភូមិពឹងផ្អែកលើទឹកភ្លៀង ប្រសិនបើគ្មានភ្លៀងពួកគាត់នឹងជួបការលំបាក ខ្វះទឹកធ្វើកសិកម្ម បណ្តាលឱ្យការងារធ្វើស្រែចម្ការត្រូវរអាក់រអួល ប៉ះពាល់ជីវភាពគ្រួសារ។ ប្រការនេះហើយ ទើបអ្នកស្រុកអង្គរប្រារព្ធពិធីបុណ្យឡើង។
លោក ចៅ ភេត្រា៖ «ផ្តាំដល់បងប្អូនខ្មែរយើងទាំងអស់ គាំទ្រនិងស្វែងយល់ពីមរកតវប្បធម៌ខ្មែរយើង។ ចូលទៅប្រាសាទហាក់មានព្រលឹង វិញ្ញាណដោយសារវប្បធម៌មនុស្សរស់នៅ គាត់បានបង្កើតឡើង»។
អាជ្ញាធរជាតិអប្សរាបានផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)ប្រាប់ឱ្យមហាជនចូលរួមស្វែងយល់ ពីជំនឿរបស់អ្នកស្រុកអង្គរដែលគោរពប្រតិបត្តិប្រពៃណី ជាយូរលង់ណាស់មកហើយ។ បន្ថែមពីនេះទៀត អ្នកភូមិរស់នៅក្នុងឃុំលាងដៃ ស្រុកអង្គរធំ បានប្រារព្ធពិធីបុណ្យសុំទឹកភ្លៀងតាមទំនៀមទម្លាប់ប្រពៃណីរបស់អ្នកភូមិ។
អាជ្ញាធរថា ពិធីនេះធ្វើឡើង ក្នុងបរិវេណប្រាសាទនាគព័ន្ធកណ្តាលបារាយណ៍ជ័យតដាក ឬបារាយណ៍ខាងជើង។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការអធិប្បាយជុំវិញរឿងនេះ ពីអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បាននៅឡើយទេ នៅថ្ងៃទី៣ ឧសភា។
អ្នកសិក្សាផ្នែកព្រហ្មសាសនា និងជាអាចារ្យវត្តព្រះឥន្ទកោសា លោក ម៉ាលី សានី ពន្យល់ថា ពិធីបុណ្យនេះមានសារសំខាន់ណាស់ឆ្លុះបញ្ចាំង ពីកេរដំណែលដូនតា និងស្នាដៃរបស់បុព្វបុរសដែលកូនចៅជំនាន់ក្រោយ ត្រូវរួមគ្នាថែរក្សា និងអភិរក្ស ដែលជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរ។លោកថា បំណងរបស់ដូនតាចង់ឱ្យកូនចៅជំនាន់ក្រោយបន្តប្រារព្ធពិធីនេះដែលជាអត្តសញ្ញាណប្រវត្តិសាស្ត្រ ភូមិកំណើតរបស់អ្នកស្រុកអង្គរ។
លោក ម៉ាលី សានី៖ «ការហែនាងម៉េវ ដោយយកសត្វឆ្មារដាក់ក្នុងទ្រុង ដើម្បីហែឱ្យអ្នកភូមិជះទឹកលើស្មារហ្នឹង ឆ្មារតំណាងឱ្យរាហ៊ូ ដើម្បីឱ្យរាហ៊ូស្រោចស្រពដំណាំ នៅជុំវិញអង្គរឱ្យលួតលាស់ល្អ»។
ជុំវិញរឿងនេះប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ លោក សាន់ ម៉ាឡា យល់ថា ពលរដ្ឋប្រារព្ធពិធីនេះ ទំនងពួកគាត់អស់ជំនឿលើមនុស្ស ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុទើបងាកទៅពឹងបារមី និងអារក្សអ្នកតា។
លោកថា បច្ចុប្បន្នអាកាសធាតុឡើងកំដៅជាង ៤០អង្សា ធ្វើឱ្យពលរដ្ឋជួបការលំបាកច្រើនរស់នៅប្រចាំថ្ងៃ ប៉ះពាល់អាយុជីវិតមនុស្ស សត្វ និងមុខរបរស្រែចម្ការរបស់ពលរដ្ឋ។ លោកថា បញ្ហានេះជាការប្រែប្រួលអាកាសធាតុ ដែលទាមទារឱ្យបញ្ឈប់សកម្មភាពកាប់ឈើ ហើយងាកមកថែរក្សាព្រៃឈើដែលមានស្រាប់ និងដាំដើមឈើឡើងវិញ។
លោក សាន់ ម៉ាឡា៖ «វាអាចជាផ្នែកមួយ នៅពេលមនុស្សអស់ជំនឿលើមនុស្សគ្នាឯង ឬមនុស្សគ្មានសមត្ថភាពដោះស្រាយបញ្ហាណាមួយ មនុស្សងាកទៅពឹងពាក់បារមី និងអ្នកតាដើម្បីថែរក្សា និងផ្តល់ដំណោះស្រាយណាមួយ ដល់ពួកគាត់»។
ឯកសារស្រាវជ្រាវអ្នកសិក្សាអរិយធម៌ខ្មែរបង្ហាញថា មូលហេតុដែលភ្លៀងមិនទៀងទាត់អ្នកស្រុកអង្គរជឿថា មានកត្តាពីរយ៉ាង ទី០១ ដោយសារ អារក្សអ្នកតាខឹងសម្បារ ដែលអ្នកភូមិមិនអើពើសែនព្រេនឱ្យពួកគាត់ និងទី២ មានករណីលួចមានសហាយស្មន់ នៅរដូវវស្សា ដែលអ្នកស្រុកហៅថា ជំទាវហិនហោច នាំឱ្យកើតមានគ្រោះរាំងស្ងួត។
ប្រការនេះហើយ ដែលអ្នកស្រុកអង្គរតែងនាំគ្នា អុចធូប បួងសួងទេវតា រុក្ខទេព្តា និងអារក្សអ្នកតា មេត្តាបង្អុរភ្លៀងឱ្យបានគ្រប់គ្រាន់ដើម្បីប្រកបកិច្ចការធ្វើកសិកម្ម និងសូមឱ្យដំណាំដុះលូតលាស់ល្អ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។