ការ​ប្រារព្ធ​ពិធី​បុណ្យ​វិសាខបូជា​នៅ​ឆ្នាំ​២០១៨​នេះ និង​អត្ថន័យ​នៃ​ពិធីបុណ្យ

ដោយ សេក បណ្ឌិត
2018-04-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បដិមា​ព្រះពុទ្ធ​នៅ​វត្ត​ឥន្ទញ្ញាណ ហៅ​វត្ត​ក្រោម នា​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៧។
បដិមា​ព្រះពុទ្ធ​នៅ​វត្ត​ឥន្ទញ្ញាណ ហៅ​វត្ត​ក្រោម នា​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

ថ្ងៃ១៥​កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​២៩ មេសា គឺជា​ទិវា​មួយ​ដែល​ពុទ្ធសាសនិកជន នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ទូទាំង​សកលលោក តែង​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ដ៏​សំខាន់​មួយ គឺ«ពិសាខបូជា»

តើ​ពិធីបុណ្យ​ពិសាខបូជា នៅ​ឆ្នាំ​២០១៨​នេះ ប្រារព្ធ​ធំ​នៅ​កន្លែង​ណា និង​មាន​អត្ថន័យ និង​ប្រយោជន៍​យ៉ាងណា​ខ្លះ..?

វិសាខបូជា ឬ​ពិសាខបូជា គឺជា​ពិធីបុណ្យ​ដែល​ពុទ្ធសាសនិក​ចាត់ទុកថា មាន​សារ​សំខាន់​បំផុត​មួយ​ក្នុង​ចំណោម​បុណ្យ​ដទៃ​ទៀត​នៃ​ព្រះពុទ្ធសាសនា ពីព្រោះ​ជា​ការ​គោរព រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​បី នា​សម័យកាល​របស់​ព្រះសម្មាសម្ពុទ្ធ សមណគោតម គឺ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ប្រសូត បាន​ត្រាស់​ដឹង និង​បរិនិព្វាន។ ព្រឹត្តិការណ៍​ទាំង​បី​នេះ គឺ​កើតឡើង​នៅ​ចំ​ថ្ងៃ ១៥​កើត ពេញបូណ៌មី ដែល​មាន​ព្រះ​ចន្ទ​ពេញ​វង់ ក្នុង​ខែ​ពិសាខ ដូចគ្នា ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ។

អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សម្រាប់​ពិធី បុណ្យ​ឆ្នាំនេះ ក្រសួង​ធម្មការ និង​សាសនា ព្រមទាំង​គណៈកម្មាធិការ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ នឹង​រៀបចំ​ពិធី​ធំ​ដូច​បណ្ដា​ឆ្នាំ​មុនៗ​ដែរ គឺ​នៅ​បរិវេណ​ភ្នំ​ព្រះរាជទ្រព្យ ឬ​ភ្នំ​ឧត្តុង្គ មុខ​ព្រះ​សក្យមុនីចេតិយ ជាទី​តម្កល់ទុក​ព្រះ​សារីរិកធាតុ នៅ​ថ្ងៃ អាទិត្យ ទី​២៩ ខែ​មេសា។

លោក​បន្ត​ថា ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​ពិធីបុណ្យ បាន​និមន្ត​ព្រះសង្ឃ ៨០​អង្គ ជា​ផ្លូវការ​ដោយ​យក​តាម​ព្រះជន្ម​សង្ខារ​ព្រះសម្មាសម្ពុទ្ធ និមន្ត​គោចរ​រាប់បាត្រ ប៉ុន្តែ​លោក​សង្ឃឹម ថា​នឹង​មាន ព្រះសង្ឃ ផ្សេងទៀត​និមន្ត​ចូលរួម​ផង​ដែរ និង​ពុទ្ធបរិស័ទ​ច្រើន​ពាន់​នាក់​ថែមទៀត នឹង​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​នេះ​ដូច​បណ្ដា​ឆ្នាំ​មុនៗ​ដែរ៖ «គឺ​មាន​កម្មវិធី​ស្រដៀង​នឹង​ឆ្នាំមុន​ដែរ ដូចជា​ការ​ប្រកាស​ពី​ពិសាខបូជា ព្រះសង្ឃ​ខ្លះ​មាន​រៀបចំ​ជា​រោង​ទិស សម្រាប់​ទទួល​ព្រះសង្ឃ​និមន្ត​មក​ចូលរួម​បុណ្យ និង​ពិធី​ផ្សេងៗ​ទៀត​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា»

លោក​បន្ត​ថា ក្រសួង​ធម្មការ និង​សាសនា ព្រមទាំង​គណៈកម្មាធិការ​រៀបចំ​បុណ្យជាតិ ក៏​បាន​ចេញ​សារាចរ​ណែនាំ ឲ្យ​ពុទ្ធបរិស័ទ ព្រះសង្ឃ នៅ​តាម​បណ្ដា​វត្ត​អារាម​នានា រៀបចំ​ពិធី​បុណ្យ​នេះ ឲ្យ​សមរម្យ តាម​ប្រពៃណី ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា៖ «អ៊ីចឹង​តាមរយៈ​កម្មវិធី​នេះ​ដែរ ខ្ញុំបាទ​សុំ​អំពាវនាវ និមន្ត​ព្រះសង្ឃ និង​អញ្ជើញ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ចូលរួម​ឲ្យ​បាន​ច្រើន នៅ​បរិវេណ​ភ្នំ​ព្រះរាជទ្រព្យ ឬ​ភ្នំ​ឧត្តុង្គ មុខ​ព្រះ​សក្យមុនីចេតិយ និង​នៅ​តាម​បណ្ដា​វត្ត​ក៏​សូម​ឲ្យ​ប្រារព្ធ​ពិធីបុណ្យ​នេះ ទៅ​តាម​ការណែនាំ​របស់​ក្រសួង​ធម្មការ និង​សាសនា​ផង​ដែរ»

ចំណែក ព្រះតេជព្រះគុណ ព្រហ្ម សូរវង្ស គង់​នៅ​វត្ត​ព្រះពុទ្ធឃោសាចារ្យ ស្រុក​អូររាំឪ ខេត្ត​ត្បូងឃ្មុំ មាន​ថេរដីកា​ថា ព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្ត ព្រមទាំង​ពុទ្ធបរិស័ទ បាន​រៀបចំ​កម្មវិធី​បុណ្យ​ដូចគ្នា​ដែរ គឺ​នៅ​ថ្ងៃ​១៥​កើត ខែ​ពិសាខ ដើម្បី រម្លឹក​នឹក​គុណ ដល់​ព្រះ​សម្មាសម្ពុទ្ធ ជា​ព្រះ​បរមគ្រូ នៃ​ពុទ្ធសាសនិក​ទាំងឡាយ៖ «ទាំងអស់​គ្នា​អ្នក​កាន់​ព្រះពុទ្ធសាសនា គឺ​តែងតែ​ធ្វើបុណ្យ​ដើម្បី​រំឭក​ដល់​បុគ្គល​មួយ​រូប ឬមួយ​អង្គ ដែល​លោក​បាន​ត្រាស់​ដឹង​នូវ​សច្ចធម៌ ហើយ​ទ្រង់​បាន​នាំ​នូវ​សច្ចធម៌​នៃ​សេចក្ដី​ពិត​នៃ​ច្បាប់ធម្មជាតិ​នោះ យក​មក​បង្ហាញ​ដល់​ពុទ្ធបរិស័ទ ឬ​មនុស្សជាតិ ហើយ​អ្នក​ដែល​ប្រព្រឹត្តិ ប្រតិបត្តិ​តាម ក៏​រមែង​បាន​នូវ​សេចក្ដី​សុខ​ទាំង​បច្ចុប្បន្ន​ផង និង​អនាគត​ផង​…​មនុស្សជាតិ​ទាំងអស់​ហ្នឹង​ដឹងគុណ​ដល់​បុគ្គល​ដែល​ត្រាស់​ដឹង បាន​ប្រារព្ធ​រម្លឹក​នឹក​គុណ ដល់​ថ្ងៃ​ដែល​ព្រះអង្គ ទ្រង់​ប្រសូត ត្រាស់​ដឹង និង​បរិនិព្វាន ព្រឹត្តិការណ៍​ទាំង​៣​នេះ គឺ​កើតឡើង​ចំ​ក្នុង​ថ្ងៃ​តែមួយ ដោយ​ខុស​តែ​ឆ្នាំ​ទេ»

ព្រះតេជព្រះគុណ មាន​ថេរដីកា​បន្ត​ថា ចំពោះ​កម្មវិធី​បុណ្យ មានការ​រៀបចំ​ខុសប្លែក​ពី​ឆ្នាំមុន​ខ្លះៗ ដើម្បី​ជា​ប្រយោជន៍​អប់រំ​ដល់​ក្រុម​យុវជន​បាន​យល់ដឹង​ដល់​ព្រះពុទ្ធសាសនា​ឲ្យ​បាន​ច្រើន៖ «ដូចជា​ឆ្នាំមុន​យើង​មាន ពិធី​ដង្ហែ​ប្រទីប ផ្កា​ភ្ញី និង​សំដែង​ព្រះធម៌ បូជា​កាំជ្រួច​ហើយ​ឆ្នាំនេះ យើង​មាន​កម្មវិធី​មួយទៀត​គឺ​ចម្រើន​នូវ​សមាធិ ដែល​ជា​ការ​ស្ងប់​នូវ​ផ្លូវចិត្ត បណ្ដុះបណ្ដាល​ខាង​គុណធម៌ ចរិយា​ធម៌ ជា​ពិសេស​គឺ​សីល​៥​ហ្នឹង បាន​ធ្វើ​សមាធិ​ខ្លះៗ និង​ស្ដាប់​ព្រះធម៌»

អ្នក​សិក្សា​ជំនាញ ព្រះពុទ្ធសាសនា​បាន​បង្ហាញ​អំពី​ចំណុច​សំខាន់​នៃ​បុណ្យ​វិសាខបូជា ថា​ជា​ទិវា​ប្រវត្តិសាស្ត្រ​មួយ​របស់​ព្រះពុទ្ធសាសនា​ដែល​មាន​អាយុកាល ២៥៦១ ឈាន​ចូល ២៥៦២ ឆ្នាំ​មក​ហើយ គិត​ត្រឹម​ថ្ងៃមួយ​រោច​ខែ​ពិសាខ ឆ្នាំ​`​ច​' ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​៣០ ខែ មេសា គ.ស​. ២០១៨ ដោយ​ផ្សារភ្ជាប់​ទៅ​នឹង​ប្រភព​ដើម​នៃ​ពុទ្ធសករាជ​ដែល​ប្រទេស​កាន់​ពុទ្ធសាសនា គេ​បាន​និយម​ប្រើប្រាស់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ។

អាស្រ័យ​ហេតុនេះ​ហើយ ទើប​ជា​រៀងរាល់​ឆ្នាំ ទោះបីជា​ពិធីបុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឈាន​ចូល​មកដល់​នៅ​ក្នុង​ខែចេត្រ​ក្ដី ប៉ុន្តែ​រហូតដល់​ថ្ងៃ ១​រោច ខែវិសាខ គឺ​១​ថ្ងៃក្រោយ​ពិធីបុណ្យ​វិសាខបូជា​ទើប​ប្រតិទិន​ចន្ទគតិ​ខ្មែរ​ដែល​គិត​តាម​ដំណើរ​គោចរ​នៃ​ព្រះ​ចន្ទ ផ្លាស់​ចូល​ពុទ្ធសករាជ​ថ្មី គឺ​២៥៦២ ។

អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី មាន​ប្រសាសន៍ ឲ្យ​ដឹង​ថា ពិធីបុណ្យ​នេះ ក្រៅពី​ការ​រម្លឹក​នឹក​គុណ ព្រះសម្មាសម្ពុទ្ធ គ្រប់គ្នា​ក៏​ចូលរួម​បួងសួង​សូម​ឲ្យ ក្រុម​គ្រួសារ មាន​សេចក្ដី​សុខ ប្រទេសជាតិ មាន​សុខ​សន្តិភាព​ជា​និរន្ត​ផង​ដែរ៖ «តាមរយៈ​បុណ្យ​កុសល​ដែល​រៀបចំ​នេះ សូម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា រីកចម្រើន​ប្រកបដោយ​សុខ​សន្តិភាព គោរព​រាប់អាន​គ្នា​រក​ទទួលទាន​មានបាន​ចម្រើន​ទាំងអស់​គ្នា»

ទាក់ទង​នឹង​ប្រវត្តិ​ដើមកំណើត​នៃ​ពិធីបុណ្យ​វិសាខបូជា សៀវភៅ «​ព្រះរាជពិធី​ទ្វាទសមាស​» ដែល​ជា​ការផ្សាយ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ដែល​ចេញផ្សាយ​កាលពី​ឆ្នាំ​១៩៥១ បាន​សរសេរ​កត់ត្រា​ថា ប្រទេស​ដែល​កាន់​ព្រះពុទ្ធសាសនា ដូចជា​នៅ​ប្រទេស​សិរីលង្កា គេ​មាន​ទំនៀម​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា​នៅ​តាម​ទីវត្ត​អារាម​ទូទាំង​ប្រទេស​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ ១៤​កើត រហូតដល់​ថ្ងៃ ១​រោច ខែ​ពិសាខ យ៉ាង​អ៊ឹកធឹក។

ក្នុង​ឱកាស​ពិធីបុណ្យ​នេះ អ្នកស្រុក​សិរីលង្កា នាំគ្នា​បូជា​គ្រឿង​សក្ការ​ផ្សេងៗ មាន​ផ្កា និង​ទៀន​ប្រទីប​ជាដើម អុជ​បូជា​ភ្លឺ​ព្រោងព្រាត​គ្រប់​វត្ត​អារាម និង​តាម​ផ្ទះ​អ្នកស្រុក​អ្នកភូមិ តាម​ទ្រព្យ​ធនធាន។

ចំណែក​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា​វិញ ក៏​ធ្វើ ៣​ថ្ងៃ​ដូច​នៅ​សិរីលង្កា​ដែរ ប៉ុន្តែ​ខុស​ប្លែក​គ្នា​ត្រង់​អ្នកស្រុក​ភូមា គេ​ទៅ​ប្រជុំ​គ្នា​នៅ​ឯ​វត្ត​នា​ពេល​យប់ រង់ចាំ​រហូត​ដល់ពេល​ផ្កាយ​វិសាខ​នក្ខត្តឫក្ស ឬ​ផ្កាយ​ប្រចាំខែ​ពិសាខ រះ​ឡើង គេ​ក៏​វាយ​ជួង​ទូង​ស្គរ​លាន់​កងរំពង រួច​ទើប​អុជ​ទៀន​បូជា។ រីឯ​ទំនៀម​ប្រារព្ធ​បុណ្យ​វិសាខបូជា នា​សម័យនេះ​វិញ ភាគច្រើន​អ្នកស្រុក​ភូមា គេ​ធ្វើ​នៅ​តាម​ចេតិយ ដោយ​មិន​មាន​ហែ​ក្បួន ឬ​បូជា​ផ្កា​អ្វី​ទេ គឺ​គេ​ផ្ដោត​ជា​សំខាន់​តែ​ការ​បូជា​ប្រទីប​មាន​ទៀន​ជាដើម​ប៉ុណ្ណោះ។

តាម​ពុទ្ធប្រវត្តិ ទី​ដែល​ព្រះសម្មាសម្ពុទ្ធ​សមណគោតម​ទ្រង់​ប្រសូត គឺ​នៅ​ឧទ្យាន លុម្ពិនី ក្នុង​នគរ​កបិលវត្ថុ ដែល​សព្វថ្ងៃ​នេះ​ជា​ទឹកដី​ប្រទេស​នេប៉ាល់ ជាប់​ព្រំប្រទល់​ប្រទេស​ឥណ្ឌា។ អាស្រ័យ​ហេតុនេះ​ហើយ ទើប​មាន​បរិស័ទ​ខ្មែរ សិរីលង្កា ភូមា និង​ថៃ ជាដើម បាន​ទៅ​កសាង​វត្ត​អារាម​ពុទ្ធសាសនា​នៅ​ទីនោះ និង​តែង​នាំគ្នា​ធ្វើ​ធម្មយាត្រា​ទៅ​គោរព​បូជា នាទី​បូជនីយដ្ឋាន សួន​លុម្ពិនី ជា​រៀងរាល់​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល