សមត្ថកិច្ច បានចុះត្រួតពិនិត្យទីតាំង២កន្លែងនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣០ ខែកញ្ញា បន្ទាប់ពីមានបណ្តឹងចំនួន២ តាមរយៈទំព័រហ្វេសប៊ុក (Facebook) របស់លោក ស ខេង ក៏ប៉ុន្តែសមត្ថកិច្ចរកឃើញថា ពុំមែនជាករណីចាប់បង្ខាំងនោះទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់កាសែតក្នុងស្រុកថា សមត្ថកិច្ចរកឃើញ និងនាំខ្លួនជនរងគ្រោះ ម្នាក់ជាជនជាតិចិន និងជនបរទេស៩នាក់ផ្សេងទៀតមក ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី តាមបណ្តឹងទី១ នៅកាស៊ីណូ ស៊ីង ធាន ឌី ស្ថិតនៅក្រុមទី៨ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ចំណែកបណ្តឹងទី២ វិញ គឺស្ថិតនៅអគារស្នាក់នៅបុគ្គលិក របស់ក្រុមហ៊ុន ហ័ង ឡឺ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយសមត្ថកិច្ច រកឃើញជនរងគ្រោះសរុបចំនួន ៥នាក់ ក្នុងនោះស្រី ៤នាក់ ជាជនជាតិម៉ាឡេស៊ី ដែល៣នាក់ មានឈ្មោះក្នុងបណ្តឹង និងម្នាក់ទៀត ស្នើសុំចេញដោយខ្លួនឯង។
ពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជានេះដែរ កាលពីថ្ងៃទី៣០ ខែកញ្ញា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនបរទេសចំនួន៣៧នាក់ ក្នុងនោះមានស្រី៦នាក់ ចេញពីកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិត្រពាំងផ្លុង។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី ១ ខែតុលា ឲ្យដឹងថា ជនបរទេសទាំង៣៧នាក់នោះ មាន៣សញ្ជាតិ ក្នុងនោះជនជាតិម៉ាឡេស៊ីចំនួន១៣នាក់ ជនជាតិវៀតណាមចំនួន២៣នាក់ និងជនជាតិតង់ហ្សានីម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសលួចឆ្លងដែនខុសច្បាប់ លួចស្នាក់នៅនិងធ្វើការខុសច្បាប់ ដែលល្មើសនឹងច្បាប់អន្តោប្រវេសន៍កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។