ពលរដ្ឋ​ប៉ោយប៉ែត​រិះគន់​អាជ្ញាធរ​ថា​បណ្ដោយ​ឲ្យ​ហាង​លក់ដូរ​ជាច្រើន​កន្លែង​ចាយ​លុយ​បរទេស

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​មួយ​ចំនួន​រិះគន់​អាជ្ញាធរ​ថា មិន​ចាត់វិធានការ​ទៅលើ​ម្ចាស់​ហាង​លក់ដូរ​ដែល​ចាយ​លុយ​បាត ហើយ​មិន​យក​ប្រាក់​រៀល​ខ្មែរ។ ពួកគាត់​ថា ករណី​នេះ ជា​ការ​ធ្វើ​ឲ្យ​អាប់អន់​ដល់​មុខមាត់​របស់​ជាតិ។

ការរិះគន់​នេះ​ដោយសារ​មាន​ហាង​លក់ដូរ​ជាច្រើន​កន្លែង នៅ​ព្រំដែន​ក្រុង​ប៉ោយប៉ែត ចាយ​លុយ​បរទេស​ដោយ​មិន​មាន​អាជ្ញាធរ​ណា​អើពើ​ចាត់វិធានការ​នៅឡើយ។

ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​ក្រុង​ប៉ោយប៉ែត​ទទូច ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ជាបន្ទាន់​ចំពោះ​សកម្មភាព​រើសអើង​មិន​ចាយ​ប្រាក់​រៀល និង​ត្រូវ​រឹត​បន្តឹង​ទៅលើ​ម្ចាស់​ហាង​លក់ដូរ​ទាំងឡាយ​ណា ដែល​ចាយ​លុយ​តែ​បាត ថៃ​ទាំងនោះ។

ហាង​លក់ទំនិញ​ដែល​ចាយ​លុយ​បាត​ជំនួស​ឲ្យ​លុយ​ជាតិ មាន​ជាច្រើន​កន្លែង​នោះ ភាគច្រើន​មាន​ថៅកែ​ជា​ជនជាតិ​ថៃ និង​ចិន បាន​បើក​អាជីវកម្ម​នៅ​ជាប់​អូរ​ព្រំដែន និង​ហាង​លក់ទំនិញ​មួយចំនួន​ទៀត​នៅ​ក្នុង​កាស៊ីណូ បាន​បើក​ដំណើរការ​មក​ជា​ច្រើន​ឆ្នាំ​ហើយ។

លោក ឆេង ប៊ុនហាក់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ថា ម្ចាស់​ហាង​លក់ទំនិញ​ទាំងនោះ​ទំនង​មាន​ខ្នង​អ្នកធំ មានអំណាច នៅ​ពីក្រោយ​ហើយ ទើប​បានជា​ហ៊ាន​លក់ដូរ ដោយ​យក​តែ​ប្រាក់​បរទេស​ដូច្នោះ។

​លោក ឆេង ប៊ុនហាក់ អះអាង​ទៀត​ថា ហាង​លក់ទំនិញ​ទាំងនោះ​មាន​ដូចជា​ហាង​បាយ និង​ហាង​លក់​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ​ជាដើម ដោយ​ម្ចាស់​ហាង​តម្រូវ​ឲ្យ​អ្នកទិញ​ចាយ​លុយ​បាត​ទាំងអស់ ហើយ​ប្រសិនបើ​អ្នកទិញ​មិន​មាន​លុយ​បាត​ទេ គេ​ឲ្យ​ទៅ​ដូរ​យក​លុយ​បាត បើ​មិន​ដូច្នេះ​ទេ​ចាយ​លុយ​រៀល​ត្រូវ​គេ​កាត់ទឹក ឬ​គេ​ឲ្យ​តម្លៃ​ថោក​ជាង​អត្រា​ប្ដូរ ប្រាក់​នៅ​លើ​ទីផ្សារ​ជាច្រើន ដោយសារ អ្នក​លក់ដូរ​ទាំងនោះ មិន​ចង់​ទទួល​យក​លុយ​ខ្មែរ៖ «សូម​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ផង ហើយ​សូម​ឲ្យ​មានការ​លើក​តម្កើង​លុយ​ខ្មែរ​ផង ព្រោះ​ការ​ចាយ​លុយ​បរទេស​នេះ​ប្រៀប​បាន​លុយ​គេ​មានតម្លៃ​ជាង​លុយ​ជាតិ យើង​មិន​ចង់​ឲ្យ​មាន​បែបនេះ​ចង់​ឲ្យ​មានការ​ប្រើប្រាស់​លុយ​ខ្មែរ អ្នកឯង​ចង់​ទិញ​អី​ទិញ​ទៅ ប៉ុន្តែ​ឲ្យ​ចាយ​លុយ​ខ្មែរ ព្រោះ​អី​ជា​ប្រទេស​របស់​ខ្លួនឯង​អត់​មាន​ទៅ​ចាយ​លុយ​បរទេស​ទេ ហើយ​មន្ត្រី​មួយ​ចំនួន​សូម​បើកភ្នែក​មើល​ផង កុំ​ស៊ី​តែ​ប្រាក់ខែ​ហើយ​ប្រកាន់​បក្សពួក​ខ្លួនឯង​នោះ»។

ចំណែក​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់ទៀត លោក ព្រាប វឌ្ឍនៈ ថ្លែង​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប៉ោយប៉ែត​ភាគច្រើន​មិន​សប្បាយចិត្ត​នោះ​ទេ ដែល​ជនបរទេស​គ្រាន់តែ​មក​ស្នាក់នៅ​រកស៊ី​នៅ​ក្នុង​ក្រុង​មួយ​នេះ ហើយ​នាំគ្នា​លក់ដូរ​ដោយ​សេរី​មិន​ចាយ​លុយ​ខ្មែរ​នោះ។ ពលរដ្ឋ​រូប​នេះ​បន្ថែមទៀត​ថា ការ​ធ្វើ​ដូច្នេះ​គឺជា​ការ​មើល​ងាយ​ដល់​រូបិយប័ណ្ណ​របស់​ជាតិ ដែល​ខុស​ពី​ខាង​ព្រំដែន​ប្រទេស​ថៃ ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវតែ​ដូរ​លុយ​បាត​ទើប​អាច​យក​ទៅ​ទិញ​ទំនិញ​បាន គឺ​មិនមែន​សេរី​ដូច​នៅ​ក្រុង​ប៉ោយប៉ែត​នោះ​ទេ៖ «វា​ស្ទើរតែ​ទាំងស្រុង​ហើយ ហើយ​គ្រាន់តែ​ពលរដ្ឋ​ខ្មែរ​គ្នាឯង​ក៏​គេ​មិន​ចង់​យក​លុយ​ខ្មែរ​ដែរ ហើយ​ដល់ពេល​យើង​ឲ្យ​លុយ​ខ្មែរ​ទៅ​គេ​ថា​គិតលុយ​បាទ ហើយ​បើ​យើង​ឲ្យ​លុយ​ខ្មែរ​គេ​កាត់ទឹក ដូចជា​លុយ​១០០០០​ទៅជា​១​ពាន់​ឯណោះ ចំណែក​អាជ្ញាធរ​គាត់​ជិះ​សេះ​លែងដៃ​ហើយ»។

ឆ្លើយតប​នឹង​បញ្ហា​នេះ អភិបាលក្រុង​ប៉ោយប៉ែត លោក សាន ស៊ានហូ បដិសេធ​ថា នៅ​ក្រុង​ប៉ោយប៉ែត ពុំ​មាន​ម្ចាស់​ហាង​លក់ទំនិញ​ណា​មិន​ចាយ​លុយ​ខ្មែរ​ដូច​ការ​លើកឡើង​នោះ​ទេ ព្រោះ​កន្លងមក​គ្រាន់​តែ​មាន​ហាង​លក់ទំនិញ​ខ្លះ​បាន​គិត​ជា​លុយ​បាត ក៏ប៉ុន្តែ​បើសិនជា​អ្នកទិញ​មិន​មាន​លុយ​បាត​ឲ្យ​គេ​ទេ ក៏​អាច​ចាយ​ជា​លុយ​រៀល​វិញ​បាន​ដែរ៖ «វា​មិនមែន​ដូច្នេះ​ទេ តាមពិត​ពេលខ្លះ​អ្នក​ចាយ​ល្ងង់​ចាយ​ខ្លួនឯង ពេលខ្លះ​វា​មាន​អីចឹង​ដែរ​នៅ​ក្នុង​កាស៊ីណូ​ខ្លះ​អាច​មាន ប៉ុន្តែ​មិន​គ្រប់កន្លែង​ទេ ប៉ុន្តែ​យើង​មិនមែន​ជា​អ្នក​លែង​កាស៊ីណូ​ណា ព្រោះ​តាម​ហាង​ដែល​ខ្ញុំ​ធ្លាប់​ចូល អ្នកខ្លះ​បើ​គេ​គិតលុយ​បាត តែ​យើង​សួរ​គេ​លុយ​ខ្មែរ​ក៏​គេ​មិន​ថា​អី​ដែរ គេ​មិន​តម្រូវ​គិតលុយ​បាត​នោះ​ទេ»។

ប៉ុន្តែ​ប្រជាពលរដ្ឋ​អះអាង​ថា បើ​ទោះ​បី​ម្ចាស់​ហាង​ទទួល​លុយ​រៀល​ក៏ដោយ តែ​ត្រូវ​គេ​កាត់ទឹក​ច្រើន​ខុស​ពី​អត្រា​ប្ដូរ​ប្រាក់​ចន្លោះ​ពី​១៥ ទៅ​២០​ភាគរយ​ឯណោះ​មិនមែន​គិត​តាម​ហាងឆេង​ប្តូរ​ប្រាក់​នៅ​លើ​ទីផ្សារ​សាកល​នោះ​ទេ។

មន្ត្រី​សម្របសម្រួល​សមាគម​ការ​ពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា លើកឡើង​ថា នៅ​ក្នុង​ស្រុក​ខ្មែរ​មិន​ត្រូវ​ដោះដូរ​ទំនិញ ដោយ​គិត​ជា​លុយ​បរទេស​នោះ​ទេ ព្រោះ​នាំ​ឲ្យ​ខាតបង់​ដល់​សេដ្ឋកិច្ច​ជាតិ​ដោយសារ​បាត់បង់​ចំណូល​ពី​ការ​ប្ដូរ​ប្រាក់ ហើយ​ធ្វើ​ឲ្យ​បរទេស​មើល​មក​កម្ពុជា​ថា ជា​ប្រទេស​ចាយ​លុយ​អាធិបតេយ្យ​ទៀត​ផង៖ «ពេល​ពលរដ្ឋ​មកពី​ចម្ងាយ​អី​គ្រាន់តែ​ទៅ​ទិញ​នឹង​ខាតបង់​ប្រាក់​ដោយសារតែ​អ្នកលក់​គិត​ទៅតាម​មាត់ ហើយគ្នា​មិន​ដឹង​ហាងឆេង​លុយ​បាត​តម្លៃ​ប៉ុន្មាន។ បើសិនជា​យើង​គិតលុយ​បរទេស​យូរៗ​ទៅ លុយ​ខ្មែរ​ហាក់​បី​ដូច​គ្មាន​តម្លៃ ដូច្នេះ​យើង​ដូចជា​ភ្លេច​លុយ​ជាតិ​ហើយ ខ្ញុំ​សូម​ឲ្យ​ការប្រើប្រាស់​ទាំងនេះ​លើកកម្ពស់​លុយ​ជាតិ​ឲ្យ​បាន​ច្រើន»។

លោក ស៊ុំ ច័ន្ទគា បន្ថែម​ទៀតថា មិនមែន​តែ​នៅ​ក្រុង​ប៉ោយប៉ែត​ទេ​ដែល​អ្នក​លក់ដូរ​គិតលុយ​បាត នៅ​ស្រុក​ជាប់​ព្រំដែន​ទូទាំង​ខេត្ត​បន្ទាយមានជ័យ​ក៏​មាន​ករណី​ដូចគ្នា​នេះ​ដែរ។ លោ​កថា​បញ្ហា​ដោយសារតែ​មន្ត្រី​ធំៗ​ក្នុង​របប​លោក​ហ៊ុន សែន ចូលចិត្ត​ចាយ​លុយ​បរទេស ព្រោះ​មាន​លុយ​ច្រើន​សម្រាប់​ចាយវាយ​ព្រោះ​មាន​ក្រដាសប្រាក់​ធំៗ ងាយស្រួល​ទុកដាក់​ជាង​លុយ​ជាតិ ដែល​ត្រូវ​កាន់​ទាំង​ដុំៗ​ទៅតាម​ខ្លួន​នោះ។ លោក​បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​លុះត្រាតែ​អាជ្ញាធរ​របប​លោក​ហ៊ុន សែន មាន​វិធានការ​តឹងរ៉ឹង​ទៅលើ​អ្នក​គិតលុយ​បរទេស ដោយ​តម្រូវ​ឲ្យ​ការលក់ដូរ​នៅ​លើ​ទីផ្សារ​ត្រូវ​គិត​ជា​លុយ​រៀល​បើ​ទោះ​បី​ទីណា​ក៏ដោយ ព្រោះ​ដើម្បី​លើកស្ទួយ​រូបិយប័ណ្ណ​របស់​ជាតិ​ឲ្យ​បាន​ប្រើ​សើ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។