ប្រភពពីមន្ត្រីក្រសួងទេសចរណ៍ ឲ្យដឹងថា នៅវេលាម៉ោង ១១ថ្ងៃត្រង់ថ្ងៃអង្គារ ទី២៤ ខែមីនា ទីភ្នាក់ងារប្រឹក្សាយោបល់ផ្នែកគោលដៅទេសចរណ៍ដ៏ល្បីល្បាញនៅលើពិភពលោក ឈ្មោះ ធ្រីប អែដវ៉ាយស្ហឺ (Trip Advisor) បានប្រកាសលទ្ធផលដែលបានពីការបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online) ថា ទីក្រុងសៀមរាបអង្គររបស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងតំបន់អាស៊ី និងលេខ២ នៅក្នុងពិភពលោក។ ការប្រកាសលទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធអនឡាញនេះ ធ្វើឡើងនៅប្រទេសសិង្ហបុរី។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា លោក ថោង ខុន បានថ្លែងថា មន្ត្រីនៃទីភ្នាក់ងារប្រឹក្សាយោបល់ផ្នែកគោលដៅទេសចរណ៍ដ៏ល្បីល្បាញនៅលើពិភពលោកឈ្មោះ ធ្រីប អែដវ៉ាយស្ហឺ នឹងមកកាន់កម្ពុជា នៅសប្ដាហ៍ក្រោយក្នុងគោលបំណងប្រកាសពានរង្វាន់ និងជូនជ័យលាភីដល់ទីក្រុងសៀមរាប ដែលជាប់ចំណាត់ថ្នាក់លេខ១ នៃគោលដៅទេសចរណ៍នៅក្នុងតំបន់អាស៊ី និងចំណាត់ថ្នាក់លេខ២ នៅទូទាំងពិភពលោក។
លោក ថោង ខុន បានថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារទេសចរណ៍ជាមួយផ្នែកឯកជននៅក្នុងសាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ថា ទីភ្នាក់ងារប្រឹក្សាយោបល់ផ្នែកគោលដៅទេសចរណ៍ ធ្រីប អែដវ៉ាយស្ហឺ បានជ្រើសរើសទីក្រុងទេសចរណ៍ល្បីៗចំនួន២៥ នៅលើពិភពលោក ដាក់ឲ្យអ្នកទេសចររាប់រយលាននាក់បោះឆ្នោតតាមប្រព័ន្ធអនឡាញ ដើម្បីដាក់ចំណាត់ថ្នាក់សម្រាប់ឆ្នាំ២០១៥។ លទ្ធផលដែលបានពីការបោះឆ្នោត គឺទីក្រុងសៀមរាបអង្គរ បានជាប់លេខ១ នៅក្នុងតំបន់អាស៊ី និងលេខ២ នៅទូទាំងពិភពលោក៖ «យើងបានទទួលដំណឹងល្អពិសេសបំផុត១ ហើយអាទិត្យក្រោយនេះ ធ្រីប អែដវ៉ាយស្ហឺ នឹងធ្វើដំណើរមកកម្ពុជា មកសៀមរាបអង្គរ ដើម្បីរៀបចំពិធីប្រកាសជាផ្លូវការជ័យលាភីឲ្យសៀមរាបអង្គរ»។
លោក ថោង ខុន បញ្ជាក់ថា នៅពេលដែលទីក្រុងសៀមរាបអង្គរ បានជាប់លេខ១ នៃគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ីនេះ គឺទីក្រុងអ៊ីស្តាន់ប៊ុល (Istanbul) នៃប្រទេសទួរគី (Turkey) ជាប់លេខ២ និងទីក្រុងហាណូយ (Hanoi) របស់វៀតណាម (Vietnam) ជាប់លេខ៣។ ចំណែកចំណាត់ថ្នាក់នៅក្នុងពិភពលោក គឺទីក្រុងម៉ារ៉ាកេច (Marrakech) នៃប្រទេសម៉ារ៉ុក (Morocco) ជាប់លេខ១ និងទីក្រុងសៀមរាបអង្គររបស់ខ្មែរជាប់លេខ២ ហើយទីក្រុងអ៊ីស្តាន់ប៊ុល ជាប់លេខ៣។
ទោះយ៉ាងណា អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង នៅមិនទាន់អាចបញ្ជាក់ឲ្យដឹងពីមោទនភាពនេះយ៉ាងណានៅឡើយទេ ដោយលោកប្រាប់ថាកំពុងជាប់រវល់ប្រជុំ។
កាលពីថ្ងៃទី១០ ខែមីនា កន្លងទៅ រដ្ឋាភិបាលបានឲ្យទីក្រុងសៀមរាប ជាប់ជាទីក្រុងស្អាតក្នុងចំណោមទីក្រុងបួនទៀតដែលមានរហស្សនាមថា រំដួលបីទង ម្ដងរួចមកហើយ។

ចំណែកប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងទីក្រុងសៀមរាប វិញ យល់ឃើញថា ថ្វីត្បិតតែទីភ្នាក់ងារប្រឹក្សាយោបល់ផ្នែកគោលដៅទេសចរណ៍ ធ្រីប អែដវ៉ាយសឺ បានប្រកាសចំណាត់ថ្នាក់ឲ្យទីក្រុងសៀមរាប ជាប់លេខ១ ក៏ដោយ ក៏ទីក្រុងនេះនៅមិនទាន់ស្អាតពេញលេញគ្រប់លក្ខណៈនៅឡើយទេ។
អ្នកភូមិតាភុល ក្រុងសៀមរាប លោក ឃិន វ៉ាន់ឌី មានប្រសាសន៍ថា បើទោះបីជាទីក្រុងសៀមរាប បានជាប់ជាទីក្រុងស្អាត និងជាប់លេខ១ ផ្នែកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ីពេលនេះក៏ដោយ ក៏ទីក្រុងនេះនៅមានចំណុចមិនល្អនៅឡើយ ដូចជាផ្លូវថ្នល់មានដីហុយកណ្ដាលទីក្រុង លូបង្ហូរទឹកចេញពីក្រុងកកស្ទះ សំរាមនៅចោលពាសវាលពាលកាល ព្រមទាំងពុំទាន់មានទឹកស្អាតគ្រប់គ្រាន់ចែកចាយក្នុងទីក្រុង ជាដើម៖ «ទន្ទឹមនឹងគេដាក់ពិន្ទុឲ្យហ្នឹង អាជ្ញាធរក្រុងត្រូវខំប្រឹងធ្វើផ្លូវឲ្យស្អាត ប្រមូលសំរាមឲ្យទាន់ពេលវេលានៅផ្សារសាមគ្គី នៅផ្សារលើ គឺសំរាមស្អុយគគ្រុកពេញតែក្រុងហ្នឹងឯង»។
អាជ្ញាធរអប្សរា បានប្រកាសថា កាលពីខែកុម្ភៈ ឆ្នាំ២០១៥ គេបានទទួលភ្ញៀវចូលទស្សនាអង្គរចំនួនជាង ២៣ម៉ឺននាក់ ដោយមានទទួលចំណូលជាង ៦៩សែនដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
