ក្រសួង​បរិស្ថាន​ថា មនុស្ស​ជាង​៥០០​នាក់​នឹង​ចូលរួម​កម្មវិធី​បោះ​ជំរំ ក្នុង​ព្រៃ​ឡង់

ដោយ ហេង រស្មី
2020-02-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ផ្ដល់​បទសម្ភាសន៍​បន្ទាប់​ពី​ចូល​បំភ្លឺ​នៅ​រដ្ឋសភា ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៧។
រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ផ្ដល់​បទសម្ភាសន៍​បន្ទាប់​ពី​ចូល​បំភ្លឺ​នៅ​រដ្ឋសភា ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៧។
Photo: RFA

ក្រសួង​បរិស្ថាន​គ្រោង​រៀបចំ​កម្មវិធី​បោះជំរំ​តង់​ក្នុង​ព្រៃ​ឡង់ ក្រោម​ប្រធានបទ «ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​បរិស្ថាន និង​ធនធាន​ធម្មជាតិ » ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី១៤ ដល់​ថ្ងៃ​ទី​១៥ កុម្ភៈ​ខាងមុខនេះ​។ កម្មវិធី​នេះ​ប្រហែល​នឹង​មាន​មនុស្ស​ចូលរួម​ជាង ៥០០​នាក់ មកពី​ក្រសួង​ស្ថាប័ន គ្រឹះស្ថាន​សាធារណៈ និង​ឯកជន ដៃគូ​អភិវឌ្ឍន៍ តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល យុវជន សិស្ស និស្សិត សហគមន៍​មូលដ្ឋាន និង​ក្រុម​អ្នក​ស្រលាញ់​បរិស្ថាន។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភ​ត្ត្រា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១២ កុម្ភៈ ថា ព្រឹត្តិការណ៍​នេះ ក្នុង​គោលបំណង បំផុស​គំនិត និង​ពញ្ញាក់​ស្មារតី ពលរដ្ឋ​ឱ្យ​ស្រឡាញ់​ព្រៃឈើ និង​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ​ទាំងអស់​គ្នា។ ទន្ទឹម​នឹង​នេះ ក៏​មាន​ការ​ផ្សព្វផ្សាយ​ការ​យល់ដឹង និង​ចែករំលែក​បទពិសោធន៍​ការគ្រប់គ្រង​ធនធានធម្មជាតិ ដើម្បី​រួមគ្នា​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ជីវៈ​ចម្រុះ និង​បរិស្ថាន​ឱ្យ​គង់វង្ស​។ លោក​ថា គម្រោង​នេះ​នឹង​ធ្វើ​ឡើង នៅ​ទីស្នាក់ការ​ព្រះអាទិត្យ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡង់ ខេត្ត​កំពង់ធំ ហើយ​ក្នុង​ឱកាស​នោះ ក៏​មាន​ការ​បំបួស​ដើមឈើ និង​ធ្វើ​បទ​បង្ហាញ​ផ្សេងៗ ពី​សក្ដានុពល ដែន​ជម្រក​សត្វព្រៃ​ឡង់ មាន​ទំហំ​ជាង ៤៣​ម៉ឺន​ហិកតារ ដែល​ឋិត​ក្នុង​ចន្លោះ​ខេត្ត​ចំនួន ៤៖ «គោលបំណង​ការរៀបចំ​កម្មវិធី​បោះជំរំ​តង់​ស្រឡាញ់​បរិស្ថាន​នេះ​គឺ ក្នុង​ន័យ​មួយ​ដើម្បី​បណ្ដុះ​ស្មារតី​ឱ្យ​ប្រជាជន​កម្ពុជា​ស្រឡាញ់ និង​ចូលរួម​ថែរក្សា​ធនធានធម្មជាតិ​របស់​យើង ជាពិសេស​គឺ ក្នុង​ព្រៃ​ឡង់​តែម្ដង​។ ក្នុង​ឱកាស​នោះ​ក៏​មាន​ការ​បំបួស​ដើមឈើ ហើយ​និង​ការ​ធ្វើ​បទ​បង្ហាញ​ផ្សេងៗ ដែល​ពាក់ព័ន្ធ​សក្ដានុពល​នៃ​ដែន​ជម្រក​សត្វព្រៃ​ឡង់»

ចំណែក​អ្នក​សម្របសម្រួល​សហគមន៍​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព យល់​ថា កម្មវិធី​នេះ បាន​ត្រឹម​តែ​ធ្វើ​ឱ្យ​ល្អមើល ព្រោះ​ក្រសួង​មិនបាន​បោះជំរំ​នៅ​ចំ ចំណុច​កណ្ដាល​ព្រៃឡង់​នោះ​ទេ។ លោក​ថា ប្រសិនបើ​ក្រសួង​មាន​ឆន្ទៈ​ជំរុញ​ឱ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ព្រៃឈើ គួរតែ​បោះជំរំ​នៅ​កណ្ដាល​ព្រៃ​ឡង់​តែម្ដង ដើម្បី​ឱ្យ​មហាជន​ស្វែងយល់​ពី​ស្ថានភាព​ព្រៃ​ឡង់ ដែល​កំពុង​រង​ការ​កាប់បំផ្លាញ​ផ្នែក​ខ្លះ និង​នៅ​សេសសល់​ផ្នែក​ខ្លះ​៖ «ការ​បោះ​ជំរំ​នោះ​គួរតែ​​ដាក់ នៅ​កណ្ដាល​ព្រៃ​ឡង់​តែម្ដង ដែល​យើង​ឃើញ ពី​ទិដ្ឋភាព​ទាំងអស់​តែម្ដង មានន័យថា ឃើញ​ពី​ធនធានធម្មជាតិ និង​ឃើញ​អ្វី​ដែល​ជា​ចំណុច​សំខាន់ៗ ក្នុង​តំបន់​ព្រៃ​ឡង់​។ វា​គួរ​មាន​វិធាន​ការ​ធ្វើ​យ៉ាងម៉េច​ទៀត​? គួរតែ​មាន​វិធានការ​រឹត​បណ្តឹង មាន​វិធានការ​រឹត​បណ្តឹង​អនុវត្ត​ច្បាប់​ឱ្យ​ខ្លាំង​ជាង​នេះ​ម៉េច​ទៀត​?»

អ្នក​សម្របសម្រួល​សហគមន៍​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ លោក ស្រី ថី ក៏​ចាត់​ទុក​កម្មវិធី​នេះ ជា​ការ​សម្ដែង​ឱ្យ​ល្អមើល​ដែរ​។ លោក​ថា ប្រសិនបើ​ក្រសួង​មាន​ភាព​ស្មោះត្រង់​ការពារ​ព្រៃ​ឡង់ គួរតែ​លុបបំបាត់​អំពើពុករលួយ និង​អនុវត្ត​ច្បាប់​ព្រៃឈើ​ឱ្យ​តឹងរ៉ឹង​។ លោក​បន្ថែម​ថា អ្នក​ដែល​បើកផ្លូវ​ឱ្យ​ក្រុម​ជនល្មើស​បំផ្លាញ​ព្រៃ​ឡង់ គឺ​ឆ្មាំ​អភិរក្ស​របស់​ក្រសួងបរិស្ថាន ដែល​តែងតែ​ទទួល​ប្រយោជន៍​ពី​ក្រុម​អ្នក​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ព្រៃ​ឡង់​វិនាស​ហិនហោច​៖ «ជា​ឆាក​សម្ដែង​ទេ ប្រសិនបើ​ស្រឡាញ់​មែន មិនមែន​បណ្ដោយ​ឱ្យ​ពួក​នោះ នៅ​តាម​ច្រក​មួយៗ ទៅ​ចាប់​យក​លុយ​គេ​ចាយ​ធ្វើ​អី​ទេ ប្រសិនបើ​ស្រឡាញ់​ពិតប្រាកដ​។ ប្រសិនបើ​យើង​បណ្ដែតបណ្ដោយ​ឱ្យ​មន្ត្រី នៅ​តាម​ច្រក មិន​អនុវត្ត​ច្បាប់​តាម​ហ្នឹង​ទេ ព្រៃឈើ​វា​នឹង​អស់ហើយ​។ ពួក​នោះ​ហើយ បទល្មើស​បន្តបន្ទាប់​គ្នា វា​ពុករលួយ​អត់​ចេះ​បាត់​។ ពិសេស​យើង​មើល ឃើញ​ធ្វើ​សកម្មភាព​ខ្លាំង អំពើពុករលួយ​ហ្នឹងហើយ​ខ្លាំង»

សហគមន៍​ព្រៃឡង់​រូប​នេះ បន្ថែម​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ខ្លះ នៅតែ​បន្ត​ជួល​កម្មករ លួច​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ស្ទើរ​ជា​រៀងរាល់ថ្ងៃ មិន​ឃើញ​មន្ត្រី​បរិស្ថាន​ចុះ​អនុវត្ត​ច្បាប់​នៅឡើយ​ទេ​។ លោក​ថា អំពើពុករលួយ​នៅតែ​បញ្ហា​ប្រឈម ធ្វើ​ឱ្យ​ព្រៃ​ឡង់​វិនាស​ហិនហោច ដែល​ក្រសួង​គ្មាន​យន្តការ​លុបបំបាត់​ទាល់តែ​សោះ។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ចុះ មន្ត្រី​ក្រសួង​បរិស្ថាន​សង្ឃឹម​ថា នឹង​មាន​អ្នកចូលរួម​ច្រើន​ក្នុង​កម្មវិធី​បោះជំរំ​តង់​នៅ​ទីស្នាក់ការ​ព្រះអាទិត្យ នៅ​ដែន​ជម្រក​សត្វព្រៃ​ឡង់ ខេត្ត​កំពង់ធំ ក្រោម​ប្រធានបទ «​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​បរិស្ថាន និង​ធនធានធម្មជាតិ » នៅ​ចុង​សប្ដាហ៍​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល