មន្ត្រី​ជំនាញ​ថា​នៅ​ឆ្នាំ​២០១៧​កម្ពុជា​មិន​ជួប​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ដូច​ឆ្នាំ​២០១៦​ឡើយ

ដោយ រាជ វិញ្ញូ
2017-04-22
Share
គ្រោះ​រាំង​ស្ងួត ខេត្ត​តាកែវ ៦២០ កសិករ​នៅ​ឃុំ​ព្រះបាទជាន់ជុំ ស្រុក​គិរីវង់ ដើរ​ពិនិត្យ​វាល​ស្រែ​ប្រាំង​​កំពុង​ក្រៀម​ស្វិត​ថ្ងៃ​ទី​១៣ កុម្ភៈ ឆ្នាំ​២០១៥។
RFA

មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ មាន​បញ្ហា​គ្រោះ​រាំងស្ងួត​តិច​តូច​ប៉ុណ្ណោះ​ដែល​បាន​កើត​ឡើង ហើយ​បាន​ដោះស្រាយ​ទាន់​ពេល​វេលា ដោយ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ប៉ុន្តែ​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដូច​កាលពី​ឆ្នាំ​២០១៦​ឡើយ។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី ថ្លែង​ថា អាកាសធាតុ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧​នេះ ស្ថិត​ក្នុង​ចន្លោះ​បាតុភូត​អែលនីណូ (Elnino) និង​បាតុភូត​ឡានីណា (Lanina) ដែល​ជា​ស្ថានភាព​អាកាសធាតុ​មួយ​មិន​ក្ដៅ​ខ្លាំង ហើយ​អាច​ឱ្យ​ធ្លាក់ទឹក​ភ្លៀង​បង្គួរ ដូច្នោះ​អាកាសធាតុ​បែបនេះ នឹង​មិន​ធ្វើ​ឱ្យ​កម្ពុជា​ជួប​បញ្ហា​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ដូច​ឆ្នាំ​២០១៦ នោះ​ទេ។ មន្ត្រី​រូប​នេះ​បន្ត​ថា ដោយសារ​ក្នុង​ឆ្នាំ​២០១៧​នេះ ភ្លៀង​កក់ខែ ចាប់ផ្ដើម​ធ្លាក់​តាំងពី​ខែ​១​មក ដូច្នោះ​ធ្វើ​ឱ្យ​មាន​សីតុណ្ហភាព​អតិបរមា ស្ថិត​ក្នុង​ចន្លោះ​ពី​៣៤ ទៅ​៣៨​អង្សា ដែល​ខុស​ពី​ឆ្នាំ​២០១៦ ដែល​មាន​សីតុណ្ហភាព​ចាប់ពី​៤១​អង្សា៖ «នៅ​ក្នុង​ឆ្នាំ​នេះ​ភ្លៀង​កក់​ខែ​ចាប់​មាន​តាំង​ពី​ខែ​មួយ​នេះ​ទៅ ខុស​ពី​ឆ្នាំ​ទៅ កើត​មាន​ចាប់​តាំង​ពី​ខែ​៣»

កាលពី​ឆ្នាំ​២០១៦ បាតុភូត អែលនីណូ ដែល​ជា​អាកាសធាតុ​ក្ដៅ​ខ្លាំង បាន​កើត​ឡើង​នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ​ក៏បាន​បណ្ដាល​ឱ្យ​ពលរដ្ឋ​កម្ពុជា​ស្ទើរ​នៅ​ទូទាំ​​ប្រទេស ខ្វះខាត​ទឹក​ប្រាស់ ឯ​ស្រូវប្រាំង​ក៏​រង​ការខូចខាត​ដែរ។

របាយការណ៍​ហានិភ័យ​ឆ្នាំ​២០១៥ របស់​អង្គការសហប្រជាជាតិ​បញ្ជាក់​ថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​ទី​៩ ដែល​ងាយ​រងគ្រោះ​ជាងគេ​ដោយសារ​គ្រោះ​មហន្តរាយ​នៅ​លើ​ពិភពលោក ដែល​ជា​ឧបសគ្គ​ដល់​ដំណើរការ​អភិវឌ្ឍ​សម្រាប់​ប្រទេស។ គ្រោះ​មហន្តរាយ ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​វិស័យ​សំខាន់ៗ​របស់​កម្ពុជា ដូចជា កសិកម្ម សេដ្ឋកិច្ច សុខភាព និង​អប់រំ​ជាដើម។ លើសពីនេះ អង្គការ​សុខភាព​ពិភពលោក​ក៏​ព្យាករ​ថា នៅ​រវាង​ឆ្នាំ​២០៣០ ដល់​ឆ្នាំ​២០៥០ ការប្រែប្រួល​អាកាសធាតុ នឹង​អាច​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា ស្លាប់​ក្នុង​មួយឆ្នាំៗ ប្រមាណ​២៥​ម៉ឺន​នាក់ ដោយសារ​ផល​ប៉ះពាល់​នានា​នៃ​បញ្ហា​នេះ ក្នុង​នោះ​៤​ម៉ឺន​នាក់ ស្លាប់​ដោយសារ​កម្ដៅ ជិត​៥​ម៉ឺន​នាក់ ដោយសារ​ការ​រាក​រួស ៦​ម៉ឺន​នាក់​ដោយ​រោគ​គ្រុនចាញ់ និង​ជិត​១០​ម៉ឺន​នាក់​ជា​កុមារ ដោយសារ​កង្វះ​ចំណីអាហារ។

បើទោះជាយ៉ាង​នេះ​ក្ដី លោក កែវ វី អះអាង​ថា ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មក​នេះ ក្រសួង​ធនធាន​ទឹក និង​អាជ្ញាធរ​នៅ​មូលដ្ឋាន បាន​សហការ​គ្នា បង្វែរ​ទឹកភ្លៀង​ធ្លាក់​នៅ​ចុង​រដូវ ទៅ​ដាក់​នៅ​ក្នុង​អាង​ស្ដុក​ទឹក ឬ​ប្រព័ន្ធ​ធារាសាស្ត្រ​ផ្សេងៗ ដើម្បី​បង្ការ​ទុក​ដោះស្រាយ​ចំពោះ​គ្រោះ​រាំង​ធ្ងន់ធ្ងរ​នា​ពេល​ខាងមុខ។

ប្រធាន​អង្គការ​សេដាក (CEDAC) លោក សម វិទូ បញ្ជាក់​ថា ជាទូទៅ នៅ​ក្នុង​ខេត្ត​ចេត្រ តែ​មាន​អាកាសធាតុ​ក្ដៅ​ខ្លាំង ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៧​នេះ ដែល​មាន​ភ្លៀង​កក់ខែ​ខុស​ពី​ឆ្នាំ​២០១៦ គឺ​អាច​ឱ្យ​ពលរដ្ឋ​អាច​ចាប់ផ្ដើម ធ្វើ​កសិកម្ម​បាន«ចាប់​ផ្ដើម​មាន​ភ្លៀង​កក់​ខែ អាច​ឲ្យ​កសិករ​ចាប់​ផ្ដើម​ដាំ​ដំណំ​បាន ជាពិសេស​នៅ​រដូវ​វស្សា​ហ្នឹង។ អ៊ីចឹង​វា​ជា​ការ​ល្អ​វិញ»

ជាមួយគ្នា​នេះ ក្នុង​ត្រីមាស​ទី​១​ក្នុង​ឆ្នាំ​២០១៧ ភ្លៀង​កក់ខែ បាន​ធ្វើ​ឱ្យ​មាន​ករណី​ខ្យល់ព្យុះ​ចំនួន​៣០​លើក កើត​ក្នុង​ខេត្ត​ចំនួន​១០។ ក្នុងចំណោម​ទាំង​៣០​លើក​នេះ បាន​ធ្វើ​ឱ្យ​ផ្ទះ​ពលរដ្ឋ​បាក់​រំលំ​ចំនួន​១១០​ខ្នង និង​របើក​ដំបូល​ចំនួន ៣៧៩​ខ្នង សាលា​ខូចខាត​ចំនួន​៦​អាគារ ហើយ​មាន​ពលរដ្ឋ​ស្លាប់​ម្នាក់ និង​រង​របួស​៧​នាក់។ រីឯ​គ្រោះ​រន្ទះបាញ់​ក្នុង​ត្រីមាស​ទី​១​វិញ បាន​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​៥​នាក់ និង​របួស​១២​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល