កម្ពុជា​អាច​នឹង​ខ្វះ​ទឹក​ប្រើប្រាស់​រយៈពេល​៦​ខែ​នៅ​ឆ្នាំ​២០១៦​ដោយសារ​បញ្ហា​រាំង​ស្ងួត

កម្ពុជា​អាច​នឹង​ខ្វះ​ទឹក​ប្រើប្រាស់ រយៈពេល​៦​ខែ ចាប់​ពី​ដើម​ខែ​កុម្ភៈ រហូត​ដល់​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០១៦ ដោយសារ​បញ្ហា​រាំង​ស្ងួត នេះ​បើ​យោង​តាម​ការ​ព្យាករណ៍ របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម។

សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​ចុះ​ថ្ងៃ​ទី​២៣ ធ្នូ បាន​ណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ត្រូវ​ថែ​រក្សា​ទឹក​ទុក​ឲ្យ​បាន​ល្អ សម្រាប់​​ប្រើប្រាស់​ប្រចាំ​ថ្ងៃ រហូត​ដល់​មាន​ភ្លៀង​ធ្លាក់។

សារាចរ​ដដែល​នេះ​បញ្ជាក់​ថា កសិករ​ដែល​ធ្វើ​ស្រូវ​ប្រាំង​នៅ​ឆ្នាំ​២០១៥-២០១៦ គឺ​អាច​ធ្វើ​បាន​តែ​១ដង​ប៉ុណ្ណោះ។

ការ​ព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បង្ហាញ​ថា បញ្ហា​រាំង​ស្ងួត​នេះ ដោយ​សារ​កម្ពុជា​ទទួល​រង​នូវ​បាតុភូត​អេលនីណូ (El Nino) ដែល​អាច​នឹង​បង្ក​ឲ្យ​រដូវ​វស្សា​មក​ដល់​យឺត ហើយ​ដើម​រដូវ​វស្សា​នឹង​មាន​ភ្លៀង​ធ្លាក់​តិច មាន​បាតុភូត​ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់​កើត​ឡើង​ច្រើន​ជាដើម។ ប៉ុន្តែ​ចាប់​ពី​ពាក់​កណ្ដាល​ខែ​កក្កដា ភ្លៀង​នឹង​ចាប់​ផ្ដើម​ធ្លាក់​វិញ ដោយ​សារ​មាន​បាតុភូត​ថ្មី​ឡានីណូ (La Nina) មាន​ឥទ្ធិពល​មក​លើ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។