របប​ភ្នំពេញ​បញ្ជា​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ចាត់​វិធានការ​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ដាំដុះ

របប​ក្រុងភ្នំពេញ​បាន​បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ និង អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់​ឱ្យ​ចូល​រួម​ចាត់វិធានការ​ដើម្បី​ថែរក្សា​ទឹក​ទុក សម្រាប់​ប្រើប្រាស់​ដាំ​ដុះ ស្រូវធ្ងន់​ចុង​វស្សា​ស្រូវ​ប្រាំង ឆ្នាំ​២០១៩-២០២០ និង សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ​រហូតដល់​មាន​ភ្លៀង​កក់ខែ​នា​ឆ្នាំ​ថ្មី​ខាងមុខនេះ។

សារាចរ​ណែនាំ​របស់​ដែល​មាន​ចុះហត្ថលេខា​ដោយ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា​នេះ បាន​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឱ្យ​ចាត់វិធានការ​រក្សា​ទឹក​ទុក​នេះ​គឺ​ដោយសារតែ​កម្ពុជា ក៏ដូចជា​បណ្ដា​ប្រទេស​ក្នុង​តំបន់​បាន​ទទួល​រង​នៅ​បាតុភូត អែលនីណូ (El Nino) បាន​បង្ក​ឱ្យ​មាន​កត្តា​អវិជ្ជមាន​ជាច្រើន ដូចជា​៖ អាកាសធាតុ​មាន​សភាព​ក្តៅ រហូត​ទឹកទន្លេ​មេគង្គ​មានការ​ប្រែប្រួល​ខ្លាំង បណ្តាល​ឱ្យ​ទឹក​ស្រក​ជា​បន្តបន្ទាប់​ដល់​កម្រិត​ទាប​បំផុត​ដែល​មិន​ធ្លាប់​ជួបប្រទះ​ក្នុង​រយៈកាល​កន្លងមក។

អាស៊ីសេរី​មិនអាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧត្តនិយម​លោក ចាន់ យុត្ថា បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល។

អ្នក​ជំនាញ​កសិកម្ម​រិះគន់​ថា ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា បណ្ដាល​មក​ពី​របប​ក្រុងភ្នំពេញ​បាន​បំផ្លាញ​ធនធានធម្មជាតិ​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​គឺ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​គ្មាន​ការ​ទប់ស្កាត់​មិនមែន​បណ្ដាល​មក​ពី​ទទួលរង​ឥទ្ធិពល​ពី​ខ្យល់ព្យុះ​ណាមួយ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។