ក្រុមអ្នកជំនាញជលផលទឹកសាបលែងត្រីរាជចំនួន ៤ក្បាល ចូលក្នុងបឹងធម្មជាតិវិញ
2024.12.12
ក្រុមអ្នកជំនាញផ្នែកជលផលទឹកសាបលែងត្រីរាជចំនួន ៤ក្បាល ចូលក្នុងបឹងធម្មជាតិវិញ។វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ (Wonders of the Mekong) នៅថ្ងៃទី១០ ខែធ្នូ បានលែងត្រីរាជចំនួន ៤ក្បាល ចូលទៅក្នុងបឹងធម្មជាតិនៅក្នុងមូលដ្ឋានខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ។
ត្រីរាជទាំង ៤ក្បាល នោះរួមមាន៖ ត្រីរាជទី១ មានទម្ងន់ ១២០ គីឡូក្រាម ប្រវែង ២ម៉ែត្រ ២តឹក (២២២ ស.ម) និងត្រីរាជទី២ មានទម្ងន់ ៩៥គីឡូក្រាម ប្រវែង ២ម៉ែត្រ (២០៣ ស.ម) ត្រូវគេលែងចូលក្នុងបឹងធម្មជាតិនៅភូមិកោះតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ត្រីរាជទី៣ មានទម្ងន់ ១៣១ គីឡូក្រាម ប្រវែង ២ម៉ែត្រ ២តឹក (២២២ ស.ម) ត្រូវគេលែងចូលក្នុងបឹងធម្មជាតិចាប់នៅក្នុងឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ចំណែកត្រីរាជទី៤ មានទម្ងន់ ២៧គីឡូក្រាម ប្រវែង ១ម៉ែត្រ ៣តឹក (១៣០ ស.ម) ត្រូវគេលែងនៅគន្លងដាយលេខ 3C រាជធានីភ្នំពេញ។
ក្រុមការងារនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពទន្លេមេគង្គក៏បានបំពាក់ស្លាកសញ្ញានៅលើត្រីរាជទាំងនោះមុន
នឹងលែងចូលចូលបឹងធម្មជាតិវិញ ក្នុងគោលបំណងសិក្សាតាមដានការផ្លាស់ទី និងជម្រកក្នុងរដូវប្រាំង។
ត្រីរាជទន្លេមេគង្គ (Mekong Giant Catfish) ចូលចិត្តរស់នៅតាមបឹងទន្លេសាប និងតំបន់មេគង្គលើ។ អង្គការសហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ (IUCN) ចាត់ថ្នាក់ត្រីនេះក្នុងបញ្ជីក្រហម ជាត្រីកំពុងរងការគំរាមកំហែងខ្លាំង ដែលឈានទៅផុតពូជ។
ត្រីកម្រប្រភេទនេះជាប្រភេទត្រីហាមឃាត់មិនឱ្យនេសាទទិញលក់ និងដឹកជញ្ជូន ហើយអាជ្ញាធរមានសមត្ថកិច្ចនៅតាមដងទន្លេមេគង្គ មានតួនាទីហាមឃាត់ពលរដ្ឋមិនឱ្យនេសាទត្រីរាជនេះ និងត្រីកម្រមួយចំនួនទៀតដូចជា៖ ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ បបែល ត្រីប៉ាសាណាក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។