អង្គការឃ្លាំមើលពិភពលោកសោកស្ដាយចំពោះការការពារឈ្មួញរកស៊ីដោយមន្ត្រីខ្មែរ
2015.02.12
អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) បានសម្ដែងការសោកស្ដាយចំពោះការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលថា ការរកស៊ីឈើប្រណីតរបស់លោក ទ្រី ភាព ជាជំនួញស្របច្បាប់។ ចំណែកក្រុមអ្នកឃ្លាំមើលសង្គម អង្គការជាតិឃ្លាំមើលព្រៃឈើ ហើយនិងអ្នកតំណាងរាស្ត្រ រិះគន់ថា របររកស៊ីឈើប្រណីតរបស់លោក ទ្រី ភាព នៅកម្ពុជា ជាមុខជំនួញដែលទិញរបស់បន្តពីក្រុមចោរ។
មន្ត្រីអង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំងដោយបានឮការអះអាងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុក រ៉ាប៊ុន កាលពីថ្ងៃច័ន្ទ ទី៩ ខែកុម្ភៈ កន្លងទៅ ដែលថា ការរកស៊ីឈើប្រណីតរបស់លោកឧកញ៉ាមហាសេដ្ឋី ទ្រី ភាព ជាមុខរបរស្របច្បាប់៖ «រឿងរបាយការណ៍ គ្លបល វីនេស ដែលថានោះ តាមពិតទៅយើងធ្វើតាមនីតិវិធីត្រឹមត្រូវចំពោះការនាំឈើចេញ មិនមានការឃុបឃិតអីទេ...»។
អ្នកស្រី មេហ្គែន ម៉ាក់ស៊ីនែស (Megan MacInnes) នៃអង្គការឃ្លាំមើលពិភពលោក ចាត់ទុកសម្ដីរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះថា ខ្វះការទទួលខុសត្រូវចំពោះភាពហិនហោចនៃសម្បត្តិធម្មជាតិរបស់ប្រទេសជាតិ។
អ្នកស្រី មេហ្គែន ម៉ាក់ស៊ីនែស ថ្លែងថា ក្នុងរបាយការណ៍ស៊ើបអង្កេតរបស់ គ្លបល វីនេស ដែលមានចំណងជើងថា «តម្លៃឈើប្រណីត» ដែលបានតាមដានអស់រយៈពេល ៨ខែនោះ បានរកឃើញភស្តុតាងជាច្រើនថា លោកឧកញ៉ាដែលមានលុយ និងមានអំណាចឈ្មោះ ទ្រី ភាព និងបក្សពួកកំពុងរំលោភច្បាប់ព្រៃឈើ និងច្បាប់ភូមិបាលរបស់កម្ពុជា ដែលមិនអាចប្រកែកបាន។
អ្នកស្រីថ្លែងបន្តដូច្នេះ៖ «លោក ទ្រី ភាព កំពុងបោសសំអាតឈើប្រណីតដ៏កម្រ និងជិតផុតពូជដែលត្រូវការពារដោយច្បាប់របស់កម្ពុជា។ ក្រៅពីនេះ លោក ទ្រី ភាព បានកាប់ និងដឹកជញ្ជូនឈើគ្រញូងដែលរដ្ឋាភិបាលកម្ពុជា បានហាមកាប់ និងហាមធ្វើអាជីវកម្មក្នុងឆ្នាំ២០១៣។ ជាងនេះទៅទៀត លោក ទ្រី ភាព បានទទួលដីសម្បទានសេដ្ឋកិច្ចលើសពីទំហំអតិបរមា ដែលត្រូវកំណត់ដោយច្បាប់ក្នុងទំហំមិនឲ្យលើសពី ១ម៉ឺនហិកតារ។ មិនតែប៉ុណ្ណោះ លោក ទ្រី ភាព បានប្រើប្រាស់ដីសម្បទាននេះដើម្បីលួចកាប់រំលំឈើប្រណីតក្នុងតំបន់អភិរក្សក្បែរនោះ ហើយទាញយកឈើដែលកាប់ហើយទាំងនោះដាក់ក្នុងដីសម្បទានដែលខ្លួនគ្រប់គ្រងនោះ។ នេះគ្រាន់តែជាឧទាហរណ៍ខ្លះដែលក្រុមហ៊ុនកំពុងល្មើសច្បាប់»។
ពាក់ព័ន្ធទៅនឹងការឆ្លើយការពាររបស់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ទៅលើមុខរបររកស៊ីកាប់បំផ្លាញឈើប្រណីតរបស់ខ្មែរដោយលោក ទ្រី ភាព នេះដែរ លោក សុន ឆ័យ តំណាងរាស្ត្រពីខាងគណបក្សប្រឆាំងអះអាងថា នីតិវិធីនៃការផ្ដល់អាជ្ញាប័ណ្ណនាំឈើចេញដែលរដ្ឋាភិបាលផ្ដល់ឲ្យលោក ទ្រី ភាព នោះ មិនត្រូវតាមស្តង់ដារច្បាប់ ហើយដែលស្ថិតក្នុងភាពមន្ទិលសង្ស័យជាខ្លាំង។
តំណាងរាស្ត្រពីខាងបក្សប្រឆាំងរូបនេះ បានចាត់សកម្មភាពរកស៊ីឈើរបស់លោក ទ្រី ភាព ជាសកម្មភាពលួចប្លន់ធនធានធម្មជាតិរបស់ប្រទេសជាតិ ហើយថា អ្នកប្រមូលទិញឈើដែលរឹបអូសបានពីជនល្មើស ឬទិញដោយផ្ទាល់ពីជនល្មើស អ្នកនោះក៏ជាជនល្មើសដែរ៖ «ចេះតែប្រើកម្លាំងប្រដាប់អាវុធខុសច្បាប់ អាហ្នឹងជាគោលការណ៍ គឺមិនមែនជាការរកស៊ីស្របច្បាប់ទេ។ រឿងប្រមូលទិញឈើ រឿងមិនមែនជាអ្នកកាប់ផ្ទាល់ក៏ដោយ។ អ្នកប្រមូលទិញឈើខុសច្បាប់ អ្នកនោះក៏ខុសច្បាប់នោះដែរ។ ខ្លួនខ្ញុំផ្ទាល់ធ្លាប់ទៅតំបន់អារ៉ែង ហើយនៅទីនោះក៏មានកងប្រដាប់អាវុធប្រមូលឈើសម្រាប់ឲ្យ ទ្រី ភាព ហ្នឹង យកទៅនាំចេញដែរ។ សកម្មភាពខុសច្បាប់ និងសកម្មភាពប្រមូលឈើខុសច្បាប់ហ្នឹង គឺរហូតដល់មានការបាញ់សម្លាប់ប្រធានអង្គការឃ្លាំមើលព្រៃឈើទៅទៀតហ្នឹង វាគឺជាសកម្មភាពលួចប្លន់ ហើយមិនមែនជាសកម្មភាពស្របច្បាប់នោះទេ»។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចសុំការបំភ្លឺពីលោក ទ្រី ភាព ចំពោះបញ្ហានេះបាននៅឡើយទេ។
ជុំវិញករណីរកស៊ីឈើរបស់លោកឧកញ៉ា ទ្រី ភាព នេះដែរ អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម លោក កែម ឡី វាយតម្លៃថា ការផ្ដល់អាជ្ញាប័ណ្ណឲ្យលោក ទ្រី ភាព មានសិទ្ធិអំណាចអាចប្រមូលទិញឈើខុសច្បាប់នោះ កំពុងផ្ទុយពីមូលដ្ឋានគ្រឹះនៃច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសដែលចែងអំពីការទិញរបស់ពីក្រុមចោរកម្ម៖ «នៅក្នុងច្បាប់យើងអ្នកដែលទិញរបស់ចោរកម្ម គឺថា អ្នកណាលួចម៉ូតូ លួចឡាន លួចសម្ភារៈគេ ហ្នឹងអ្នកដែលលួច និងអ្នកទិញហ្នឹងមានទោសស្មើគ្នា។ អ៊ីចឹងបើយើគិតអំពីច្បាប់ទូទៅ អ្នកដែលលួចកាប់ឈើ ហើយអ្នកទិញឈើចេញពីអ្នកប្រព្រឹត្តបទល្មើសហ្នឹង វាគួរតែមានទោសស្មើគ្នាកន្លែងហ្នឹង។ ប៉ុន្តែដល់ពេលយកបកស្រាយ អ្នកដែលអនុវត្ត អ្នកដែលប្រតិបត្តិនៃច្បាប់ហ្នឹងគ្រាន់តែយកត្រាយកទៅបោះទៅលើចំណុចណាមួយ ចំណុចនោះវាទៅជាស្របច្បាប់ទៅវិញ»។
លោក កែម ឡី បន្តថា ច្បាប់របស់ប្រទេសកម្ពុជា តែងបង្កើតឡើងដើម្បីការពារផលប្រយោជន៍បក្សពួក និងក្រុមគ្រួសាររបស់អ្នកមានអំណាចប៉ុណ្ណោះ។
របាយការណ៍កម្រាស់ជិត ៥០ទំព័រ របស់ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ដែលមានចំណងជើងថា «ឃ្លាំមើលធុរកិច្ច និងវិនិយោគនៅកម្ពុជាភាគ១ ស្តីអំពីក្រុមហ៊ុន ទ្រី ភាព និងនយោបាយប្រមូលឈើឲ្យអស់ពីស្រុកខ្មែរ» ដែលចេញផ្សាយកាលពីចុងឆ្នាំ២០១៣ លាតត្រដាងថា លោកឧកញ៉ា ទ្រី ភាព មានដីសម្បទានសេដ្ឋកិច្ចចំនួនជិត ៧ម៉ឺនហិកតារ គ្របដណ្ដប់លើខេត្តក្រុងចំនួន ១២ ក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុនមហាសេដ្ឋីដ៏មានអំណាចម្នាក់នេះកំពុងប្រតិបត្តិការកាប់បំផ្លាញព្រៃឈើប្រណីតៗ របស់ខ្មែរដឹកលក់ជាចំហទៅបរទេស។
ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង កាលពីថ្ងៃច័ន្ទ ទី៩ សប្ដាហ៍នេះ បញ្ជាក់បន្ថែមអំពីសកម្មភាពកាប់ឈើខុសរបស់ក្រុមហ៊ុន ទ្រី ភាព៖ «នៅតាមតំបន់ព្រំដែនមួយចំនួន រួមមានពោធិ៍សាត់ ឧត្តរមានជ័យ និងព្រះវិហារ ជាដើម ដើមឈើធំៗ ត្រូវបានរលាយអស់ហើយ។ នេះបញ្ជាក់បង្ហាញថា គាត់មានចេតនាបំផ្លាញព្រៃឈើតែម្ដង»។
ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា បានរកឃើញឃ្លាំងស្តុកឈើប្រណីតចំនួន ១៤កន្លែង និងអាជ្ញាប័ណ្ណទិញឈើក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចចំនួន ២៧កន្លែងនៅតាមខេត្តចំនួន ១២ ព្រមទាំងមានក្រុមហ៊ុនសាខាដែលទទួលបានដីសម្បទានសេដ្ឋកិច្ចចំនួន ១៥កន្លែង នៅតាមខេត្តចំនួន ១០ ដែលមានផ្ទៃដីសរុបជិត ៧ម៉ឺនហិកតារ។
ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ធ្លាប់មានប្រសាសន៍ថា ក្រុមហ៊ុនទាំង ១៥ របស់លោក ទ្រី ភាព គឺជាការបំបែកចំនួនក្នុងការទទួលយកដីសម្បទានសេដ្ឋកិច្ច ដើម្បីកាប់ឈើឲ្យបានច្រើនដោយសារច្បាប់ភូមិបាលឆ្នាំ២០០១ ចែងថា ក្រុមហ៊ុនឯកជនមិនអាចទទួលបានដីសម្បទានសេដ្ឋកិច្ចលើសពី ១ម៉ឺនហិកតារនោះឡើយ។
កាលពីដើមខែកុម្ភៈ នេះ អង្គការ គ្លបល វីនេស បានរកឃើញ ឯកសារលក់ឈើរបស់លោក ទ្រី ភាព កាលពីខែមីនា ឆ្នាំ២០១៤ ដែលដឹកឈើប្រណីតទៅកាន់ទីក្រុងហុងកុង ចំនួន ៥ពាន់ម៉ែត្រគូប ក្នុងតម្លៃជិត ៦លានដុល្លារសហរដ្ឋអាមេរិក ចេញតាមច្រកកំពង់ផែក្រុងព្រះសីហនុ។
មន្ត្រីអង្គការ គ្លបល វីនេស អ្នកស្រី មែហ្គែន ម៉ាក់ស៊ីនែស បានផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាលកម្ពុជា ថាគួរដាក់ឲ្យដេញថ្លៃជាសាធារណៈនូវឈើខុសច្បាប់ទាំងឡាយណាដែលរដ្ឋបាលព្រៃឈើរឹបអូសពីក្រុមអ្នករកស៊ីឈើខុសច្បាប់ផ្សេងទៀតប្រកបដោយតម្លាភាព៖ «អនុសាសន៍មួយទៀតក្នុងទស្សនៈវិស័យវែងឆ្ងាយគឺរដ្ឋាភិបាលកម្ពុជា គួរប្ដូរច្បាប់ដើម្បីរារាំងដល់ក្រុមហ៊ុនទាំងឡាយណាដែលអាចរឹបអូស ឬអាចទិញឈើពីក្រុមឈ្មួញដទៃទៀត។ នៅពេលដែលមានប្រព័ន្ធមួយកំពុងអនុវត្តក្នុងប្រទេសកម្ពុជា ដែលមានការហាមកាប់ឈើប្រណីត ប៉ុន្តែក្រុមមន្ត្រីអភិរក្សព្រៃឈើអាចរឹបអូសឈើពីការកាប់បំផ្លាញនោះ ហើយអាចលក់បន្តទៅឲ្យក្រុមហ៊ុនឯកជនផ្សេងទៀតដែលនាំឲ្យមានការលក់ជាចំហនៅតាមទីផ្សារនោះ។ ខ្ញុំគិតថា វាកាន់តែបង្កើនតម្រូវការនៃការឈើខុសច្បាប់ជាជាងការកាត់បន្ថយនៃកាប់ឈើខុសច្បាប់ទៅវិញទេ»។
របាយការណ៍របស់ គ្លបល វីនេស ដែលចេញផ្សាយកាលពីសប្ដាហ៍មុនក៏បានបញ្ជាក់ផងដែរថា ការរកស៊ីឈើរបស់លោក ទ្រី ភាព គឺប្រាសចាកពីអនុសញ្ញាស្ដីពីការហាមប្រាមក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិនៃសត្វព្រៃ និងព្រៃឈើដែលជិតផុតពូជ។
របាយការណ៍កម្រាស់ជិត ៥០ទំព័ររបស់ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ដែលមានចំណងជើងថា «ឃ្លាំមើលធុរកិច្ច និងវិនិយោគនៅកម្ពុជាភាគ១ ស្តីអំពីក្រុមហ៊ុន ទ្រី ភាព និងនយោបាយប្រមូលឈើឲ្យអស់ពីស្រុកខ្មែរ» ដែលចេញផ្សាយកាលពីចុងឆ្នាំ២០១៣ លាតត្រដាងថា ក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព ជាក្រុមហ៊ុនមួយដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាល ហើយមានសិទ្ធិអំណាចប្រមូលទិញឈើពីក្រុមហ៊ុនដីសម្បទាននានា ដើម្បីដឹកលក់ជាចំហទៅកាន់ប្រទេសវៀតណាម។
ក្រុមហ៊ុនទាំង ១៥ របស់លោកឧកញ៉ា ទ្រី ភាព រួមមាន ទ្រី ភាព ហ្គ្រូប (Try Pheap Group Co., Ltd.) ហុង ហ្វូ ទ្រី ភាព ម៉ីង ឌីវែលលប់មែន ខនស្ត្រាក់សិន ហ្គ្រូប (Hong Fu Try Pheap Ming Development Construction group Co., Ltd.) អឹម.ឌី.អេស ហ្គ្រូប (M.D.S Group Co., Ltd.) ទ្រី ភាព អ៊ីមផត អិចផត (Try Pheap Import Export Co., Ltd.) រួមនឹងក្រុមហ៊ុនចំនួន ១១ផ្សេងទៀត៕