សហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង និងសកម្មជនបរិស្ថាន អះអាងថា ស្ទើរជារៀងរាល់ថ្ងៃ មានគោយន្តជាច្រើនគ្រឿង ដឹកជញ្ជូនឈើចេញពីដែនជម្រក សត្វព្រៃឡង់ មកលក់ឱ្យក្រុមឈ្មួញដែលចាំទទួលទិញនៅមូលដ្ឋាន។ ប៉ុន្តែមន្ត្រីនាំពាក្យក្រសួងបរិស្ថានលើកឡើងថា សមត្ថកិច្ចខាងបរិស្ថានបន្តចាត់វិធានការករណីកាប់ឈើខុសច្បាប់ ហើយស្នើឱ្យពលរដ្ឋបឹ្តងសមត្ថកិច្ចប្រសិនបើឃើញមានបទល្មើស។
សហគមន៍ព្រៃឡង់ឱ្យដឹងនៅថ្ងៃទី៦ មិថុនាថា ឈើមូលធំៗបន្សល់ចុងក្រោយដូចជា កកោះ គគីរ ដួងចែម ប៉ាដៀក និងឈើពពាលជាដើមឋិតក្នុងតំបន់ព្រៃឡង់ខេត្តស្ទឹងត្រែង កំពង់ធំ ព្រះវិហារ និងខេត្តក្រចេះ នៅតែទទួលរងការកាប់ផ្ដួល ធ្វើអាជីវកម្ម។
ប្រធានសហគមន៍ព្រៃឡង់ ខេត្តស្ទឹងត្រែង កញ្ញា ឈៀង លី សង្កេតឃើញថា ច្រកអូរឡង់ និងច្រកសៀមបូក ឋិតក្នុងស្រុកសៀមបូក មានគោយន្តមិនក្រោម ២០គ្រឿងទេ ក្នុងមួយថ្ងៃៗ ដឹកឈើចេញពីតំបន់ព្រៃឡង់។ កញ្ញាថា នៅព្រឹកថ្ងៃទី៦ មិថុនា នេះ មានគោយន្តជាង ១០គ្រឿង ដែលក្រុមជនល្មើស បរចូលព្រៃឡង់ ដើម្បីដឹកឈើចេញក្រៅ។ កញ្ញាបន្ថែមថា ការកាប់ឈើ និងដឹកជញ្ជូនឈើ បានផ្អាកក្នុងអំឡុងពេលដែលមន្ត្រីបរិស្ថានចុះល្បាតម្ដងម្កាលប៉ុណ្ណោះ៖ « គិតគោយន្តដែលដឹក គ្រាន់តែអង្គុយរាប់លេង២០ គោយន្តដែលក្នុងមួយថ្ងៃៗ។ ច្រកមានច្រើន មានខាងអូរឡង់ និងសៀមបូកផង។ ប្រភេទឈើកកោះ តាសេក និយាយរួមចម្រុះ មានដួងចែមអ៊ីចឹងទៅ »។
អាស៊ីសេរីបានព្យាយាមទាក់ទង ប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង លោក អេង ភីរុង ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរសព្ទហៅចូលគ្មានអ្នកទទួល នៅថ្ងៃទី៦ ខែមិថុនា។
ចំណែក អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា មានប្រសាសន៍ថា ប្រសិនបើពលរដ្ឋប្រទះឃើញ បទល្មើសព្រៃឈើ សូមផ្តល់ព័ត៌មានភ្លាមៗ ដល់មន្ត្រីឧទ្យានុរក្សដែលឈរជើងក្បែរនោះ ដើម្បីចាត់វិធានការបង្ក្រាប។ លោកថា មន្ត្រីឧទ្យានុរក្សនៅតែបន្តសកម្មភាព បង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ព្រៃឡង់។ លោកបន្ថែមថា មន្ត្រីជំនាញ ដែលឈរជើងការពារព្រៃឡង់ទាំង ៤ខេត្ត បានបង្ក្រាបបទល្មើសចំនួន ៥១១ករណី និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិរួមមាន ការកាប់ឈើខុសច្បាប់ ទន្ទ្រានព្រៃយកដី ការបរបាញ់សត្វព្រៃ បានចំនួន ៣៩៩ករណី នៅក្នុងរយៈពេល ៤ខែ ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ នេះ។
សហគមន៍ព្រៃឡង់បន្ថែមថា ព្រៃឡង់ក្នុងខេត្តព្រះវិហារ ក្រចេះ និងខេត្តកំពង់ធំ ក៏ទទួលរងការកាប់ និងដឹកជញ្ជូនឈើច្រើនដែរ។ ពួកគេអះអាងថា ផ្លូវចូលព្រៃឡង់ក្នុងឃុំធ្មា នៃស្រុកជ័យសែន ខេត្តកំពង់ធំ មានគោយន្តមិនក្រោម ២០គ្រឿងនោះទេ ធ្វើសកម្មភាពដឹកឈើនៅពេលយប់ ហើយឈើទាំងនោះ ភាគច្រើនជាឈើបន្ទះក្តារ និងឈើជ្រុង។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ សង្កេតឃើញថា មានថៅកែ ចាំទទួលទិញឈើតាមគោលដៅនីមួយៗ និងមានថៅកែខ្លះទៀត ចាំទទួលទិញឈើតាមផ្លូវជាតិ ដែលក្រុមអ្នកកាប់ឈើដឹកចេញពីព្រៃឡង់លក់ឱ្យខ្លួន។ លោកសង្កត់ធ្ងន់ថា ក្រុមអ្នកដឹកឈើបានបង់លុយឱ្យមន្ត្រីបរិស្ថាន ប្រចាំការតាមស្នាក់ការនីមួយៗ ទើបអាចដឹកឈើចេញក្រៅបាន៖ « មន្ត្រីបរិស្ថាននៅតំបន់ហ្នឹង ហាក់ដូចជាបើកដៃឱ្យពួកហ្នឹងធ្វើអ៊ីចឹង។ បើសិនជាមន្ត្រីបរិស្ថាននៅតំបន់នោះមានឆន្ទៈ មិនឱ្យមានបទល្មើសព្រៃឈើមែន គាត់ត្រូវតែបិទនូវរូបភាពតូចៗ ទាំងអស់ដូចគ្នា។ បើសិនជាចង់ឱ្យបិទ ហ្នឹងទៀត រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ត្រូវតែស្វែងរកមុខ អ្នកដែលឈរចាំទិញឈើនៅតំបន់នោះ »។
សកម្មជនបរិស្ថានរូបនេះបន្ថែមថា ទីស្នាក់ការបរិស្ថានដែលពង្រាយជុំវិញតំបន់ព្រៃឡង់ ហាក់មិនមែនដើម្បីពង្រឹងទីតាំងឈរជើង បង្ក្រាបបទល្មើសព្រៃឈើឱ្យរាំងមាំនោះទេ តែផ្ទុយទៅវិញ ប៉ុស្តិ៍មន្ត្រីនគរបាលយុត្តិធម៌ទាំងនោះ គឺជាកន្លែងប្រមូលលុយពីក្រុមអ្នកកាប់ និងដឹកឈើខុសច្បាប់ ជាថ្នូរមិនអនុវត្តច្បាប់។ លោកថា បញ្ហានេះកើតមានដដែលៗ គ្មានយន្តការលុបបំបាត់ទាល់តែសោះ ជាច្រើនឆ្នាំមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។